ដោយ វណ្ណ វិចារ
2014-07-14
RFA
![]()
មេដឹកនាំគណបក្សប្រឆាំងចោទគណបក្សប្រជាជនកម្ពុជា ថាមានចេតនាគេចវេះមិនព្រមដោះស្រាយបញ្ហាទំនាស់នយោបាយ។ ការបញ្ជាក់បែបនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ប្រកាសជាសាធារណៈតាមរយៈទំព័រសារព័ត៌មានថា ខ្លួនមានរូបមន្តថ្មីមួយដើម្បីជ្រើសរើសសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលនាំឲ្យចំណេញប្រយោជន៍ជាតិនោះ ប៉ុន្តែគ្មានប្រតិកម្មពីគណបក្សកាន់អំណាច។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា គណបក្សប្រឆាំងកំពុងទន្ទឹងចាំមើលផ្លូវបក្សកាន់អំណាចដើម្បីវិលរកតុចរចាជាថ្មី ឈានទៅបញ្ចប់វិបត្តិនយោបាយឲ្យបានមុនខួបមួយឆ្នាំនៃថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅល្ងាចថ្ងៃទី១៤ ខែកក្កដា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់បញ្ចប់វិបត្តិនយោបាយឲ្យបានឆាប់ ប៉ុន្តែបក្សកាន់អំណាចបែរជាព្រងើយកន្តើយទៅវិញ។ លោកបញ្ជាក់ថា រូបមន្តថ្មីរបស់លោកនឹងអាចមានផលចំណេញដល់ប្រយោជន៍ប្រជាពលរដ្ឋខ្មែរទាំងអស់ ហើយនាំឲ្យការបោះឆ្នោតនៅកម្ពុជា អាចជាទីទុកចិត្តបានទៀតផង។ ប៉ុន្តែបើបក្សកាន់អំណាចនៅតែមិនចេញមកចរចាទេនោះ បក្សសង្គ្រោះជាតិក៏នឹងមានវិធានការផ្ទាល់ខ្លួនដែរ។
លោក កឹម សុខា៖ «រូបមន្តហ្នឹងជារូបមន្តមួយដែលអាចឲ្យមានការព្រមព្រៀងគ្នា ជាចំណុចកណ្ដាលមួយដែលយើងអាចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតធ្វើការងារឲ្យឯករាជ្យបាន ហើយបើមានរូបមន្តហើយបក្សកាន់អំណាចគាត់មិនពិចារណា បានន័យថា គាត់អត់ចង់កែ»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ព្រុំ សុខា បានថ្លែងក្នុងកិច្ចសម្ភាសន៍ផ្ដាច់មុខជាមួយវិទ្យុអាស៊ីសេរីថា បក្សកាន់អំណាចនឹងនៅតែចំហទ្វាចរចា បើទោះបីជាកាលៈទេសៈបែបណាក៏ដោយ។ ចំណែកឯអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ក៏បញ្ជាក់ដែរថា បើបក្សប្រឆាំងយកប្រយោជន៍រាស្ត្រជាធំមែន បក្សកាន់អំណាចក៏មិនរារែកចិត្តក្នុងការចរចាដែរ។
ទោះជាបែបណាក្តី អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា អ្នកនយោបាយទាំងពីរបក្សនៅតែព្យាយាមបោកចិត្តរាស្ត្រក្នុងបញ្ហានេះ។ អ្នកជំនាញរូបនេះផ្ដល់រូបមន្តបីសម្រាប់ឲ្យបក្សទាំងពីរជ្រើសរើសក្នុងការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបមន្តទី១ ជារូបមន្ត ៥០ បូក ១ តែសំឡេងអនុម័តមានទាំងពីរបក្ស។ រូបមន្តទី២ ជារូបមន្ត ៦៨សំឡេង បូក ៥សំឡេង និងរូបមន្តទី៣ ជារូបមន្តដែលទាមទារឲ្យមានការយល់ព្រមពីសមាជិកសភាទាំងពីរបក្សមុនពេលចូលប្រជុំសភា។
លោកស្នើឲ្យបក្សទាំងពីរបញ្ចប់ការជាប់គាំងនេះឲ្យបានឆាប់៖ «តាមពិតអ្នកនយោបាយមិនទាន់មានឆន្ទៈស្មោះត្រង់ចំពោះជាតិ មាតុភូមិនោះទេ គឺធ្វើយ៉ាងណាដើម្បីឲ្យធូរស្រាលអារម្មណ៍ក្នុងខ្លួនតែមិនមានឆន្ទៈដោះស្រាយ»។
ទំនាស់រវាងគណបក្សទាំងពីរកើតឡើងបន្ទាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ បក្សប្រឆាំងចោទថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជួយបន្លំសន្លឹកឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ហើយជាបន្តបន្ទាប់គណបក្សទាំងពីរក៏ឯកភាពគ្នាកែទម្រង់ការបោះឆ្នោត ប៉ុន្តែមធ្យោបាយនៃការកែទម្រង់នោះនៅទ្រឹងនៅឡើយ បន្ទាប់ពីបរាជ័យក្នុងចរចាជាច្រើនដងច្រើនសាមកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខ្មែរនៅអាមេរិកគ្រោងធ្វើបាតុកម្មនៅមុខស្ថានទូតវៀតណាម
- បេក្ខជនតំណាងរាស្ត្របក្សប្រឆាំង៣រូបត្រូវបានឃាត់ខ្លួននៅទីលានប្រជាធិបតេយ្យ
- អង្គការសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យវិញ
- បក្សសង្គ្រោះជាតិអះអាងថាមានរូបមន្តថ្មីទាក់ទងនឹងការជ្រើសរើសសមាសភាពគ.ជ.ប
- សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងធ្វើបាតុកម្មមុខទូតវៀតណាមនៅកាណាដាថ្ងៃ១៨កក្កដា
- បណ្ដាញយុវជននឹងដាក់ញត្តិតាមស្ថានទូតមហាអំណាចរឿងប្រវត្តិសាស្ត្រខ្មែរក្រោម
- ព្រះបរមអដ្ឋិនៃព្រះបរមរតនកោដ្ឋតម្កល់ក្នុងព្រះបរមចេតិយព្រះរាជបុត្រីគន្ធបុប្ផា
- ជីវប្រវត្តិ និងព្រះញាតិវង្សរបស់ព្រះបរមរតនកោដ្ឋ
- លោក កឹម សុខា៖ ការចរចានយោបាយនឹងអាចកើតមានបន្ទាប់ពីដង្ហែព្រះបរមអដ្ឋិ
មិនដែលឃើញបាននាំសេចក្តីសុខសប្បាយដល់ប្រទេសជាតិទេ ( ក្រុមបក្សប្រហោងធ្លុង ខាងក្នុងសុទ្ធតែចំណងពៀរ ) គួរឲ្យខ្លាចខ្លាំងណាស់!
ដោះស្រាយរឿងអី?
មិនបាច់ដោះស្រាយទេ! ទៅដើររៀបចំទ័ព រៀបចំកម្លាំងផ្តួលរដ្ឋាភិបាលតាមគម្រោងចាស់វិញទៅ វាល្អជាង។ តាមវិធីប្រើកម្លាំងទ័ពក៏បាន ឬតាមវិធីប្រើកម្លាំមហាជន ក៏បាន។ ត្រូវធ្វើតាមអ្វី ដែលពួកឯងធ្លាប់និយាយពីមុនថា ត្រូវបណ្តេញហ៊ុនសែន ឲ្យចុះចេញនោះ គឺត្រូវតែធ្វើទៅ!