សូ ដានីតា រង​បន្ទុក​គ្រួសារ​ធ្ងន់

ពិធីការិនី​នាង សូ ដានីតា ដែល​គ្រោង​ទៅ​ប្រទេស​អូស្ត្រាលី។

ពិធីការិនី​នាង សូ ដានីតា ដែល​គ្រោង​ទៅ​ប្រទេស​អូស្ត្រាលី។ សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ជាមួយ​ស្នាម​ញញឹម​សាទរ​ការ​ចេញ​ច្រៀង និង​សម្តែង​នៅ​ដែន​កោះ​អូស្រ្តាលី ខិត​ជិត​មក​ដល់​នៅ​កន្លះ​ខែ​ទៀត​នេះ ពិធីការិនី​ក្តោប​បាន​កៅអី​អង្គុយ​ដល់​ទៅ​៤​ស្ថានីយ​ទូរទស្សន៍ ដែល​ទើប​បញ្ចប់​ការ​សម្តែង​នៅ​ប្រទេស​អាមេរិក វិល​មក​ដល់​ប្រទេស​កំណើត មិន​ទាន់​បាត់​ឈឺ​ចង្កេះ ឈឺ​ខ្នង នាង សូ ដានីតា បាន​បង្ហើប​បែប​មោទនភាព​ខ្លួន​ថា ឆ្នាំ​នេះ​រាសី​ឡើង​ខ្ពស់ ប្រាក់​ហូរ​ចូល​គិបៗ​តែ​ម្តង។

ក្រោយពី​វិល​មក​ចាប់​អាជីព​ចាស់ កាន់​ក្បាល​ម៉ៃក្រូហ្វូន​ធ្វើ​ជា​អ្នក​អត្ថាធិប្បាយ​ក្នុង​កម្មវិធី​ទូរទស្សន៍ ក្រោយពី​បន្សាត់​ខ្លួន​ពនេចរ​នៅ​ក្រៅ​ប្រទេស​ចូល​កន្លះ​ទសវត្សរ៍ សូ ដានីតា ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា នាង​មាន​ទីផ្សារ​សិល្បៈ​យ៉ាង​ណែន​ពេញ​ដៃ​តែ​ម្តង។

ពេល​នេះ ក្រៅពី​ក្តាប់​បាន​ឱកាស​កាន់​កម្មវិធី​ដល់​ទៅ​៤​ស្ថានីយ និង​ការងារ​សិល្បៈ​ខាង​ក្រៅ​ក៏​មមាញឹក​ផង​នោះ ពិធីការិនី​ដែល​រមែង​ជំពប់​រឿង​អាស្រូវ​ស្នេហ៍​បរាជ័យ​នាង សូ ដានីតា ក៏​ទើប​ចុះ​យន្តហោះ​មកពី​ការ​សម្តែង​នៅ​ប្រទេស​អាមេរិក​ផង​ដែរ។ ជាមួយ​ការ​សាទរ​នូវ​ភាព​ជោគជ័យ​នោះ តារា​រូប​នេះ​ក៏​ល្បី​កំពុង​ត្រៀម​បង្វេច​ខោអាវ​រៀប​ដាក់​វ៉ាលិស​ជាថ្មី អូស​ឡើង​យន្តហោះ​ទៅ​សម្តែង​នៅ​ដែន​កោះ​អូស្រ្តាលី​បន្ត​ទៀត។

ជាមួយ​ការ​ទទួល​ស្គាល់​ដំណឹង​នេះ ពិធីការិនី សូ ដានីតា ប្រាប់​ថា៖​«ដំណឹង​នេះ​ជា​ការពិត ខាង​ស្ពនស័រ​អូស្រ្តាលី កំពុង​រត់​ឯកសារ​រៀបចំ​ឲ្យ​ពួក​ខ្ញុំ​ចេញ​ទៅ​សម្តែង​នៅ​ខែ​កក្កដា​នេះ ដោយ​មាន​រយៈពេល​មិន​លើស​ពី​៦​សប្តាហ៍​ទេ។ តាម​គម្រោង​នឹង​ឡើង​យន្តហោះ​នៅ​ពាក់កណ្តាល​ខែ​កក្កដា​នេះ ជាមួយ​នឹង​អ្នកនាង ព្រីម មន្ថា និង​តារា​ថ្មីៗ​ពីរ​នាក់​ទៀត តែ​ពេល​នេះ ត្រូវ​ពន្យារ​ពេល​បើ​មិន​ចុង​ខែ​កក្កដា ក៏​ខែ​សីហា តែ​ដំណើរ​ទៅ​សម្តែង​នោះ​មិន​កែប្រែ​ទេ គឺ​ត្រូវ​តែ​ទៅ​»។

ដានីតា បញ្ជាក់​ថា៖ «ដោយ​មាន​ការ​យឺតយ៉ាវ​ដោយសារ​ឯកសារ​ខ្លះ ដូច្នេះ​ទើប​ត្រូវ​ពន្យារ​ថ្ងៃ​ឡើង​យន្តហោះ​រហូត​ដល់​ទៅ​ចុង​ខែ ឬ​ក៏​ដើម​ខែ​សីហា​នោះ​»។

បន្ថែម​លើ​ជំហរ​ដ៏​ជាក់លាក់​លើ​ដំណើរ​ទៅ​កើប​ប្រាក់​នៅ​ដែន​កោះ​អូស្រ្តាលី មិន​មាន​ការ​កែប្រែ បើ​ទោះជា​ត្រូវ​បាន​ពន្យារ​ពេល​ដល់​ដើម​ខែ​សីហា​នោះ ពិធីការិនី​ដែល​មាន​កៅអី​អង្គុយ​ស្ទើរ​គ្រប់​ស្ថានីយ​ទូរទស្សន៍​វ័យ​ជាង​៣០​រូប​នេះ បង្ហើប​បែប​លេងសើច​ថា៖​«ឆ្នាំ​នេះ​រាសី​ខ្ញុំ​ឡើង​ខ្ពស់​ណាស់ ប្រាក់​ហូរ​ចូល​មិន​ដាច់ ខាង​អាជីព​សិល្បៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស»។

បន្លឺ​សំឡេង​លាយឡំ​ជាមួយ​សំណើច​កក្អឹក​ផង សូ ដានីតា រៀបរាប់​ថា «បើ​គិត​មើល​ពេល​នេះ ការងារ​សិល្បៈ​ខ្ញុំ​រក​តែ​ពេល​សម្រាក​ស្រួល​ខ្លួន​មិន​បាន​ផង មួយ​សប្តាហ៍ៗ​វិលជុំ​រហូត ពេល​នេះ ការងារ​ទូរទស្សន៍​ចុះ​ពី​ស្ទូឌីយោ​មួយ​ទៅ​ថត​នៅ​ស្ទូឌីយោ​មួយ​ទៀត តែ​មិន​មាន​កុងត្រា​ផ្តាច់មុខ​នៅ​ស្ថានីយ​ទូរទស្សន៍​ណា​មួយ​ទេ​»។

ពិធីការិនី ដែល​ខ្លាច​រឿង​អាស្រូវ​ស្នេហ៍​ដល់​ថ្នាក់​សំណូមពរ​អ្នក​កាសែត​កុំ​ឲ្យ​រំឭក​រឿង​ស្នេហា រូប​នេះ ប្រាប់​ថា៖​«ពេល​នោះ​ខ្ញុំ​ធ្វើ​ប្រាំ​កម្មវិធី​ទូរទស្សន៍។ ក្រៅពី​ការងារ​ខាង​ក្រៅ​ផង ពេល​នេះ​កំពុង​ត្រៀម​ឡើង​យន្តហោះ​ទៅ​សម្តែង​នៅ​ប្រទេស​អូស្រ្តាលី​ទៀត គិត​មើល​ប្រឹង​យ៉ាង​នេះ បើ​ប្រាក់​មិន​ហូរ​ចូល​ទេ តើ​ខំប្រឹង​ធ្វើ​អ្វី​?»។

បើទោះ​ជា​នាង សូ ដានីតា អះអាង​ថា ការងារ និង​ប្រាក់​ចំណូល​ដើរ​ទន្ទឹម​គ្នា​ក្តី ប៉ុន្តែ​តារា​រូប​នេះ មិន​ត្រូវ​គេ​ចាត់​ចូល​ក្នុង​បញ្ជី​តារា​សិល្បៈ ដែល​មាន​សម្ភារ​និយម​ទំនើបៗ​មក​ប្រកួតប្រជែង​ជាមួយ​អ្នកសិល្បៈ​មួយ​ចំនួន​ឡើយ។

ឆ្លើយតប​ការ​មើល​ឃើញ​នោះ ពិធីការិនី សូ ដានីតា បាន​ប្រាប់​ថា៖​«ការពិត​ខ្ញុំ​ខំ​រាល់​ថ្ងៃ​នេះ មិន​មាន​មនុស្ស​ភាគច្រើន​ដឹង​ឡើយ ថា​ខ្ញុំ​ត្រូវ​រ៉ាប់រង​ចំពោះ​មុខ​យ៉ាង​ណា ការងារ​មាន​ច្រើន​ក្នុង​ដៃ​ស្ទើរតែ​រក​ពេល​សម្រាក​ផ្ទះ​គ្មាន បូករួម​ការងារ​ចេញ​សម្តែង​ក្រៅ​ប្រទេស​ផង។ គេ​សួរ​ថា ចុះ​ម៉េច​មិន​ឃើញ​បង្ហាញ​រថយន្ត​ស៊េរី​ទំនើប ផ្ទះ​វីឡា​នឹង​គេ​? នោះ​គឺ​ដោយសារ​សព្វថ្ងៃ​ខ្ញុំ​ត្រូវ​រ៉ាប់រង​ធ្ងន់​ណាស់ គ្រួសារ​ខ្ញុំ​ទាំង​មូល គឺជា​អ្នក​ដោះស្រាយ​ចិញ្ចឹម ថែម​ទាំង​ក្មួយៗ​បី​នាក់​ទៀត​ផង ហេតុនេះ​ខ្ញុំ​មិន​ចង់​បង្ហាញ​ឲ្យ​មហាជន ឃើញ​ល្អ​មើល​ខាង​ក្រៅ ក្នុង​ផ្ទះ​បងប្អូន​ក្មួយៗ វេទនា​នោះ​ទេ»។

សូ ដានីតា បញ្ជាក់​ខ្លី​ថា៖ «ពេល​នេះ​អ្នក​ដែល​អាស្រ័យ​ពី​ចំណូល​សិល្បៈ​ខ្ញុំ មាន​ដល់​ទៅ​ជិត​១០​នាក់​ឯណោះ ក្នុង​បន្ទុក​ខ្ញុំ​»។

ពាក់ព័ន្ធ​គម្រោង​ទៅ​សម្តែង​នៅ​អូស្ត្រាលី​វិញ​ពិធីការិនី​នាង សូដា នីតា បាន​អះអាង​ទៀត​ថា៖​«​ខ្ញុំ​ជឿជាក់​ថា បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​នឹង​ទទួល​ស្វាគម៍​ចំពោះ​រូបនាង​ខ្ញុំ និង​មិត្តភក្តិ​សិល្បករ ដោយ​ភាព​កក់ក្តៅ »៕


What Next?

Recent Articles

One Response to "សូ ដានីតា រង​បន្ទុក​គ្រួសារ​ធ្ងន់"

  1. i,khmer says:

    You look like Thai ladyboy…that I ‘ve met in Phuket???