ដោយ ហង្ស សាវយុត
2014-07-15
RFA

១៦-កុម្ភៈ-២០១៣៖ កងរាជអាវុធហត្ថខេត្តសៀមរាប កំពុងនាំក្រុមអ្នកនេសាទខុសច្បាប់ និងរឹបអូសយកឧបករណ៍នេសាទខុសច្បាប់មួយចំនួន បន្ទាប់ពីបង្ក្រាបនៅក្នុងបឹងទន្លេសាប នៃតំបន់ចុងឃ្នៀស។ RFA/Hang Savyouth
អង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ដែលហៅកាត់ថា ហ្វេកថ៍ (Fact) ឱ្យដឹងថា រដូវបិទនេសាទទុកឱ្យត្រីពងកូន បានចាប់ផ្ដើមជាង១ខែមកហើយ ក៏ប៉ុន្តែសកម្មភាពនេសាទត្រីប្រើឧបករណ៍ខុសច្បាប់នៅក្នុងបឹងទន្លេសាប នៅតែកើតមានជាច្រើនកន្លែង ដោយសមត្ថកិច្ចមានការបង្ក្រាបតិចតួច។
ការប្រើឧបករណ៍នេសាទខុសច្បាប់ កំពុងកើតមាននៅតាមតំបន់ខ្លះក្នុងបឹងទន្លេសាប ក្នុងខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង និងខេត្តសៀមរាប ជាដើម។
ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ចម្ងាយជាង ៤០គីឡូម៉ែត្រភាគខាងកើតឆៀងខាងត្បូងពីទីរួមខេត្តសៀមរាប ឱ្យដឹងថា អំពើនេសាទត្រីខុសច្បាប់ដោយប្រើឧបករណ៍ស៊ីបធំៗ កំពុងកើតមាននៅក្នុងទន្លេសាប ជិតតំបន់ពួកគេរស់នៅស្ទើរតែរៀងរាល់ថ្ងៃ។
គេហាក់មិនឃើញអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញជលផល សកម្មក្នុងការបង្ក្រាបការនេសាទខុសច្បាប់នោះទេ។
បុរសម្នាក់ជាអ្នកភូមិរ៉ឺទាំង ក្នុងចំណោមអ្នកភូមិខ្លះទៀតដែលដឹងរឿងនេសាទខុសច្បាប់។ គាត់មានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១៤ ខែកក្កដា ថា បើទោះបីជារដូវបិទនេសាទបានចូលមកដល់ជាង១ខែហើយក៏ដោយ ក៏សកម្មភាពនេសាទត្រីខុសច្បាប់កំពុងកើតមាននៅក្នុងបឹងទន្លេសាប ជិតតំបន់គាត់រស់នៅស្ទើរតែរៀងរាល់ថ្ងៃ។ បុរសដដែលអះអាងថា រៀងរាល់យប់ លោកតែងឃើញប្រជាពលរដ្ឋខ្មែរ និងវៀតណាម ខ្លះចេញទៅនេសាទខុសច្បាប់ ដោយប្រើកាណូតរុញស៊ីប៖ «១ថ្ងៃៗដូចជាក្រែលដែរ នៅទន្លេមាត់ប្រឡាយ ឃ្លាំង។ អាស៊ីបនេះវាដាក់រុញពីមុខដូចថ្នង អាណានេះប្រវែង ៨ម៉ែត្រ មានអា ១០ម៉ែត្រជាងក៏មានដែរ។ ខ្មែរក៏រក ជាពិសេសយួន វារកបទល្មើសខ្លាំងជាងខ្មែរទៅទៀត អានេះទៅតែយប់។ បើបានដូចត្រីកំព្រាម ត្រីអី វាយកទៅធ្វើជានុយត្រីឆ្ដោរ ត្រីអីដែលគេចិញ្ចឹម យកមកកិនទៅឱ្យស៊ីទៅ»។
ក្រុមប្រជាពលរដ្ឋអះអាងទៀតថា បច្ចុប្បន្ននៅទន្លេសាប តំបន់កំពង់ឃ្លាំង ក្រៅតែពីការនេសាទត្រីខុសច្បាប់ ដោយប្រើឧបករណ៍ស៊ីបធំៗ គឺនៅមានការកាប់បំផ្លាញព្រៃលិចទឹកជាច្រើនហិកតារ ដើម្បីរានយកដីធ្វើចម្ការថែមទៀត។ អ្នកភូមិរិះគន់ថា អាជ្ញាធរ និងមន្ត្រីជលផល មិនដែលបង្ក្រាបការកាប់បំផ្លាញព្រៃលិចទឹក និងការនេសាទត្រីខុសច្បាប់ទាំងនោះទេ ហាក់ដូចជាមានការឃុបឃិតគ្នា ដើម្បីផលប្រយោជន៍អ្វីមួយ។
ក៏ប៉ុន្តែ មន្ត្រីរដ្ឋបាលជលផលបានបដិសេធចោលការអះអាងរបស់អ្នកភូមិ ដែលថាមានការនេសាទត្រីខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកនោះ។
នាយសង្កាត់រដ្ឋបាលជលផលកំពង់ឃ្លាំង លោក ហោ ឡា មានប្រសាសន៍ថា ក្នុងរយៈពេល ៣-៤ថ្ងៃមកនេះ មន្ត្រីរបស់លោកសហការជាមួយកងរាជអាវុធហត្ថ តែងចុះប្រតិបត្តិការបង្ក្រាប និងហាមឃាត់យ៉ាងតឹងតែងមិនឱ្យនេសាទខុសច្បាប់ទេ។ ចំណែកឯការកាប់បំផ្លាញព្រៃលិចទឹក ក៏មិនមានដែរ គឺមានតែកាលពីរដូវប្រាំង ដែលអ្នកភូមិនាំគ្នាផ្អើលទៅកាប់ចាប់យកដី៖ «ប្រជាជនសុំរកដែរ តែខ្ញុំអត់ឱ្យរក។ ខ្ញុំសហការជាមួយប៉េអិមចុះបិទរាល់ថ្ងៃ អត់មានឱ្យចេញនេសាទទេ។ បងឯងខាងវិទ្យុចុះស្រាវជ្រាវមើល តើមានមែនឬក៏អត់? ខ្ញុំចង់ដឹង! ខ្ញុំថាអត់មាន»។
ទោះយ៉ាងណា មន្ត្រីសម្របសម្រួលកម្មវិធីបឹងទន្លេសាបរបស់អង្គការសម្ព័ន្ធភាព ដើម្បីអភិរក្សធនធានជលផល លោក មិញ ប៊ុនលី អះអាងថា កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ ក្រុមរបស់លោកបានចុះទៅពិនិត្យផ្ទាល់ក្នុងបឹងទន្លេសាប នៃតំបន់ចុងឃ្នៀស និងកំពង់ឃ្លាំង ខេត្តសៀមរាប ហើយបានប្រទះឃើញកាណូតរបស់ជនជាតិវៀតណាម ចំនួន ២គ្រឿង កំពុងអូសស៊ីបយន្តចាប់ត្រីខុសច្បាប់ ដោយមិនមានសមត្ថកិច្ចបង្ក្រាបទេ។
លោក មិញ ប៊ុនលី បញ្ជាក់ថា បច្ចុប្បន្ននៅក្នុងបឹងទន្លេសាបជាច្រើនកន្លែង ដូចជាតំបន់ក្បាលតោល ខេត្តបាត់ដំបង នៅផាត់សណ្ដាយ ខេត្តកំពង់ធំ និងនៅខេត្តពោធិ៍សាត់ គឺកំពុងមានបទល្មើសនេសាទយ៉ាងច្រើន ចំណែកអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផល ហាក់ដូចជាធ្វើមិនដឹងជុំវិញបទល្មើសនេសាទ ដែលកំពុងកើតមានក្នុងតំបន់ដែលពួកគេគ្រប់គ្រង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋនៅស្វាយរៀងអះអាងថាឈ្មួញលួចនាំសត្វព្រៃទៅលក់នៅវៀតណាម
- សហគមន៍នឹងប្រជុំពិភាក្សាពីការការពារទឹកនិងត្រីនៅបន្ទាយមានជ័យថ្ងៃទី១៤កក្កដា
- សាកសពនាយប៉ុស្តិ៍រដ្ឋបាលឃុំបាត់ខ្លួននៅកំពង់ចាមត្រូវបានរកឃើញ
- ពលរដ្ឋចូលរួមបង្ក្រាបបទល្មើសនេសាទនៅកំពង់ចាមបារម្ភពីសុវត្ថិភាព
- សង្គមស៊ីវិលនិងប្រជានេសាទបារម្ភពីធនធានជលផលធ្លាក់ចុះ
- នាយករដ្ឋមន្ត្រីក្រើនរំលឹកជាថ្មីឲ្យមន្ត្រីយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេសាទ
- ប្រជានេសាទរិះគន់ទិវាមច្ឆជាតិឆ្នាំ២០១៤ថាគ្រាន់តែល្អមើល
- មេប៉ុស្តិ៍បាត់ខ្លួននៅស្រុកស្រីសន្ធរខេត្តកំពង់ចាមនៅតែគ្មានតម្រុយ
- អភិបាលខេត្តកំពង់ធំអះអាងថាត្រីងាប់នៅបឹងទន្លេឆ្មាមិនមែនដោយសារជាតិពុល
វាល្មមតែពាយហើយលោកម្ចាស់ជាង៣០ឆ្នាំហើយ