Wed, 6 August 2014
សេត គឹមសឿន
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ តារាចម្រៀងឈរតំណែងកំពូលរបស់កម្ពុជានាង ឱក សុគន្ធកញ្ញា បានស្រែកទ្រហ៊ោយំមិនធ្លាប់ឃើញឡើយកាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ ដោយការស្រែកយំរបស់នាងគ្មានក្រែងរអែង ឬក៏ខ្មាសទស្សនិកជនរាប់ម៉ឺននាក់កំពុងទស្សនានោះទេ។
ទឹកភ្នែកហូរធ្លាក់លើផែនថ្ពាល់ជាមួយនឹងអារម្មណ៍ក្តុកក្តួលរបស់ ឱក សុគន្ធកញ្ញា បានធ្វើឲ្យមនុស្សជាច្រើនយំតាម ដោយសារតែនាងរំជួលចិត្តជាមួយនឹងបុរសពិការភ្នែកម្នាក់ឈ្មោះ ចាន់ថន ដែលគាត់មានភាពក្លាហាន និងមានសំឡេងល្អ ហើយបានព្យាយាមឡើងប្រឡងច្រៀងនៅក្នុងកម្មវិធី The Voice Cambodia របស់ទូរទស្សន៍ហង្សមាស តែ សុគន្ធកញ្ញា ហាក់ដូចជាសោកស្តាយយ៉ាងខ្លាំង ដោយសារតែរូបនាងមិនបានសម្រេចចិត្តជ្រើសរើសយកបុរសពិការភ្នែកម្នាក់នោះ ឲ្យទៅបន្តប្រកួតនៅវគ្គក្រោយទៀត។
តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានផលិតកម្មរស្មីហង្សមាសជ្រើសរើសឲ្យធ្វើជាគណៈកម្មការដ៏សុក្រឹតមួយរូបនៅក្នុងចំណោមគណៈកម្មការទាំង៤រូប ដែលមាន លោក ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ និង ពេជ្រ សោភា។
គេសង្កេតឃើញថា មិនមែនតែតារាចម្រៀង ឱក សុគន្ធកញ្ញា នោះទេ ដែលស្រក់ទឹកភ្នែកនោះ គណៈកម្មការទាំងបីរូបផ្សេងទៀតក៏បានស្រក់ទឹកភ្នែកដែរ ប៉ុន្តែខុសគេតែ ឱក សុគន្ធកញ្ញា ស្រែកយំរោទ៍ដូចគោគេចាក់កអ៊ីចឹង។
គេធ្លាប់តែបានឃើញការយំបញ្ចេញទឹកភ្នែករបស់ ឱក សុគន្ធកញ្ញា តែនៅក្នុងវីដេអូការ៉ាអូខេប៉ុណ្ណោះ ប៉ុន្តែនៅពេលនោះ ទស្សនិកជនបានមើលឃើញផ្ទាល់ពីការស្រែកយំផ្ទាល់របស់តារាចម្រៀងរូបនេះ ធ្វើឲ្យទស្សនិកជនរំជួលចិត្តមែនទែន ប៉ុន្តែ ឱក សុគន្ធកញ្ញា ហាក់ដូចជារំជួលចិត្តជាងទស្សនិកជនទៅទៀត ដោយសារតែរូបនាងមិននឹកស្មានថា បុរសពិការភ្នែកម្នាក់មានសំឡេងល្អដល់ម្លឹង ហើយបែរជារូបនាងមិនបានជ្រើសរើស។
ទាំងទឹកភ្នែករលីងរលោង សុគន្ធកញ្ញា បាននិយាយថា៖«ខ្ញុំពិតជារីករាយ រំភើបចិត្តមែនទែន ដែលបងមានវត្តមាននៅទីនេះ ហើយពួកយើងពិតជាអត់សរសើរបងមិនបាន ខ្ញុំពិតជាសោកស្តាយ ដែលមិនរើសយកបង…»។
ជាមួយនឹងសំឡេងកាន់តែទ្រហ៊ោយំ សុគន្ធកញ្ញា បានស្ទុះទៅឱបបុរសពិការភ្នែក ចាន់ថន ដោយបន្លឺសំឡេងខ្សឹកខ្សួលថា៖«ខ្ញុំមិនបានរើសយកបង ប៉ុន្តែបងត្រូវតែប្រឹងប្រែងបន្តទៀត ហើយបងត្រូវសន្យាជាមួយខ្ញុំណា នៅឱកាសកម្មវិធីក្រោយបងត្រូវតែត្រឡប់មកវិញ»។
ទោះបីជាលោក ចាន់ថន បានចុះពីឆាកតន្ត្រីទៅហើយ ប៉ុន្តែ ឱក សុគន្ធកញ្ញា ហាក់តែនៅអាល័យជាមួយការយំខ្សឹកខ្សួលបង្ហូរទឹកភ្នែក ដូចជានៅតែសោកស្តាយចំពោះការសម្រេចចិត្តរបស់ខ្លួន៕

Act like real. shame oak kanha .
When she sing a song her voice sound like her cry. I don’t like her song.