Wed, 9 July 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
កំពង់ឆ្នាំងៈ តំណាងពលរដ្ឋ ភូមិឡពាង ម្នាក់ដែលតែងតែចេញមុខតវ៉ាយ៉ាងសកម្មប្រឆាំងនឹងការរំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន KDC នៅទីបំផុត បានបង្ខំចិត្តទទួលយកសំណងពីក្រុមហ៊ុនមានអំណាចមួយនេះ ដើម្បីឲ្យតុលាការដកការចោទប្រកាន់រាល់បទចោទមកលើខ្លួន ខណៈដែលកម្លាំងសមត្ថកិច្ចនៅតែបន្តឡោមព័ទ្ធ ភូមិឡពាង កាលពីម្សិលមិញ។
លោក រាជ សីម៉ា តំណាងប្រជាពលរដ្ឋ ដែលរងនូវបទចោទប្រកាន់ជាច្រើនករណីនៅតុលាការក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា លោកបានទទួលយកសំណងពីក្រុមហ៊ុននូវទឹកប្រាក់ចំនួន ២ ម៉ឺនដុល្លារ ដើម្បីដោះដូរដីមានជម្លោះរបស់លោកជិតមួយហិកតានិង ១០ លានរៀល ដើម្បីឲ្យឈប់តវ៉ា ប្រឆាំងក្រុមហ៊ុន។
លោកបញ្ជាក់ថា៖ «ដើម្បីសុត្ថិភាព ខ្ញុំសុខចិត្តទទួលយកសំណងពីក្រុមហ៊ុនបើមិនដូច្នេះទេគេនឹងចាប់ខ្លួនខ្ញុំ តាមអំណាចរបស់តុលាការ»។
លោកឲ្យដឹងទៀតថា នៅក្នុងកិច្ចសន្យាជាមួយក្រុមហ៊ុនលោកស្រី ជា ខេង គឺខាងក្រុមហ៊ុន គេនឹងព្យាយាមចរចាជាមួយពលរដ្ឋដែលមានបណ្តឹងនៅតុលាការទាំងអស់គឺគេប្រើតុលាការ ដើម្បីដាក់សម្ពាធ ដូចជា រូបលោក ដែលទទួលយកសំណងនេះ ដោយសារតែសម្ពាធពីតុលាការ។ «ករណីខ្ញុំនេះទើបខ្ញុំហ៊ាននិយាយថា តុលាការគឺធ្វើតាមតែអ្នកមានអំណាចតែប៉ុណ្ណោះ បើគេឲ្យចាប់គឺចាប់ បើគេឲ្យលែងគឺលែង»។
យោងតាមកិច្ចសន្យាព្រមព្រៀងទទួលយកគោលនយោបាយ ពីក្រុមហ៊ុននៅថ្ងៃ ទី៧ ខែកក្កដា នៅត្រង់ចំណុច ទី២ លោក រាជ សីម៉ា បានសរសេរថា ចាប់តាំងពីថ្ងៃដែលលោកផ្តិតមេដៃទទួលយកគោលនយោបាយរួចរាល់គឺលោក សូមសន្យាថា ឈប់បង្កនូវការរំខានគ្រប់រូបភាពទាំងអស់ ដូចដែលលោកបានធ្វើកន្លងមកចំពោះក្រុមហ៊ុនទៀត ជាពិសេសឈប់ជឿការញុះញង់ពីគ្រប់មជ្ឈដ្ឋាន។
លិខិតនោះបញ្ជាក់ថា៖ «ខ្ញុំសូមប្រគល់សិទ្ធិទាំងស្រុងជូនក្រុមហ៊ុន KDC ដើម្បីដកពាក្យបណ្តឹងជំនួសខ្ញុំបាទនៅឯតុលាការគ្រប់ថ្នាក់និងនៅស្ថាប័នទាំងអស់ដែលមានការពាក់ព័ន្ធ»។
នៅឯក្នុង ភូមិឡពាង ឯនោះវិញ កម្លាំងសមត្ថកិច្ចចម្រុះ ខេត្តកំពង់ឆ្នាំង ជាង ២០០ នាក់បានដាក់ពង្រាយនៅក្នុងភូមិនិងនៅតាមវាលស្រែដែលមានគម្ពោតព្រៃ ដោយក្រុមអាជ្ញាធរទាំងនោះ បានអះអាងថា ធ្វើតាមបទបញ្ជាពីថ្នាក់លើដើម្បីអនុវត្តដីកាចាប់ខ្លួនពលរដ្ឋ។ ចំណែកផ្ទះអ្នកភូមិវិញ បានយកបន្លាស្រះ នៅតាមច្រកចូលហើយបានមកប្រមូលផ្តុំគ្នានៅផ្ទះអ្នកស្រី អ៊ុំ សុភី ដើម្បីការពារកុំឲ្យអាជ្ញាធរចាប់ខ្លួនចំណែកកម្មករក្រុមហ៊ុន ប្រដាប់ដោយកាំបិតខ្វែវ ឈរនៅពីក្រោយផ្ទះពលរដ្ឋ ដោយមានចាក់មេក្រូឮសំឡេងខ្លាំងៗ។
អ្នកស្រី អ៊ុំ សុភី ដែលកំពុងប្រឈមការចាប់ខ្លួនបានថ្លែងថា ពួកអ្នកស្រី មិនហ៊ានចេញមុខប្រឆាំងជាមួយនឹងក្រុមហ៊ុនដែលកំពុងតែឈូសឆាយធ្វើព្រំដីនោះទេ ដោយសារតែមានកម្លាំងប៉ូលិស និងប៉េអឹម នៅពង្រាយតាមភូមិច្រើនពេក។
អ្នកស្រីថ្លែងថា៖ «នៅពេលដែលកម្លាំងដកចេញខ្ញុំនឹងចេញទៅប្រឆាំងជាមួយកម្មករក្រុមហ៊ុនមិនឲ្យឈូសឆាយទេ ហើយខ្ញុំនឹងឡើងទៅដាក់ពាក្យបណ្តឹងនៅ ភ្នំពេញ ដើម្បីស្វែងរកយុត្តិធម៌ដល់ពួកខ្ញុំ។ ខ្ញុំជាជនរងគ្រោះខ្ញុំមិនមែនជាជនល្មើសទេ»។
ចំណែកឯអ្នកស្រី អ៊ុន ទុំ អាយុ ៦៧ឆ្នាំ ដែលរងរបួសដោយចម្ពាមបាញ់ត្រូវចំស្មាខាងស្តាំ ដែលធ្លាប់ជាប់ពន្ធនាគារអស់ ១ ឆ្នាំ ៨ ខែបន្ទាប់ពីបានអនុវត្តទោសរបស់ខ្លួនដែលក្រុមហ៊ុនបានចោទប្រកាន់ថា រំលោភបំពានលើកម្មសិទិ្ធស្របច្បាប់បានថ្លែងនៅពេលកំពុងដេកនៅលើកន្ទេលថា៖ «នៅក្នុងរឿងដីធ្លីនេះ ខ្ញុំឆ្អែតហើយ គេយកដីយើងហើយ គេប្តឹងយើងដាក់គុកទៀត ហើយពេលនេះគេយកពលរដ្ឋយើងដែលមានជម្លោះពីមុនមកវាយពួកយើងវិញ។ ខ្ញុំឈឺចាប់ណាស់»។
កាលពីថ្ងៃចន្ទ យ៉ាងហោចណាស់ក៏មានពលរដ្ឋម្នាក់ក្នុង ភូមិឡពាង បានសន្លប់និងពលរដ្ឋ ១៤ នាក់ផ្សេងទៀតរងរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុន KDC ខណៈដែលពលរដ្ឋបានចេញរារាំងមិនឲ្យក្រុមហ៊ុនធ្វើការឈូសឆាយដីធ្វើព្រំ។
លោក ប្រាក់ វុទ្ធី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង ពុំអាចទាក់ងដើម្បីសុំការអត្ថាធិប្បាយបានទេ។ ប៉ុន្តែសមត្ថកិច្ចម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានថ្លែងថា លោកមិនដឹងថា ពេលណានឹងត្រូវដកកម្លាំងចេញទៅវិញនោះទេ។ លោកបញ្ជាក់ថា៖ «គ្រាន់តែជារឿងរបស់មនុស្សម្នាក់សោះធ្វើឲ្យពួកកងកម្លាំងយើងរវល់ពេញមួយខេត្ត»។
កាលពីថ្ងៃម្សិលមិញសមាគមការពារសិទ្ធិមនុស្ស អាដហុក បានចេញសេចក្តីប្រកាសព័ត៌មានដោយថ្កោលទោសទៅលើទង្វើអមនុស្សធម៌ គ្មានការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង ដែលមិនបានធ្វើអន្តរាគមន៍បញ្ឈប់អំពើហិង្សាដែលបានកើតឡើងរវាងប្រជាពលរដ្ឋ ភូមិឡពាង ជាមួយកម្មករស៊ីឈ្នួលរបស់ក្រុមហ៊ុន KDC។
នៅក្នុងលិខិតនោះបញ្ជាក់ថា៖ «សមាគម អាដហុក ទទូចស្នើសុំឲ្យមានការអន្តរាគមន៍បញ្ឈប់អំពើហិង្សាជាពិសេសកម្លាំងសមត្ថកិច្ចត្រូវដកចេញពីភូមិចំណែកភាគីក្រុមហ៊ុនត្រូវតែបញ្ឈប់ធ្វើសកម្មភាពរបស់ខ្លួន»។
លោក ថៃ ហ៊ី តំណាងក្រុមហ៊ុន KDC បានបដិសេធធ្វើអត្ថាធិប្បាយដោយថ្លែងថា៖ «ខ្ញុំអត់ឆ្លើយទេ»។ ចំណែកលោក ឈួរ ចាន់ឌឿន អភិបាល ខេត្តកំពង់ឆ្នាំង បានបដិសេធពុំធ្វើការអត្ថាធិប្បាយឡើយ។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគម អាដហុក ដែលបានចុះអង្កេតដោយផ្ទាល់នៅកន្លែងកើតហេតុបានថ្លែងថា ប្រជាពលរដ្ឋភ័យខ្លាច ក្រោយពេលសមត្ថកិច្ចមិនទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់ពួកគាត់ ហើយអាជ្ញាធរមិនធ្វើសកម្មភាពណាមួយអនុវត្តដីកាទេ គឺដូចពង្រាយកម្លាំងគំរាមកំហែងប្រជាពលរដ្ឋដើម្បីការពារឲ្យកម្មករធ្វើព្រំដីបោះរបងទៅវិញ។
លោកថ្លែងថា នេះជាចំណុចខ្សោយរបស់ក្រុមហ៊ុននិងសមត្ថកិច្ចដែលពុំអាចរកដំណោះស្រាយជម្លោះដីធ្លីនេះដោយសន្តិវិធីបាន។
កាលពី ខែមេសា អាជ្ញាធរ ស្រុកកំពង់ត្រឡាច អាជ្ញាធរខេត្តនិងក្រុមហ៊ុនបានចុះទៅពិភាក្សាជាមួយក្រុមពលរដ្ឋដែលមានជម្លោះជាមួយក្រុមហ៊ុន KDC ម្តងម្នាក់ៗដើម្បីបញ្ចុះបញ្ចូលឲ្យទទួលយកគោលការណ៍សំណងពីក្រុមហ៊ុនដែលពេលនោះមានពលរដ្ឋ ៣៣ គ្រួសារបានព្រមទទួលយកសំណងនៅសល់ជាង ៥០ គ្រួសារទៀតកំពុងរកដំណោះស្រាយបន្ត៕
Being greedy brings bad luck!