កាកា ចូល​ច្រៀង​ផលិតកម្ម​ថ្មី ក្រោយ​រងសម្ពាធ​ពី​ឪពុក

តារាចម្រៀង​នាង ព្រឿង ពេជ្រច័ន្ទម៉ូនីកា ហៅ​កាកា​។

តារាចម្រៀង​នាង ព្រឿង ពេជ្រច័ន្ទម៉ូនីកា ហៅ​កាកា​។
សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ បន្ទាប់ពី​ប្រកាស​ថា ប្រុង​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​បន្តិច​ពី​វិស័យ​សិល្បៈ​ដោយសារ​រង​សម្ពាធ​ឪពុក​ជា​មន្ត្រី​យោធា​នោះ ស្រាប់តែ​នៅពេល​នេះ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ក្លាស៊ីក នាង កាកា ដែល​មាន​ឈ្មោះ​ពិត​ថា ព្រឿង ពេជ្រច័ន្ទម៉ូនីកា បាន​ចេញ​មុខ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុង​នាម​ជា​តារាចម្រៀង​ដ៏សំខាន់​ម្នាក់​របស់​ផលិតកម្ម ដាយ​ម៉ិនម្ញូស៊ីក (Diamond Music) ដែល​នាំឲ្យ​មាន​ការ​លើក​ឡើង​ថា តារា​រូប​នេះ​ត្រូវ​ឪពុក​ដក​បម្រាម​ហើយ។

នៅក្នុង​បទសម្ភាស​មុន នាង​និយាយ​ថា៖​«​ការ​សម្រេច​ចិត្ត​ចង់​ឈប់​ពី​សិល្បៈ​នេះ ព្រោះ​តែ​មុន​ពេល​ចូល​សិល្បៈ​ខ្ញុំ​បាន​សន្យា​ជាមួយ​នឹង​ប៉ា​របស់​ខ្ញុំ​ថា ខ្ញុំ​លេង​សិល្បៈ​តែ​រយៈពេល​៨​ឆ្នាំ​ប៉ុណ្ណោះ ឥឡូវ​នេះ​៧​ឆ្នាំ​ហើយ នៅ​សល់​តែ​១​ឆ្នាំ​ទៀត ត្រូវ​បញ្ចប់»។

តារាចម្រៀង​នាង ព្រឿង ពេជ្រច័ន្ទម៉ូនីកា ហៅ​កាកា​។ សេត គឹមសឿន

នៅ​ខណៈពេល​ដែល​ការ​សន្យា​ជាមួយ​ឪពុក​ថា​នឹង​បញ្ចប់​ជីវិត​សិល្បៈ​ជិត​ចូល​មក​ដល់ ស្រាប់តែ​នៅ​ពេល​នេះ កាកា បាន​ចូល​ខ្លួន​ក្លាយ​ជា​អ្នក​ចម្រៀង​ផ្តាច់មុខ​ឲ្យ​ផលិតកម្ម ដាយ​ម៉ិនម្ញូស៊ីក ទៅវិញ​ក្នុង​កុងត្រា​កំណត់​រហូត​ដល់​ទៅ​៥​ឆ្នាំ តែ​គេ​សង្ស័យ​ថា តារា​រូប​នេះ​ចូល​ខ្លួន​នៅ ដាយ​ម៉ិនម្ញូស៊ីក ក្នុង​នាម​ជា​អ្នក​ដឹកនាំ​ផលិតកម្ម​ច្រើន​ជាង ខណៈ​នៅក្នុង​បទសម្ភាស​មុន​នាង​បាន​បញ្ជាក់​ថា ដ្បិតតែ​នាង​ចង់​ដក​ខ្លួន តែ​នាង​នឹង​លេច​វត្តមាន​ជា​អ្នក​ដឹកនាំ​ម្នាក់​។

មុន​នេះ នាង​បាន​បញ្ជាក់​ថា៖​«​បើសិន​ជា​ខ្ញុំ​បញ្ចប់ ខ្ញុំ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ដែរ ខ្ញុំ​អាច​ធ្វើ​សិល្បៈ​ដែរ តែ​លាក់​មុខ ដូចជា​ធ្វើ​អ្នក​ដឹកនាំ​ជាដើម»។ ដូច្នេះ​គេ​គិត​ថា តារា​រូប​នេះ​នឹង​មាន​តួនាទី​សំខាន់​មួយ​នៅក្នុង​ផលិតកម្ម ដាយ​ម៉ិនម្ញូស៊ីក ជា​មិន​ខាន​។

នាង​មិន​បាន​និយាយ​ដល់​ភាព​ជា​អ្នក​ដឹកនាំ​ផលិតកម្ម​ទេ ខណៈ​តារា​រូប​នេះ​មិន​លើក​ទូរស័ព្ទ តែ​នាង​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា៖​«ខ្ញុំ​ពិតជា​បាន​ចុះ​កុងត្រា​រយៈពេល​៥​ឆ្នាំ​ក្នុង​ផលិតកម្ម Diamond Musicពិតមែន​។ ខ្ញុំ​បាន​ចុះ​កុងត្រា ជាមួយ​ខាង​ផលិតកម្ម រយៈពេល​ជា​២​ខែ​មក​ហើយ»។ ទស្សនិកជន​កំពុង​ទន្ទឹង​រង់ចាំ​មើល​ថា តើ​នាង​នឹង​មាន​អ្វី​ថ្មី​សម្រាប់​ផលិតកម្ម​ថ្មី​នេះ?

កាកា មាន​ឈ្មោះ​ដើម​ថា ព្រឿង ពេជ្រច័ន្ទម៉ូនីកា តែ​ដល់​ពេល​ចូល​ច្រៀង​ឱ្យ​ផលិតកម្ម Classic នាង​ក៏​បាន​ដាក់​ឈ្មោះ «កាកា» នេះ​ជាប់​រហូត​មក។ ពេជ្រ ច័ន្ទម៉ូនីកា បាន​ចូល​ប្រឡង​ក្នុង​កម្មវិធី​កញ្ញាឯក​ប៊្រីដស្តុន របស់​ប៉ុស្តិ៍​លេខ​៩ តែ​មិន​បាន​ជាប់​ទេ បាន​ត្រឹម​លេខ​៤ ជា​កញ្ញាឯក​ថតរូប​ស្អាត​។ ក្រោយមក នាង​ក៏​បាន​ទៅ​ធ្វើ​តេស្ត​នៅ​ផលិតកម្ម Classic ហើយ​ក៏​បាន​ជាប់​ជា​តារាចម្រៀង ដោយ​កុងត្រា​៣​ឆ្នាំ និង​បាន​ថត​បទ​ជា CD បាន​ប្រមាណ​៥០​បទ តែ​ប្រជាប្រិយភាព​ហាក់​មាន​កម្រិត​៕


What Next?

Recent Articles

One Response to "កាកា ចូល​ច្រៀង​ផលិតកម្ម​ថ្មី ក្រោយ​រងសម្ពាធ​ពី​ឪពុក"

  1. Anonymous says:

    So beautiful my darling ! I love you more than i can say. I don’t care your father but i want marry you. I love you with all my heart. Pich monika darling, love you. Jub. Jub.