ដោយ៖ ញឹម សុខន
ថ្ងៃពុធ ទី30 កក្កដា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
បក្សប្រឆាំង មិនទាន់កំណត់យកថ្ងៃចូលស្បថនៅព្រះបរមរាជវាំង ដើម្បីត្រៀមចូលប្រជុំសភា តាមកិច្ចព្រមព្រៀងនៅឡើយទេ ដោយអះអាងថា រង់ចាំកិច្ចព្រមព្រៀងកញ្ចប់នយោបាយជាមុនសិន។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ ឲ្យVODដឹងនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះថា បេក្ខជនជាប់ឆ្នោតទាំង៥៥រូប មិនទាន់បានកំណត់ថ្ងៃចូលទៅធ្វើសច្ចាប្រណិធាននៅព្រះបរមរាជវាំង ដើម្បីត្រៀមចូលប្រជុំសភានៅឡើយទេ។ លោកថា ការមិនទាន់កំណត់ថ្ងៃជាក់លាក់នេះ ដោយសារកិច្ចការមួយចំនួន ជាកញ្ចប់នយោបាយមិនទាន់ត្រូវបានបំពេញ «យល់ល្អសំនួរនេះចាំសួរពេលពីរអាទិត្យទៀត ចាំសួរ»។
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ បក្សប្រឆាំងប្រកាសព្រមចូលប្រជុំសភា បន្ទាប់ពីមានកិច្ចព្រមព្រៀងលើលក្ខខណ្ឌ៧ចំណុច ជាមួយបក្សកាន់អំណាច ដើម្បីទម្លាយភាពជាប់គាំងនយោបាយ។
នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា ការបន្តជជែកគ្នា ដើម្បីរកចំណុចឯកភាព លើចំណុចអាទិភាពជាច្រើនដាក់ជាកញ្ចប់នយោបាយ មុនចូលប្រជុំសភា ប្រសើរជាងចូលប្រជុំសភាហើយ បែរជាខ្វែងគំនិតគ្នា រួចបន្តធ្វើពហិការម្តងហើយម្តងទៀត ខាតពេលមិនបានដោះស្រាយបញ្ហាប្រឈម របស់ម្ចាស់ឆ្នោត «កុំឲ្យពេលទៅសភា អាល័យតែជជែករឿងដំណោះស្រាយនយោបាយ ដែលទាក់ទិនតែនឹងផលប្រយោជន៍គណបក្សទាំងពីរហ្នឹង ហើយវាបាត់បញ្ហាមួយចំនួនធំៗដែល ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាមទារឲ្យចូលរួមក្នុងការដោះស្រាយឲ្យគេ»។
តាមកិច្ចព្រមព្រៀងរវាងគណបក្សឈ្នះឆ្នោតទាំងពីរឲ្យដឹងថា គណបក្សទាំងពីរ បានឯកភាពគ្នាលើដំណោះស្រាយនយោបាយ ដោយចូលរួមធ្វើការជាមួយគ្នានៅក្នុងស្ថាប័នរដ្ឋសភា ដើម្បីឈានទៅដោះស្រាយបញ្ហានានា របស់ប្រទេសជាតិ ស្រមតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។
ក្នុងកិច្ចព្រមព្រៀងនោះ គណបក្សទាំងពីរព្រមធ្វើកំណែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងធ្វើកំណែទម្រង់ស្ថាប័នជាតិ ពិសេសគណបក្សទាំងពីរ បានព្រមព្រៀងគ្នា រៀបចំឲ្យមានការបែងចែកអំណាចដាច់ពីគ្នា រវាងអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិ ព្រមធ្វើវិសោធនកម្មច្បាប់បោះឆ្នោត វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងវិសោធនកម្មរដ្ឋធម្មនុញ្ញជាដើម៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
សូមលោកអ្នកនាំពាក្យ រំលឹកផងថា “បេីចូលស្បថនៅសភា សូមកុំភ្លេចទៅលា បំណន់នៅមុខអង្គរផង ណា”?
សូមអរគុណ។