Fri, 4 July 2014
ផាក់ ស៊ាងលី
ភ្នំពេញប៉ុស្តិ៍
ក្រចេះ: ទាហានមួយក្រុមប្រដាប់ដោយកាំភ្លើងវែងបានរងការចោទប្រកាន់ថា បានកាងគោយន្តដឹកឈើជាង ១០ ម៉ែត្រគុបនៅតំបន់ ព្រៃឡង់ ក្នុង ស្រុកសម្បូណ៌ ហើយបានគំរាមក្រុមល្បាតបន្ទាប់ពីឃាត់សាកសួរពីរឿងដឹកនិងកាប់ឈើខុសច្បាប់ដែលកំពុងកើនឡើងយ៉ាងអនាធិបតេយ្យដោយមិនឃើញសមត្ថកិច្ចជំនាញទប់ស្កាត់។
ក្រុមល្បាត ព្រៃឡង់ ក្នុង ខេត្តក្រចេះ និងក្រុមអង្គការសង្គមស៊ីវិលចំនួន ៨៨ នាក់បានបើកយុទ្ធនាការទប់ស្កាត់បទល្មើសព្រៃឈើនៅក្នុងតំបន់ ព្រៃឡង់ កាលពីថ្ងៃអង្គារនិងថ្ងៃពុធម្សិលមិញហើយបានប្រទះឃើញការកាប់បំផ្លាញ និងដឹកឈើខុសច្បាប់ជាច្រើន។ ក្នុងនោះមួយករណីមានជនប្រដាប់អាវុធជាយោធាចាំកាងបទល្មើសនោះ។
លោក ណាំ ណាក់ អាយុ ៣៤ឆ្នាំ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ក្រុមល្បាតទាំង ៨៨ នាក់ជិះម៉ូតូ ១៨ គ្រឿងនិងគោយន្ត ៥ គ្រឿងបានប្រទះឃើញទាហានមួយក្រុមមានគ្នាបីនាក់ប្រដាប់ដោយកាំភ្លើង AK បីដើមកំពុងតែកាងគោយន្តដឹកឈើ ៥ គ្រឿងបើកចេញពី ព្រៃឡង់ ត្រង់ចំណុចព្រំប្រទល់ ឃុំបឹងចារនិង ឃុំកំពង់ចាម ក្នុង ស្រុកសម្បូណ៌។
លោកបញ្ជាក់ថា៖ «ទាហានមានកាំភ្លើង AK កាន់គ្រប់ដៃតាមកាងគោយន្តដឹកឈើសរុបជាង ១០ ម៉ែត្រគូប។ ខ្ញុំស្គាល់ទាហាននោះមានឈ្មោះ នៅ អ៊ា និង រី មកពីវរ ២ (គ៦) ខេត្តក្រចេះ ដែលប្រចាំការក្នុង ឃុំកំពង់ចាម ជាយូរមកហើយ»។ ក្រុមល្បាតបានឃាត់គោយន្តទាំងនោះដើម្បីថតរូប និងសួរនាំហើយអ្នកបើកគោយន្ត ៥ នាក់បានប្រាប់ថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលដឹកឈើឲ្យឈ្មួញឈើម្នាក់ឈ្មោះ រិច ក្នុង ភូមិទន្សោងធ្លាក់ ឃុំកំពង់ចាម ដោយ ១ ម៉ែត្រគុបគេឲ្យថ្លៃឈ្នួល ២០ ម៉ឺនរៀល។ ឈើទាំងនោះត្រូវបានគេកាប់ធ្វើជាបន្ទះៗ និងជាបួនជ្រុងដែលជាប្រភេទឈើ សុក្រំ កកោះ និង ឈើខ្មៅ ជាដើម។
លោក ណាក់ បញ្ជាក់ថា៖ «យើងអត់ហ៊ានចាប់ដកហូតឈើ និងគោយន្តទេ គ្រាន់តែសួរនាំប៉ុណ្ណោះ ព្រោះគេមានកំាំភ្លើង ហើយកំពុងតែខឹងនឹងយើង ដែលឃាត់គេថតនិងបង្ហោះរូប។ ទាហានបានគំរាមគ្នាយើងថា មកនេះចង់ងាប់ឬចង់រស់?»។ ក្រុមល្បាតលោក ណាក់ មិនសូវបានចុះល្បាតទៀងទាត់ទេ ដោយសារតែគ្មានសាំងចាក់ម៉ូតូ និងម្ហូបអាហារសម្រាប់ហូបចុកក្នុងព្រៃ។
លោក ណាក់ ឲ្យដឹងទៀតថា ក្នុងរយៈពេលជាង ២ឆ្នាំ មកនេះ ក្រុមលោកបានរកឃើញឈើរាប់រយម៉ែត្រគុបក្នុងព្រៃ និងម៉ាស៊ីនត្រង់សឺន័រប្រមាណ ១០ គ្រឿង។ ឈើមួយចំនួន និងម៉ាស៊ីនត្រង់សឺន័រ ត្រូវបានចាប់និងប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើនិងអាជ្ញាធរពាក់ព័ន្ធ។
លោក មាស ចាន់នឿង ប្រធានយោធា វីរ ២ ក្នុង ឃុំកំពង់ចាម បានបដិសេធចំពោះការចោទប្រកាន់ទាហានលោកកាងឈើ។ ផ្ទុយទៅវិញលោកអះអាងថា ទាហានទាំងបីនាក់នោះត្រូវបានចាត់តាំងឲ្យទៅត្រួតពិនិត្យមើលក្នុងតំបន់នោះបន្ទាប់ពីមានព័ត៌មានពីបទល្មើសព្រៃឈើ និងអាជីវកម្មរ៉ែខុសច្បាប់។
លោកថ្លែងថា៖ «មានទាហានបីនាក់ទៅមែន តែមិនទៅកាងឈើទេគឺទៅមើលបទល្មើស»។ ទោះយ៉ាងណាលោក ចាន់នឿង បានអះអាងថា លោកនឹងធ្វើការស្រាវជ្រាវពីករណីនេះ៕
you are 88 people , why you scared 3 soldiers, that gun shoot only bullet one time