ដោយ អ៊ួន ឈិន
2014-07-06
RFA
ពលរដ្ឋមានទំនាស់ដីចំនួន ៤ សហគមន៍ នៅភ្នំពេញ គឺអ្នកភូមិបឹងកក់ និងអតីតអ្នកភូមិបឹងកក់ សហគមន៍បុរីកីឡា និងថ្មគោល តវ៉ានៅមុខអង្គភាពប្រឆាំងអំពើពុករលួយ កាលថ្ងៃទី៧ កក្កដា ឆ្នាំ២០១៤។ RFA/ Uon Chhin
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីពី ៤សហគមន៍ នៅរាជធានីភ្នំពេញ គឺសហគមន៍បឹងកក់ អតីតអ្នកបឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ថ្មគោលជាង ១០០នាក់ បានលើកគ្នាតវ៉ានៅមុខអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី៧ កក្កដា ដោយពួកគេទាមទារឲ្យស្ថាប័នរដ្ឋាភិបាលមួយនេះបើកការស៊ើបអង្កេតករណីអំពើពុករលួយក្នុងរឿងដីធ្លីនៅតំបន់បឹងកក់៖ «នៅពេលនេះយើងគាំទ្រឯកឧត្ដម ឱម យិនទៀង នឹងបញ្ចេញសមត្ថភាពក្នុងការដោះស្រាយចាប់មន្ត្រីពុករលួយទាំងនោះដាក់ពន្ធនាគារ»។
ការតវ៉ានេះផ្ទុះឡើងទី១ គឺបន្ទាប់ពីសកម្មជនដីធ្លីបានដឹងថា លោក ឡៅ ម៉េងឃីន និងលោកស្រី ជឹង សុភាព មានឈ្មោះទទួលប្លង់កម្មសិទ្ធិពីចំណែកដី ១២,៤៤ ហិកតារ ដែលគេបានប្រកាសតាមអនុក្រិត្យថាសម្រាប់អ្នកបឹងកក់ដែរនោះ ។ ទី២ គឺដោយសារក្រុមហ៊ុន ស៊ូកាគូ លក់ដីបឹងកក់ទំហំ ១,៣ ហិកតារ ឲ្យទៅក្រុមហ៊ុន អេចឆ៍.អិល.អេចឆ៍ (HLH) ដោយមានការចុះផ្សាយតាមកាសែតភ្នំពេញប៉ុស្តិ៍ផង ហើយទី៣ នោះគឺបន្ទាប់ពីមានការចាប់ផ្ដើមសង់បន្ទាយប៉េអឹមនៅលើដីជម្លោះនៅតំបន់បឹងកក់ ។
ក្នុងពាក្យបណ្ដឹង ក្រុមអ្នកតវ៉ាបានស្នើឲ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតចំពោះបុគ្គល ១២រូបដែលសុទ្ធតែជាមន្ត្រីរដ្ឋាភិបាលហើយដែលពួកគេចោទថាជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការជួលដី និងកាត់ដីនៅតំបន់អភិវឌ្ឍន៍នបឹងកក់ឲ្យក្រុមហ៊ុន ស៊ូកាគូ ក្នុងនោះមាន លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភា និង ប្រធានក្រុមហ៊ុន ស៊ូកាគូ លោក លោក កែប ជុតិម៉ា អតីតអភិបាលរាជធានីភ្នំពេញ និង លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ។
ក្នុងចំណោមតំណាង ៥នាក់នៃក្រុមអ្នកតវ៉ាដែលបានចូលយកពាក្យបណ្ដឹងទៅដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយថានឹងពិនិត្យពាក្យបណ្ដឹងហើយនិងតាមដានករណីនេះតទៅទៀត៖ «ខ្ញុំសង្ឃឹមថាប្រសិនបើអង្គភាពប្រឆាំងអំពើពុករលួយ ពិតជាធ្វើការទៅតាមច្បាប់ តាមកាតព្វកិច្ចពិតប្រាកដមែន ខ្ញុំជឿថាមន្ត្រី ដែលពាក់ព័ន្ធដែលមានឈ្មោះក្នុងពាក្យបណ្ដឹងរបស់ខ្ញុំប៉ុន្មាន គឺត្រូវជាប់គុកទាំងអស់ ហើយពួកខ្ញុំនឹងទទួលបាននូវយុត្តិធម៌ និងដំណោះស្រាយទាំងអស់គ្នានៅតំបន់បឹងកក់»។
វិវាទដីធ្លីនៅតំបន់បឹងកក់បានអូសបន្លាយអស់រយៈពេលជាង ៧ឆ្នាំកន្លងទៅហើយ ក្រោមរូបភាពអភិវឌ្ឍន៍របស់ក្រុមហ៊ុន ស៊ូកាគូ ហើយក្នុងអំឡុងពេលនេះ សកម្មជនដីធ្លីជាង ១០នាក់បានត្រូវគេចាប់ឃុំខ្លួននិងដាក់គុកជាបន្តបន្ទាប់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កងកម្លាំងសមត្ថកិច្ចចុះចាប់ខ្លួនតំណាងអ្នកភូមិឡពាង
- អ្នកភូមិនៅកំពង់ឆ្នាំងផឹកទឹកសម្បថប្ដេជ្ញាទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
- អ្នកភូមិជាង៩០គ្រួសារនៅឧត្ដរមានជ័យទាមទារដកតំណែងមន្ត្រីមូលដ្ឋាន
- ជនជាតិដើមភាគតិចនៅក្រចេះរារាំងក្រុមហ៊ុនវៀតណាមឈូសឆាយប៉ះលើដីចម្ការ
- ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនដីសម្បទានចិនយកថ្នាំគីមីបាញ់បំផ្លាញស្រូវ
- ពលរដ្ឋប្រមាណ១០នាក់របួសពេលប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេ.ឌី.ស៊ីនៅកំពង់ឆ្នាំង
- ពលរដ្ឋរិះគន់អាជ្ញាធរថាបើកដៃឲ្យឈ្មួញបូមខ្សាច់ចាក់លុបបឹងសំរោងនៅព្រែកព្នៅ
- សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
- មេឃុំបឹងប្រាំខេត្តបាត់ដំបងរងការចោទប្រកាន់ពីករណីខ្វះតម្លាភាពបែងចែកដីធ្លី
Taking matter to ACU may be useless, as it has not done much of the work. Many of crooks are in the government, and they become friends and may not know what corruption is?
By the way, Cambodia is only cosmetic democracy.Everyone seems to know that.