​ពលរដ្ឋ​ក្នុង​ឃុំ​បែក​ចាន ខេត្ត​កណ្តាល មិន​ពេញចិត្ត​នឹង​មេភូមិ​យកលុយ​ដើម្បី​ត​ប្រព័ន្ធ​អគ្គិសនី

ដោយ៖​ ឡុង គីម​ម៉ា​រីតា​
ថ្ងៃអង្គារ ទី8 កក្កដា 2014
http://vodhotnews.com

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្តាល សម្តែង​ការ​មិន​ពេញចិត្ត​នឹង​ទង្វើ​របស់​មេភូមិ​ត្រា​ទោល ក្នុងការ​កត់​ឈ្មោះ​អ្នក​ភូមិ​ដោយ​យក​លុយ​ក្នុង​មួយ​គ្រួសារ​៣​ម៉ឺន​រៀល សម្រាប់​រត់ការ​ក្នុងការ​ត​ប្រព័ន្ធ​អគ្គិសនី​។

ពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ភូមិ​ត្រា​ទោល​ ដែល​អះអាង​ថា​ខ្លួន​មាន​ឈ្មោះ​សល់ ប្រាប់​VOD​កាលពី​ថ្ងៃ​ចន្ទ​ថា កាលពីមុន ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ត្រា​ទោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ប្រើប្រាស់​អគ្គិសនី​របស់​ឯកជន តែ​ពេល​ថ្មីៗ​នេះ មាន​ការផ្លាស់ប្តូរ​មក​ប្រើ​អគ្គិសនី​របស់​រដ្ឋ​វិញ​។ លោក​បន្តថា ក្រោយ​ពី​ឈប់​ប្រើប្រាស់​អគ្គិសនី​របស់​ឯកជន មេភូមិ​ត្រា​ទោល បាន​មក​កត់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បាន​ភ្ជាប់​អគ្គិសនី​ប្រើប្រាស់ ហើយ​យក​លុយ​ក្នុង​មួយ​គ្រួសារ​៣​ម៉ឺន​រៀល ជា​ថ្នូរ​នឹង​ការ​រត់​ការ​ដើម្បី​ត​ប្រព័ន្ធ​អគ្គិសនី​។

​ពលរដ្ឋ​ម្នាក់ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បន្ថែម​ថា​ពលរដ្ឋ​មាន​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់​មេភូមិ​ត្រា​ទោល​ក្នុង​ការ​យក​លុយ ដើម្បី​ត​ភា្ជ​ប់​ប្រព័ន្ធ​អគ្គិសនី​របស់​រដ្ឋ​យកមក​ប្រើប្រាស់​ដែល​មាន​តម្លៃ​ថ្លៃ ព្រោះ​ពលរដ្ឋ​មួយចំនួន​ដែល​រស់នៅ​ក្នុងភូមិ​នោះ មាន​ជីវភាព​ខ្វះខាត​សឹងតែរ​កបាយ​ញ៉ាំ​មិន​បាន​ផង​។ លោក​បន្តថា ពលរដ្ឋ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​បញ្ចុះ​តម្លៃ​ឲ្យមាន​តម្លៃទាប​ជាង​មុន​ក្នុង​ការ​រត់​ការ ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​នេះ​។

មេភូមិ​ត្រា​ទោល លោក ជី​ម ផល្លា បដិសេធ​ការចោទប្រកាន់​ក្នុង​ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ចំនួន​៣​ម៉ឺន​រៀល ដើម្បី​រត់ការ​ក្នុងការ​ត​ប្រព័ន្ធ​អគ្គិសនី​។​ លោក​បញ្ជាក់ថា លោក​គ្រាន់តែ​បាន​កត់​ឈ្មោះ​ប្រជាពលរដ្ឋ​ដែល​មិនទាន់​បាន​ត​ប្រព័ន្ធ​អគ្គិសនី​តែប៉ុណ្ណោះ​។ លោក​បន្ត​ថា​ការ​យក​លុយ​ដើម្បី​រត់​ការ​នោះ គឺ​បុគ្គល​ម្នាក់​ឈ្មោះ​មឿក មុន ជា​អ្នក​រត់ការ​ក្នុង​រឿង​នេះ​។

លោក​មឿក មុន ដែលជា​អ្នក​រត់ការ​ក្នុងករណីនេះ បាន​ឆ្លើយ​បំភ្លឺ​ថា ការ​យក​លុយ​ពី​ប្រជាពលរដ្ឋ ដើម្បី​ត​ប្រព័ន្ធ​អគ្គិសនី​នេះ មាន​ការព្រមព្រៀង​ពី​ប្រជាពលរដ្ឋ ដោយ​ពុំ​មាន​ការបង្ខិតបង្ខំ​ឡើយ​។ លោក​បញ្ជាក់ថា បើ​ពលរដ្ឋ​មិន​ពេញចិត្ត​នឹង​តម្លៃ​ក្នុង​ការ​រត់​ការ​នេះ ពួកគេ​អាច​រត់ការ​ដើម្បី​ភា្ជ​ប់​ប្រព័ន្ធ​អគ្គិសនី​ដោយ​ខ្លួនឯង​។

មន្ត្រី​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​អគ្គិសនី​ជាតិ​កម្ពុជា លោក ឆេម ពេ​ជ ប្រាប់​VOD​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អគ្គិសនី​ជាតិ​កម្ពុជា មិន​យក​តម្លៃ​សេវា​ក្នុង​ការ​រត់​ការ​ត​ប្រព័ន្ធ​អគ្គិសនី  ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​អគ្គិសនី​នោះទេ ព្រោះ​ការ​រត់​ការ​នេះ ពលរដ្ឋ​ជា​អ្នក​បំពេញ​បែប​បទ​ដោយ​ខ្លួនឯង​។ 

​មេភូមិ​ទោល​ដែល​រង​ការចោទប្រកាន់ ឲ្យដឹងថា​ប្រជាពលរដ្ឋ​ដែល​បាន​កត់​ឈ្មោះ​ដើម្បី​ត​ប្រព័ន្ធ​អគ្គិសនី មាន​ប្រមាណ​៣០​គ្រួសារ ហើយ​ការប្រើប្រាស់​ប្រព័ន្ធ​អគ្គិសនី​របស់​រដ្ឋ​មាន​តម្លៃ​ត្រឹមតែ​៦០០​រៀល​ទៅ​៧០០​រៀល​តែ​ប៉ុណ្ណោះ​ក្នុង​១​គីឡូវ៉ាត់ ដែល​មាន​តម្លៃថោក​ជាង​ការប្រើប្រាស់​អគ្គិសនី​ឯកជន គឺ​តម្លៃ​ដល់​ទៅ​២០០០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់​៕

សរសេរ​មកកាន់​កញ្ញា ឡុង គីម​ម៉ា​រីតា តាមរយៈ longkimmarita@gmail.com

What Next?

Recent Articles

One Response to "​ពលរដ្ឋ​ក្នុង​ឃុំ​បែក​ចាន ខេត្ត​កណ្តាល មិន​ពេញចិត្ត​នឹង​មេភូមិ​យកលុយ​ដើម្បី​ត​ប្រព័ន្ធ​អគ្គិសនី"

  1. Banh Bev says:

    ៣ម៉ឺនអោយទៅ! មិនបានថ្លៃបាយ​១ពេលផង!