ដោយ ម៉ម មុនីរតន៍
2014-07-29
RFA

កម្លាំងការពារព្រំដែនខាងភាគីកម្ពុជា ចុះទប់ស្កាត់ភាគីថៃ ដែលព្យាយាមចូលភ្ជរស្រែក្នុងទឹកដីកម្ពុជា នៅក្បែរបង្គោលឡាក់លេខ៤៣ នៅចំណុចអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤។ RFA/Morm Moniroth
ជាថ្មីម្ដងទៀត ពលរដ្ឋ និងទាហានថៃ ប្រហែល ៥០នាក់ បានចូលមកក្នុងទឹកដីកម្ពុជា ដើម្បីព្យាយាមធ្វើស្រែនៅក្បែរបង្គោលលេខ៤៣។ សកម្មភាពប៉ុនប៉ងភ្ជួរស្រែមិនបានសម្រេចរបស់ថៃ នៅពេលនេះ គឺពួកគេបានយកត្រាក់ទ័រ ៥គ្រឿង មកជាមួយផង តែត្រូវបានយោធាការពារព្រំដែនខាងភាគីកម្ពុជា នៅស្រុកអូរជ្រៅ រារាំង។
បើទោះជាបែបណា មន្ត្រីជាន់ខ្ពស់មួយចំនួននៅខេត្តបន្ទាយមានជ័យ មិនហ៊ានបកស្រាយឲ្យបានលម្អិតជុំវិញបញ្ហានេះទេ ដោយដាក់ការទទួលខុសត្រូវក្នុងរឿងនេះ ឲ្យស្ថាប័នជំនាញរដ្ឋាភិបាលវិញ។
ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា និយាយថា ស្ថាប័ននៅថ្នាក់ក្រោមជាតិ និងជំនាញដែលពាក់ព័ន្ធ មិនចាំបាច់សុំកិច្ចអន្តរាគមន៍ក្នុងការទប់ស្កាត់ជុំវិញវិវាទនេះពីជំនាញនោះឡើយ ដោយចាត់ទុកថា អាជ្ញាធរនៅមូលដ្ឋានគប្បីដោះស្រាយបញ្ហានេះ ជាជាងត្រូវរង់ចាំដំណោះស្រាយណាមួយពីស្ថាប័នជំនាញ។
ការស្រាយបំភ្លឺរបស់ លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា នៅពេលនេះ ធ្វើឡើងនៅបន្ទាប់ភាគីថៃ មានគ្នាជិត ៥០នាក់ជាពលរដ្ឋផង និងជាយោធាផង បានព្យាយាមធ្វើស្រែក្នុងទឹកដីកម្ពុជា នៅចំណុចអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកក្កដា។
មុននឹងឆ្លើយសំណួរវិទ្យុអាស៊ីសេរី លោក វ៉ា គឹមហុង បានសួរបញ្ច្រាសត្រឡប់មកវិញ ដូចជាថា ដឹងដោយរបៀបណា? ទៅជាមួយអ្នកណា? និងថា ប្រាកដជាបានទៅដល់មែនឬទេ? ក្រៅពីនេះ នៅចាត់ទុកសំណួររបស់វិទ្យុអាស៊ីសេរី ពាក់ព័ន្ធរឿងនេះ ថាជាសំណួរដែលមានចេតនាមិនស្មោះត្រង់ ក្នុងហេតុផលនយោបាយណាមួយថែមទៀតផង។
បើទោះជាត្រូវពន្យារពេលក្នុងការឆ្លើយសំណួរយ៉ាងនេះក៏ដោយ ក៏ លោក វ៉ា គឹមហុង ឆ្លើយតបដែរថា អាជ្ញាធរមូលដ្ឋានគប្បីដោះស្រាយដោយសន្តិវិធី និងពុំចាំបាច់ត្រូវរង់ចាំការសម្រេចណាមួយពីស្ថាប័នកំពូលនៃថ្នាក់ជាតិនោះទេ។ លោកចាត់ទុកថា ព្រោះទីតាំងដែលមានទំនាស់នេះ វាគឺជាអធិបតេយ្យរបស់កម្ពុជា។ ហេតុនេះ ការប៉ុនប៉ងណាមួយរបស់ភាគីថៃ វាគឺជារឿងផ្ទុយពីកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានដាក់ឲ្យអនុវត្តរួចហើយ៖ «បើសិនជាគេមកភ្ជួរនៅកន្លែងហ្នឹង យើងមានឃាត់ច្រើនដងហើយ ដូច្នេះគាត់បន្តឃាត់ទៅទៀតទៅ ចាំបាច់ឆ្លើយថាចាំបាច់ថ្នាក់លើអី។ ឥតមានអីចាំបាច់មកថ្នាក់លើទេ ព្រោះថាអីគាត់ដឹង គាត់ទទួលការណែនាំពីថ្នាក់លើរួចអស់ទៅហើយ»។
សកម្មភាពដូចគ្នានេះ បានកើតឡើងម្ដងរួចហើយកាលពីឆ្នាំមុន។ ចំណែកការប៉ុនប៉ងជាថ្មីម្ដងទៀតនៅពេលនេះ ភាគីថៃ ដែលមានពលរដ្ឋ និងយោធាផងប្រមាណ ៥០នាក់ បានចាប់ភ្ជួរលើដីបានប្រមាណ ៧ពាន់ម៉ែត្រការ៉េ ចម្ងាយប្រហែល ១ពាន់ម៉ែត្រពីបង្គោលលេខ៤៣។ សកម្មភាពលើកទីពីរ កាលពីថ្ងៃទី២៨ កក្កដា ខាងភាគីថៃ បានប្រើត្រាក់ទ័រចំនួន ៥គ្រឿង ដោយចំណាយពេលជាងមួយម៉ោង មុនត្រូវបញ្ឈប់ដោយកងការពារព្រំដែនខាងភាគីកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ ស្នងការរងទទួលបន្ទុកព្រំដែន លោក សំ ជិត អះអាងថា មកដល់ពេលនេះ ខាងភាគីថៃ នៅមិនទាន់ឃើញមានប្រតិកម្មណាមួយនៅឡើយទេ បន្ទាប់ពីទប់ស្កាត់រួច កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ៖ «ស្ងាត់បាត់ហើយ ទៅវិញហើយ»។
ជុំវិញរឿងរ៉ាវនេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ឲ្យដឹងថា មូលហេតុដែលភាគីថៃ នៅតែបន្តចូលមកធ្វើស្រែលើទឹកដីកម្ពុជា ទៀតនៅពេលនេះ ព្រោះតែភាគីថៃ ចាត់ទុកថា ជាតំបន់ដែលខ្លួនធ្លាប់បានកាន់កាប់៖ «បង្គោលឡាក់៤៣ ហើយនៅក្នុង គឺបានទទួលស្គាល់ទាំងអស់គ្នាពីឡាក់៤៣។ យើងក៏ទទួលស្គាល់ ខាងថៃ ក៏ទទួលស្គាល់។ គណៈកម្មការព្រំដែនថ្នាក់ជាតិនៃប្រទេសទាំងពីរ ទទួលស្គាល់ហើយ។ ប៉ុន្តែអ្វីដែលគាត់នៅតែធ្វើបាន ដោយសារតែថាដីហ្នឹងគាត់ថាធ្វើតាំងពីមុនមក»។
ចំណែកអ្នកសម្របសម្រួលសមាគមអាដហុក (adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា វិញចាត់ទុកថា នេះជាការប្រមាថមួយដ៏ធំរបស់ភាគីថៃ ចំពោះកម្ពុជា៖ «យើងគួរតែគិតអំពីកិត្តិយសនៃប្រទេសកម្ពុជា ផងថា ប្រទេសកម្ពុជា គឺប្រទេសមួយដែលមានអធិបតេយ្យភាពគ្រប់គ្រាន់ដែលមិនត្រូវបានការរំលោភបំពាន ហើយមកធ្វើអ៊ីចឹង ហាក់ដូចជាមិនផ្ដល់កិត្តិយសដល់ខ្មែរសោះ»។
អង្គការសង្គមស៊ីវិល យល់ឃើញថា ដើម្បីធ្វើឲ្យកម្ពុជា ក្លាយជារដ្ឋដែលមានភាពរឹងមាំ រដ្ឋាភិបាលខ្លួនឯងគប្បីពង្រឹងសេដ្ឋកិច្ច និងនយោបាយការទូតឲ្យល្អប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេស ពង្រឹងច្បាប់អន្តោប្រវេសន៍ឲ្យមានប្រសិទ្ធភាព និងឯកភាពជាតិជាធ្លុងមួយ ទើបធានាបានពីការរំលោភបំពានគ្រប់រូបភាពពីបរទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បក្សសង្គ្រោះជាតិគ្រោងកោះហៅលោក ស៊ុយ សែម បំភ្លឺរឿងជម្លោះដីនៅឡពាង
- ថៃថាមិនទាន់ដល់ពេលជជែកជាមួយកម្ពុជាពីរឿងជម្លោះព្រះវិហារ
- ពលរដ្ឋជាង១០០គ្រួសារមានទំនាស់ដីជាមួយមន្ត្រីរដ្ឋាភិបាលនៅប៉ោយប៉ែត
- អ្នកភូមិនៅជាយដែនកម្ពុជា-វៀតណាម១៦គ្រួសារធ្វើប្លង់ដីមិនបាន
- ទាហាននៅព្រះវិហារបាញ់សម្លាប់អ្នកភូមិម្នាក់ក្នុងពេលមានជម្លោះដី
- ពលរដ្ឋ៥នាក់រងបួសក្នុងពេលតវ៉ារឿងដីធ្លីមុខសាលារាជធានីភ្នំពេញ
- កម្ពុជា-ថៃពិភាក្សាគ្នារឿងជម្លោះប្រាសាទព្រះវិហារ
- អាជ្ញាធរមូលដ្ឋាននៅព្រៃវែងរងការចោទថាយកដីពលរដ្ឋធ្វើជាសម្បត្តិរដ្ឋ
- ពលរដ្ឋនៅកោះកុងបញ្ចប់ការដើរដាក់ញត្តិរឿងទំនាស់ដីជាមួយឧកញ៉ា លី យ៉ុងផាត់
what wrong with bloody thai ? they seem to look down at our khmer people ,we should take pictures and take this matter to international otherwise they are so agreesive.one day our jayveraman’king born again and kick their butt out from our 22 provinces.GOD bless all cambodian people’