Wed, 30 July 2014
ឆាយ ច័ន្ទនីដា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សេវារថយន្តក្រុងសាធារណៈ នឹងពង្រីកខ្សែរថចំនួន ៣ ខ្សែក្នុងខែកញ្ញា ខាងមុខនេះ ឲ្យទៅដល់គីឡូម៉ែត្រលេខ ៩ ផ្លូវជាតិលេខ ១ ចោមចៅ និង ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលជាការកែសម្រួលពីខ្សែរថផ្លូវ មុនីវង្ស ដែលមានស្រាប់។ នេះបើតាមការឲ្យដឹងពីមន្ត្រីសាលារាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានី ថ្លែងថា រថយន្តបន្ថែមចំនួន ៤០ គ្រឿងសម្រាប់បម្រើសេវារថយន្តក្រុងទើបមកដល់កម្ពុជា ដូច្នេះអាជ្ញាធរបានបើកកិច្ចប្រជុំមួយកាលពីម្សិលមិញ ដើម្បីសម្រេចគម្រោងកែសម្រួលខ្សែរថ និងពង្រីកជាបីខ្សែ ដែលសព្វថ្ងៃបានដំណើរការតែលើផ្លូវមុនីវង្ស តាំងពី ខែមីនា មក។
លោកបាននិយាយថា៖ «ឯកឧត្តម អភិបាលបានសម្រេចធ្វើការកែសម្រួលជាបីខ្សែ។ ខ្សែ ទី១ គឺចាប់ពីគីឡូម៉ែត្រលេខ ៩ មកតាមផ្លូវ មុនីវង្ស រហូតឆ្លងស្ពានក្បាលថ្នល់កាត់តាម ច្បារអំពៅ រហូតដល់ វត្តក្តីតាកុយ (ផ្លូវជាតិលេខ ១)។ ខ្សែ ទី២ ចាប់ផ្តើមពីរង្វង់មូលកួចកាណុង (ទូតបារាំង) តាមផ្លូវទំនប់ ទួលគោក រហូតដល់អង់តែន ទួលគោក កាច់មកដល់ផ្លូវ គីម អ៊ីលស៊ុង (សាលាតិចណូ) ឆ្លងកាត់លើផ្លូវ ម៉ៅ សេទុង រហូតមកដល់ស្ថានទូត ចិន និងឆ្ពោះមកស្តុបជលផល ហើយឆ្ពោះទៅចាក់អង្រែ និងដល់ ក្រុងតាខ្មៅ។ ចំពោះខ្សែ ទី៣ គឺចាប់ពីផ្សាររាត្រី កាត់តាមផ្សារចាស់ ចេញតាមផ្លូវ កម្ពុជាក្រោម រហូតដល់សាលា សន្ធរម៉ុក កាច់ស្តាំឡើងមកផ្លូវសហព័ន្ធ រុស្ស៊ី រហូតមកដល់ ចោមចៅ តែម្តង»។
លោកនិយាយថា រថយន្តទាំងនេះជារថយន្តដែលគេប្រើប្រាស់រួច (ជជុះ) ដែលបានកុម្មង់ទិញពី ប្រទេសកូរ៉េ កាលពីប៉ុន្មានខែមុន បានមកដល់ ប្រទេសកម្ពុជា នៅ កំពង់ផែព្រះសីហនុ ហើយ ហើយនាពេលនេះ អាជ្ញាធររាជធានីកំពុងរៀបចំបែបបទដឹករថយន្តមករាជធានី និងបន្ទាប់មកធ្វើការតុបតែងកែលម្អរថយន្តក្រុងនេះ និងរៀបចំគូសគំនូសលើផ្លូវដែលមានខ្សែរថ។
លោកបន្ថែមថា៖ «ជារថយន្តជជុះ តែយើងអាចប្រើប្រាស់បាន។ នៅពេលរថយន្តមកដល់ភ្នំពេញ យើងនឹងលាបថ្នាំ បាញ់ពណ៌ ធ្វើឡូហ្គោ ដើម្បីចាប់ផ្តើមរថហើយ»។
ក្នុងខណៈពេលដែលអាជ្ញាធរធ្លាប់អះអាងថា មានក្រុមហ៊ុនចំនួនបី កំពុងស្ថិតក្នុងការពិចារណាដើម្បីជ្រើសធ្វើជាដៃគូសម្រាប់សេវារថយន្តក្រុងនេះ លោក ឡុង ឌីម៉ង់ បញ្ជាក់ថា មកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាដែលអាជ្ញាធរ បានជ្រើសរើសបាននៅឡើយ តែលោកមិនបានបញ្ជាក់មូលហេតុ។ ដូច្នេះសាលាក្រុងនឹងចាប់ដំណើរការសេវានេះដោយខ្លួនឯង ហើយអាជ្ញាធរមួយដើម្បីគ្រប់គ្រងសេវាមួយនេះ នឹងត្រូវបង្កើតឲ្យបានមុន ខែកញ្ញា ផងដែរ។
លោកថា៖ «យើងបានជជែកគ្នារឿងទាំងអស់ទុក ១ ខែនេះ ត្រូវបង្កើតឲ្យបាន ក្បាលម៉ាស៊ីនដឹកនាំនៃរដ្ឋាករស្វយ័តសេវាដឹកជញ្ជូន។ យើងមិនទាន់រកក្រុមហ៊ុនឯកជនបាននៅឡើយទេ គឺរដ្ឋធ្វើខ្លួនឯងសិន»។
ក្នុង ខែមីនា ក្រុមហ៊ុនចិនឈ្មោះ Global (Cambodia) ត្រូវបានសហការជាមួយសាលារាជធានីភ្នំពេញដាក់ឲ្យដំណើរការនូវរថយន្តក្រុងសាធារណៈ តាមបណ្តោយផ្លូវ មុនីវង្ស។ ក្រុមហ៊ុននេះបានសន្យានឹងពង្រីកសេវានេះ ប៉ុន្តែនៅ ខែមេសា ក្រោយបញ្ចប់គម្រោងសាកល្បងអាជ្ញាធររាជធានី ក៏បានផ្អាកគម្រោងជាមួយក្រុមហ៊ុន ហើយបានអនុវត្តតែម្នាក់ឯង ដោយមានរថយន្តចំនួន ១០ ដំណើរការមកទល់ពេលនេះដោយគិតថ្លៃ ១៥០០ រៀលក្នុងមួយលើក៕
If I want to walk where I can walk? do i have to walk in the street ? CPP ruled government including pp authorities did not think about this? Roads without clear signs and traffic lights? What did they do for almost 30 years?