ស៊ុយ ហ៊ាមខេមរា
30 កក្កដា 2014
វីអូអេខ្មែរ
ភ្នំពេញ —
លោកស្រី ពុង ឈីវកេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ បានយល់ព្រមធ្វើជាសមាជិកម្នាក់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបន្ទាប់ពីមានការអញ្ជើញឱ្យចូលរួមពីគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជា។ ការយល់ព្រមទទួលយកការងារដែលមនុស្សរាប់លាននាក់ទាំងនៅក្នុងប្រទេសនិងឆាកអន្តរជាតិកំពុងតែផ្តោតអារម្មណ៍លើបាននាំឱ្យលោកស្រីយល់ថា ស្ថាប័នមួយនេះមានការទទួលខុសត្រូវខ្ពស់ចំពោះពលរដ្ឋកម្ពុជា។ តទៅនេះជាបទសម្ភាសរបស់លោកស៊ុយ ហ៊ាមខេមរានៃវីអូអេជាមួយនឹងលោកស្រីពុង ឈីវកេក៖
វីអូអេ៖តើលោកស្រីបានទទួលយកតាមសំណើរបស់គណបក្សនយោបាយទាំងពីរធ្វើជាសមាជិកទី៩នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហើយឬនៅ? ហើយតើអ្នកស្រីនឹងឡើងកាន់តំណែងអ្វីដែរ?
លោកស្រីពុង ឈីវកេក៖ ទាំងអស់គ្នាមូលមាត់គ្នាថា សុំឲ្យខ្ញុំទទួលយកទៅតំណែងហ្នឹងព្រោះអ្វីជាតំណែងមួយដែលអាចជួយដល់ប្រជាពលរដ្ឋយើងឲ្យថ្ងៃក្រោយទៅបានបោះឆ្នោតដោយសេរីនិងយុត្តិធម៌។ខ្ញុំក៏បានសរសេរសំបុត្រពីរដាច់ដោយឡែកពីគ្នាតែន័យដូចគ្នា ជូនទៅសម្តេចនាយកមួយ ឯកឧត្តមសម រង្សី និងឯកឧត្តមកឹម សុខាប្រធាន និងអនុប្រធានគណបក្សសង្រ្គោះជាតិ ជម្រាបសម្តេចនិងឯកឧត្តមទាំងពីរហ្នឹងថា ខ្ញុំទទួលយកសំណើហ្នឹងដោយមានលក្ខខណ្ឌខ្លះ។
វីអូអេ៖ លក្ខខណ្ឌអ្វីទៅបាទ?
លោកស្រី ពុងឈីវកេក៖ ទីមួយខ្ញុំចង់ឃើញស្ថាប័នគ.ជ.បហ្នឹងជាស្ថាប័នឯករាជ្យ ទី២សមាជិកទាំងអស់ធ្វើការដោយអព្យាក្រិត ទី៣ខ្ញុំចង់ឃើញថាស្ថាប័ននេះធ្វើតាមច្បាប់ ច្បាប់រដ្ឋធម្មនុញ្ញ ធ្វើវិសោធនកម្ម ដាក់ស្ថាប័នហ្នឹងចូលក្នុងរដ្ឋធម្មនុញ្ញជំពូក១៥។ ទី៤ខ្ញុំចង់ឃើញថវិកាមួយដាក់ដោយឡែក។ថវិកាហ្នឹងសំខាន់ណាស់អាហ្នឹងសំខាន់ណាស់ យើងមានអ្វីៗទាំងអស់យើងមិនអាចធ្វើការងារបានល្អប្រសិនបើខ្វះថវិកា។ អីចឹងត្រូវមានថវិកាមួយស្វយ័ត។
វីអូអេ៖ តើគណបក្សទាំងពីរយល់ព្រមលើលក្ខខណ្ឌទាំងអស់ហ្នឹងហើយឬនៅ?
លោកស្រី ពុង ឈីវកេក៖ ច៎ាសគេមិនជំទាស់ទេ។ លក្ខខណ្ឌទាំងអស់ហ្នឹងប្រហែលជានៅក្នុងរដ្ឋធម្មនុញ្ញ ពីព្រោះជាធម្មតាទាំងអស់ហ្នឹងត្រូវសរសេរក្នុងរដ្ឋធម្មនុញ្ញ ឬក្នុងច្បាប់។ ឥឡូវហ្នឹងក្រុមការងារកំពុងតែធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីព្រោះថាគណបក្សទាំងពីរយល់ស្របថានឹងដាក់ចូលក្នុងរដ្ឋធម្មនុញ្ញហើយជំពូក១៥។ អីចឹងត្រូវនៅក្នុងរដ្ឋធម្មនុញ្ញ ហើយច្បាប់គ.ជ.បក៏ត្រូវធ្វើថ្មីដែរបានន័យថាត្រូវធ្វើវិសោនកម្មដែរ។ អីចឹងយើងមិនទាន់ដាក់ចូលកន្លែងណាទេ បើល្អដាក់ចូលក្នុងរដ្ឋធម្មនុញ្ញទាំងអស់។ អីចឹងនេះជាលក្ខខណ្ឌរបស់ខ្ញុំដើម្បីអាចឲ្យខ្ញុំចូលទៅធ្វើការក្នុងស្ថាប័នឯករាជ្យពិតប្រាកដដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
វីអូអេ៖ចុះតំណែងអ្វីដែលអ្នកស្រីនឹងធ្វើនៅគ.ជ.បជាតំណែងអ្វីដែរ? តើលោកស្រីនឹងអាចចាប់ផ្តើមធ្វើការនៅពេលណាដែរ?
លោកស្រីពុង ឈីវកេក៖តំណែងអ្វីយើងមិនទាន់សន្និដ្ឋានបានឥឡូវនេះទេ តើរដ្ឋធម្មនុញ្ញធ្វើវិសោធនកម្មចែងយ៉ាងម៉េចខ្លះហើយច្បាប់គ.ជ.បថ្មីដែលធ្វើវិសោធនកម្មច្បាប់ថ្មីក៏មិនដឹងយ៉ាងម៉េច។
វីអូអេ៖ តើមូលហេតុអ្វីដែលលោកស្រីយល់ព្រមទទួលសំណើនេះ?
លោកស្រីពុង ឈីវកេក៖«ហេតុអ្វីៗ? នេះជាសំណួរល្អ។ ដូចខ្ញុំជម្រាបខាងដើមចឹងពីព្រោះខ្ញុំដឹងថាតួនាទីរបស់គ.ជ.បថ្មីនេះគឺថាម្តងនេះប្រជាពលរដ្ឋលោកភ្ញាក់ផ្អើលណាស់ លោកនឹងតាមដានមើលយ៉ាងសកម្ម ហើយលោកនឹងវាយតម្លៃ ដូច្នេះសមាជិកទាំង៩របស់គ.ជ.បថ្មីនេះត្រូវតែខំប្រឹងប្រែងណាស់ ពីព្រោះបើធ្វើអ្វីខុសតែបន្តិចប្រជាពលរដ្ឋលោកថ្កោលទោស វាយតម្លៃហើយ។ឥឡូវនេះយើងមានប្រព័ន្ធផ្សព្វផ្សាយ នានាតាម Facebook ក្តីតាមអី្វៗក្តីគឺអ្វីៗប្រជាពលរដ្ឋគាត់ដឹងទាំងអស់ មិនអាចលាក់បានទេ ត្រូវតែធ្វើការដោយមានតម្លាភាព ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមផង បើធ្វើខុសអ្វីតែបន្តិចប្រជាពលរដ្ឋហ្នឹងហើយដែលថ្កោលទោសយើង ដូច្នេះយើងត្រូវខំប្រុងប្រយ័ត្នឲ្យមែនទែន ដើម្បីធ្វើឲ្យត្រឹមត្រូវតាមច្បាប់រដ្ឋធម្មនុញ្ញ តាមច្បាប់ជាតិយើងទាំងប៉ុន្មាន ដើម្បីឲ្យគ.ជ.បធ្វើកិច្ចការងារល្អ ហើយទៅ អនាគតទៅបោះឆ្នោតហើយគ្មានបញ្ហាទៀត ឲ្យប្រជាពលរដ្ឋភាគច្រើនទទួលយកលទ្ធផលឆ្នោត។
វីអូអេ៖ ការបោះឆ្នោតអណត្តិមុនៗ ជាពិសេសអណត្តិឆ្នាំ២០១៣ គ.ជ.បទទួលរងការរិះគន់ធ្ងន់ៗថាមានភាពលំអៀងទៅកាន់គណបក្សកាន់អំណាច។ តើលោកស្រីមើលឃើញចឹងដែរអត់បាទ?
លោកស្រី ពុង ឈីវកេក៖ ខ្ញុំថាកុំចាំយកមតិរបស់ខ្ញុំយើងយកមតិភាគច្រើនរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក អ៊ីម៉េល យើងឃើញហើយគ.ជ.បទទួលរងការរិះគន់មែន។ អីចឹងបានខ្ញុំគិតថាគ.ជ.បថ្មីដែលមានសមាជិក៩នាក់នេះ គឺត្រូវប្រុងប្រយ័ត្នឲ្យមែនទែន បើធ្វើការហើយមិនល្អគ្មាននណាដែលកាត់ទោសគ.ជ.បមុនពលរដ្ឋខ្មែរយើងហ្នឹងទេ ពីព្រោះលោកមានមធ្យោបាយច្រើនយ៉ាងណាស់ដែលតាមដានដោយលម្អិត។
វីអូអេ៖យើងបានដឹងហើយថាគ.ជ.បហ្នឹងជាកន្លែងដ៏រសើបមួយរបស់គណបក្សនយោបាយនៅកម្ពុជា តើលោកស្រីមានការព្រួយបារម្ភទេថានៅពេលដែលលោកស្រីឡើងកាន់តំណែង លោកស្រីអាចនឹងរងសម្ពាធពីគណបក្សនយោបាយដែរឬយ៉ាងណា? តើអ្វីជាជំហរដាច់ខាតរបស់លោកស្រីដើម្បីចូលរួមធ្វើយ៉ាងណាដើម្បីឲ្យគ.ជ.បហ្នឹងពិតជាឯករាជ្យ?
លោកស្រីពុង ឈីវកេក៖ ខ្ញុំព្រួយបារម្ភអញ្ចេះ។ ខ្ញុំព្រួយបារម្ភថាសមាជិក៤នាក់ៗមកពីគណបក្សនយោបាយនីមួយៗនឹងធ្វើការជាមួយគ្នាពិបាក។ប៉ុន្តែខ្ញុំជឿជាក់ថាទាំង៨នាក់សុទ្ធតែជាខ្មែរ អីចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់ហ្នឹងនឹងមានបំណងដូចគ្នាគឺចង់ឃើញប្រទេសជាតិយើងមានស្ថិរភាព សន្តិភាព ពីព្រោះថាសន្តិភាពមិនមែនគ្រាន់តែអត់សង្គ្រាមតែមួយមុខទេ។ អីចឹងបើចិត្តស្រឡាញ់ប្រទេសជាតិដូចគ្នាខ្ញុំជឿជាក់ថាយើងអាចធ្វើការជាមួយគ្នាបាន។ យើងមិនមែនសត្រូវនឹងគ្នាឯណា? ឈាមដូចគ្នា។ បើយើងធ្វើការមិនបានល្អ ប្រទេសយើងបោះឆ្នោតហើយនៅតែមានបញ្ហាមិនឈប់មិនឈរអញ្ចឹង។ ខ្ញុំគិតថាយើងមិនអាចអភិវឌ្ឍន៍បានទេ។ យើងវេទនាយូរឆ្នាំមកហើយ គួរតែខ្មែរនិងខ្មែរហ្នឹងពេលតែបោះឆ្នោតចប់ហើយយើងគួរចាប់ដៃគ្នាធ្វើការក្នុងប្រទេសជាតិកុំរើសអើងគ្នា៕

យល់ព្រម និងឯកភាពតាមយោបល់ខាងលើ៖ មានលោក ឡៅ ម៉ុង ហៃ លោក កែម ឡី លោក ម្នាក់ទៀត ខ្ញុំភេ្លចឈ្មោះគាត់ គឺជាព្រឹត្តិបុរសនៅសកលវិទ្យាល័យខេមរះ និង លោក គុល បញ្ញា (ជ្រើសយកអ្នកណាម្នាក់ក៏បាន)
គឺ បណ្ឌិត សុខ ទូច
លោកបណ្ឌិត សុខ ទូច សកលវិទ្យាធិការ នៃសាកលវិទ្យាល័យខេមរះ
hopely our country going smooth to ward real democracy and develope our country like singapore.GOD bless all cambodian people’
Whish you to be a president of new NEC.,but you must keep as an neutral person,independent
and transparent during your implementing your tenure for our miserable nation and country.
god bless you & your family