ដោយ តាំង សារ៉ាដា
2014-07-15
RFA

ពលរដ្ឋខ្មែរក្រោម និងព្រះសង្ឃ ធ្វើបាតុកម្មនៅខាងមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃ៤ មិថុនា ឆ្នាំ២០១៣។ RFA/Taing Sarada
ពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) នៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ ដើម្បីដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យសុំទោសជាសាធារណៈចំពោះសម្ដីរបស់មន្ត្រីការទូតវៀតណាម ប្រចាំនៅទីក្រុងភ្នំពេញ ដែលបាននិយាយបំភ្លៃប្រវត្តិសាស្ត្រថា វៀតណាមគ្រប់គ្រងទឹកដីខ្មែរកម្ពុជាក្រោមតាំងពីយូរយារណាស់មកហើយ មិនមែនបារាំង ជាអ្នកកាត់ទឹកដី ទាំងនោះឲ្យ វៀតណាមទេ។
ប្រធានមូលនិធិសង្គ្រោះជាតិ លោក ទូច វិបុល ដែលដឹកនាំធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម នោះ បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ពលរដ្ឋខ្មែរនិងខ្មែរអាមេរិកាំងជាច្រើនបានត្រៀមធ្វើបាតុកម្មទាមទារឲ្យរដ្ឋាភិបាលវៀតណាម សុំទោសពលរដ្ឋខ្មែរជាសាធារណៈអំពីការបំភ័ន្តប្រវត្តិសាស្ត្រខ្មែរកម្ពុជាក្រោម។
ពលរដ្ឋខ្មែរដែលគ្រោងមកធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម ក្នុងរដ្ឋធានីវ៉ាស៊ីនតោននោះ មានពីរដ្ឋ ណស្ស៍ ឃែរ៉ូឡាញណា (North Carolina) រដ្ឋចចា (Georgia) រដ្ឋសៅស្ស៍ ឃែរ៉ូឡាញណា (South Carolina) រដ្ឋផ្លរីដា (Florida) រដ្ឋម៉ាសាឈូសេត (Massachusetts) រដ្ឋផេនស៊ីលវេនញា (Pennsylvania) រដ្ឋវឺជីញា (Virginia) រដ្ឋម៉ារីឡែន (Maryland) និងបណ្ដារដ្ឋជាច្រើនទៀត។
លោក ទូច វិបុល មានប្រសាសន៍ថា ក្រៅពីការធ្វើបាតុកម្មនេះ សហគមន៍ខ្មែរអាមេរិកាំងក៏ចង់ទាញការចាប់អារម្មណ៍របស់អន្តរជាតិឲ្យយកចិត្តទុកដាក់ដល់បញ្ហាខ្មែរកម្ពុជាក្រោម ដែលកំពុងរងការគាបសង្កត់ដោយរដ្ឋាភិបាលវៀតណាម។
លោក ទូច វិបុល អំពាវនាវឲ្យពលរដ្ឋខ្មែរនៅតាមបណ្ដារដ្ឋផ្សេងទៀតដែលមិនអាចធ្វើដំណើរមកកាន់រដ្ឋធានីវ៉ាស៊ីនតោន បាននាំគ្នាក្រោកឡើងដើម្បីធ្វើបាតុកម្មនៅមុខស្ថានកុងស៊ុលវៀតណាម នៃរដ្ឋដែលពួកគេកំពុងរស់នៅ ដើម្បីប្រមូលកម្លាំងជាធ្លុងមួយក្នុងការដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាម ឲ្យទទួលស្គាល់ទឹកដីខ្មែរកម្ពុជាក្រោម គឺជាទឹកដីមួយផ្នែករបស់ប្រទេសកម្ពុជា កន្លងមក។
ក្រៅពីគម្រោងធ្វើបាតុកម្មរបស់ពលរដ្ឋខ្មែរអាមេរិកាំងនេះដែរ សហព័ន្ធខ្មែរកម្ពុជាក្រោមក៏នឹងដឹកនាំធ្វើបាតុកម្មនៅស្ថានទូតវៀតណាម ក្នុងប្រទេសកាណាដា នៅថ្ងៃទី១៨ ខែកក្កដា ខាងមុខ ក្នុងបុព្វហេតុដូចគ្នានេះ។
មន្ត្រីស្ថានទូតវៀតណាម នៅកម្ពុជា បានបដិសេធមិនសុំទោសខ្មែរកម្ពុជាក្រោមឡើយ បើទោះបីជាខ្មែរកម្ពុជាក្រោម និងពលរដ្ឋខ្មែរផ្សេងទៀត កាលពីសប្ដាហ៍មុនបានធ្វើបាតុកម្មម្ដងរួចហើយក៏ដោយនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បេក្ខជនតំណាងរាស្ត្របក្សប្រឆាំង៣រូបត្រូវបានឃាត់ខ្លួននៅទីលានប្រជាធិបតេយ្យ
- លោក កឹម សុខា ចោទបក្សកាន់អំណាចថាគ្មានចេតនាដោះស្រាយវិបត្តិនយោបាយ
- អង្គការសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យវិញ
- បក្សសង្គ្រោះជាតិអះអាងថាមានរូបមន្តថ្មីទាក់ទងនឹងការជ្រើសរើសសមាសភាពគ.ជ.ប
- កម្មកររោងចក្រអូសេអង់គ្រោងតវ៉ាជាថ្មីមុខក្រសួងការងារនៅថ្ងៃ១៤កក្កដា
- សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើបាតុកម្មមុខទូតវៀតណាមនៅកាណាដាថ្ងៃ១៨កក្កដា
- បណ្ដាញយុវជននឹងដាក់ញត្តិតាមស្ថានទូតមហាអំណាចរឿងប្រវត្តិសាស្ត្រខ្មែរក្រោម
- ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋតម្កល់ក្នុងព្រះបរមចេតិយព្រះរាជបុត្រីគន្ធបុប្ផា
- ជីវប្រវត្តិ និងព្រះញាតិវង្សរបស់ព្រះបរមរតនកោដ្ឋ
Welldone Khmerica!
We call for all Khmer abroad to join hand in hand to make the demonstration to every Viet Namese Embassies in order to put pressure to the VN Government appology what its has been
done to our nation, It is not only action but also the history.
សូមគាំទ្រ