​អ្នក​ច្បាប់​អន្ដរជាតិ ថ្កោលទោស​ការអនុម័ត​សេចក្តីព្រាងច្បាប់​បី​ទាក់ទង​តុលាការ​​

ដោយ៖​ ឡាយ សាមាន​
ថ្ងៃពុធ ទី9 កក្កដា 2014
http://vodhotnews.com

​គណៈកម្មការ​ជំនាញ​ច្បាប់​អន្ដរជាតិ (ICJ) ថ្កោលទោស​ចំពោះ​សេចក្តីព្រាងច្បាប់​ចំនួន​បី​ទាក់ទង​វិស័យ​តុលាការ​នៅ​កម្ពុជា ដែល​ត្រូវបាន​អនុម័ត​ចុងក្រោយ​ដោយ​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​ចាត់ទុកថា រំលោភ​លើ​ឯករាជ្យភាព​របស់​តុលាការ ។​

​តាម​របាយការណ៍​សង្ខេប​របស់​គណៈកម្មការ​ជំនាញ​ច្បាប់​អន្ដរជាតិ ដែល​VOD​ទទួលបាន​នៅ​ថ្ងៃ​ពុធ​នេះ បានចាត់ទុក​ការសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ លើ​សេចក្តីព្រាងច្បាប់​ទាំង​បី​នោះ ជា​ការរំលោភ​លើ​ឯករាជ្យភាព​របស់​ប្រព័ន្ធតុលាការ ដោយ​បំពាន​ស្តង់ដារ​អន្តរជាតិ និង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា​។​

របាយការណ៍​នេះ បានបង្ហាញ​ក្តីបារម្ភ​ថា សេចក្តីព្រាងច្បាប់​ទាំងនោះ នឹង​រឹតបន្តឹង​លើ​សិទ្ធិ​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​ទៅ​នឹង​សេរីភាព​នៃ​ការបញ្ចេញមតិ និង​កង្វះ​នៃ​ការការពារ​សុវត្ថិភាព​នៃ​ឯករាជ្យភាព​តុលាការ​ក្នុង​ការជ្រើសរើស ការលើកកម្ពស់ ការដកចេញ និង​នីតិវិធី​ដាក់វិន័យ​លើ​ចៅក្រម​។

​ក្រុមប្រឹក្សាធម្មនុញ្ញ ចេញ​សេចក្តីសម្រេច​ជា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា កាលពី​ថ្ងៃ​ទី ២ កក្កដា លើ​សេចក្តីព្រាងច្បាប់​បី​រួមមាន ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា រួម​ទាំង​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។ សេចក្តីសម្រេច​នោះ​លើកឡើងថា ជំពូក​ទី​១ មាត្រា​១ ដល់​មាត្រា​៧ ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម និង​ព្រះរាជអាជ្ញា ចែង​ពី​គោលបំណង​ធានា​ឯករាជ្យ​នៃ​អំណាចតុលាការ វិសាលភាព​នៃ​ការអនុវត្ត បុគ្គល​ដែល​ត្រូវ​ជ្រើសរើស​សម្រាប់​ឲ្យបំពេញ​មុខងារ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ការកំណត់​ដាក់​ចៅក្រម និង​ព្រះរាជអាជ្ញាឲ្យ​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​កណ្តាល​របស់​ក្រសួង​យុតិធម៌ គឺ​ស្របទៅនឹង​រដ្ឋធម្មនុញ្ញ​។

​ក្រុមប្រឹក្សាធម្មនុញ្ញ​ចេញ​សេចក្តីសម្រេច​ជា​ស្ថាពរ និង​បិទ​ផ្លូវ​តវ៉ា​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ទាក់ទង​នឹង​តុលាការ​នេះ បើ​ទោះ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យមាន​ការពិចារណា​លើ​មាត្រាមួ​យ​ចំនួន ដែល​ពួក​គេ​រកឃើញ​ថា អធម្មនុញ្ញភាព និង​ផ្ទុយ​ពី​ច្បាប់​អន្តរជាតិ​ក្តី​។​

VOD មិន​អាច​ទាក់​អ្នកនាំពាក្យ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​នៅឡើយ នៅ​រសៀល​ពុធ​នេះ​៕

សូមសរសេរមកកាន់លោក ​ឡាយ សា​មាន​ តារមយៈ samean@vodhotnews.com

What Next?

Recent Articles

2 Responses to "​អ្នក​ច្បាប់​អន្ដរជាតិ ថ្កោលទោស​ការអនុម័ត​សេចក្តីព្រាងច្បាប់​បី​ទាក់ទង​តុលាការ​​"

  1. pp011 says:

    ឆ្កែ ភ្នែកមួយ ធ្វើអ្វីគ្រប់យាំងដើម្បីអំណាច

  2. បប says:

    ឆ្កែ ភ្នែកមួយ ធ្វើអ្វីគ្រប់យាំងដើម្បីអំណាច