ថន លក្ខិណា បដិសេធ​កាដូ​វីឡា​ពី​ថៃ

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញ: បន្ទាប់ពី​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា ឧស្សាហ៍​ឡើង​ចុះ​ប្រទេស​ថៃ​ញឹកញាប់ មួយ​ខែ​មាន​ពីរ​ទៅ​បី​ដង​ក៏​មាន​នោះ មាន​អ្នក​ទម្លាយ​ថា ពិធីការិនី​ស៊ីធីអិន​ក្នុង​កម្មវិធី​ផ្ទះ​លោកតា កញ្ញា ថន លក្ខិណា កំពុង​ស្ថិត​ក្នុង​កែវភ្នែក​ថៅកែ​ហាង​លក់​ពេជ្រ ជនជាតិ​ថៃ ដែល​ព្យាយាម​តាម​ប្រលោម​សុំ​ធ្វើ​ជា​ម្ចាស់​ឃុំគ្រង​បេះដូង។ ពោល​គឺ​ឲ្យ​តែ​ថា​ព្រម​កាដូ​ជា​ទីគាប់​ចិត្ត ផ្ទះវីឡា​ប្រណីត​មួយ​នឹង​ធ្លាក់​ដល់​ដៃ​នាង​ភ្លាម​។ យ៉ាង​ណា​ដំណឹង​នោះ​ត្រូវ កញ្ញា ថន លក្ខិណា បដិសេធ​យ៉ាង​ដាច់អហង្ការ ហើយ​ថែម​ទាំង​ថា​អ្នកចោទ​នោះ​ចេះ​តែ​ប្រឌិត​រឿង​។

ពិធីការិនី ថន លក្ខណា។ សេត គឹមសឿន

តារាសម្តែង និង​ពិធីការិនី ថន លក្ខិណា ធ្លាប់​បាន​អះអាង​ថា នាង​ចេះ​ភាសា​ថៃ​យ៉ាង​ស្ទាត់ ហើយ​ក៏​ធ្លាប់​រស់នៅ​ប្រទេស​ថៃ​នោះ​ក៏ច្រើន​ឆ្នាំ​ផង​ដែរ មុនពេល​ដែល​នាង​ក្លាយ​ជា​តារា​សិល្បៈ​នោះ​។ ដូច្នេះ​ហើយ​ទើប​ការ​ចុះ​ឡើង​ចេញ​ចូល​ទៅ​ប្រទេស​ថៃ មិនមែន​ជា​ផលពិបាក​ឡើយ​សម្រាប់​នាង​។

ក្រៅពី​ដំណើរ​ចុះ​ឡើង​យ៉ាង​ញឹកញាប់​នោះ មាន​ដំណឹង​ធ្លាយ​ចេញ​ពី​ចង្កោម​អ្នក​សិល្បៈ​ដែល​ស្និទ្ធស្នាល​នឹង​រូបនាង​ទម្លាយ​ថា មួយ​រយៈ​នេះ ថន លក្ខិណា មិនមែន​ចុះ​ឡើង​ប្រទេស​ថៃ​ធម្មតា​ទេ អាច​ថា នាង​ទៅ​ជួប​ម្ចាស់​បេះដូង​នៅ​ទី​នោះ​។

អ្នក​សិល្បៈ​នោះ​បាន​បង្ហើប​ថា៖ «ពិធីការិនី​របស់​ស្ថានីយ​ទូរទស្សន៍​ស៊ីធីអិន កញ្ញា ថន លក្ខិណា កំពុង​ត្រូវ​បាន​ថៅកែ​ហាងលក់​ពេជ្រ​នៅ​ប្រទេស​ថៃ តាម​ថ្ពក់​បេះដូង មក​ប្រលោម​ស្នេហ៍ ហើយ​រឿង​នោះ បើ​តាម​ដឹង លក្ខិណា ក៏​មិន​ប្រកែក​ដែរ បាន​ជា​នាង​ឧស្សាហ៍​ចេញ​ចូល​ណាស់​»។

បន្ថែម​លើ​ការ​លើក​ឡើង​នោះ​ទៀត ប្រភព​ពី​អ្នក​សិល្បៈ​ដដែល​នោះ បាន​អះអាង​ទៀត​ថា៖ «បុរស​សម្បូរ​ទ្រព្យ​ជនជាតិ​ថៃ និង​ជា​ថៅកែ​ហាង​លក់​ពេជ្រ​ម្នាក់​នោះ​ថែម​ទាំង​ទាមទារ ជូន​កាដូ​ផ្ទះវីឡា​កូនកាត់​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​ដល់​នាង​ថែម​ទៀត​ផង»។

ឆ្លើយតប​នឹង​ដំណឹង​ដ៏ភ្ញាក់ផ្អើល​ពី​ក្លិន​ស្នេហ៍​ឆ្លងដែន តារាសម្តែង និង​ពិធីការិនី ដែល​វះកាត់​កែច្នៃ​បបូរមាត់​លើក​សម្ផស្ស​មុខ កញ្ញា ថន លក្ខិណា ហាក់​អស់​សំណើច​ខ្លួនឯង បើ​ទោះជា​នាង​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ក៏ដោយ​។

នាងថ្លែង​ថា៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា​ពិតជា​ឧស្សាហ៍​ចេញ​ចូល​ប្រទេស​ថៃ​មែន តែ​មិនមែន​ទៅ​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ណា​នៅ​ប្រទេស​នោះ​ទេ​»។

នាង​អះអាង​ទៀត​ថា៖ «ត្រង់​ថា​អ្នក​ណា​យល់​ថា ខ្ញុំ​មាន​ស្នេហា​អី​ជាមួយ​បុរស​មាន​ទ្រព្យ ណា​ម្នាក់​នៅ​ប្រទេស​ថៃ​នោះ​ពិតជា​ខុសស្រឡះ​តែ​ម្តង»។

អតីត​ស្រីស្អាត​ចំណាត់​ថ្នាក់​លេខ​១​របស់​មជ្ឈមណ្ឌល​ប៊ីអេស​ដែល​ធ្លាប់​បន្សាត់​ខ្លួន​រស់នៅ​ប្រទេស​ថៃ​កាលពី​នៅ​កុមារភាព កញ្ញា ថន លក្ខិណា ហាក់​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ឡើយ​ដែល​គេ​ភ្ជាប់​ឈ្មោះ​នាង​ទៅ​នឹង​បុរស​ថៃ​ក្នុង​ន័យ​ស្នេហា។
នាង​ថែម​ទាំង​ទទូច​សួរ​ថា​៖ «នរណា​គេ​អី​ក៏ដឹង​ថា​ខ្ញុំ​មាន​ប្រុស​ជនជាតិ​ថៃ តាម​ស្រឡាញ់​និង​ទិញ​ផ្ទះវីឡា​ឲ្យ​ទៀត​នោះ»​។

កញ្ញា ថន លក្ខិណា លើក​ពី​អារម្មណ៍​របស់​នាង​ថា៖ «ពិតណាស់​ក្នុង​ចិត្ត​ដូចជា​មិន​ជ្រះស្រឡះ​សោះ ពេល​ដែល​ឮគេ​និយាយ​ថា ខ្ញុំ​ចុះ​ឡើង​ញឹកញាប់​ថៃ ទៅ​មាន​ស្នេហា​ជាមួយ​ថៅកែ​ហាង​លក់​ពេជ្រ ណា​។ រឿង​នេះ​វា​មិន​ពិត តែ​បើ​អ៊ីចឹង​មែន​នោះ ខ្ញុំ​មិន​ថា​អី​ទេ តែ​អ្វី​ដែល​វា​កាន់តែ​ខុស​ឆ្ងាយ​គឺ​ត្រង់​ថា មាន​អ្នក​ទិញ​ផ្ទះវីឡា​កូនកាត់​ឲ្យ​ណា​តម្លៃ​ជាង​២០​ម៉ឺន​»។

តារាសម្តែង​កំពុង​គ្រងតំណែង​តួឯក​កុន​ភាគ​រឿង (វេរាស្នេហ៍​ឆ្លងភព) ដែល​មាន​កំណើត​នៅ​ខេត្ត​កោះកុង​រូប​នេះ ក្រៅពី​អះអាង​យ៉ាង​ក្តែងៗ​ថា បេះដូង​របស់​នាង​នៅ​មិន​ទាន់​មាន​អ្នក​ថែ កញ្ញា ថន លក្ខិណា ក៏​បាន​បញ្ជាក់​ពី​ដំណើរ​ដែល​នាង​ឧស្សាហ៍​ចេញចូល​ប្រទេស​ថៃ​ឲ្យ​មហាជន​អស់​ចម្ងល់​ថា៖ «ការ​ចេញ​ចូល​ប្រទេស​ថៃ ដោយ​ញឹកញាប់​នោះ ក្រៅពី​ទៅ​ដើរ​លេង​ជាមួយ​នឹង​ក្រុម​គ្រួសារ ក៏​ព្រោះ​តែ​នៅ​ទី​នោះ​នៅ​មាន​បងប្អូន​សាច់​ខាង​ម៉ាក់​គាត់​រស់នៅ​ទីក្រុង​បាងកក​ផង​ដែរ»។

ថន លក្ខិណា បាន​បញ្ជាក់​ខ្លី​ថា៖ «បើ​កុំ​តែ​មាន​អ៊ីចឹង​ក៏​ប្រហែល​ជា​មិន​ទៅ​ញឹកញាប់​ដែរ»៕


What Next?

Recent Articles

3 Responses to "ថន លក្ខិណា បដិសេធ​កាដូ​វីឡា​ពី​ថៃ"

  1. Kmeng Peal says:

    អាសាច់មួយដុំដូចគេអែងដែរហ្នោះម្តេចក៍ថ្លៃម្លេះ?។

  2. kdv says:

    She is not beautyful, so it is very difficult to belive.

  3. Manavy says:

    her natural beauty is better than now.