Thu, 7 August 2014
សូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ រូបថតទ្រង់គ្រឿងប្រពៃណីខ្មែរ ក្នុងឯកសណ្ឋានកូនកំលោះកូនក្រមុំ របស់តារាសម្តែងពូកែបង្ហូរទឹកភ្នែក នាង នី មុនីនាថ ឈរកៀកកើយកាន់ដៃគ្នាជាមួយតារាសម្តែងរូបសង្ហា សុធា ពិសិដ្ឋ ជាមួយការរំលេចអក្សរថា សុធាពិសិដ្ឋ និង នី មុនីនាថ លួចភ្ជាប់ពាក្យស្ងាត់ៗ បានបង្កឲ្យមានការភ្ញាក់ផ្អើល ពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គម ហើយនាំគ្នាជជែកវែកញែកថា តារាប្រុសស្រីពីរដួងនេះ ភ្ជាប់ពាក្យនឹងគ្នាជាការពិតទេ?
នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានលើកឡើងថា៖«តារាសម្តែងល្បីពូកែខាងបង្ហូរទឹកភ្នែក នី មុនីនាថ ល្បីមានបុរសបណ្តូលស្នេហ៍ជាមួយតារាសម្តែងរៀមច្បង លោក កែវ កុសល ដែលជាអាណិកជនរស់នៅអាមេរិក ចុះពេលនេះម៉េចក៏មកភ្ជាប់ពាក្យជាមួយតារាសម្តែងវ័យក្មេងក្នុងស្រុកវិញ»។
យ៉ាងណានៅក្នុងបណ្តាញសង្គមនោះ មិនមាននរណាបកស្រាយជាក់លាក់ទេ ខណៈមានការបកស្រាយលើហ្វេសប៊ុកជាច្រើន លើកឡើងថា គ្មាននរណាដឹងជាងសាមីខ្លួនគេទេ មានតែសាមីខ្លួនគេទេទើបបានដឹង។ ស្រាយនូវចម្ងល់ដែលផ្អើលពេញក្នុងបណ្តាញសង្គមនេះ សាមីខ្លួននាង នី មុនីនាថ មិនបាននិយាយផ្ទាល់ទេ ប៉ុន្តែម្តាយនាង បានប្រាប់កាសែត ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទទាំងសំណើចថា៖«ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ពេលឮថា កូនស្រីខ្ញុំភ្ជាប់ពាក្យនោះ»។
បន្ទរលើការឧទានបែបនេះ អ្នកស្រី សុភាលី បានពោលបន្តថា៖ «នេះមិនមែនជាលើកទីមួយទេ ដែលល្បីថា កូនស្រីខ្ញុំ អានាថ ភ្ជាប់ពាក្យនោះ។ មុននេះ ស្របគ្នាជាមួយភ្ជាប់ពាក្យ រៀបការរបស់ក្មួយ សារ៉ាយ សក្ខណា ជាមួយលោក កែវ មេត្រី ក៏មានល្បីថា កូននាថ ខ្ញុំភ្ជាប់ពាក្យជាមួយ តារាសម្តែង អាណិកជនខ្មែរអាមេរិក លោក កែវ កុសល ម្តងហើយដែរ ចុះពេលនេះម៉េចក៏មកល្បីភ្ជាប់ពាក្យជាមួយ តារាសម្តែងក្នុងស្រុកទៀត។ ខ្ញុំអស់សំណើចដែរហ្នឹង»។
យ៉ាងណា អ្នកស្រី សុភាលី បដិសេធមិនស្គាល់ឈ្មោះ តារាជាតួអង្គដែលមហាជនភ្ញាក់ផ្អើលនិងគិតថា ជាអនាគតកូនប្រសានោះទេ ខណៈអ្នកស្រីលើកឡើងថា៖«តារាដែលមកថតរូបជាមួយកូននាថ នោះខ្ញុំមិនដែលស្គាល់ទេ ពីមុន មិនដឹងថាគេឈ្មោះអីដែរ ទើបតែជួបពេលមកថតរូបជាមួយគ្នាហ្នឹងណា បានស្គាល់ថា គាត់ជាតារាសម្តែង ឈ្មោះ សុធា ពិសិដ្ឋ»។
អ្នកស្រី សុភាលី បានបញ្ជាក់ថា៖«រូបថត ថតក្នុងសម្លៀកបំពាក់កូនកំលោះកូនក្រមុំនោះ គឺថតឲ្យសម្អាងការគេទេ ទើបថតកាលពីចុងខែកក្កដា ថតនៅសណ្ឋាគារ កាំបូឌីយ៉ាណា ហើយគេយករូបនោះទៅសរសេរដាក់ចំណងជើងថា សុធា ពិសិដ្ឋ និង នី មុនីនាថ ភ្ជាប់ពាក្យស្ងាត់ៗ»។
អ្នកស្រីបន្ថែមថា៖«គេចង់ឲ្យមានការភ្ញាក់ផ្អើល និងចង់បង្ហាញម៉ូដសម្អាងការគេហ្នឹង»។
ម្តាយកញ្ញា នី មុនីនាថ នៅតែអះអាងពីជំហរដដែល ដូចដែលបានអះអាងពីមុនថា បើកូនពិតជារកបានគូស្នេហ៍ពិត និងមានពិធីភ្ជាប់ពាក្យមែននោះ មិនឲ្យពិធីបើកឆាកអាពាហ៍ពិពាហ៍កូនប្រព្រឹត្តទៅដោយភាពស្ងាត់កំបាំងនោះទេ។
អ្នកស្រីបានលើកឡើងថា៖«មិនខុសពីតារាៗដែលគេភ្ជាប់ពាក្យ និងរៀបអាពាហ៍ពិពាហ៍មុនៗទេ បើមានពិធីភ្ជាប់ពាក្យមែន ខ្ញុំនឹងប្រកាសក្តែងៗថា កូននាថ ភ្ជាប់ពាក្យថ្ងៃនេះ នៅកន្លែងនេះ ហើយថែមទាំងអញ្ជើញអ្នកសារព័ត៌មានទៅថតរូបទៀតផង ខ្ញុំមិនបិទទេរឿងនេះ»។
អ្នកស្រីបានបញ្ជាក់ថា៖«រឿងនេះវាគ្មានអ្វីត្រូវលាក់បាំងទេ តែពេលនេះរកកូនប្រសាវាមិនទាន់បាន វាគ្មានអ្នកស្រឡាញ់ចូលដណ្តឹងផង តើបានអ្វីបានភ្ជាប់ពាក្យស្ងាត់ទៅ?»៕

Ha.ha. her boobs real big and dropped. Her bootie big and shake when she walked.