ដោយ៖ តាំង វីដា
ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ (រូបថត៖ អេមី)
នេះជាលើកដំបូងហើយ ដែលស្ត្រីមួយរូប ជាប្រធានអង្គការសង្គមស៊ីវិល ត្រូវបានជ្រើសរើសដោយ គណបក្សនយោបាយ ដើម្បីក្លាយខ្លួនជាសមាជិកទី៩ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងកំណែទម្រង់ការបោះឆ្នោតថ្មី ស្របពេលដែលស្ថាប័ននេះ រងនូវបញ្ហាអាស្រូវជាច្រើន ពាក់ព័ន្ធនឹងដំណើរការការងារ ពីឥទ្ធិពលនយោបាយរបស់គណបក្សកាន់អំណាច។ ក្រោមកិច្ចព្រមព្រៀងរបស់គណបក្សជាប់ឆ្នោតទាំងពីរ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្សលីកាដូ ជាបេក្ខភាពទី៩នៃគជបថ្មី ហើយក៏ជាបុគ្គលលេចធ្លោម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលត្រូវបានគេស្គាល់ថា មានជំហរអព្យាក្រឹត្យ មិនស្ថិតក្រោមនិន្នាការនយោបាយនៅកម្ពុជា។
តើលោកស្រី មានជីវប្រវត្តិដូចមេ្តចក្នុងការងារកន្លងមក ដែលជាគុណសម្បតិ្ត និងអាទិភាពនៃតួអង្គថ្មីនេះនាំឲ្យមានការទទួលយកលោកស្រីជាបេក្ខភាពគជបទី៩ដ៏គន្លឹះនេះ?
លោកស្រី ពុង ឈីវកេក បច្ចុប្បន្នមានតួនាទីជាប្រធានសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ។ លោកស្រី កើតនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ១៩៤២ និងបានបញ្ចប់វិជ្ជាជីវៈផ្នែកវិជ្ជសាស្ត្រក្នុងឆ្នាំ១៩៦៨ នៅប្រទេសបារាំង។ អំឡុងឆ្នាំ១៩៦៨ ដល់១៩៧១ លោកស្រី បានបម្រើការងារផ្នែកវេជ្ជសាស្ត្រ និងរៀបចំការស្រាវជ្រាវនៅរាជធានីភ្នំពេញ ព្រមទាំងបានបំពេញការងារបន្តទៅកាន់ប្រទេសកាណាដា ប្រេស៊ីល និងអង់ហ្គូឡា។
ក្នុងអំឡុងពេលបំពេញការងារនៅប្រទេសអង់ហ្គោឡា ស្របពេលនៃសង្គ្រាមស៊ីវិលក្នុងកម្ពុជានាទសវត្សរ៍ឆ្នាំ១៩៨០ លោកស្រី បានរៀបអាពាហ៍ពិពាហ៍ជាមួយឯកអគ្គរដ្ឋទូតបារាំង ប្រចាំប្រទេសអង់ហ្គូឡា និងមានកូនចំនួនបីនាក់។ ចំណងអាពាហ៍ពិពាហ៍នេះ បានផ្តល់ឱកាសដល់លោកស្រី អាចសហការជាមួយនឹងរដ្ឋមន្ត្រីការបរទេសអង់ហ្គូឡា និងមានឱកាសជួបជាមួយ លោក ហ៊ុន សែន ជាលើកដំបូង ដែលកាលនោះ លោក មានតួនាទីជារដ្ឋមន្ត្រីការបរទសកម្ពុជា ខណៈទៅបំពេញទស្សនកិច្ចនៅប្រទេសអង់ហ្គូឡា។
ដោយសារក្តីព្រួយបារម្ភ និងភាពជូរចត់ បាត់បង់សាច់ញាតិអស់ជាច្រើននាក់ក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា លោកស្រី ក៏បានបង្កើតទំនាក់ទំនងយ៉ាងល្អជាមួយលោក ហ៊ុន សែន ក្នុងគោលបំណងស្វែងរកវិធីបញ្ចប់សង្គ្រាមនៅកម្ពុជា។ លោកស្រីបានរំឭក អំពីបេសកម្មរបស់លោក ជាអ្នកសម្របសម្រួល បញ្ហាជាតិ ជាមួយលោកហ៊ុនសែន។
ក្រោមកិច្ចប្រឹងប្រែងរបស់លោកស្រី ការចរចារវាងលោក ហ៊ុន សែន និងអតីតព្រះមហាក្សត្រ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៨៧ បានឈានទៅដល់ការចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស បញ្ចប់សង្គ្រាមស៊ីវិលឆ្នាំ ១៩៩១ ដែលបង្កើតឲ្យមានអាណត្តិនៃបេសកកម្មអង្គការសហប្រជាជាតិមកកម្ពុជាដើម្បីជួយរៀបចំការបោះឆ្នោតជាតិ និងដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃក្នុងប្រទេស។
បន្ទាប់ពីការបង្កើតសន្ធិសញ្ញាសន្តិភាព ក្រុងប៉ារីស២៣តុលា១៩៩១ ដោយលោកស្រីជាអ្នករួមចំណែកមួយផងដែរ លោកស្រីដែលជាជនជាតិខ្មែររស់នៅបរទេសជាច្រើនឆ្នាំនោះ ក៏បានសម្រេចចិត្តវិលត្រលប់មករស់នៅកម្ពុជាវិញនៅឆ្នាំ១៩៩២ និងបានបង្កើតសម្ព័ន្ធខ្មែរជំរឿន និងការពារសិទិ្ធមនុស្ស ហៅកាត់ជាភាសាបារាំងថា លីកាដូ ផ្តល់សេវាកម្មពេទ្យដោយមិនយកកម្រៃដល់ប្រជាពលរដ្ឋក្រីក្រនៅកម្ពុជា។
លោកស្រី ពុង ឈីវកេក បានដឹកនាំអង្គការលីកាដូ រយៈពេលជាង២០ឆ្នាំ ដោយបានពង្រីកនូវការងាររបស់អង្គការ ដូចជាការផ្តល់សេវាច្បាប់ សេវាគាំពារ លើកស្ទួយសិទ្ធិស្ត្រី និងកុមារ ព្រមទាំងជនងាយរងគ្រោះជាដើម។ ការដឹកនាំដ៏ជោគជ័យនេះហើយ ដែលនាំឲ្យលោកស្រី ត្រូវបានមជ្ឈដ្ឋានជាច្រើន ទទួលស្គាល់ថា ជាស្ត្រីឆ្នើមមួយរូប ក្នុងមុខងារមេដឹកនាំអង្គការសង្គមស៊ីវិល ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទូយសិទ្ធិមនុស្សនៅកម្ពុជា និងជំរុញបញ្ហានយោបាយ ឈានទៅរកដំណោះស្រាយ។
ក្រោមការរួមចំណែករបស់លោកស្រី ជាមួយនឹងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ការជាប់គាំងនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតនីតិកាលទី៥ ដែលបានអូសបន្លាយអស់ពេលជិតមួយឆ្នាំមកនោះ ក៏បានឈានទៅដល់កិច្ចព្រមព្រៀងបញ្ចប់ជម្លោះនយោបាយ នៅថ្ងៃទី២២ ខែកក្កដាកន្លងទៅនេះ ហើយគណបក្សទាំងពីរ ក៏បានឯកភាពនូវកំណែទម្រង់ស្ថាប័នជាតិសំខាន់ៗមួយចំនួន រួមមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងស្ថាប័នសភាជាដើម។

ក្នុងកិច្ចព្រមព្រៀងកំណែទម្រង់សមាសភាពគជប គណបក្សទាំងពីរ បានសម្រេចអនុវត្តនូវរូបមន្តម្ខាងៗ៤រូបគឺមានន័យថា ៤រូបនេះត្រូវបានជ្រើសរើសចេញគណបក្សរៀងខ្លួន។ ចំណែក១រូបទៀត ដែល ជាបេក្ខជនទី៩ ត្រូវកំណត់ជ្រើសរើសដោយគណបក្សមានអាសនៈក្នុងសភាទាំងពីរ។
អ្នកវិភាគមួយចំនួន ព្រមានពីការជាប់គាំងកិច្ចព្រមព្រៀងរបស់គណបក្សធំពីរនេះ ព្រោះពួកគាត់មិនមានជំនឿថា មានឥស្សរជនណាម្នាក់ អាចរើសបានឡើយ។ អ្នកវិភាគគិតថា បេក្ខជនទី៩នេះ ត្រូវតែជាមនុស្សឯករាជ្យ និងមានសមត្ថភាពគ្រប់គ្រាន់ ដោយឃ្លាតឆ្ងាយពីជីវិតនយោបាយ ជាពិសេសមិនអាច រងឥទ្ធិពល គាបសង្កត់ខាងនយោបាយ។ ប៉ុន្តែនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក មានការប្រៀបធៀប ឬផ្គូរផ្គងគ្នាជាច្រើន ក្នុងចំណោមមេដឹកនាំសង្គមស៊ីវិល ដែលល្បីឈ្មោះ គឺមានដូចជា លោក ធន សារាយ លោក កុល បញ្ញា លោកហង្ស ពុទ្ធា លោក យេង វិរៈ លោកស្រី ជា វណ្ណាត អ្នកវិភាគ ឡៅ ម៉ុងហៃ លោក កែមឡី ជាដើម តែមានតែលោកស្រី ពុង ឈីវកេក ម្នាក់គត់ឈានមុខគេ ដែលសមជាមនុស្សទី៩ នៃគជប ថ្មីនេះ។
ចុះហេតុអ្វី បានជា លោកស្រី ពុង ឈីវកេក ត្រូវបានគណបក្សធំពីរនេះ ទទួលយកលោកជាមនុស្សទី៩ នៃស្ថាប័គជប អាណត្តិថ្មីនេះ?
ដោយសង្កេតឃើញពីគុណសម្បត្តិរបស់លោកស្រី ថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ ក៏បានសម្រេចស្នើឲ្យលោកស្រី ធ្វើជាបេក្ខជនទី៩របស់គជប។
ជុំវិញការស្នើបេក្ខភាពលោកស្រី ពុង ឈីវកេក ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលជាច្រើនរូប ក៏បានសម្តែងការគាំទ្រ ដោយចាត់ទុកថា លោកស្រី គឺជាមនុស្សមានសមត្ថភាពពេញលេញ មិនមាននិន្នាការនយោបាយ ហើយសាកសមសម្រាប់តួនាទីនេះ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថា និចហ្វិច លោកហង្ស ពុទ្ធា យល់ថា លោកស្រី ពុង ឈីវកេក មានបទពិសោធន៍ការងារច្រើន និងមានសមត្ថភាពក្នុងការសម្របសម្រួលការខ្វែងទស្សនៈរបស់គណបក្សទាំងពីរបានច្រើនជាងអ្នកដទៃ។
ក្នុងគោលបំណងធានាឯករាជ្យភាពស្ថាប័នរៀបចំការបោះឆ្នោត លោកស្រី ពុង ឈីវកេក បានសម្រេចទទួលយកសំណើររបស់បក្សនយោបាយធំពីរនោះ ដោយភ្ជាប់នូវលក្ខខណ្ឌមួយចំនួន រួមមាន ការទាមទារឲ្យសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ទទួលបានការការពារអភ័យឯកសិទ្ឋិ ការធានាស្វ័យភាពក្នុងការធ្វើសេចក្ដីសម្រេចចិត្ត និងសកម្មភាពផ្សេងៗទៀត។ លោកស្រីក៏ទាមទារឲ្យ គជប មានសិទ្ឋិ ជ្រើសរើសបុគ្គលិកជំនាញគ្រប់គ្រង ចាត់ចែង ការទទួលបានថវិកាដោយឯករាជ្យ និងជំនួយផ្សេងៗទាំងក្នុង និងក្រៅប្រទេស។
ក្រោយការប្រកាសទទួលយកសំណើនេះជាផ្លូវការ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន បានចាប់ផ្តើមបញ្ចេញមតិផ្សេងៗគ្នាជុំវិញបេក្ខភាពរបស់លោកស្រី។ អ្នកខ្លះលើកឡើងថា លោកស្រី ពុង ឈីវកេក គឺជានារីឆ្នើម ដែលមានចំនេះដឹង ជំនាញ ការយល់ដឹងខ្ពស់ និងសីលធម៌គួរឲ្យគោរពដែលអាចជួយធានាតម្លាភាព និងយុត្តិធម៌សម្រាប់ការបោះឆ្នោតនៅកម្ពុជា។ ប៉ុន្តែខ្លះទៀត លើកឡើងថា លោកស្រី ហាក់មានវ័យចំណាស់បន្តិចចំពោះការងារនេះ ខណៈដែលបច្ចុប្បន្ន លោកស្រី មានអាយុ ៧២ឆ្នាំ។ តែទន្ទឹមនឹងនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួន ក៏បង្ហាញនូវក្តីសង្ឃឹម ស្នើឲ្យលោកស្រីបំពេញតួនាទីប្រកបដោយភាពក្លាហាន កុំស្ថិតក្រោមគំនាបនយោបាយ។

អតីតឧត្តមទីប្រឹក្សារបស់សម្តេច ព្រះនរោត្តម សីហនុ លោកបណ្ឌិតច្បាប់ សាយ បូរី ដែលជាអ្នកតាមដានការវិវឌ្ឍសង្គមផងនោះ យល់ថា លោកស្រី ពុង ឈីវកេក គឺជាបេក្ខភាពសមរម្យម្នាក់ ដែលតែងតែអនុវត្តតួនាទីបានយ៉ាងល្អក្នុងសង្គម។ លោកថា ដើម្បីឲ្យស្ថាប័នជាតិមួយនេះឯករាជ្យគឺគណបក្សទាំងពីរត្រូវយល់ព្រមឲ្យលោកស្រី ពុង ឈីវកេក ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប ដើម្បីមានសិទ្ធិពេញលេញក្នុងការធ្វើសេចក្ដីសម្រេចកិច្ចការងាររបស់ស្ថាប័ននេះ។
យ៉ាងណាក៏ដោយ លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា លោកស្រី មិនទាន់អាចដឹងច្បាស់ថា លោកស្រីនឹងមានមុខតំណែងអ្វីក្នុងស្ថាប័នគជបថ្មីនេះ។ លោកស្រីប្រាប់ថាគេរង់ចាំក្រុមការងារគណបក្សទាំងពីរ ដំណើរការវិសោធនកម្មច្បាប់ជាមុនសិន។
ស្ថិតក្នុងស្ថានភាពដែលក្រសែភ្នែកពីគ្រប់មជ្ឈដ្ឋាន កំពុងផ្តោតលើរូបលោកស្រី លោកស្រី ពុង ឈីវកេក ប្តេជ្ញាចិត្តថា លោកស្រី នឹងអនុវត្តនូវតួនាទីថ្មីនេះ ឲ្យបានល្អត្រឹមត្រូវ ដើម្បីឲ្យកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ៕
សូមសរសេរមកលោក តាំង វីដា តាមរយៈ vida@vodhotnews.com
លោកស្រី ពុង ឈីវកេក៖ បើ គជប ថ្មីនេះមិនមានការកែប្រែទេ ខ្ញុំនឹងលាលែងពីតំណែង (វីដេអូ)
ដោយ៖ ឧស្សាហ៍ | ថ្ងៃអង្គារ ទី29 កក្កដា 2014
http://vodhotnews.com
លោកស្រី ពុង ឈីវកេក៖ បើ គជប ថ្មីនេះមិនមានការកែប្រែទេ ខ្ញុំនឹងលាលែងពីតំណែង
Comment shared from face-book friend
I don’t quite understand why people have such a high hope and depend on the outcome of the election. All CNRP supporters should realize that Hun Sen will not give up his power under any circumstances. Wake up people, the only way you can change is to rise up at one and overthrow his regime
In the end Hun Sen/CPP will make this NEC useless. Can you trust Hun Sen? Sam Rainsy and Kem Sokha needs to resigned in order for CNRP to survive. CNRP leaders are coward and they don’t know how to lead or negotiate. All they have done are gived in to their opponents. They both can gives speeches but all for broken promises. People have no trust in liars.