ដោយ កែវ និមល
2014-07-09
RFA

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ក្នុងឱកាសលោកស្វែងរកការគាំទ្រពីសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក កាលពីថ្ងៃ១ មិថុនា ឆ្នាំ២០១៣។ RFA/Taing Sarada
គណបក្សសង្គ្រោះជាតិ មានគម្រោងរៀបចំធ្វើសន្និបាតក្រុមប្រឹក្សាជាតិ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៧ កក្កដា។ សន្និបាតក្រុមប្រឹក្សាជាតិនេះមានសមាជិកថ្នាក់ដឹកនាំ ចាប់ពីថ្នាក់ឃុំ ស្រុក ខេត្ត និងថ្នាក់ជាតិប្រមាណ ៥.០០០នាក់ចូលរួម។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រកាសឲ្យដឹងនៅថ្ងៃទី៩ កក្កដា ថា សន្និបាតក្រុមប្រឹក្សាជាតិរបស់គណបក្សសង្គ្រោះជាតិ នឹងពិភាក្សាអំពីវិធានការ និងមធ្យោបាយ ដើម្បីដោះស្រាយការជាប់គាំងនយោបាយនៅកម្ពុជា បច្ចុប្បន្ន រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា សន្និបាតក្រុមប្រឹក្សាជាតិរបស់គណបក្សសង្គ្រោះជាតិ នេះសំខាន់ ពីព្រោះនៅក្រោយពេលចប់ការពិភាក្សាសន្និបាតក្រុមប្រឹក្សាជាតិ នឹងចេញសេចក្តីសម្រេចចិត្តនយោបាយ ទាក់ទងនឹងទិសដៅសកម្មភាពរបស់គណបក្សទៅអនាគត៖ «ទី១យើងធ្វើរបាយការណ៍សកម្មភាព២ឆ្នាំកន្លងមក គិតចាប់តាំងពីបង្កើតគណបក្សមក។ ទី២ យើងលើកទិសដៅទៅមុខទៀត ថាតើយើងធ្វើអីទៀត? ជាពិសេសការជាប់គាំងនយោបាយ ថាតើបើគ្មានការដោះស្រាយទេ តើយើងធ្វើអី? ក្នុងរបៀបវារៈទី៣ មានសេចក្តីសម្រេចចិត្តរបស់សន្និបាត តើយើងត្រូវធ្វើអី?»។
នៅក្នុងថ្ងៃទី៩ កក្កដា គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីអំពាវនាវមួយ បញ្ជាក់អំពីគម្រោងធ្វើសន្និបាតក្រុមប្រឹក្សាជាតិ ដោយមានថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ចូលរួមប្រមាណ ៥.០០០នាក់ ហើយគណបក្សសុំឲ្យប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ជួយឧបត្ថម្ភថវិកាទៅតាមសមានចិត្ត និងលទ្ធភាព សម្រាប់ចំណាយលើដំណើរការសន្និបាតក្រុមប្រឹក្សាជាតិ នាពេលខាងមុខនេះ។ តាមការគណនា គណបក្សសង្គ្រោះជាតិ ត្រូវការប្រាក់ចំណាយសរុបជិត ៥ម៉ឺនដុល្លារ ដើម្បីចំណាយលើការស្នាក់នៅមធ្យោបាយធ្វើដំណើរ និងគ្រឿងឧបភោគបរិភោគ ការរៀបចំវេទិកា និងចំណាយផ្សេងៗ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ឲ្យដឹងថា កន្លងមករាល់ការអំពាវនាវរបស់គណបក្សរកថវិកាពីសំណាក់សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីចំណាយលើសកម្មភាពគណបក្ស តែងតែបានទទួលការគាំទ្រជានិច្ច៖ «ពេលយើងមានកម្មវិធីម្តងៗ គឺយើងអត់ខ្វះទេ ដូចជាបាតុកម្ម ដូចជាកម្មវិធីប្រជុំ អត់ដែលខ្វះទេ គឺសកម្មជននៅក្រៅប្រទេសគេចាំតែជួយ»។
ចំពោះការជាប់គាំងនយោបាយបច្ចុប្បន្ន លោក កឹម សុខា មានប្រសាសន៍ថា បើនៅមានការជួបចរចារវាងតំណាងគណបក្សនយោបាយទាំងពីរ លោកមានជំនឿថា ការដោះស្រាយនៅតែអាចទៅរួច។
ទាក់ទងការគ្រោងរៀបចំសន្និបាតរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៧ កក្កដា នៅរាជធានីភ្នំពេញ នេះ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ឲ្យដឹងថា មកទល់ពេលនេះ សាលារាជធានីមិនទាន់បានទទួលការជូនដំណឹង និងការសុំអនុញ្ញាតជាផ្លូវការ ពីគណបក្សសង្គ្រោះជាតិ នៅឡើយទេ៖ «បើសិនជាគាត់ធ្វើត្រូវតែសុំច្បាប់។ មិនមែនតែគណបក្សសង្គ្រោះជាតិ ឯណា សូម្បីតែគណបក្សប្រជាជនកម្ពុជា គាត់ធ្វើមិទ្ទីង ឬការអបអរសាទរអីមួយនៅស្នាក់ការគណបក្ស ក៏គាត់សុំច្បាប់មកសាលាក្រុងដែរ»។
គណបក្សសង្គ្រោះជាតិ គឺជាគណបក្សប្រឆាំងធំនៅកម្ពុជា កើតឡើងដោយការចូលរួមគ្នាពីអ្នកដឹកនាំ និងសមាជិករបស់គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស។
នៅក្នុងការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅ គណបក្សសង្គ្រោះជាតិ បានទទួលការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋដែលបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសលទ្ធផលនៃការបោះឆ្នោតនោះថា គណបក្សសង្គ្រោះជាតិ បានទទួល ៥៥អាសនៈ ក្នុងចំណោមកៅអី ១២៣អាសនៈនៃរដ្ឋសភា ហើយគណបក្សប្រជាជនកម្ពុជា បានទទួល ៦៨អាសនៈ។ ប៉ុន្តែ គណបក្សសង្គ្រោះជាតិ មិនព្រមទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនោះទេ និងបានពហិការមិនចូលរួមប្រជុំសភាទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សង្គមស៊ីវិលបារម្ភពីសម្ដីបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោមរបស់វៀតណាមបង្កជាហិង្សា
- នូវែលហ្សេឡង់ចុះកិច្ចព្រមព្រៀងបើកសេវាអាកាសចរណ៍ជាមួយកម្ពុជា
- ក្រុមយុវជនប្រកាសបន្តធ្វើមហាបាតុកម្មរឿងប្រវត្តិសាស្ត្រទឹកដីកម្ពុជាក្រោម
- វៀតណាមបដិសេធមិនសុំទោសរឿងបំភ្លៃប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម
- លោក សម រង្ស៊ី អាចនឹងត្រឡប់មកមិនទាន់ព្រះរាជពិធីបុណ្យដង្ហែព្រះបរមអដ្ឋិ
- ប៉ូលិសនិងពលរដ្ឋប៉ះទង្គិចគ្នានៅមុខស្ថានទូតវៀតណាម
- ជម្លោះរវាងព្រះសង្ឃ១១អង្គនិងចៅអធិការវត្តនៅបាត់ដំបងមិនទាន់ចប់
- សាលារាជធានីមិនឲ្យក្រុមនិស្សិតធ្វើបាតុកម្មមុខទូតវៀតណាម
- អង្គការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជារក្សាជំហរធ្វើបាតុកម្មមុខទូតវៀតណាមដដែល
កិម សុខា បើចង់បានឋះវិកាចំនួន៥មុឹនដុលាអាមេរិកនោះគឹការងាយស្រួលទេតើលោកអែងលក់ឡានលោកអែងតម្លៃ១០មុឹនដុលានោះទៅនៅសល់យា៉ងហោចណាស់នៅសល់ជិតពាក់កណ្តាលទៀតដែរ!