Sat, 5 July 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
អាឡូបងខ្ញុំសុំចេញអីវ៉ាន់មួយ» នេះគឺជាភាសាទំនាក់ទំនងគ្នារវាងពលរដ្ឋដឹកឈើតាមម៉ូតូជាមួយនឹងសមត្ថកិច្ចនៅតាមគោលដៅនីមួយៗដើម្បីឲ្យដឹងថា ពួកគេដឹកឈើតាមតំបន់នោះជាថ្នូរនៃការបង់ប្រាក់កុំឲ្យចាប់ពួកគេ វាផ្ទុយទៅនឹងការដឹកជញ្ជូនតាមរយៈរថយន្តយីឌុបដែលមានស្លាកសម្គាល់ ១១៦៨ របស់ឧកញ៉ា ទ្រី ភាព ដែលសមត្ថកិច្ចពុំហ៊ានទាំងយកភ្នែកមើល។
សន្ធឹកម៉ូតូបានលាន់ឮកងរំពងនៅតាមដងផ្លូវចាប់តាំងពី ឃុំប៉ាក់កាឡាន ឃុំភ្នំកុកឡៅ ឃុំកាចូន ដែលនៅក្នុងតំបន់ខ្លះផ្លូវដាច់ជាដុំនិងភក់រអិលពិបាកធ្វើដំណើរនោះ សឿន សុង ជាឈ្មោះដាក់ឲ្យដើម្បីសុវត្ថិភាពដែលជាអ្នករកស៊ីដឹកឈើយ៉ាងសកម្មមានគ្នា ៧នាក់ ដែលក្នុងមួយម៉ូតូអាចដឹកជិតមួយតោននោះបានថ្លែងថា ដើម្បីឲ្យរបររកស៊ីមានសុវត្ថិភាពលោកត្រូវទាក់ទងទៅសមត្ថកិច្ចជាមុន ហើយនៅពេលធ្វើដំណើរទៀតសោតលោកត្រូវមានអ្នកនាំផ្លូវម្នាក់ នៅអមខាងមុខ ម៉ូតូចំនួន ៦ ទៀតដើម្បីទៅទាក់ទងអាជ្ញាធរនិងបង់លុយឲ្យគេដើម្បីកុំឲ្យគេចាប់។
លោកបានថ្លែងថា៖ «មន្ត្រីសមត្ថកិច្ចចម្រុះដែលដាក់ប៉ុស្តិ៍តាមដងផ្លូវដើម្បីចាំយកលុយនោះ គេប្រាប់អ្នកដឹកម៉ូតូថា បើដឹកកាត់តំបន់គេ ប្រាប់គេផងពីព្រោះគេទើបតែមកថ្មី ហើយបើគេប្រាប់របៀបនេះម្តងទៅ ២ ដងនៅមិនធ្វើតាមលើកក្រោយគេចាប់យកតែម្តងដោយសារតែយើងរកស៊ីរបរនេះខុសច្បាប់ដែរយើងត្រូវតែឲ្យលុយគេ»។
ជាការងាយស្រួលទំនាក់ទំនងចាប់តាំងពីសមត្ថកិច្ចចម្រុះដាក់កុងត្រូលដោយដេកចាំលើអង្រឹងដើម្បីយកលុយពីអ្នកដឹកឈើតាមម៉ូតូនោះលោកបានថ្លែងថា មន្ត្រីទាំងអស់នោះគេឲ្យលេខទូរស័ព្ទគេមកពួកលោកដើម្បីឲ្យងាយស្រួលទាក់ទងមកគេនៅពេលដែលមានទំនិញដឹក។
លោកបានថ្លែងថា៖ «យើងដើររកទិញឈើដូចអ្នករកស៊ីដើររកទិញជ្រូកឬក៏អ្នកធ្វើស្រែចម្ការដែរ មិនភ័យខ្លាចអីទេពីព្រោះមន្ត្រីទាំងអស់គាត់យកលុយពីយើង គាត់មិនចាប់យើងទេឲ្យតែយើងតេប្រាប់គាត់ ហើយបើយើងចង់គេចគេក៏គេចមិនរួចដែរពីព្រោះគេដាក់យាមគ្រប់កន្លែង។ អ៊ីចឹងបានជាខ្ញុំតែងតែនិយាយជាមួយគ្នាខ្ញុំថា បទល្មើសព្រៃឈើមិនពិបាកទប់ស្កាត់ទេបើមន្ត្រីគាត់ធ្វើមែននោះ»។
អ្នករកស៊ីដឹកឈើតាមម៉ូតូត្រូវចាកចេញពីផ្ទះដើម្បីចូលទៅរកទិញឈើនៅតាមភូមិ និងនៅតាមព្រៃ ខ្លះត្រូវឆ្លង ទន្លេសេសាន ដែលតំបន់សម្បូរឈើធ្នង់បំផុត ចាប់ពីម៉ោង ៧ ព្រឹករហូតដល់ម៉ោង ២ ឬក៏ ៣ ល្ងាចទើបដឹកឈើទាំងនោះចេញពីក្នុងព្រៃដើម្បីយកទៅលក់ឲ្យឈ្មួញដែលរង់ចាំទិញនៅឯទីរួមខេត្តដើម្បីយកទៅលក់បន្តឲ្យក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព នោះលោក សឿន សុង បានឲ្យដឹងទៀតថា អ្នកដែលធ្វើដំណើរតាមម៉ូតូត្រូវទៅជាក្រុមដើម្បីទិញឈើគេពី ៤០ ទៅ ៥០ សន្លឹករួចក៏នាំគ្នាលើកដាក់ម៉ូតូរៀងខ្លួនដើម្បីដឹកទៅលក់ឲ្យឈ្មួញ។ មួយសន្លឹកដែលមានខ្នាតមុខកាត់ ១៣ គុណនឹង ២០ ឬក៏មុខកាត់ ១៣ គុណនឹង ៣៣ ឬក៏មុខកាត់ ២០ ឃ្លុម ៤០ ឃ្លុម (១ ឃ្លុមស្មើ ២០ គុណ ៤០ សង់ទីម៉ែត្រ) ហើយអ្នកដឹកតាមម៉ូតូត្រូវដឹកតែ ៤ ឃ្លុមទៅ ៦ ឃ្លុម បើ ១៣ គុណនឹង ២៥ មួយម៉ូតូដឹកបាន ១២ ដុំប្រសិនបើផ្លូវល្អ។
លោកថា៖ «គេឃើញយើងដឹកប្រភេទឈើល្អនោះគេគិតថា យើងរកស៊ីឈើនេះពិតជាមានបានតែតាមពិតយើងបង់ឲ្យតែសមត្ថកិច្ចប៉ុណ្ណោះ គឺត្រូវបង់ឲ្យមន្ត្រីប៉ូលិស ប៉េអឹម មួយម៉ូតូ ១ ម៉ឺនរៀលទៅ ២ ម៉ឺនរៀល ចំណែកឯមេព្រៃគេយកមួយម៉ូតូ ១ ម៉ឺនរៀល មន្ត្រីបរិស្ថាន ២ ម៉ឺនរៀល។ យើងដឹកមួយជើងបើនិយាយពីតម្លៃលុយសរុបជាង ១ លានរៀលប៉ុន្តែគិតថ្លៃចំណាយសព្វគ្រប់ទាំងការបង់ឲ្យមន្ត្រីចម្រុះនោះយើងសល់ទៅផ្ទះវិញបាន ៧ ម៉ឺនទៅ ៨ ម៉ឺនរៀល»។
លោកថ្លែងថា លោកដឹងថា គេជាមន្ត្រីពីព្រោះគេដាក់ប៉ុស្តិ៍ដេកលើអង្រឹងពាក់ឯកសណ្ឋានតាមជំនាញចាំយកលុយពីអ្នកដឹកឈើនៅតាមផ្លូវតែម្តង បើគេហៅហើយមិនឈប់គេចេញម៉ូតូឬឡានដេញចាប់ បើគេចាប់ហើយគេទារទាបបំផុត ១៥០០ ដុល្លារ។
លោកថា៖ «យើងរករបស់នេះមិនខុសអ្នកចិញ្ចឹមជ្រូកទេ គេទុកឲ្យយើងរកសល់លុយល្មមបង់ឲ្យគេគ្រប់ គេចាប់យើង ដូចជ្រូកដែរពេលណាម្ចាស់ចិញ្ចឹមដល់ពេលវាធំគេលក់ឲ្យឈ្មួញយកទៅកាប់។ យើងរកស៊ីនេះលំបាកបំផុតដោយសារតែសមត្ថកិច្ចច្រើនពេក យកពីយើងគ្មានសល់ទេ យើងខំដឹកកាត់ភ្លៀងផ្គរ ផ្លូវលំបាក ប៉ុន្តែគេគ្រាន់តែដេកចាំយកលុយស្រួលពីយើង»។
លោកបានឲ្យដឹងទៀតថា រកស៊ីឈើនេះមិនពិបាកលក់ទេ ពីព្រោះនៅទីនេះមានឈ្មួញច្រើនណាស់ដែលគេរង់ចាំទិញឈើពីអ្នកដឹកពីម៉ូតូ ប៉ុន្តែឈ្មួញទាំងនោះយកទៅលក់ឲ្យក្រុមហ៊ុន ឧកញ៉ា ទ្រី ភាព ភាគតិចណាស់ដែលលួចលក់ផ្ទាល់ទៅឲ្យ វៀតណាម ប៉ុន្តែភាគច្រើនត្រូវបានសមត្ថកិច្ចចាប់បាន។ លោកបានថ្លែងឲ្យដឹងទៀតថា៖ «ពិបាកណាស់ក្នុងការលួចលាក់មិនលក់ឲ្យក្រុមហ៊ុនឧកញ៉ា ទ្រី ភាព»។
អង្គុយនៅក្រោយឈើ ៦ ដុំដែលមានទម្ងន់ជិតមួយតោន ដែលម៉ូតូមានតែដែកគ្រោងឆ្អឹង ដោយពិបាកសម្រេចចិត្តថា ត្រូវចេញតាមផ្លូវណាដោយសារតែផ្លូវដាច់ជាអន្លើហើយត្រូវចុះពីភ្នំទៀតនោះ លោក សាអែម ជាឈ្មួញរកស៊ីដឹកឈើតាមម៉ូតូដឹកចេញ ភូមិញ៉ាង ឃុំញ៉ាង ស្រុកអណ្តូងមាស ឯនោះវិញក៏ពុំខុសគ្នានឹងអ្នករកស៊ីនៅឯ ស្រុកវឺនសៃ ដែរ គឺដឹកឈើទាំងនោះយកទៅលក់ឲ្យឈ្មួញ ហើយឈ្មួញគេយកទៅលក់ឲ្យក្រុមហ៊ុនបន្តទៀតហើយនៅក្នុងមួយជើងទទួលបានប្រាក់ចំណេញ ៨ ម៉ឺនរៀលបន្ទាប់ពីទូទាត់ថ្លៃចំណាយបង់ទៅលើសមត្ថកិច្ចគ្រប់ជំនាញទាំងអស់។
លោកបានឲ្យដឹងទៀតថា៖ «ដោយសារតែអត់មានមុខរបរអីក្រៅពីរកស៊ីឈើទើបបានជាពួកខ្ញុំរកមុខរបរនេះចំណែកអាជ្ញាធរគេមិនដែលឃាត់ឬក៏ចាប់យើងទេដោយសារតែយើងបង់លុយឲ្យគេ»។
លោកបានឲ្យដឹងទៀតថា ក្នុងឈើមួយដុំដែលទិញពីបងប្អូនជនជាតិគឺមានតម្លៃចាប់ពី ៣ ម៉ឺនរៀលរហូតដល់ ១០ ម៉ឺនរៀលហើយពួកគាត់ត្រូវដឹកទៅលក់នៅតាមច្រកព្រំដែន អូរសេដ្ឋី ឬក៏លក់ឲ្យឈ្មួញតំណាងឲ្យក្រុមហ៊ុន គឺវាអាស្រ័យទៅលើខាងណាគេទិញថ្លៃជាង។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «ក្នុងតំបន់នេះមានឱកាសខ្លះអាចឆ្លៀតយកទៅលក់ដល់ព្រំដែន វៀតណាម បានដោយសារតែជិតព្រំដែនយកទៅលក់ផ្ទាល់បានថ្លៃជាងលក់ឲ្យអ្នកទិញតំណាងឲ្យក្រុមហ៊ុន»។
លោក វ៉ា រ៉ាឌី រស់នៅក្នុង ឃុំញ៉ាង បានឲ្យដឹងថា លោកត្រូវដើរទិញឈើនៅតាមព្រៃនិងនៅតាមផ្ទះរបស់ប្រជាពលរដ្ឋនៅតាម ឃុំញ៉ាង ចំណែកឯមន្ត្រីសមត្ថកិច្ចគេពុំឈឺឆ្អាលចាប់លោកនោះទេ ប៉ុន្តែពួកគេសប្បាយចិត្តទៅវិញទេពីព្រោះពួកលោកជាអ្នករកលុយឲ្យគេដូចជា មន្ត្រីសន្តិសុខតាមភូមិគេសុំ ១ ម៉ឺនទៅ ២ ម៉ឺនរៀល ហើយក្នុងមួយម៉ូតូរបស់លោកគឺលោកចំណាយទិញអស់ប្រមាណជា ៥០ ម៉ឺនរៀលហើយលក់វិញបានប្រមាណជាង ១ លានរៀល។
លោកបានថ្លែងឲ្យដឹងទៀតថា៖ «គេមើលទៅឃើញថា យើងចំណេញច្រើនណាស់ ប៉ុន្តែតាមពិតយើងរកចិញ្ចឹមតែសមត្ថកិច្ចចម្រុះពីព្រោះពួកគេដាក់ពង្រាយគ្រប់កន្លែងដែលរាប់ស្ទើរមិនអស់ដូចជាប៉ូលិស ទាហាន បរិស្ថាន រដ្ឋបាលព្រៃឈើ សន្តិសុខក្រុមហ៊ុនលើកលែងតែគ្រូបង្រៀនប៉ុណ្ណោះដែលយើងមិនបង់លុយឲ្យ ហើយនៅក្នុងមួយថ្ងៃមានអ្នកដឹកតាមម៉ូតូប្រហែលជា ៥០ ម៉ូតូ»។
លោក ឈឹម សាវុធ នាយកប្រតិបត្តិអង្គការការពារធនធានធម្មជាតិនិងបរិស្ថាន បានថ្លែងឲ្យដឹងថា នៅក្នុង ខេត្តរតនគិរី នេះក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ដែលឧកញ៉ា លឹម វណ្ណា ហៅ ខ្នា ជាអ្នកចេញមុខទិញនោះមានឃ្លាំងស្តុកឈើធំៗចំនួន ៥ កន្លែងនៅក្នុងស្រុកចំនួន ៥ ដូចជានៅ ស្រុកអូរជុំ ស្រុកវ៉ឺនសៃ ស្រុកតាវែង ស្រុកអណ្តូងមាស និង ស្រុកអូរយាដាវ។ ឈើទាំងនោះត្រូវបានគេកាប់ចេញពីតំបន់កន្ទុយនាគគឺ ស្រុកតាវែង និង ស្រុកអណ្តូងមាស។ ចំណែកតំបន់ វរជ័យ គឺគេកាប់ចេញពី ស្រុកវ៉ឺនសៃ និង ស្រុកសៀមប៉ាង ព្រំប្រទល់ ខេត្តស្ទឹងត្រែង។
លោកថា៖ «ការកាប់បំផ្លាញព្រៃឈើនៅក្នុងស្រុកខ្មែរយើងគឺជាលក្ខណៈប្រព័ន្ធដោយមានទាំងមន្ត្រីជំនាញតាំងពីថ្នាក់ភូមិឡើងទៅ រហូតដល់មន្ត្រីធំៗដែលកំពុងកាន់អំណាចប្រសិនបើមិនមានជាប់ពាក់ព័ន្ធនឹងអនុវត្តផ្ទាល់ក៏ប្រយោលដែរដូចជាការដាក់បារ៉ាសកុងត្រូលយកលុយពីអ្នកកាប់ឈើដឹកតាមម៉ូតូខុសច្បាប់»។
លោកថា មន្ត្រីដែលដាក់កុងត្រូលយកលុយនោះគឺហ៊ានយកតែពីប្រជាពលរដ្ឋទេ ប៉ុន្តែចំពោះក្រុមហ៊ុនដែលដឹកតាមរថយន្តយីឌុបនោះគឺមន្ត្រីទាំងនោះពុំហ៊ានទាំងក្រឡេកមើលរថយន្តនោះផងដោយសារតែគេចំណាំស្លាកសញ្ញាថា ជារបស់ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព ហេតុនោះហើយបានជាធ្វើឲ្យការទប់ស្កាត់បទល្មើសពុំមានប្រសិទ្ធភាព ហើយធ្វើឲ្យព្រៃឈើឈានទៅរកការរលាយដោយសារតែគ្មានអ្នកបង្ក្រាប។
លោក ឧកញ៉ា ទ្រី ភាព និងលោក អ៊ុក គឹមសាន្ត តំណាងឲ្យក្រុមហ៊ុន ទ្រី ភាព ពុំអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានទេ។
យោងតាមរបាយការណ៍របស់ក្រុមកិច្ចការពិសេសសិទ្ធិមនុស្ស ដែលបានចេញផ្សាយកាលពីចុង ឆ្នាំ២០១៣ បានរកឃើញឃ្លាំងស្តុកឈើប្រណីតចំនួន ១៤ កន្លែង និងអាជ្ញាប័ណ្ណទិញឈើក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចចំនួន ២៧ នៅតាមខេត្តចំនួន ១២ ព្រមទាំងមានក្រុមហ៊ុនសាខាដែលទទួលបានដីសម្បទានសេដ្ឋកិច្ចចំនួន ១៥ នៅក្នុងខេត្ត ១០ ដែលមានផ្ទៃដីសរុបជិត ៧ ម៉ឺនហិកតា។
លោក ហៃ ភីវ៉ាត ប្រធានសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកវ៉ឺនសៃ ដែលអ្នកកាប់ឈើចោទប្រកាន់ថា ជាអ្នកប្រព្រឹត្តបទល្មើសព្រៃឈើនិងយកលុយពីអ្នកដឹកតាមម៉ូតូថ្លែងឲ្យដឹងថា លោកពុំបានដឹងអំពីបញ្ហានេះទេចាំលោកស្រាវជ្រាវសិនមិនដឹងថា តើវាមានកម្រិតណានោះទេ។ លោកថា៖ «បើថាមន្ត្រីយើងយកលុយឲ្យពួកគេមកចង្អុលបង្ហាញមកថា អ្នកណាជាអ្នកយកខ្លះ»។
រីឯលោក តឿ ថន អធិការនគរបាល ស្រុកវ៉ឺនសៃ ដែលអ្នករកស៊ីដឹកឈើចោទប្រកាន់ថា ជាអ្នករកស៊ីដឹកឈើលក់ដែរនោះបានបដិសេធថា លោកពុំដែលប្រព្រឹត្តទេ ហើយលោកក៏ពុំដែលយកលុយពីអ្នកណាមួយរៀលដែរ គឺមានតែការបង្ក្រាបពួកអ្នករកស៊ីទាំងអស់នោះ។ លោកបានថ្លែងថា៖ «យើងរឹតបន្តឹងណាស់មិនឲ្យមានករណីនេះទេ ខ្ញុំមិនដឹងថា តើប៉ូលិសរដ្ឋបាលណាមួយប្រព្រឹត្តករណីនេះច្បាប់គេតឹងរ៉ឹងណាស់ បើអ្នករកស៊ីឈើមានអាជ្ញាប័ណ្ណគឺគេបង់ពន្ធទៅតាមច្បាប់»។
ចំណែកឯលោក ឈឹម សាវុធ បានលើកឡើងថា ជាទូទៅគ្មានអ្នកបដិសេធបានទេចំពោះការទទួលលុយពីអ្នកប្រព្រឹត្តបទល្មើសនោះ ហើយការបដិសេធរបស់មន្ត្រីទាំងនោះគ្រាន់តែជាលេសមួយទេ ហើយវាក៏ជារឿងចាស់គំរឹលទៅហើយហើយគេក៏ឃើញនិងដឹងអស់គ្រប់គ្នាទៅហើយ ដែលលេសនោះគ្មានអ្នកណាគេជឿទៀតទេ អ្នកទាំងអស់នោះបើសិនជាមិនជាប់ពាក់ព័ន្ធការដឹកជញ្ជូនឬក៏ការកាងឈើផ្ទាល់ក៏ដាក់កុងត្រូលយកលុយដែរ អ្នកណាក៏ដឹងថាឈើអស់ហេតុអីក៏មន្ត្រីនៅក្នុងមូលដ្ឋាននោះមិនដឹងរឿង បើមិនដឹងមែនពួកទាំងអស់នោះមិនមែនជាមន្ត្រីបំពេញភារកិច្ចនៅក្នុងជួររដ្ឋាភិបាលទេ មិនគួរទុកមន្ត្រីទាំងអស់នោះនាំឲ្យខាតលុយរដ្ឋទេ។
យោងតាមរបាយការណ៍រូបភាពផ្កាយរណប ដែលចេញកាលពី ខែធ្នូ ឆ្នាំ២០១៣ ផែនទីដែលមានលក្ខណៈចលនាគេហទំព័រ Open Development Cambodia បានបង្ហាញថាក្នុង ឆ្នាំ១៩៧៣ ប្រហែល ៧២,១១ ភាគរយនៃប្រទេសកម្ពុជា ត្រូវបានគ្របដណ្តប់ដោយព្រៃឈើ។ រូបភាពថ្មីៗបានបង្ហាញថា គម្របព្រៃឈើបច្ចុប្បន្នមានតិចទៅៗគឺចំនួន ៤៦,៣៣ ភាគរយ ដោយរួមបញ្ចូលទាំងចម្ការកៅស៊ូផង៕
COME ON THAT IS THE WAY YOU SETROY YOUR OWN COUNTRY????????????????????????????????????????????????????????????????????????
COME ON THAT IS THE WAY YOU DESTROY YOUR OWN COUNTRY????????????????????????????????????????????????????????????????????????
Are you saying” kingdom of robber not king of wonder”.
I am really confused!.