Mon, 7 July 2014
Daniel de Carteret
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ធនាគារ ANZ បានបញ្ឈប់ការផ្ដល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនចម្ការអំពៅដ៏ចម្រូងចម្រាសរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាចដែលឈរនៅកណ្ដាលនៃជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាមួយនឹងរឿងអាស្រូវពលកម្មកុមារ។
ឯកសារសវនកម្មផ្នែកបរិស្ថានប្រគល់ដោយធនាគារ ANZ ដែល ភ្នំពេញ ប៉ុស្ដិ៍ ទទួលបានកាលពី ខែមករា ដោយភ្ជាប់ធនាគារ ANZ Royal ជាការវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់ កម្ពុជា ផ្ញើទៅឲ្យក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ របស់លោក លី យ៉ុងផាត់។ ឯកសារនេះបង្ហាញថា ចាប់ពី ឆ្នាំ២០១០ ដល់ ឆ្នាំ២០១៣ ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ មិនបានដោះស្រាយការផ្ដល់អនុសាសន៍ដែលនៅសល់ ៦០ ភាគរយដែលរួមមានបញ្ហាសុខភាពរបស់កម្មករ និងបញ្ហាសុវត្ថិភាពដែលបានលើកឡើងដោយសវនករអង្គការបរិស្ថាន International Environmental Management មានមូលដ្ឋាននៅ ទីក្រុងបាងកក ទេ។
ចាប់តាំងពីការបង្ហាញឲ្យដឹងកាលពី ខែមករា ធនាគារ ANZ បានឲ្យដឹងថា ពួកគេនឹងបន្តទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ហើយនឹងសហការជាមួយនឹងក្រុមគ្រួសាររងគ្រោះ ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ និងអង្គការ NGO ដើម្បីដោះស្រាយដីសម្បទាន ៨ ៣៤៣ ហិកតានៅក្នុង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែអ្នកនាំពាក្យរបស់ធនាគារបានអះអាងតាមរយៈអ៊ីមែលកាលពីម្សិលមិញថា ធនាគារនេះពេលនេះបានកាត់ទំនាក់ទំនងជាមួយក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ ហើយ។
អ្នកនាំពាក្យបានថ្លែងដោយបដិសេធផ្ដល់ព័ត៌មានលម្អិតបន្ថែមថា៖ «ខណៈខ្ញុំត្រូវបានកំណត់នៅក្នុងអ្វីដែលខ្ញុំអាចនិយាយបានអំពីអតិថិជនជាលក្ខណៈបុគ្គលខ្ញុំអាចអះអាងថា ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ (PPS) បានសងប្រាក់កម្ចីរបស់ខ្លួននិងលែងជាអតិថិជនរបស់ ANZ ទៀតហើយ»។
របាយការណ៍កាលពីថ្ងៃសៅរ៍បានពីកាសែត The Australian បានឲ្យដឹងថា ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ រកបានអ្នកគាំទ្រថ្មីមួយសម្រាប់ការផ្ដល់ហិរញ្ញប្បទាន។
លោក សេង ញ៉ាក នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ បានបដិសេធធ្វើអត្ថាធិប្បាយស្ដីពីកិច្ចព្រមព្រៀងថ្មីណាមួយកាលពីម្សិលមិញ ប៉ុន្តែលោកបានអះអាងថា ធនាគារ ANZ លែងមានការទាក់ទងជាមួយក្រុមហ៊ុនរបស់លោកជាយូរមកហើយ។ លោកបន្ថែមថា ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ កំពុងប្រជុំយ៉ាងទៀងទាត់ជាមួយក្រុមគ្រួសារដែលទទួលរងប៉ះពាល់ទាំងនោះ។
ប៉ុន្តែក្រុមសិទ្ធិមនុស្សដែលកំពុងធ្វើការងារជាមួយគ្រួសាររងគ្រោះបានបង្ហាញពីការខកចិត្តចំពោះ ANZ ក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយគម្រោងស្ករស ហើយថា ពួកគេនៅតែមានកាតព្វកិច្ចដោះស្រាយបញ្ហាដល់គ្រួសាររងគ្រោះ។
លោក David Pred នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Inclusive Development International បានឲ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មានមួយកាលពីម្សិលមិញថា៖ «ក្នុងនាមជាអ្នកផ្ដល់ហិរញ្ញប្បទានដ៏សំខាន់មួយរបស់គម្រោងស្ករសធនាគារ ANZ មានកាតព្វកិច្ចមួយក្នុងការយកចិត្តទុកដាក់ដល់ប្រជាជនដែលត្រូវបានគេរឹបអូសយកដី ហើយថា កាតព្វកិច្ចនេះមិនបាត់នោះទេនៅពេលណាដែលគេរំឭកពីប្រាក់កម្ចីរបស់ខ្លួន»។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ដែលបានចូលរួមកិច្ចប្រជុំកាលពីថ្ងៃ ទី៨ ខែឧសភា ជាមួយតំណាងធនាគារ ANZ មកពី ប្រទេសអូស្ដ្រាលី លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងតំណាងសហគមន៍រងប៉ះពាល់ថ្លែងថា មានបញ្ហាជាច្រើនដែលត្រូវបានគេលើកឡើងនៅមិនទាន់ត្រូវបានដោះស្រាយ។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា៖ «ក្រុមហ៊ុនទាំងពីរមានការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាទាំងនេះពួកគេត្រូវតែធ្វើការងារឲ្យបានល្អក្នុងការដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែយើងបានមើលឃើញដំណោះស្រាយសូន្យស្ដីពីដីធ្លី។ ពិតហើយពួកគេបានសងប្រាក់ឲ្យធនាគារប៉ុន្តែគ្រោះថ្នាក់នៅតែមាន»៕
Good job ANZ Bank !