ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរដ៏ចម្រូងចម្រាសរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាបានសងបំណុលចុងក្រោយរបស់ខ្លួនទាំងអស់ដែលបានជំពាក់ធនាគារអេអិនហ្សិតរ៉ូយ៉ាល់ (ANZ Royal) ចំពេលមានសម្ពាធពីធនាគារនេះឲ្យជួយប្រជាជនរាប់រយគ្រួសារនៅខេត្តកំពង់ស្ពឺ ដែលចោទក្រមហ៊ុនចម្ការអំពៅនេះថា បានប្លន់យកដីរបស់ពួកគាត់។
អង្គការសិទ្ធិមនុស្សនានានិយាយថា ការបញ្ចប់ទំនាក់ទំនងពាណិជ្ជកម្មនេះមិនមែនមានន័យថា ធនាគារនេះគ្មានការទទួលខុសត្រូវនោះទេ ហើយលើកឡើងថា ធនាគារនេះគួរតែផ្តល់សំណងដល់គ្រួសារទាំងនេះប្រសិនបើក្រុមហ៊ុនចម្ការអំពៅនេះមិនព្រមផ្តល់សំណង។
លោក ស្ទីហ្វេន រាយស៍ ប្រធានផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃធនាគារ អេអិនហ្សិត នៅអូស្ត្រាលី ដែលមានភាគហ៊ុនធំនៅធនាគារអេអិនហ្សិត រូ៉យ៉ាល់ បានមានប្រសាសន៍ថា “ខ្ញុំអាចបញ្ជាក់បានថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរបានសងកម្ចីរបស់ខ្លួនអស់ហើយ ហើយក្រុមហ៊ុននេះមិនមែនជាអតិថិជនរបស់ធនាគារ អេអិនហ្សិត ទៀតទេ។យើងយល់ថា ពួកគេអាចទទួលបានកម្ចីមានការប្រាក់ទាប នៅពេលពួកគេបានបំពេញតាមតម្រូវការផ្លូវច្បាប់ទាំងអស់របស់ធនាគារអេអិនហ្សិត”។
លោក សេង ញ៉ក់ ប្រធានក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ បានបញ្ជាក់ថា ក្រុមហ៊ុននេះបានសងបំណុលរបស់ខ្លួនដែលបានជំពាក់ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ អស់ហើយ ប៉ុន្តែលោកបានបដិសេធមិននិយាយថា តើការទទួលបានកម្ចីនេះគឺដោយសារតែបានបំពេញតាមបទដ្ឋានផ្លូវច្បាប់ទាំងផ្នែកសង្គម និងបរិស្ថានរបស់ធនាគារនេះឬយ៉ាងណានោះទេ។
លោកបានសរសេរតាមអុីម៉េលថា ” ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរកំពុងបន្តដោះស្រាយដោយផ្ទាល់ជាមួយសហគមន៍មូលដ្ឋាន ហើយនឹងបន្តធ្វើដូច្នេះតទៅទៀត។ សូម្បីតែកាលពីសប្ដាហ៍មុន តំណាងម្នាក់របស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរបានជួបជាមួយសហគមន៍មូលដ្ឋាន”។ ប៉ុន្តែលោកមិនបញ្ជាក់បន្ថែមទៀតទេ។
ទំនាក់ទំនងរបស់ធនាគារជាមួយនឹងក្រុមហ៊ុនចម្ការអំពៅនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈលើកដំបូងកាលពីខែមករា ហើយនៅពេលនោះអង្គការសិទ្ធិមនុស្សបានចេញរបាយការណ៍វាយតម្លៃអំពីផលប៉ះពាល់របស់គម្រោងនេះពីឆ្នាំ២០១០ដល់ឆ្នាំ២០១៣ ដែលបង្ហាញថា ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ បានជួយផ្ដល់ហិរញ្ញវត្ថុដល់ប្រតិបត្តិការរបស់ក្រុមហ៊ុននេះ។ ទាំងធនាគារ និងក្រុមហ៊ុនចម្ការអំពៅមិននិយាយថា តើធនាគារអេអិនហ្សិត បានផ្ដល់ហិរញ្ញវត្ថុប៉ុន្មាននោះទេ ប៉ុន្តែគេជឿថា ការផ្ដល់កម្ចីនេះមានចំនួនរហូតដល់រាប់លានដុល្លារឯណោះ។
នៅពេលនោះ លោក ហ្គ្រែន ណាក់គី នាយកប្រតិបត្តិធនាគារអេអិនហ្សិត រ៉ូយ៉ាល់ បានលើកឡើងថា ធនាគារកំពុងជំរុញឲ្យក្រុមហ៊ុនចម្ការអំពៅនេះជួបជាមួយគ្រួសារដែលរងផលប៉ះពាល់។
លោកបានលើកឡើងនៅពេលនោះថា ” នៅពេលគេបានរកឃើញផលប៉ះពាល់ដែលមិនស្របតាមគោលនយោបាយរបស់ធនាគារអេអិនហ្សិត គោលបំណងរបស់យើងគឺធ្វើជាកម្លាំងវិជ្ជមានដើម្បីជំរុញឲ្យមានការដោះស្រាយ និងការផ្លាស់ប្ដូរ។ នៅពេលណាយើងរកឃើញថា អតិថិជនមិនបំពេញតាមបទដ្ឋានបរិស្ថាន និងសង្គមរបស់យើង ហើយបើគេមិនព្រមអនុវត្តតាមបទដ្ឋានទាំងនោះទេ ធនាគារអេអិនហ្សិត មិនព្រមផ្ដល់ហិរញ្ញវត្ថុ ឬផ្ដាច់ទំនាក់ទំនងតែម្តង។ យើងនឹងបន្តដោះស្រាយករណីពិសេសនេះ”។
លោក ណាក់គី បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការសងកម្ចីរបស់ក្រុមហ៊ុនចម្ការអំពៅនេះទេកាលពីម្សិលមិញ។
អង្គការសិទ្ធិមនុស្សលើកឡើងថា ការបញ្ចប់កម្ចីនេះមិនគួរបញ្ចប់ការខំប្រឹងប្រែងរបស់ធនាគារនេះ ដើម្បីជួយប្រជាជនពី៤០០ទៅ៥០០គ្រួសារដែលកំពុងរង់ចាំសំណងសមស្របសម្រាប់ដីដែលពួកគាត់បានបាត់បង់ទៅលើចម្ការអំពៅនេះទេ។
លោក អ៊ាង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា (Epuitable Cambodia) បានលើកឡើងថា “គោលនយោបាយរបស់ធនាគារតម្រូវឲ្យពួកគេធ្វើអ្វីដែលត្រឹមត្រូវ។ ពួកគេត្រូវដោះស្រាយបញ្ហានេះ។ ប្រសិនបើគេបានធ្វើអ្វីមួយខុស គេត្រូវដោះស្រាយបញ្ហានោះ។ ពួកគេមិនអាចគេចវេះពីបញ្ហានោះបានទេ។
លោក វុទ្ធី បានលើកឡើងថា ប្រសិនបើចម្ការអំពៅនេះមិនផ្ដល់សំណងដល់គ្រួសារទាំងនោះទេ ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ គួរតែផ្ដល់សំណងនោះដោយខ្លួនឯង។
លោក ដេវីដ ប្រែ៊ដ នាយកគ្រប់គ្រងក្រុមហ៊ុន Inclusive Development International បានបន្ថែមថា ” នេះគឺជាផ្លូវងាយស្រួលសម្រាប់ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ ក្នុងការព្យាយាមបញ្ចប់រឿងនេះ ប៉ុន្តែរឿងនេះនឹងមិនចប់ទេសម្រាប់ប្រជាជនរាប់រយគ្រួសារ ដែលបានធ្លាក់ខ្លួនក្រដោយសារគម្រោងដែលផ្ដល់ហិរញ្ញវត្ថុដោយធនាគារអេអិនហ្សិត រ៉ូយ៉ាល់”។
“ក្នុងនាមជាអ្នកផ្ដល់ហិរញ្ញវត្ថុដ៏ធំមួយដល់គម្រោងរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ ដែលទទួលបានកម្រៃច្រើនពីគម្រោងនេះ ធនាគារអេអិនហ្សិត រ៉ូយ៉ាល់ មានភារកិច្ចគិតគូរអំពីប្រជាជនដែលបានបាត់បង់ដីធ្លី ហើយមិនត្រូវបំភ្លេចភារកិច្ចនេះទេ នៅពេលដែលខ្លួនបានទទួលកម្ចីរបស់ខ្លួនមកវិញហើយ”។
លោក ចាន់ សុឃឿន ដែលកំពុងរង់ចាំសំណងសម្រាប់ដីចម្ការបួនហិកតា ដែលគាត់បានបាត់បង់ទៅលើចម្ការអំពៅនេះបាននិយាយថា បើធនាគារអេអិនហ្សិត រ៉ូយ៉ាល់ដកខ្លួនចេញគឺមានតែអតិថិជនរបស់ក្រុមហ៊ុនសភ្នំពេញស៊ូហ្គើរទេ ដែលជាអ្នកដាក់សម្ពាធឲ្យក្រុមហ៊ុននេះផ្ដល់សំណងដល់ប្រជាជនដែលត្រូវបានបណ្ដេញចេញ។
គាត់បាននិយាយថា ” មានតែធនាគារនេះ និងអ្នកទិញទេ អាចដាក់សម្ពាធឲ្យក្រុមហ៊ុននេះរកដំណោះស្រាយសម្រាប់អ្នកភូមិទាំងនោះ”។
កម្ពុជានាំចេញស្ករសដោយឥតបង់ពន្ធទៅសហភាពអឺរ៉ុប ដែលមានទឹកប្រាក់រហូតដល់១៣លានដុល្លារកាលពីឆ្នាំមុន ក្រោមគម្រោងពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។
សហភាពអឺរ៉ុបរហូតមកទល់ពេលនេះបានច្រានចោលការអំពាវនាវពីប្រជាពលរដ្ឋ អង្គការសិទ្ធិមនុស្ស ព្រមទាំងសមាជិកសភាអឺរ៉ុប ឲ្យបញ្ចប់ផលប្រយោជន៍ពាណិជ្ជកម្ម ឬយ៉ាងហោចណាស់ធ្វើការស៊ើបអង្កេតលើចម្ការអំពៅនេះ។ ទោះបីជាសហភាពអឺរ៉ុបបានចរចាជាមួយរដ្ឋាភិបាលអស់រយៈពេលជាច្រើនខែ ដើម្បីរកដំណោះស្រាយដែលអាចនាំឲ្យមានការផ្ដល់សំណងបានច្រើនសម្រាប់ប្រជាជនទាំងអស់ដែលបានបាត់បង់ដីទៅលើចម្ការអំពៅទូទាំងប្រទេសក៏ដោយ ក៏រដ្ឋាភិបាល និងសហភាពអឺរ៉ុបមិនទាន់បានព្រមព្រៀងគ្នាថា តើមានគ្រួសារប៉ុន្មានគួរទទួលបានសំណងដែរ។
ក្នុងចំណោមប្រជាពលរដ្ឋជាង១.៥០០គ្រួសារដែលបានបាត់បង់ដីតាំងពីឆ្នាំ២០១០ទៅលើក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ និងចម្ការមួយនៅក្បែរនោះរបស់ភរិយាលោក លី យ៉ុងផាត់ នោះ មានប្រជាពលរដ្ឋរាប់រយគ្រួសារមិនទាន់បានទទួលសំណងទាល់តែសោះ។ អ្នកដែលត្រូវបានផ្តល់សំណងបានទទួលយ៉ាងច្រើនបំផុត៥០០ដុល្លារ ឬទទួលបានដីជំនួសដែលមានទំហំតូចជាង និងមិនសូវមានជីជាតិដូចដីដែលពួកគាត់បានបាត់បង់។
យ៉ាងហោចណាស់កម្មករពីរនាក់បានស្លាប់នៅក្នុងចម្ការនោះ ចាប់តាំងពីខែធ្នូមក បន្ទាប់ពីត្រូវបានម៉ាស៊ីនប្រមូលផលកិន គឺទំនងជានៅពេលដែលពួកគេកំពុងដេកលក់នៅក្នុងចម្ការ។ អង្គការសិទ្ធិមនុស្សមួយលើកឡើងថា ជនរងគ្រោះទី៣ប្រហែលជាបានស្លាប់កាលពីខែកុម្ភៈ បន្ទាប់ពីធ្លាក់ពីរថយន្តរបស់ក្រុមហ៊ុននេះ៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ អូន ភាព)
© 2014, ខេមបូឌា ដេលី. រក្សាសិទ្ធិគ្រប់យ៉ាង។ មិនអនុញ្ញាតឲ្យដកស្រង់នូវផ្នែកណាមួយ នៃការចេញផ្សាយនេះ តាមរយៈការបោះពុម្ព តាមប្រព័ន្ធអេឡិចត្រូនិច ផ្សាយតាមរលកធាតុអាកាស សរសេរឡើងវិញ ឬចែកចាយដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីចាងហ្វាងការផ្សាយឡើយ។
How many CPP senator have abused Cambodians with their ruthless power. Corruption is a well practice of CPP. Endless power abuses from land grabbing, deforestation, bribery from low to high ranking. Stealing underground assets gold,copper, ruby minings…etc. Any mountain or hill become owned by relatives or associates of Mr.PM.
Monopolising or controlling market is done by all powerful CPP.
Construction or infrastructure, any public building such as roads have been built with poor quality due to scams.
Cambodians are loaded with foreign debts, not to mentioned about untied financial aids.
Enough is enough with these poor performance CPP with plenty of corrupts and abuses.
Vote them out! for future of Cambodians.