​បទ​យកការណ៍​៖​ ពលរដ្ឋ ​និង​សិស្សានុសិស្ស​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង ​ដាំ​ដើមឈើ​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃអង្គារ ទី5 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ក្រុមសិស្សានុសិស្ស នាំគ្នាដាំដើមឈើនៅខេត្តព្រៃវែង (រូបថត៖ អេមី)

​ក្រោម​កំដៅថ្ងៃ ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ និង​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង នាំគ្នា​ដាំ​ដើមឈើ​រួមគ្នា ដោយ​សង្ឃឹម​យ៉ាងម៉ុត​មាំ​ថា ដើមឈើ​នឹង​អាច​នាំ​ផលប្រយោជន៍​ដល់​ពួកគេ​ច្រើនយ៉ាង​ទៅ​ថ្ងៃ​អនាគត។​

ការដាំ​ដើមឈើ​នេះ​ ធ្វើឡើងក្រោម​ការ​ផ្ចុងផ្ដើម​របស់​អង្គការ​សេ​ដាក សហការ​ជាមួយ​កសិដ្ឋាន​កាបូន​កម្ពុជា ហៅ​ថា​កាត់​ថា​កា​ហ្វាកា ដោយ​ត្រូវ​ដាំ​លើដី​សាធារណៈ ដូចជា​ក្នុង​បរិវេណ​សាលារៀន​តាម​សងខាង​ផ្លូវ មាត់​ប្រឡាយ ទំនប់ និង​មាត់​ស្រះ​ក្នុង​សហគមន៍ នៅ​ឃុំរ​ក្សជ័យ និង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។​

​ក្នុង​វ័យ​១៨​ឆ្នាំ យុវ​សិស្ស​សួង សុជាតិ រៀន​ថ្នាក់​ទី​១១​នៃ​វិទ្យាល័យ​ជាស៊ីមរ​ក្សជ័យ និយាយថា ពួកគេ​សប្បាយរីករាយ​នៅពេល​ដែល​បាន​ចូលរួម​ជួយ​ដាំ​កូន​ឈើ នៅក្នុង​សាលា​ក៏ដូចជា​សហគមន៍ ដោយ​មាន​ជំនឿ​ថា ដើមឈើ​ផ្ដល់​ផលប្រយោជន៍​ច្រើន​ដល់​ជីវិត​មនុស្ស សត្វ និង​ជួយ​កាត់​បន្ថយកំដៅ ខណៈ​ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា​កំពុង​រង​នូវ​ការកាប់បំផ្លាញ​ពី​សំណាក់​អ្នកមាន​លុយ មានអំណាច​។

​កំពុង​អង្គុយ​ដាំ​កូន​ឈើ​ក្រោម​កំដៅថ្ងៃ យុវតី​ទូច ស្រី​និច និង​យុវតី នាង ស៊ីណា រៀបរាប់​ដោយ​រីករាយពី​អត្ថប្រយោជន៍​នៃ​ការដាំ​ដើមឈើ ដែល​អាច​ជា​កន្លែង​សម្រាប់​ពួកគេ​ធ្វើ​ស្វ័យ​សិក្សា​ជាដើម​។

នាយក​វិទ្យាល័យ​ជាស៊ីមរ​ក្សជ័យ លោក ឈឹម សំណាង មានប្រសាសន៍ថា ដើមឈើ​មាន​គុណប្រយោជន៍​ច្រើន ជាពិសេស​ការដាំ​នៅតាម​សាលារៀន ​ជួយ​ជា​ម្លប់​ដល់​សិស្ស នៅពេល​សម្រាក​ពី​ការសិក្សា ហើយ​ធ្វើឲ្យ​បរិស្ថាន​ពោរពេញ​ដោយ​ពណ៌​បៃតង​។ លោក​បន្តថា លោក​បាន​ណែនាំ​ឲ្យ​លោកគ្រូ​អ្នកគ្រូ បញ្ជ្រាប​ការបង្រៀន​សិស្ស ទាក់ទង​នឹង​ការដាំ​ដើមឈើ​។

នាពេល​បច្ចុប្បន្ន បរិយាកាស និង​អាកាសធាតុ​លើ​សកលលោក មាន​ការប្រែប្រួល ជា​ហេតុ​ធ្វើឲ្យ​ប្រទេស​មហាអំណាច និង​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន ចាប់ផ្តើម​គាំទ្រ និង​លើកទឹកចិត្ត​កាន់តែខ្លាំង​លើ​សកម្មភាព​ទាំងឡាយ​ណា ដែល​ជួយ​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ និង​ធ្វើឲ្យ​បរិយាកាស​ប្រសើរ​ឡើង​វិញ។

អភិបាលរង​ស្រុក​បាភ្នំ លោក ម៉ម កាយ មានប្រសាសន៍ថា អាជ្ញាធរ​ស្រុក​បាភ្នំ សហការ​ជាមួយ​អង្គការ​កសិដ្ឋាន​កាបូន​កម្ពុជា គ្រោង​ដាំ​ដើមឈើ​១០​ម៉ឺន​ដើម ដោយ​បច្ចុប្បន្ននេះ​ដាំ​បាន​៨​ម៉ឺន​ដើម​ហើយ ដែល​តម្រូវការ​នៃ​ការដាំ​នេះ នឹង​កើនឡើង​ថែម​ទៀត ប៉ុន្តែ​ទាមទារ​ឲ្យមាន​ការសហការ​ទាំងអស់​គ្នា​ពី​ប្រជាពលរដ្ឋ ក៏ដូចជា​អាជ្ញាធរ​មូលដ្ឋាន។

លោក​ម៉ម កាយ បន្តថា ការដាំ​កូនឈើ​នេះ មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម​ទេ វា​ថែមទាំង​ផ្ដល់​កម្រៃ​ដល់​ប្រជាពលរដ្ឋ​អ្នក​ដាំ​ទៀតផង​។​

កសិដ្ឋាន​កាបូន​កម្ពុជា ដឹកនាំ​សហ​គន៍​ឲ្យដាំ​ដើមឈើ និង​ផ្តល់​កម្រៃ​សមរម្យ​ទៅ​ដល់​សហគមន៍ ដែល​ខំ​ប្រឹងប្រែង​ដាំ​។ កសិដ្ឋាន​នេះ ទទួល​ការផ្គត់ផ្គង់​ដើមឈើ ច្រើន​ប្រភេទ សម្រាប់​សាធារណៈជន​ទិញ ឬ​សម្រាប់​ប្រទេស​មហាអំណាច​ណាមួយ ដែល​ចង់​ចូលរួម​ទិញ ហើយ​ដាំ​នៅក្នុង​សហគមន៍​នោះ ដើម្បី​ជួយ​ទប់ស្កាត់​ការបំភាយ​ចេញ​នូវ​ឧស្ម័ន​កា​បូន ដែល​សាយភាយ​ពេញ​ទូទាំង​ពិភពលោក ខណៈ​ប្រទេស​មហាអំណាច​ធំៗ នាពេល​បច្ចុប្បន្ន​មាន​ចំហេះ​ចេញពី​រោងចក្រ និង​រថយន្ត​ជាច្រើន។​

​អ្នកគ្រប់គ្រង​អាជីវកម្ម កសិដ្ឋាន​កាបូន​កម្ពុជា លោក ហេង ឬ​ទ្ធា មានប្រសាសន៍ថា ដើមឈើ​អាច​ជួយ​ឲ្យ​បរិស្ថាន​ល្អ សម្រាប់​មនុស្ស​រស់​នៅ មិនតែប៉ុណ្ណោះ ការដាំ​ដើមឈើ​អាច​នាំឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ប្រាក់ចំណូល ពី​ការទិញ​របស់​បណ្តា​ប្រទេស​មហាអំណាច ខណៈ​ដើមឈើ​ស្រូប​ឧស្ម័ន​កាបូ​ន ដែល​ក្នុង​មួ​យ​ដើម​អាច​ស្រូប​បាន​១៨​គីឡូក្រាម ហើយ​កាបូន​ក្នុង​១​តោន​បាន​តម្លៃ​៣​ដុល្លារ។

កំពុង​អង្គុយ​ដាំ​កូន​ឈើ​នៅក្បែរ​ផ្លូវ​លើ​ប្រឡាយទឹក​ឃុំ​ធា អ្នកស្រី​ថោង នឿន មានប្រសាសន៍ថា គាត់​សប្បាយរីករាយ​នឹង​ការដាំ​ដើមឈើ ព្រោះ​អាច​ទប់​ដី​កុំ​ឲ្យ​ទឹក​ហូរ​ច្រោះ​ដាច់​ថ្នល់ ហើយ​ថែមទាំង​ផ្តល់​កម្រៃ​ដល់​រូបគាត់៕

សូមសរសេរមកកញ្ញា ជន ស្រី​ណុ​ច​ តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles

2 Responses to "​បទ​យកការណ៍​៖​ ពលរដ្ឋ ​និង​សិស្សានុសិស្ស​ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង ​ដាំ​ដើមឈើ​ដើម្បី​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​​"

  1. khmer says:

    អ្នកដាំដើមឈើដុះមិនទាន់អ្នកកាប់បំផ្លាញ់ទេដូច្នេះយើងត្រូវ

  2. Kmeng Peal says:

    ដាំទុកអោយកូននាយខ្វាក់…។