ដោយ៖ ណាត សុភាព
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
អ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំទិសពាយព្យនៅថ្ងៃពុធនេះ ធ្វើសន្និសីទសារព័ត៌មាន រិះគន់ស្ថាប័ននេះ បន្ទាប់ពីខ្លួនប្រកាសលាឈប់ពីការងារ ហើយចោទប្រកាន់ថាវិទ្យុនេះផ្សព្វផ្សាយព័ត៌មានមិនឯករាជ្យ។
លោក សួន សុផលមុន្នី ជាអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរី ប្រាប់VODថា គោលការណ៍របស់វិទ្យុអាស៊ីសេរី ដែលបានកំណត់គឺផ្សព្វផ្សាយព័ត៌មានដោយឯករាជ្យមិនលម្អៀងទៅគណបក្សនយោបាយណាមួយនោះទេ តែលោកថានៅពេលអនុវត្តជាក់ស្តែងខុសពីគោលការណ៍នេះទៅវិញ ទើបគាត់ស្នើសុំលាឈប់ពីតួនាទីបែបនេះ «និយាយរួមមក វិទ្យុអាស៊ីសេរី គេមានគោលការណ៍របស់គេ គឺមិនលម្អៀងទៅគណបក្សនយោបាយ ហើយមិនលម្អៀតទៅនិន្នាការសាសនា ឬក៏ជនជាតិភាគតិចណាមួយទេ។ ប៉ុន្តែអ្វីដែលកំពុងធ្វើសព្វថ្ងៃ គឺគាត់លម្អៀងទៅរកគណបក្សប្រឆាំង ហើយដែលធ្វើឲ្យជាអ្នកសារព័ត៌មានអាជីព ពិបាកសម្របសម្រួលខ្លួនទៅតាមអ្វីដែលគាត់ចង់បាន»។
ឆ្លើយតបនឹងករណីនេះ ប្រធានវិទ្យុអាស៊ីសេរីប្រចាំនៅកម្ពុជា លោក ជុន ច័ន្ទបុត្រ បដិសេធចំពោះការលើកឡើងរបស់អតីតបុគ្គលិករូបនេះ ដែលថា វិទ្យុអាស៊ីសេរីធ្វើការងារផ្ទុយពីគោលការណ៍នោះ។ លោកបញ្ជាក់ថា វិទ្យុអាស៊ីសេរីធ្វើការងារដោយឯករាជ្យមិនលម្អៀងទៅគណបក្សនយោបាយណាមួយនោះទេ «មិនមានគោលការណ៍ឯណាមួយ ដើម្បីការពារគណបក្សប្រឆាំង ដើម្បីគាំទ្រគណបក្សប្រឆាំងអីទេ គ្រាន់តែខាងវិទ្យុយើង មិនខុសពីវិទ្យុវីអូឌី វិទ្យុសំឡេងប្រជាធិបតេយ្យអ៊ីចឹងដែរទេ។ យើងចង់ឲ្យមានការបណ្តុះបណ្តាលប្រជាពលរដ្ឋទូទៅ ដើម្បីឲ្យឈានទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ តាមពិតបើស្តាប់ឲ្យមែនទែនទៅ ស្របតាមគោលការណ៍រដ្ឋាភិបាល មានការគាំទ្រសិទ្ធិមនុស្ស មានការលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា»។
នៅពេលសួរថា តើលោក សុផលមុន្នី លាឈប់ពីតួនាទី ដោយសារស្ថាប័នអាស៊ីសេរីបញ្ឈប់ ឬបុគ្គលិកនេះ ឈប់ដោយខ្លួនឯង? លោក ជុន ច័ន្ទបុត្រ មិនបានបញ្ជាក់ពីការលាឈប់ពីតួនាទីរបស់លោក សុផលមុន្នី នោះទេ ដោយលោកអះអាងថា ដើម្បីរក្សានូវក្រមសីលធម៌រវាងស្ថាប័ន និងបុគ្គលិក។
លោក សួន សុផលមុន្នី ជាអ្នករាយការណ៍ព័ត៌មានរបស់វិទ្យុអាស៊ីសេរីប្រចាំទិសពាយព្យ គឺខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យអស់រយៈពេលជិត៥ឆ្នាំ។
កន្លងមកលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់រិះគន់វិទ្យុអាស៊ីសេរីថា ជាវិទ្យុប្រឆាំងរដ្ឋាភិបាល។ តែក្នុងរបាយការណ៍របស់អង្គការខុមហ្វ្រែលធ្លាប់ឲ្យដឹងថា វិទ្យុឯករាជ្យនៅក្នុងប្រទេសកម្ពុជា រួមមាន វិទ្យុអាស៊ីសេរីRFA វិទ្យុVOD វិទ្យុVOA វិទ្យុសំបុក្រឃ្មុំ និងវិទ្យុបារាំង ដោយសារវិទ្យុទាំងនោះផ្សព្វផ្សាយព័ត៌មាន មិនប្រកាន់និន្នាការគណបក្សនយោបាយណាមួយនោះទេ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
សួន សុផលមុន្នី វាចង់បានតួរនាទីអាចមន៏មួយដុំពីមហាចោរហើយ!!!
សួន សុផលមុន្នី វាចង់ដើរតួរដូចអាផៃស៊ីផានក្រែងបានឡើងជា???