ដោយ ដែន អយុធ្យា
2014-07-30
RFA

សន្និសីទសារព័ត៌មាន និងផ្សព្វផ្សាយរបាយការណ៍ស្ដីពី ការរៀបអាពាហ៍ពិពាហ៍នារីកម្ពុជា ជាមួយបុរសចិន ក្រោមរូបភាពការជួញដូរមនុស្ស និងជួញដូរកម្លាំងពលកម្ម នាទីស្នាក់ការកណ្ដាលសមាគមអាដហុក នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤។ RFA/Den Ayuthyea
សមាគមអាដហុក (adhoc) បង្ហាញក្តីព្រួយបារម្ភចំពោះសកម្មភាពនៃការជួញដូរស្ត្រីខ្មែរ ទៅក្រៅប្រទេស ពិសេសប្រទេសចិន ក្រោមរូបភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរសជាជនបរទេសតាមរយៈមេខ្យល់មួយចំនួន។
ទាក់ទងបញ្ហានេះ មន្ត្រីក្រសួងការបរទេស និងក្រសួងមហាផ្ទៃ ជាដើម បានអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសគ្រួសារ ឬជនរងគ្រោះ ត្រូវដាក់ពាក្យបណ្ដឹងមកកាន់ស្ថាប័នពាក់ព័ន្ធ ឬសមត្ថកិច្ច ដើម្បីមានវិធានការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះឲ្យបានទាន់ពេល។
សេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកក្កដា បង្ហាញថា ៦ខែដើមឆ្នាំ២០១៤ នេះ សមាគមអាដហុក ទទួលបានពាក្យបណ្ដឹងជួញដូរមនុស្សចំនួនជាង ១០០បណ្ដឹង (១០៨) និងមានជនរងគ្រោះសរុបចំនួនជិត ៣០០នាក់ (២៩៥)។ ក្នុងនោះប្រទេសចិន មានចំនួន ២៦ករណី និងមានជនរងគ្រោះចំនួន ២៩នាក់។ បើប្រៀបធៀប ៦ខែដើមឆ្នាំ២០១៣ គឺមានសញ្ញាធ្ងន់ធ្ងរ។
អ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្ត្រី កុមារ និងដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់សមាគមអាដហុក ឲ្យដឹងក្នុងសន្និសីទកាសែតព្រឹកថ្ងៃពុធ ថា ជនរងគ្រោះដែលចាញ់បោកមេខ្យល់យកទៅរៀបការជាមួយបុរសជនជាតិចិន បានជួបបញ្ហាមួយចំនួន ដូចជា ការធ្វើទារុណកម្មផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការផ្ទះដូចជាទាសករ ជាដើម។
អ្នកស្រីបន្តថា ការជួញដូរស្ត្រីទៅលក់នៅប្រទេសចិន គឺបណ្ដាលមកពីកត្តាពីរយ៉ាងសំខាន់ គឺកត្តាជំរុញ និងកត្តាអូសទាញ។ កត្តាជំរុញ គឺផ្ដើមពីភាពក្រីក្រ ខ្វះការអប់រំ ខ្វះទីផ្សារការងារក្នុងស្រុក ការបាត់បង់ដីធ្លី និងជំពាក់បំណុលធនាគារ ជាដើម។ ចំណែកកត្តាអូសទាញ គឺភាពជឿនលឿនរបបទីផ្សារសេរី ដែលសម្បូរបែបដោយសម្ភារៈនិយម ឬសម្ភារៈទំនើប និងទាន់សម័យ ជាដើម៖ «ជនរងគ្រោះរងនូវសុខភាពទ្រុឌទ្រោម ធ្វើការដូចជាទាសករដាច់ថ្លៃសម្រាប់គ្រួសារទាំងមូល។ ទទួលរបបអាហារមិនគ្រប់គ្រាន់ និងមានជីវជាតិមិនគ្រប់គ្រាន់ ការលក់បន្តទៅឲ្យអ្នកផ្សេង ឬលក់បន្តទៅឲ្យផ្ទះបន ការរំលោភផ្លូវភេទពីសំណាក់បុរសជាប្ដី ឬគ្រួសារ»។
អ្នកស្រី ឆន សុគន្ធា បន្ថែមថា បញ្ហាប្រឈមរបស់ជនរងគ្រោះជាស្ត្រីខ្មែរ ដែលសមាគមអាដហុក រកឃើញ គឺដោយសារមេខ្យល់ដើរផ្សព្វផ្សាយពីការរើសនារីខ្មែរ យកទៅរៀបការជាមួយបុរសបរទេស ឬជនជាតិចិន ជាដើម។ អ្នកស្រីបន្តថា នៅពេលមេខ្យល់បាននាំស្ត្រីខ្មែរទាំងនោះទៅដល់ប្រទេសចិន ត្រូវមេខ្យល់លក់ដូរទៅឲ្យបុរសជនជាតិចិន ទិញធ្វើប្រពន្ធ ឬទិញទុកសម្រាប់ធ្វើខ្ញុំបម្រើនៅក្នុងគ្រួសារជនជាតិចិន ហើយស្ត្រីខ្មែរភាគច្រើន ត្រូវរងការធ្វើបាបផ្លូវចិត្ត ផ្លូវកាយ ផ្លូវភេទ បង្អត់អាហារ និងឃុំខ្លួនឲ្យនៅតែក្នុងបន្ទប់ ជាដើម។ អ្នកស្រី សុគន្ធា ឲ្យដឹងទៀតថា ស្ត្រីខ្មែរម្នាក់ត្រូវមេខ្យល់លក់ទៅឲ្យបុរសជនជាតិចិន ក្នុងតម្លៃចន្លោះពី ១ម៉ឺនដុល្លារ ទៅ ១ម៉ឺន ៥ពាន់ដុល្លារសហរដ្ឋអាមេរិក ហើយស្ត្រីខ្មែរខ្លះត្រូវគេលក់ដូរពីបុរសជនជាតិចិន ម្នាក់ ទៅម្នាក់ទៀតដូចទំនិញ ចន្លោះពី ២ ទៅ ៣ដងក៏មាន។
ស្ត្រីរងគ្រោះវ័យ ១៨ឆ្នាំម្នាក់ មកពីខេត្តកណ្តាល ស្នើមិនបញ្ចេញឈ្មោះ ដែលត្រូវមេខ្យល់ជួញដូរទៅប្រទេសចិន បានរៀបរាប់ក្នុងសន្និសីទកាសែតនាសមាគមអាដហុក នៅព្រឹកថ្ងៃពុធ ទី៣០ ខែកក្កដា ថា នៅពេលទៅដល់ប្រទេសចិន រូបនាងត្រូវមេខ្យល់លក់ដូរបន្តពីបុរសចិន ម្នាក់ ទៅម្នាក់ទៀតចំនួន ២លើក។ ហើយតួនាទីរបស់នាងនៅក្នុងគ្រួសារចិន គឺគ្មានអ្វីក្រៅពីបម្រើផ្លូវភេទ និងធ្វើជាខ្ញុំបម្រើក្នុងគ្រួសារជនជាតិចិន ទាំងនោះដូចទាសករ។ ស្ត្រីរងគ្រោះរៀបរាប់ទាំងអួលដើមកថា រូបរាងកាយ និងផ្លូវភេទរបស់នាង ត្រូវបុរសជនជាតិចិន រំលោភញាំញីដូចសត្វធាតុ និងរងទុក្ខវេទនាខ្លោចផ្សា។
ស្ត្រីរងគ្រោះរូបនេះបន្ថែមថា នៅពេលរូបនាងត្រូវមេខ្យល់ជួញដូរទៅកាន់ប្រទេសចិន គឺទើបមានអាយុ ១៧ឆ្នាំទេ ហើយបានទៅដល់ប្រទេសចិន នៅដើមឆ្នាំ២០១៣។ អំឡុងពេលមេខ្យល់ជួញដូរនោះ រូបនាងត្រូវរលូតកូនចំនួន ២ដង ដោយសារបុរសជនជាតិចិន រួមភេទធ្វើទារុណកម្ម និងបង្អត់អាហារ ជាដើម៖ «ម្ហូបសល់ព្រឹកទុកល្ងាច សល់ល្ងាចទុកព្រឹក។ ហើយនៅពេលដែលប្អូនមិនព្រមរួមភេទ គេវ៉ៃប្អូន និងគេបង្ខំ ហើយខ្លួនប្អូនជាស្ត្រី ហើយនៅក្មេងមិនដឹងជាត្រូវគិតដូចម្តេចទេ ព្រោះខ្ញុំទើបមានអាយុ ១៧ឆ្នាំទេ»។
រំឭករឿងទុក្ខសោកនេះ ស្ត្រីរងគ្រោះក៏បានស្នើដល់ស្ត្រីខ្មែរទូទៅ ដែលមានបំណងយកប្ដីជាតិសាសន៍ដទៃ ឬយកប្ដីជនជាតិចិន ត្រូវលះបង់គំនិតនេះចោល បើមិនដូច្នេះទេ នឹងជួបវាសនា ឬជួបទុក្ខវេទនាដូចរូបនាង។
ស្ត្រីរងគ្រោះផ្សេងទៀត ក៏បានយំរៀបរាប់ពីទុក្ខវេទនាដែលត្រូវមេខ្យល់ជួញដូរ និងលក់ទៅឲ្យជនជាតិចិន ពីម្នាក់ទៅម្នាក់ ដើម្បីទុកកំដរផ្លូវភេទ ឬធ្វើជាខ្ញុំបម្រើនៅក្នុងគ្រួសារចិន ទាំងនោះ។ ស្ត្រីខ្មែររូបនេះ ខ្លោចផ្សាបំផុតកាលបើនឹកឃើញដល់ទុក្ខវេទនាដែលកើតមានចំពោះរូបនាង នៅក្នុងប្រទេសចិន មុនពេលត្រូវសមាគមអាដហុក ជួយរំដោះ និងបានវិលមកស្រុកកំណើតវិញពេលនេះ៖ «សូមផ្ដាំទៅនារីខ្មែរយើងទាំងអស់ ទោះក្រ ឬលំបាកយ៉ាងម៉េចក៏ដោយ ក៏នៅស្រុកយើងវាស្រួលជាងនៅស្រុកគេ គឺយើងបាននៅជិតម៉ែឪស្រួលជាង និងកុំឲ្យចាញ់បោកមេខ្យល់ទៀត»។
ស្ត្រីរងគ្រោះរៀបរាប់បន្ថែមថា ការរត់រួចពីក្រញាំដៃបុរសជនជាតិចិន និងមេខ្យល់នៅក្នុងប្រទេសចិន ធ្វើឡើងប្រថុយប្រថាន និងគ្រោះថ្នាក់ធ្ងន់ធ្ងរ គឺត្រូវរត់ទៅពួនសម្ងំនៅតាមភ្នំ ឬក៏ត្រូវសម្រាកនៅតាមលូក្រោមដីអស់ជាច្រើនថ្ងៃ ទម្រាំអាចស្វែងរកអ្នកជួយសង្គ្រោះ និងនាំទៅដល់ស្ថានទូតខ្មែរប្រចាំប្រទេសចិន។ ស្ត្រីរងគ្រោះអះអាងថា នៅក្នុងប្រទេសចិន សព្វថ្ងៃ គឺមានស្ត្រីខ្មែររងគ្រោះត្រូវគេជួញដូរច្រើននាក់ កំពុងរងទុក្ខវេទនា និងរង់ចាំការជួយសង្គ្រោះពីរដ្ឋាភិបាល និងផ្នែកពាក់ព័ន្ធ៖ «ដល់ពេលមានថ្ងៃមួយដល់ពេលដែលនាងខ្ញុំតាំងចិត្តរត់ ទើបខ្ញុំជួបស្ត្រីខ្មែរដូចគ្នា គាត់ប្រាប់ផ្លូវខ្ញុំ។ ហើយគាត់បានប្រាប់នាងខ្ញុំថា ឲ្យប្រាប់ម៉ាក់ខ្ញុំ ឲ្យដាក់ពាក្យប្ដឹងនៅស្រុកខ្មែរ។ អ៊ីចឹងបានជាម៉ាក់ខ្ញុំ គាត់បានប្ដឹងមកសមាគមអាដហុក និងគាត់ប្ដឹងទៅគ្រប់កន្លែងទាំងអស់ ហើយទើបបានស្គាល់លេខទូរស័ព្ទទូត ជាដើម។ ការរត់ចេញនេះ គឺវេទនាណាស់។ ហើយខ្ញុំរត់រួចនេះ គឺជាសំណាងរបស់នាងខ្ញុំហើយ។ តែខ្ញុំអាណិតដល់នារីខ្មែរពោះធំច្រើននាក់ទៀត ដែលដេកនៅក្រោមផ្លូវលូក្រោមដី គឺវេទនាណាស់ គឺពួកគាត់ចង់វិលមកស្រុកវិញ តែមកអត់រួច ដោយច្បាប់គេនិយាយថា ត្រូវបង្កើតកូនហើយបានអាចមកវិញ។ អ្នកខ្លះបានលេបថ្នាំសម្លាប់ខ្លួនក៏មាន គឺវេទនាណាស់»។
ស្ត្រីរងគ្រោះរូបនេះ ក៏បានរិះគន់មន្ត្រីស្ថានទូត ឬមន្ត្រីស្ថានកុងស៊ុលប្រចាំប្រទេសចិន ថាហាក់មិនសូវរវល់អើពើជួយដល់ស្ត្រីរងគ្រោះដែលត្រូវមេខ្យល់ជួញដូរទេ នៅពេលស្ត្រីរងគ្រោះស្វែងរកកិច្ចអន្តរាគមន៍ទៅដល់មុខស្ថានទូតខ្មែរប្រចាំប្រទេសចិន ក៏ដោយ។
ជនរងគ្រោះចោទថា មន្ត្រីទាំងនោះហាក់ត្រូវដងត្រូវផ្លែជាមួយឈ្មួញ ឬមេខ្យល់នាំស្ត្រីខ្មែរទៅលក់នៅប្រទេសចិន ថែមទៀត៖ «ស្ថានទូតហ្នឹងនិយាយថា សុំលេខមេខ្យល់ពីខ្ញុំ ដើម្បីឲ្យគេមកដោះស្រាយ គឺឲ្យគេយកប៉ាសស្ព័រមកឲ្យវិញ។ បើអ្នកឯងរត់មក អត់យកប៉ាសស្ព័រមកតាមខ្លួនអ៊ីចឹង មកធ្វើអី គឺត្រូវទៅយកប៉ាសស្ព័រមកវិញ។ តែខ្ញុំនិយាយថា បើយកប៉ាសស្ព័រពីមេខ្យល់បាន មិនចាំបាច់រត់ទៅពឹងពាក់ស្ថានទូតទេ គឺវិលមកកម្ពុជា វិញដោយឯកឯងហើយ មិនចាំបាច់រត់ទៅឲ្យស្ថានទូតជួយទេ។ នៅពេលគាត់យកលេខមេខ្យល់ពីខ្ញុំ គឺគាត់មិនមែនតេហៅមេខ្យល់មកដោះស្រាយទេ គឺហៅមេខ្យល់ហ្នឹងមកយកយើងទៅវិញ។ គាត់ថា ត្រូវទៅតាមមេខ្យល់វិញទៅ គឺទៅតាមយកប៉ាសស្ព័រ ហើយដល់ពេលយើងទៅតាមមេខ្យល់ គេអត់ឲ្យប៉ាសស្ព័រមកយើងទេ គឺគេយកយើងទៅឃុំទុក និងធ្វើបាបដដែល។ មានជនជាតិខ្មែរច្រើនណាស់ដែលរត់ទៅដល់ស្ថានទូត ហើយត្រូវស្ថានទូតបញ្ជូនទៅឲ្យមេខ្យល់វិញ»។
ត្រង់ចំណុចនេះ លោក អ៊ិន គា អគ្គលេខាធិការសមាគមអាដហុក ក៏បានស្នើដល់រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា ជំរុញទៅមន្ត្រីនៅតាមស្ថានទូត ឬកុងស៊ុលតាមប្រទេសនីមួយៗ ពិសេសនៅប្រទេសចិន ឲ្យទទួលខុសត្រូវក្នុងការងារជួយសង្គ្រោះដល់ស្ត្រីរងគ្រោះ ដែលត្រូវមេខ្យល់ជួញដូរដោយការទទួលខុសត្រូវខ្ពស់ និងទាន់ពេលវេលា។
ទោះយ៉ាងណា មន្ត្រីក្រសួងការបរទេសកម្ពុជា និងមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងដូចៗគ្នាថា នៅពេលពលរដ្ឋ ឬជនរងគ្រោះជួបប្រទះការជួញដូរ ឬមានមេខ្យល់បោកលើបញ្ហានេះ ត្រូវរាយការណ៍ ឬដាក់ពាក្យបណ្ដឹងមកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីមានវិធានការបង្ក្រាប និងទប់ស្កាត់ឲ្យបានទាន់ពេល។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេស បានស្នើដល់ជនរងគ្រោះ ឬគ្រួសារជនរងគ្រោះ និងផ្នែកពាក់ព័ន្ធ ត្រូវផ្តល់ព័ត៌មានពីការជួញដូរស្ត្រី ឬផ្លូវភេទ ដោយផ្តល់ទីតាំង ឬឯកសារពាក់ព័ន្ធឲ្យបានច្បាស់លាស់ ដើម្បីងាយក្នុងការវែករកមុខជនល្មើសទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។ លោកបន្តថា កន្លងមកដោយមានការសហការពីអង្គការសង្គមស៊ីវិល និងជនរងគ្រោះ សមត្ថកិច្ចស្ថាប័នពាក់ព័ន្ធបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវជួញដូរនៅក្រៅប្រទេស ឲ្យវិលមកកម្ពុជា បានជាច្រើនករណី។ បន្ថែមលើនេះ ក៏បានចាប់ខ្លួនជនល្មើស ឬមេខ្យល់ជួញដូរភេទ ឬស្ត្រីរងគ្រោះបានជាច្រើននាក់ បញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសថែមទៀត។ ទោះជាបែបនេះក្តី មន្ត្រីក្រសួងការបរទេស មិនបានបង្ហាញតួលេខនៃចំនួនជនរងគ្រោះដែលសមត្ថកិច្ច បានជួយសង្គ្រោះ និងជនល្មើសដែលត្រូវតុលាការផ្ដន្ទាទោសមានចំនួនប៉ុន្មាននាក់នោះទេ។
ទាក់ទិនបញ្ហានេះ សមាគមអាដហុក ឲ្យដឹងថា កន្លងមកនេះ រាល់សកម្មភាពរំដោះស្ត្រីរងគ្រោះដែលត្រូវមេខ្យល់ជួញដូរទៅក្រៅប្រទេស ឬទៅកាន់ប្រទេសចិន ដោយសារសមាគមអាដហុក បានស្នើកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាល តាមរយៈក្រសួងការបរទេស ក្រសួងការងារ ក្រសួងមហាផ្ទៃ ស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា នៅតាមប្រទេសទទួលដែលកើតមានបញ្ហាជួញដូរបានទាន់ពេល។ បញ្ហានេះ សមាគមអាដហុក កត់សម្គាល់ថា ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ មានពលរដ្ឋកម្ពុជា កាន់តែច្រើនឡើង បានធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេស ទាំងអ្នកចេញទៅមានឯកសារ និងមិនមានឯកសារ ជាពិសេសចេញទៅធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី កូរ៉េ ជប៉ុន សិង្ហបុរី ចិន និងមានរហូតដល់ប្រទេសអាហ្វ្រិកខាងត្បូង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- កុមារ២នាក់ត្រូវរកឃើញថាត្រូវថៅកែធ្វើទារុណកម្មផ្លូវកាយនិងផ្លូវភេទក្នុងភូមិគ្រឹះ
- ជីវប្រវត្តិនិងសកម្មភាពការងាររបស់អ្នកស្រី ពុង ឈីវកេក
- តុលាការមិនចាត់ការបណ្ដឹងប្ដឹងមេការក្រុមហ៊ុនភរិយាអភិបាលរងខេត្តមណ្ឌលគិរី
- លោក ប៊្រែដ អាដាម ចាត់ទុកកិច្ចព្រមព្រៀងរវាងបក្សទាំងពីរថាអាក្រក់បំផុត
- ពលការិនីខ្មែរម្នាក់ក្នុងចំណោម៦នាក់ត្រូវជនជាតិថៃចាប់រំលោភក្នុងទឹកដីថៃ
- សង្គមស៊ីវិលស្នើឲ្យក្រសួងការងារផ្អាកបញ្ជូនពលករទៅសិង្ហបុរី
- អង្គការសហប្រជាជាតិបារម្ភខ្លាចបក្សទាំងពីរមិនអាចកែទម្រង់បញ្ហាផ្សេងៗតាមសន្យា
- សង្គមស៊ីវិល៖ ស្ថានភាពរំលោភសិទ្ធិមនុស្ស៦ខែដើមឆ្នាំ២០១៤មានសភាពធ្ងន់ធ្ងរ
- ក្រុមអ្នកកាសែតនៅស្ទឹងត្រែងផ្ដិតមេដៃសុំធានាអ្នកកាសែត៣នាក់ឲ្យនៅក្រៅឃុំ
Marry with chinese guys live in communist country, all girls married get worse than live in own country. If most girls want marry and make the life better have to marry the western guys.