បេប៊ី រួច​ផុត​ពី​គំនាប​ឪពុក​ក្រោយ​ប្រឡង​បាក់ឌុប​ចប់

Content image - Phnom Penh Post




ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ ថ្ងៃ​ទី​៤-៥ សីហា កន្លងមក​នេះ ត្រូវ​បាន​តារាសម្តែង​មាន​មន្តស្នេហ៍​នាង បេប៊ី ចាត់​ទុក​ថា ជា​សមរភូមិ​ដ៏ក្តៅ​គគុក​សម្រាប់​ជីវិត​របស់​នាង ខណៈ​តារា​រូប​នេះ​ត្រូវ​ចូល​ខ្លួន​ប្រឡង​មធ្យមសិក្សាទុតិយភូមិ (​បាក់ឌុប) ក្រោម​ការ​រៀបចំ​រចនាសម្ព័ន្ធ​ការ​ប្រឡង​ថ្មី​ដ៏តឹងតែង។

ម្តាយ​របស់​តារាសម្តែង​ស្រី​វ័យក្មេង ដែល​អង្គុយ​ចាំ​កូន​ចូល​ប្រឡង​នៅ​វិទ្យាល័យ​ជាស៊ីម​សន្ធរម៉ុក បាន​ឲ្យ​ដឹង​ថា បេប៊ី ហាក់​ទទួល​រង​នូវ​គំនាប​ពេលវេលា​ស្ទើរ​ដក​ខ្លួន​ពុំ​រួច​នៅក្នុង​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​នេះ ដោយសារ​តែ​ការងារ​សិល្បៈ​បុក​មក​រក​រូប​នាង​គ្រប់​ច្រកល្ហក ទោះបី​ជា​ការងារ​ខ្លះ​នាង​ខំ​ប្រកែក​ក្តី។ អ្នកស្រី​បាន​បញ្ជាក់​ថា សូម្បីតែ​នៅ​ថ្ងៃ​ប្រឡង​បាក់ឌុប ដែល​ជា​អាយុជីវិត​នៃ​ការ​សិក្សា ក៏ បេប៊ី ត្រូវ​ចេញ​ទៅ​ថត​ឲ្យ​ទូរទស្សន៍​ស៊ីធីអិន ស្ទើរតែ​ចេញ​ពី​ការ​ប្រឡង​មិន​ចង់​ទាន់​ផង​។

ម្តាយ​ដែល​តែង​តាម​ឃុំគ្រង​កូនស្រី​គ្រប់​វិនាទី​រូប​នេះ បាន​និយាយ​ថា៖ «​នៅ​ឆ្នាំ​នេះ បេប៊ី រវល់​ស្ទើរតែ​គ្មាន​ពេល​សម្រាក​ណា​មួយ​ការងារ​សិល្បៈ​ច្រើន ពិសេស​នោះ​គឺ​នៅ​ឆ្នាំ​នេះ​ត្រូវ​ប្រឡង​បាក់ឌុប ហើយ​ពេល​នេះ​(​ថ្ងៃ​ទី​៥) បេប៊ី កំពុង​ប្រឡង​»។

អ្នកស្រី​បន្ត​ថា៖ «​សូម្បីតែ​ពេល​នេះ កំពុង​ជាប់​ប្រឡង​ហើយ ក៏ បេប៊ី ត្រូវ​ជាប់​ការងារ​ថត​ឲ្យ​គេ​ដែរ នៅពេល​នាង​ចេញ​ពី​ការ​ប្រឡង​ភ្លាម គឺ​នាង​ត្រូវ​ទៅ​ស៊ីធីអិន​ភ្លាម​តែ​ម្តង គឺ​ត្រូវ​ថត​ឲ្យ​គេ​ទល់​យប់​ជ្រៅ អត់​បាន​សម្រាក​ទេ»។

តារាសម្តែង និង​ដើរម៉ូដ​នាង បេប៊ី ។ សេត គឹមសឿន

ដោយសារ​តែ​ឆ្នាំ​នេះ ការ​ប្រឡង​បាក់ឌុប​ហាក់​មាន​ច្បាប់​ពិន័យ​យ៉ាង​តឹងតែង​នោះ បេប៊ី ក៏​ហាក់​មាន​ក្តីបារម្ភ​ពី​លទ្ធផល​នៃ​ការ​ប្រឡង​ដែរ។ ប៉ុន្តែ​តារា​រូប​នេះ បាន​ឲ្យ​ដឹង​ថា គ្រប់​វិញ្ញាសា​នាង​អាច​ធ្វើ​បាន​ច្រើន​គួរសម​ប្រហែល​ជាង​ពាក់កណ្តាល។

នាង​និយាយ​ថា៖ «​ឆ្នាំ​នេះ ពិតជា​រវល់​ណាស់ ការងារ​សិល្បៈ​ក៏ច្រើន តែ​ខ្ញុំ​បាន​ចំណាយ​ពេល​រៀន​ច្រើន​ដែរ គឺ​ខ្ញុំ​ទទួល​ថត​តែ​ថ្ងៃ​សុក្រ សៅរ៍ និង​អាទិត្យ​ប៉ុណ្ណោះ ក្រៅពី​នោះ គឺ​មើល​មេរៀន​»។

ក្រោយ​ចប់​ការ​ប្រឡង​ទាំង បេប៊ី និង​ម្តាយ​ហាក់​ធូរទ្រូង​យ៉ាងខ្លាំង ព្រោះ បេប៊ី បាន​រួច​ផុត​ពី​បម្រាម​ឪពុក​ដែល​ចង់​ឲ្យ​នាង​ប្រឡង​ឲ្យ​ចប់​សិន​មុន​នឹង​គិត​រឿង​សិល្បៈ ហើយ​ពេល​នេះ បេប៊ី អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​យក​ទីផ្សារ​សិល្បៈ​ឲ្យ​បាន​ពេញ​ដៃ​តែ​ម្តង ដោយ​ម្តាយ​របស់​តារា​រូប​នេះ​បាន​សម្តែង​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅ​ឆ្នាំ​ក្រោយ បេប៊ី នឹង​អាច​ក្លាយ​ជា​តារា​លេចធ្លោ​ជួរ​មុខ​ទៀត​ផង។

ជាមួយ​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ម្តាយ​របស់ បេប៊ី និយាយ​ថា៖ «​ខ្ញុំ​គិត​ថា បេប៊ី មាន​ទីផ្សារ​ការងារ​ច្រើន​ណាស់ ព្រោះ​ពេល​នេះ នាង​កំពុង​ជាប់​ថត​៣​រឿង ថតស៉្បត ថត​កម្មវិធី​ឲ្យ​ស៊ីធីអិន រាល់​សប្តាហ៍ ហើយ​ពេល​ប្រឡង​ចប់​នេះ ឪពុក​គេ​ក៏​លែង​ហាមឃាត់​ដែរ អ៊ីចឹង បេប៊ី អាច​ប្រឡូក​សិល្បៈ​ពេញ​ទំហឹង ហើយ​ខ្ញុំ​សង្ឃឹម​ថា នាង​ល្បី​ខ្លាំង​ក្នុង​ពេល​ដ៏ខ្លី​នេះ​»៕


What Next?

Recent Articles

One Response to "បេប៊ី រួច​ផុត​ពី​គំនាប​ឪពុក​ក្រោយ​ប្រឡង​បាក់ឌុប​ចប់"

  1. Anonymous says:

    Baby so beautiful with wide chest and pretty boobs. Love U baby !!!