ដោយ៖ ស៊ុន ណារិន និង ប្រែង សត្យាភិរក្ស
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
ក្រុមការងារជំនាញរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សម្រេចឯកភាពគ្នាថា រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី ចាំបាច់ត្រូវតែចូលមកបំភ្លឺតាមសំណើរបស់អ្នកតំណាងរាស្ត្រ ដែលជាចំណុចមួយថ្មីមួយ ដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញ។នេះបើយោងតាមសេចក្តីព្រាងកិច្ចព្រមព្រៀងថ្មីរវាងគណបក្សទាំងពីរ នៅក្នុងកិច្ចព្រមព្រៀងស្តីពីការចរចាធ្វើសេចក្តីព្រាងវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ចុះហត្ថលេខាដោយលោក ឈាង វុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា និង លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានក្រុមងាររបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៤។
សេចក្តីព្រាងបញ្ជាក់ត្រង់ប្រការ៣២ថ្មីថា អ្នកតំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល ដែល ត្រូវសរសេរជាលាយលក្ខណ៍អក្សរ រួចប្រគល់ជូនតាមរយៈប្រធានរដ្ឋសភា ហើយចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូបអាស្រ័យដោយបញ្ហាដែលបានចោទឡើងពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីមួយរូប ឬច្រើនរូប។
សេចក្តីព្រាងឲ្យដឹងទៀតថា បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។ ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ឬសរសេរជាលាយលក្ខណ៍អក្សរ ហើយ«ចាំបាច់ត្រូវតែចូលមកបំភ្លឺតាមសំណើរបស់អ្នកតំណាងរាស្ត្រ»។ ចម្លើយខាងលើនេះ អាចត្រូវធ្វើឡើងក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។
សេចក្តីព្រាងបញ្ជាក់ថា ចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចឲ្យមាន ឬមិនឲ្យមិនការជជែកដេញដោល។ បើគ្មានការបើកឲ្យជជែកដេញដោលទេ នោះចម្លើយរបស់រដ្ឋមន្ត្រីឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្តង។
ចំណែកប្រការ៣៤(ថ្មី)គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រី ឬវរជនណាមួយមកបំភ្លឺពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន ហើយ«រដ្ឋមន្ត្រី ឬវរជននោះចាំបាច់ត្រូវតែចូលមកបំភ្លឺ»។
ប្រការ៦ថ្មី(ពីរ)នៅក្នុងសេចក្តីព្រាង យល់ព្រមឲ្យមានការបង្កើតគណៈកម្មការថ្មីមួយគឺគណៈកម្មការទី១០-គណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ។ ចំណុចមួយទៀតបញ្ជាក់ថា អនុប្រធានទាំងពីរ ជួយធ្វើការប្រធានទៅតាមការបែងចែកភារកិច្ចពីប្រធាន។ កាលបើប្រធានអវត្តមាន ឬមកធ្វើការពុំបាន អនុប្រធានធ្វើការជួសប្រធានក្នុងឋានៈជាប្រធានស្ដីទី តាមរយៈលិខិតផ្ទេរសិទ្ធិ ហើយ«ការផ្ទេរសិទ្ធិនេះត្រូវធ្វើទៅតាមឋានានុក្រម»។
ចំណុចមួយទៀត លើកឡើងថា រដ្ឋសភាមានអគ្គលេខាធិការដ្ឋានមួយទទួលបន្ទុកខាងការរៀបចំធ្វើកំណត់ហេតុរបស់រដ្ឋសភានិងរបស់គណៈកម្មការនានា។អគ្គលេខាធិការដ្ឋាននេះទទួលរ៉ាប់រងនូវគ្រប់កិច្ចការរដ្ឋបាលនិងសេវានានាជូនរដ្ឋសភា និងគណៈកម្មការទាំងអស់ ព្រមទាំងទំនាក់ទំនងផ្សេងៗក្រៅរដ្ឋសភា។
អគ្គលេខាធិការដ្ឋានបង្កើតឲ្យមានការផ្សព្វផ្សាយរបស់គណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា បន្ទាប់ពីសម័យប្រជុំពេញអង្គ។ខ្លឹមសារនៃការផ្សព្វផ្សាយនោះ ត្រូវស្របតាមរបៀបវារៈនៃសម័យប្រជុំរបស់រដ្ឋសភា ហើមានថេរៈវេលាមិនលើសពី២០នាទី។ការផ្សព្វផ្សាយព័ត៌មានរដ្ឋបាលជាភារកិច្ចរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
VOD មិនទាន់អាចទាក់ទង លោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីអត្ថាធិប្បាយបន្ថែមលើកិច្ចព្រមព្រៀងនេះបាននៅឡើយទេ។
លោក ឈាង វុន ប្រាប់ VOD ថា លោកមិនអាចបញ្ជាក់ពីចំណុចខុសគ្នាបានទេ ដោយឲ្យទៅពិនិត្យមើលចំណុចចាស់នៅក្នុងរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា សេចក្តីព្រាងនេះ នឹងត្រូវសម្រេចពេលបេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិ ចូលប្រជុំសភា។
ចំណុចចាស់ ដែលត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ
មាត្រា ៨៧.-ប្រធានរដ្ឋសភាដឹកនាំអង្គប្រជុំរបស់រដ្ឋសភា ទទួលអាញ្ញត្តិច្បាប់ និងសេចក្ដីសម្រេចចិត្តទាំងឡាយ ដែលរដ្ឋសភាបានអនុម័ត រ៉ាប់រងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា និង ចាត់ចែងការទាក់ទងអន្តរជាតិទាំងឡាយរបស់រដ្ឋសភា។
ក្នុងករណី ដែលប្រធានរដ្ឋសភាមានធុរៈមិនអាចបំពេញមុខងារបាន ដោយហេតុមកពីមានជម្ងឺ ឬបំពេញមុខងារជាប្រមុខរដ្ឋស្ដីទី ឬជាព្រះរាជានុសិទ្ធិ ឬបំពេញបេសកកម្មនៅបរទេស អនុប្រធានរដ្ឋសភាមួយរូបត្រូវទទួលភារកិច្ចចាត់ចែងការងារជំនួស។
ក្នុងករណីដែលប្រធាន ឬអនុប្រធានរដ្ឋសភាលាលែងពីមុខតំណែង ឬទទួលអនិច្ចកម្ម រដ្ឋសភាត្រូវបោះឆ្នោតជ្រើសតាំងប្រធាន ឬអនុប្រធានថ្មី។
មាត្រា ៩៦.-តំណាងរាស្ត្រមានសិទ្ធិដាក់សំណួរដល់រាជរដ្ឋាភិបាល។ សំណួរនេះត្រូវសរសេរជាលាយលក្ខណ៍អក្សរប្រគល់ជូនតាមរយៈប្រធាន រដ្ឋសភា។ចម្លើយអាចធ្វើឡើងដោយរដ្ឋមន្ត្រីមួយរូប ឬច្រើនរូប អាស្រ័យដោយបញ្ហាដែលបានចោទឡើង ពាក់ព័ន្ធនឹងការទទួលខុសត្រូវរបស់មន្ត្រីមួយរូប ឬច្រើនរូប។ បើបញ្ហាពាក់ព័ន្ធដល់នយោបាយទូទៅរបស់រាជរដ្ឋាភិបាលនាយករដ្ឋមន្ត្រី ត្រូវឆ្លើយផ្ទាល់ខ្លួន។
ចម្លើយរបស់រដ្ឋមន្ត្រី ឬរបស់នាយករដ្ឋមន្ត្រី អាចធ្វើដោយផ្ទាល់មាត់ ឬ សរសេរជាលាយលក្ខណ៍អក្សរ។
ចម្លើយខាងលើនេះ ត្រូវធ្វើឡើងក្នុងរយៈពេល ប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលសំណួរ។ចំពោះចម្លើយផ្ទាល់មាត់ ប្រធានរដ្ឋសភាអាចសម្រេចបើកឱ្យមាន ឬមិនឱ្យមានការជជែកដេញដោល។ បើគ្មានការបើកឱ្យជជែកដេញដោលទេនោះចម្លើយរបស់ រដ្ឋមន្ត្រី ឬនាយករដ្ឋមន្ត្រី នឹងបញ្ចប់សំណួរតែម្ដង។
បើមានការបើកឱ្យជជែកដេញដោលម្ចាស់សំណួរ វាគ្មិនឯទៀត និងរដ្ឋមន្ត្រីពាក់ព័ន្ធ ឬនាយករដ្ឋមន្ត្រីអាចជជែកប្ដូរយោបល់ ក្នុងរយៈពេលដែលមិនអាចលើសពីមួយពេលប្រជុំឡើយ។
រដ្ឋសភាកំណត់ទុកពេលមួយថ្ងៃ ក្នុងមួយសប្ដាហ៍ សម្រាប់ការឆ្លើយសំណួរ។ ទោះបីយ៉ាងណាក៏ដោយ សម័យប្រជុំសម្រាប់ឆ្លើយសំណួរខាងលើនេះមិនអាចបើកលទ្ធភាពឱ្យមាន ការបោះឆ្នោតប្រភេទណាមួយបានឡើយ។
មាត្រា ៩៧.-គណៈកម្មការទាំងឡាយរបស់រដ្ឋសភា អាចអញ្ជើញរដ្ឋមន្ត្រីមកបំភ្លឺអំពីបញ្ហាអ្វីមួយ ដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួន។
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
I fully support this agreement. I strongly support the amendment of the internal rule of the National Assembly saying that the government minister(s) or/and Prime Minister shall definitely be appeared at the National Assembly’s Question-Answer session in person to clarify or response to questions raised by MPs. They have to verbally response to questions raised by MPs at the National Assembly and this shall be live-broadcast or televised for Cambodian citizens to listen and watch. If this works, it will be the first time for Cambodia’s Assembly to question or impeach minister(s) or prime minister or high dignity for their responsibility in implementation of the national policy.
In other democratic countries, the government minister(s) or prime minister or high dignity have to appear at the National Assembly, if invited, to clarify any important issues related to the performance of the national policy or any issues that badly affects the national interests. In the past, Tomi Blair, former prime minister of the Great Britain and his high-ranking officials were impeached and questioned by the parliamentarians on enforcement of the national policy. Thus, it is time for Cambodia to do so. By so doing, it would prove that the legislative body is influential and totally separated from the executive body. The country’s National Assembly has to be reformed to democratize this institution.