ដោយ ហង្ស សាវយុត
2014-07-29
RFA

សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៃគណបក្សសង្គ្រោះជាតិ ៤រូប ដែលដើរចេញពីកិច្ចប្រជុំវិសាមញ្ញ នៅថ្ងៃទី២៨ ខែកក្កដា។ រូបថតថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៤ (RFA/Hang Savyouth)
សមាជិកក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិ នៅសៀមរាប កំពុងចោទប្រកាន់ប្រធានដែលមកពីគណបក្សប្រជាជនកម្ពុជា ថាបានប្រើអំណាចខុសច្បាប់គាបសង្កត់ឱ្យធ្វើអ្វីមួយដែលមិនត្រឹមត្រូវ។ ការគាបសង្កត់សមាជិកក្រុមប្រឹក្សាមកពីគណបក្សខុសគ្នានេះ កើតមានជារឿយៗ មិនមែនតែនៅខេត្តសៀមរាប មួយទេ។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ចំនួន ៤នាក់ បានដើរចេញពីអង្គប្រជុំវិសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា។ ការដើរចេញ គឺដោយសារតែគេអះអាងថា ប្រធានក្រុមប្រឹក្សាខេត្តដែលមកពីគណបក្សប្រជាជនកម្ពុជា បានគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាងនៅពេលប្រជុំ មិនឱ្យតវ៉ារកហេតុផលអ្វីបាន។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប នៃគណបក្សសង្គ្រោះជាតិ ម្នាក់ក្នុងចំណោម ៣នាក់ផ្សេងទៀត គឺលោក សុខ គឹមសេង។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៩ ខែកក្កដា ថា ការប្រជុំមានសភាពតឹងតែង ហើយប្រធានក្រុមប្រឹក្សាប្រើអំណាចផ្ដាច់ការពេក។ លោក សុខ គឹមសេង អះអាងថា កិច្ចប្រជុំវិសាមញ្ញដែលប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា គឺដើម្បីរើសបេក្ខភាពក្រុមប្រឹក្សាចំនួន ៤រូប ដាក់បញ្ចូលក្នុងគណៈកម្មាធិការបច្ចេកទេសខេត្ត ដោយមានសមាសភាពមកពីគណបក្សប្រជាជនកម្ពុជា ចំនួន ៣រូប និងគណបក្សសង្គ្រោះជាតិ ចំនួន ១រូប ក៏ប៉ុន្តែចំពោះគណៈកម្មការលទ្ធកម្ម ដែលជាគណៈកម្មការសំខាន់ក្នុងការពិនិត្យទៅលើបញ្ហាចំណាយ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗ គឺប្រធានក្រុមប្រឹក្សាមិនបញ្ចូលសមាសភាពគណបក្សសង្គ្រោះជាតិ ទៅក្នុងនោះឡើយ។
លោក សុខ គឹមសេង បញ្ជាក់ថា ដោយសារតែឃើញភាពមិនសមរម្យបែបនេះ គឺលោកបានប្រកែកមិនឱ្យអង្គប្រជុំដាក់បញ្ចូលឈ្មោះរបស់លោក ទៅក្នុងគណៈកម្មាធិការបច្ចេកទេសខេត្តទេ ក៏ប៉ុន្តែប្រធានក្រុមប្រឹក្សា បានប្រើអំណាចផ្ទាល់ខ្លួន បង្ខំឱ្យរូបលោកចូលទៅក្នុងគណៈកម្មាធិការដែលលោកមិនចង់បាន៖ «ស្រាប់តែគាត់ហ្នឹងចុចចំឈ្មោះខ្ញុំ ហើយយកឈ្មោះខ្ញុំទៅដាក់! ខ្ញុំតវ៉ា គឺគាត់អត់ព្រមទេ។ គាត់ប្រើសិទ្ធិប្រធាន បន្ទាប់មកទៀត ដោយសារតែខ្ញុំតវ៉ាច្រើន គាត់បានប្រើប្រាស់តួនាទី ហើយគាត់បានឱ្យសមាជិក ភាគច្រើនដែលមកពីគណបក្សប្រជាជនកម្ពុជា លើកដៃសម្រេចដាក់ឈ្មោះខ្ញុំចូលដោយស្វ័យប្រវត្តិ ដោយខ្ញុំមិនព្រម។ ខ្ញុំបានតវ៉ាទទូចថា សុំឱ្យដកឈ្មោះខ្ញុំចេញ ដល់ពេលខ្ញុំតវ៉ាអ៊ីចឹង ខ្ញុំមិនទាន់ទាំងនិយាយអស់ផង គាត់បិទមេក្រូមិនឱ្យខ្ញុំនិយាយ។ ខ្ញុំគិតថា អត់អាចទទួលយកបាន ព្រោះនេះរំលោភសិទ្ធិមែនទែន»។
សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មកពីគណបក្សសង្គ្រោះជាតិ ទាំង ៤រូប ទទួលស្គាល់ថា ការដើរចេញពីអង្គប្រជុំនេះ គឺបានអវត្តមានចំនួន១លើក ក៏ប៉ុន្តែ លោក សុខ គឹមសេង ព្រមានថា ប្រសិនបើពេលលោកដើរចេញពីអង្គប្រជុំ ហើយប្រធានក្រុមប្រឹក្សាខេត្តនៅតែសម្រេចបញ្ចូលឈ្មោះរបស់លោកទៅក្នុងគណៈកម្មការបច្ចេកទេសខេត្តទៀតនោះ គឺលោកនឹងធ្វើពាក្យប្ដឹងទៅក្រសួងមហាផ្ទៃ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានក្រុមប្រឹក្សាខេត្ត លោក នូ ផល្លា ដើម្បីសុំការបកស្រាយជុំវិញរឿងនោះបានថាយ៉ាងណានៅឡើយ។
កាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅ សមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ នៃគណបក្សសង្គ្រោះជាតិ ចំនួន ៣រូប ក៏ធ្លាប់ត្អូញត្អែរថា ក្នុងពេលប្រជុំក្រុមប្រឹក្សាខេត្តម្ដងៗ ក្រៅតែពីសមាជិកអង្គុយរង់ចាំស្ដាប់របាយការណ៍របស់អាជ្ញាធរខេត្ត ហើយប្រធានបើកឱ្យសួរខ្លះៗ គឺសមាជិកក្រុមប្រឹក្សាខេត្ត គ្មានសិទ្ធិបញ្ចេញយោបល់អ្វីទាំងអស់។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់អង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត បានហៅការគាបសង្កត់ និងបំបិទសិទ្ធិសេរីភាពទៅលើសមាជិកក្រុមប្រឹក្សា ពីប្រធានដែលជាគណបក្សកាន់អំណាចនោះថា ជាការើសអើងខាងនយោបាយ និងផ្ទុយពីលទ្ធិប្រជាធិបតេយ្យ៖ «ពីព្រោះអាហ្នឹងជាតំណាង! លទ្ធិប្រជាធិបតេយ្យគេឱ្យសិទ្ធិតំណាង អ្នកដែលគេបោះឆ្នោតឱ្យហ្នឹង ទោះជាគាត់មានអាសនៈតិចជាងក៏ដោយ ក៏គាត់មានសិទ្ធិចូលរួមផ្ដល់យោបល់ ដើម្បីកែលំអដើម្បីផលប្រយោជន៍អភិវឌ្ឍន៍ទៅលើមូលដ្ឋាន ដើម្បីប្រជាពលរដ្ឋរបស់គាត់»។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ធ្លាប់មានប្រសាសន៍ថា ច្បាប់ស្ដីពីការគ្រប់គ្រងរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ មិនបានបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់សមាជិកក្រុមប្រឹក្សាណាម្នាក់នៅក្នុងអង្គប្រជុំទេ។ មន្ត្រីដដែលបញ្ជាក់ថា លោកនឹងពិនិត្យមើលទៅលើការអនុវត្តរបស់ក្រុមប្រឹក្សាខេត្តមួយចំនួនឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លទ្ធផលនៃកិច្ចប្រជុំគណបក្សទាំងពីរធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុង
- មេដឹកនាំបក្សប្រឆាំងត្រៀមសើរើឯកសារបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង
- សារសំខាន់នៃការបង្កើតរចនាសម្ព័ន្ធគណៈរដ្ឋមន្ត្រីស្រមោល
- មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ៖ គ.ជ.បថ្មីនឹងមានបញ្ហាដូចពេលមុនដដែល
- ជនអនាមិកបាចត្រាក់នៅព្រះវិហាររិះគន់មន្ត្រីរដ្ឋាភិបាល
- អ្នកស្រី ពុង ឈីវកេក ព្រមទទួលតំណែងជាសមាជិកគ.ជ.បដោយដាក់លក្ខខណ្ឌ
- កម្ពុជា-ថៃពិភាក្សាគ្នារឿងជម្លោះប្រាសាទព្រះវិហារ
- មន្ត្រីថ្នាក់ក្រោមចង់ឲ្យបក្សសង្គ្រោះជាតិមានតម្លាភាព
- បក្សប្រឆាំង៖ បញ្ហានយោបាយនឹងត្រូវដោះស្រាយបញ្ចប់នៅថ្ងៃ២៨ កក្កដា
communist style ‘ they don’t know the democracy’law or they learn from kim yon un?
មនុស្សមានលក្ខណៈសម្បត្តិសមរម្យស្អាតបាតនៅសល់ជាច្រើន ហេតុអ្វីបានជាខ្វះមនុស្សទៅជា
ជ្រើសយកមនុស្សឈ្មោះ នូ ផល្លា កំពស់រាងរៅខុសខ្នាត ដៃខ្លី ជើងខ្លី កន្តឿកន្តិលកន្តុល មានសំដី
សំដៅត្រគោះបោះបោក និងកាចសាហាវមិនសុភាពរាបសារ ឲ្យមកធ្វើជាអ្នកដឹកនាំ។បុគ្គលនេះ
ធ្លាប់បានបាញ់សម្លាប់មនុស្ស ( សូទ្រនិគម )។