ដោយ វោហារ ជាតិ
2014-08-20
RFA
កម្ពុជានឹងមានក្រុមហ៊ុនអាកាសចរណ៍ហោះហើរក្នុងស្រុកមួយទៀតនៅចុងឆ្នាំនេះ ដែលគ្រោងបើកជើងហោះហើរពីភ្នំពេញ ទៅ សៀមរាប និងពីភ្នំពេញ ទៅ ខេត្តព្រះសីហនុ។ ជាងនេះទៅទៀត ក្រុមហ៊ុនក្នុងស្រុកដែលដាក់ទុនរកស៊ីជាមួយក្រុមហ៊ុនចិន នឹងពង្រីកជើងហោះហើរទៅក្រៅប្រទេសទៀត នៅឆ្នាំបន្តបន្ទាប់ ដោយគ្រោងនាំចូលយន្តហោះដឹកអ្នកដំណើរពីស្រុកចិន ចំនួន ២០គ្រឿង។
ក្រុមហ៊ុន កម្ពុជា បាយ័ន អ៊ែរ (Cambodia Bayon Airline) នឹងនាំចូលយន្តហោះដឹកអ្នកដំណើរ ២គ្រឿងពីប្រទេសចិនដីគោក ហើយគ្រោងនឹងបើកជើងហោះហើរក្នុងស្រុកនៅដើមខែធ្នូ ឆ្នាំ២០១៤។
អនុប្រធានក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង (Bayon Holding Limited) លោក តាំង ឈុងលាង បញ្ជាក់នៅថ្ងៃទី២០ សីហា ថា ក្រុមហ៊ុនលោកដែលរកស៊ីជាមួយក្រុមហ៊ុនចិនមួយ នៅស្រុកចិននោះ នឹងនាំចូលយន្តហោះដឹកអ្នកដំណើរចំនួន ២០គ្រឿង ក្នុងនោះជាប្រភេទយបន្តហោះប្រើកង្ហារ និងប្រភេទអ៊ែរប៊ឺស (Airbus)។
តែលោកថា នៅឆ្នាំទី១ ក្រុមហ៊ុននឹងនាំចូលយន្តហោះ ២គ្រឿងប្រភេទកង្ហារសិន ក្នុងកិច្ចចាប់ផ្ដើមដំណើរការរកស៊ីដំបូង៖ «ឆ្នាំទី១ យើងហោះក្នុងស្រុកសិនពី ភ្នំពេញ ទៅ សៀមរាប ទៅក្រុងព្រះសីហនុទៀត ពីរវ៉ុល (ជើង) បាទ! ពីភ្នំពេញ ទៅ សៀមរាប ចេញម្ដង ៤៥នាទីម្ដង យន្តហោះ១ជើងអ៊ីចឹងណា!»។
លោក តាំង ឈុងលាង ឲ្យដឹងថា យន្តហោះនាំចូលដំបូងនេះ គឺប្រភេទ អិម.អេ ៦០ (MA60) ជាប្រភេទយន្តហោះប្រើកង្ហារផលិតដោយសហគ្រាសរដ្ឋាភិបាលចិន មានចំណុះចាប់ពី ៥០ ទៅ ៦០កៅអី ហើយតម្លៃក្នុង ១គ្រឿងចាប់ពី១៦ ទៅ ១៧លានដុល្លារ។
ក្រុមហ៊ុន បាយ័ន អ៊ែរឡាញ៍ ហូលឌីង នឹងធ្វើពិធីចុះហត្ថលេខាទិញយន្តហោះចំនួន ២០គ្រឿងនេះពីក្រុមហ៊ុនផលិតយន្តហោះចិន នៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ រាជធានីភ្នំពេញ នៅថ្ងៃទី២១ សីហា។
លោក តាំង ឈុងលាង បន្តថា ក្រុមហ៊ុនមានគម្រោងនាំចូលយន្តហោះប្រភេទ អ៊ែរប៊ឺស បន្ថែមទៀត ហើយនឹងពង្រីកជើងហោះហើរទៅប្រទេសជិតខាង និងប្រទេសចិន នៅឆ្នាំបន្តបន្ទាប់។
ទាក់ទងនឹងការបើកក្រុមហ៊ុនហោះហើរថ្មីនេះ ត្រូវបានមន្ត្រីរដ្ឋាភិបាលអបអរសាទរ។
អគ្គនាយកនៃលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា លោក កែវ ស៊ីវន មានប្រសាសន៍ថា ការបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីនេះ គឺសមស្របទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលពង្រីកជើងមេឃក្នុងបំណងទាក់ទាញអ្នកទេសចរផង និងបង្កើនប្រាក់ចំណូលថវិកាជាតិផង។
លោកថា ក្រុមហ៊ុនហោះហើរថ្មីនេះ អាចជួយកាត់បន្ថយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍បរទេសដែលកំពុងដំណើរការនៅកម្ពុជា យ៉ាងច្រើនដូចសព្វថ្ងៃនេះ បានមួយកម្រិត និងអាចផ្ដល់ការងារដល់ពលរដ្ឋខ្មែរបានបន្ថែមទៀត៖ «អ៊ីចឹងយើងមើលបញ្ហាហ្នឹង គឺយើងត្រូវតែបង្កើនទោះបីយើងទើបកើតថ្មីក្ដី យើងក្នុងបរិមាណតិចក្ដី ប៉ុន្តែយើងត្រូវតែខំប្រឹង ដើម្បីបង្កើនជើងហោះហើរចេញទៅក្រៅវិញ។ កើនឡើងនេះយើងគិតថា វាជាការរីកចម្រើនមួយហើយសម្រាប់ប្រទេសជាតិ។ កាលណាក្រុមហ៊ុនច្រើនកូនខ្មែរនឹងមានការងារធ្វើច្រើន»។
លោក កែវ ស៊ីវន បន្តថា វិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជាបច្ចុប្បន្ន គឺស្ថិតនៅក្នុងកម្រិត ទាំងសម្ភារៈនិងធនធានមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- បញ្ហាគម្លាតរវាងអ្នកមាននិងអ្នកក្រ
- អ្នកវិភាគថាកម្ពុជាមានសមត្ថភាពតិចតួចនាំអង្ករទៅចិនតាមអនុស្សរណៈយោគយល់
- ចិននឹងសង់ផ្សារទំនើបរួចពន្ធឬផ្សារយូធីហ្វ្រ៊ីនៅកម្ពុជា
- ចិនចុះកុងត្រាទិញអង្ករខ្មែរ១សែនតោន
- អ្នកវិភាគអះអាងថាវិបត្តិអចលនទ្រព្យនៅភ្នំពេញអាចនឹងកើតឡើងវិញ
- ថៃរឹតបន្តឹងទំនិញនាំចូលពីកម្ពុជានៅច្រកព្រំដែនប៉ោយប៉ែត
- អ្នកប្រកបរបរដឹកភ្ញៀវទេសចរឡើងភ្នំមើលប្រាសាទព្រះវិហារត្អូញត្អែរថារកចំណូលបានតិច
- សង្គមស៊ីវិលសាទរវិធានការធនាគារពិភពលោកផ្អាកក្រុមហ៊ុនសាងសង់មួយ
- សង្គមស៊ីវិល៖ ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដាំស្ករអំពៅប៉ះពាល់ពលរដ្ឋមូលដ្ឋានធ្ងន់ធ្ងរ
ទិញយន្តហោះពីប្រទេសចិនប្រយត្ន័ធ្លាក់ងាប់
គ្រាន់តែបានស្តាប់ឮពីឈ្មោះយីហោក្រុមហ៊ុនដែលផលិតយន្តហោះនេះភ្លាម មានពួកអ្នកមានទ្រព្យ
ស្តុកស្តម្ភមួយចំនួនក៏ក្រញ៉េងខ្លួនខ្លាចមិនហ៊ានជិះដោយសារតម្លៃខ្លួនរបស់ពួកគាត់ មានតម្លៃខ្ពស់
ជាងយន្តហោះទាំងនេះមិនអាចកាត់ថ្លៃបានឡើយ។ក្រុមហ៊ុនរកស៊ីអីក៏អន់អីយ៉ាង នីស !។