Tue, 29 July 2014
ចាន់ មុយហុង
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ កម្ពុជាទទួលបានចំណូលប្រមាណជាង ៣៧ ពាន់លានរៀល ស្មើនឹង ៩,៤ លានដុល្លារ ពីផលព្រៃឈើ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០១៤ នេះ ដែលកើន ២៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្រុមអ្នកការពារសិទិ្ធមនុស្សថា តួលេខនេះមិនបានឆ្លុះបញ្ចាំងពីចំនួនឈើដែលបាននាំចេញជារៀងរាល់ថ្ងៃដោយក្រុមហ៊ុនឯកជនទេ ខណៈអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា ការរក្សាទុកព្រៃឈើផ្តល់ប្រយោជន៍ផ្នែកសេដ្ឋកិច្ចច្រើនជាងសម្រាប់កម្ពុជាក្នុងរយៈពេលវែង។
លោក ហួត ពន្លឺ មន្ត្រីជំនាញនាយកដ្ឋានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ឲ្យដឹងកាលពីម្សិលមិញថា ចំណូលពីផលព្រៃឈើ ចេញពីដីសម្បទាន ដែលក្រុមហ៊ុនបានឈូសឆាយដើម្បីយកដីដាំដំណាំ។ ឈើពីបទល្មើស ជាប្រភពចំណូលធំបានពីការប្រមូលអនុផល មានជ័រ វលិ្ល ផ្តៅ និងកូនឈើជាដើម។
លោកបន្តថាចំណូលពីផលព្រៃឈើនេះនឹងចូលជាថវិកាជាតិ។
ក្រសួងបានផ្តល់អាជ្ញាប័ណ្ណនាំចេញដល់ក្រុមហ៊ុនចំនួន ១៦ រួមមាន ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព MDS ក្រុមហ៊ុន Angkor Plywood ក្រុមហ៊ុន Green Island ក្រុមហ៊ុន Angkor Sugar ក្រុមហ៊ុន DTC ក្រុមហ៊ុន Pheapimex ក្រុមហ៊ុន Great Field Cambodia ក្រុមហ៊ុន Decowood ក្រុមហ៊ុន North-East ក្រុមហ៊ុន Wood Innovation ក្រុមហ៊ុន Grand Land ក្រុមហ៊ុន Di Duk Cambodia ក្រុមហ៊ុន Khen Norak Cambodia ក្រុមហ៊ុន Tong Min ក្រុមហ៊ុន Green Rich Group ក្រុមហ៊ុន Hillco Corporation។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំក្រសួងកសិកម្ម ចេញផ្សាយក្នុង ឆ្នាំ២០១២។
លោក អ៊ូច ឡេង ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជាឲ្យដឹងថា ចំណូលនេះតិចតួចដែលមិនស្មើនឹងទឹកប្រាក់នាំចេញឈើរបស់ក្រុមហ៊ុនមួយនាំចេញឈើក្នុងមួយថ្ងៃផង ហើយថា ប្រសិនបើចំណូលពីផលព្រៃឈើមានតិចតួចបែបនេះរដ្ឋាភិបាលគួរតែគិតគូរពីការបញ្ឈប់ការរកស៊ីពាក់ព័ន្ធនឹងព្រៃឈើ។
លោកបន្ថែមថា៖ «ក្រុមហ៊ុនមួយយ៉ាងហោចណាស់បាននាំចេញឈើមានតម្លៃ ១៥ លានដុល្លារអាមេរិកក្នុងមួយថ្ងៃៗ បើយើងធ្វើការគណនាបន្តិច ពន្ធដែលត្រូវយកពីក្រុមហ៊ុនគឺតិចមែនទែនដែលវាគ្រាន់តែធ្វើឲ្យក្រុមហ៊ុនកា្លយជាអ្នកមាន ហើយប្រជាជនកា្លយជាអ្នកក្រីក្រ»។
លោក ឡេង ថ្លែងថា រដ្ឋាភិបាលគួរតែគិតពិចារណាបង្កើនកាតព្វកិច្ចពន្ធពីក្រុមហ៊ុន ដែលមានអាជ្ញាប័ណ្ណពី ២០ ភាគរយដល់ ៣០ ភាគរយយោងទៅតាមតម្លៃឈើ នៅក្នុងទីផ្សារជំនួសឲ្យតម្លៃពន្ធបច្ចុប្បន្នដែលមានត្រឹម ១ ទៅ ៥ ភាគរយពីអ្នកប្រមូលទិញ និងនាំចេញឈើ។
លោកបានបន្តថា៖ «ប្រាក់ចំណូលបានពីព្រៃឈើនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមិនបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសនោះទេ។ ថវិកាជាតិក៏បាត់បង់ ព្រៃឈើក៏បន្តបាត់បង់ ក្រុមហ៊ុនកាន់តែមានទៅៗ ហើយប្រជាជននៅតែជាអ្នករងគ្រោះ»។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យបានថ្លែងថា ចំណូលដែលចូលទៅក្នុងថវិកាជាតិត្រូវបានប្រើប្រាស់សម្រាប់សេវាសាធារណៈ មានដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែលោកបានអះអាងថា ប្រាក់ចំណូលដែលមានប្រហែល ៦,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបមិនបានរួមចំណែកច្រើនដល់ការអភិវឌ្ឍប្រទេសនោះទេ។
លោកថ្លែងថា៖ «វានឹងផ្ដល់អត្ថប្រយោជន៍កាន់តែល្អប្រសើររយៈពេលវែងដល់ប្រទេសកម្ពុជាប្រសិនបើព្រៃឈើមិនត្រូវបានគេកាប់ទេនោះ»៕
ដល់ថ្ងៃណាទៅ ទេីបមន្ត្រី ឈប់ បោកប្រាស់ ខ្មែរ គួរតែចូលគុកពីបទក្បត់ជាតិ លក់ទ្រព្យជាតិ ដោយ យកអំណាចជាមធ្យោបាយ។ ឯណាទៅ អង្គភាពបំបាត់អំពេីពុករលួយនោះ?
CNRP will check contracts and incomes!