​ក្រុមប្រឹក្សាធម្មនុញ្ញ​បិទផ្លូវ​តវ៉ា​ និង​ប្រកាស​ចូល​ជា​ស្ថាពរ​នៃ​ច្បាប់​ចំនួន​៣​ស្តី​ពី​តុលាការ​​

ដោយ៖​ ថុល ស្រី​លក្ខណ៍​​
ថ្ងៃសុក្រ ទី4 កក្កដា 2014
http://vodhotnews.com

​ក្រុមប្រឹក្សាធម្មនុញ្ញ​ចេញ​សេចក្តីសម្រេច​ជា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ស្តី​ពី​តុលាការ​បើទោះជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើឲ្យមាន​ការពិចារណា​លើ​មាត្រាមួ​យ​ចំនួន ដែល​ពួក​គេ​រកឃើញ​ថា អធម្មនុញ្ញភាព និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ក្តី​។​

សេចក្ដីព្រាងច្បាប់​ស្តីពី​តុលាការ​ចំនួន​៣ រួមមាន ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា រួម​ទាំង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។

សេចក្តីសម្រេច​ចំនួន​៣​ផ្សេងគ្នា ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០២​ខែកក្កដា ឆ្នាំ​២០១៤ បានសរសេរថា រដ្ឋសភា និង​ព្រឹទ្ធសភា បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ តាម​បែបបទ​ដែល​មានចែង ក្នុង​មាត្រា​១១៣​ថ្មី នៃ​រដ្ឋធម្មនុញ្ញ ក្នុង​ការពិនិត្យ និង​អនុម័ត​ច្បាប់​ទាំង​៣​នេះ​។ សេចក្តីសម្រេច​បន្ថែមថា រាល់​បញ្ញត្តិ​នៅក្នុង​ច្បាប់​ទាំងនេះ ពុំ​មាន​បទបញ្ញត្តិ​ណា​មួយ មិន​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​នោះទេ​។

​សេចក្តីសម្រេច​នោះ​លើកឡើងថា ជំពូក​ទី​១ មាត្រា​១ ដល់​មាត្រា​៧ ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា ចែង​ពី​គោលបំណង​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ វិសាលភាព​នៃ​ការអនុវត្ត បុគ្គល​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ឲ្យបំពេញ​មុខងារ​ចៅក្រម​និង​ព្រះរាជអាជ្ញា និង​ការកំណត់​ដាក់​ចៅក្រម និង​ព្រះរាជអាជ្ញាឲ្យ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​កណ្តាល​របស់​ក្រសួង​យុតិធម៌ គឺ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​។ 

​លោក ឌុ​ច ពិសិដ្ឋ អ្នកសម្របសម្រួល​គម្រោង​សង្កេតការណ៍​សវនាការ​របស់ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មានប្រសាសន៍ថា អង្គកា​រលោក ខកចិត្ត​ជា​ខ្លាំង​ដែល​ក្រុមប្រឹក្សាធម្មនុញ្ញ​មិន​បាន​ពិចារណា​ចំណុច​មួយចំនួន ដែល​អង្គការ​សង្គម​ស៊ីវិល​រកឃើញថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ​នោះទេ​។ លោក​ថា ក្រុមប្រឹក្សាធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល​មួយ​នេះ ហាក់​មិន​ទាន់​មាន​ឯករាជ្យភាព​សម្រាប់​កម្ពុ​ជា​នោះទេ​។​

​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក សួន ប៊ុន​ស័ក្តិ មានប្រសាសន៍ថា ច្បាប់​ទាំង​៣​នេះ បាន​រំលោភ​ទៅលើ​គោល​ការ​នៃ​ការបែងចែក​អំណាច​នៅ​កម្ពុជា​។ លោក​ថា នៅក្នុង​បញ្ញត្តិ​ច្បាប់​នេះ គេ​ឃើញ​រដ្ឋាភិបាល មាន​អំណាច​ពាក់ព័ន្ធ​នៅក្នុង​អង្គការ​កំពូល​នៃ​វិស័យ​តុលាការ ឬ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការសម្រេចចិត្ត​ក្នុ​ង​ស្ថាប័ន​នេះ​។​

មាត្រា​ដែល​រង​ការរិៈគន់​ក្នុង​ច្បាប់​ថ្មី​នេះ រួមមាន មា​ត្រ​៣៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​ផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌ គឺជា​អ្នក​សម្រេច​ដ៏​សំខាន់ ក្នុង​ការតំឡើង​មុខតំណែង​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​។ មាត្រា​២៣​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ចែងថា រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌ និង​ទទួល​បន្ទុក​ក្នុង​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​បឋម​លើ​សំណុំរឿង​វិន័យ​ផ្នែក​តុលាការ​ជាដើម​៕

សូមសរសេរមកអ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com

What Next?

Recent Articles

2 Responses to "​ក្រុមប្រឹក្សាធម្មនុញ្ញ​បិទផ្លូវ​តវ៉ា​ និង​ប្រកាស​ចូល​ជា​ស្ថាពរ​នៃ​ច្បាប់​ចំនួន​៣​ស្តី​ពី​តុលាការ​​"

  1. Lay Sokha says:

    Crock korock!

  2. Lay Sokha says:

    Crock corock! Crocodile learns to walk!