បទ​យកការណ៍​៖ ​ចំណីអាហារ​អត់​សុវត្ថិភាព កំពុង​គំរាមកំហែង​សុខភាព​ប្រជាជន​នៅ​កម្ពុជា​​

ដោយ៖​ ណាត សុភាព និង​ អ៊ឹង ប៊ុនថន​​
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

ទិដ្ឋភាពនៅកន្លែងលក់គ្រឿងឧបភោគ បរិភោគ ក្នុងផ្សារច្បារអំពៅ

​ផ្សារ​ដើម​គ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ គឺជា​កន្លែង​ផ្គត់ផ្គង់​បន្លែ​សំខាន់​ជាង​គេ​នៅ​កម្ពុជា​។ ក្រុមអាជីវករ​ឲ្យដឹងថា គ្រាន់តែ​នៅ​ផ្សារ​ដើម​គនេះ ការនាំ​ចូល​បន្លែ​ជា​មធ្យម ៥០​តោន​ក្នុង​មួយថ្ងៃ ហើយ​អ្នកជំនាញ​គណនា​ឃើញថា បរិមាណ​បន្លែ​នាំចូល​សរុប​មាន​យ៉ាងហោចណាស់ ៣០០​តោន​ក្នុង​មួយថ្ងៃៗ​។​

ពលរដ្ឋ​ឲ្យដឹងថា ទំនិញ​ដែល​លក់​នៅ​ផ្សារ​នេះ ច្រើន​តែ​នាំចូល​មកពី​ថៃ និង​វៀតណាម និង​ភាគច្រើន​ប្រើប្រាស់​ជាតិគីមី ដែល​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​។​

​សម្រាប់​អ្នកស្រី ឡុង សុខា ដែល​ចូលចិត្ត​ទិញ​បន្លែ​នៅ​ផ្សារដើ​មគរ​ប្រាប់​VOD​ថា គាត់​ចូល​ចិត្ត​ទៅ ទិញ​បន្លែ ត្រី សាច់ នៅ​ទីនោះ បើទោះជា​ដឹងថា ជា​ប្រភេទ​នាំចូល​ពី​បរទេស និង​មាន​ដាក់​ជាតិគីមី ធ្វើឲ្យ​ប៉ះពាល់​សុខភាព ក៏ដោយ​។

កន្លងមក​អាជ្ញាធរ​ខ្មែរ ចាប់​បាន​សាច់មាន់​នាំចូល​គេចពន្ធ ដូចជា ស្លាបមាន់ ជង្គង់​មាន់ ឬ​មាន់​ក្លាសេ នាំចូល​ពី​ក្រៅ​ប្រទេស ដែល​មាន​ដាក់​សារធាតុ​គីមី​ការពារ​កុំឲ្យ​ស្អុយ ហើយ​សារធាតុ​គីមី​ទាំងនោះ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា លោក​វេជ្ជបណ្ឌិត អ៊ូច វុទ្ធី បង្ហាញ​ក្តីបារម្ភ​ចំពោះ​បញ្ហា​នេះ ព្រោះ​វា​បាន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​ពលរដ្ឋ​នៅ​កម្ពុជា  ហើយ​ក្រសួង​ពាក់ព័ន្ធ​គួរ​ទប់ស្កាត់​បញ្ហា​នេះ​។ លោក​ថា បច្ចុប្បន្ន​នេះ​ប្រជាពលរដ្ឋ​ភាគច្រើន​មាន​ជំងឺ​ទាក់ទង​នឹង​ចំណីអាហារ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គួរ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ចំណីអាហារ​នានា «​ប៉ះពាល់​ទីមួយ ប៉ះពាល់​ដល់​ឆ្អឹង ទី​២​ប៉ះពាល់​ដល់​ផ្លូវ​ដង​ង្ហើ​ម ប៉ះពាល់​ច្រើនណាស់​និង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​។ ប្រឈម​ច្រើនណាស់​ប្រសិនបើ​អាហារ​ណឹង​មិន​សុទ្ធ​ធ្វើឲ្យ​ប៉ះពាល់​មួយទៀត ធ្វើឲ្យ​អ្នក​ជំងឺពុល អត់​ដឹង​ហេតុផល​ក្អួត ព្រោះ​ខ្ញុំ​រាល់​ថ្ងៃ​ជួប​អ្នក​ជំងឺរាគ​ក្អួត ជា​ប្រចាំ​រាល់ថ្ងៃ គាត់​មក​ហើយ​សំបូ​រណាស់ ក្នុង​មួយ​ថ្ងៃ​ដូច​១០០​នាក់​អីចឹង​មក ពិនិត្យ​ឈាម​មើល​គ្រុន​ពោះវៀន​៩០​នាក់​បាត់ទៅហើយ​»​។​

​ជាមួយគ្នា​នោះ នៅតាម Facebook ក៏​មាន​ចែកចាយ​តៗ​គ្នា​ពី​រូបភាព ដែល​អាជ្ញាធរ​វៀតណាម​ចាប់បាន យឺ​ហឺ​ក្រៀម ធ្វើ​ពី​ជ័រស្វិត ក្លែងបន្លំ​ជា​សាច់ យី​ហ៊ឺ​ក្រៀម​ទៀតផង​។​

ថ្មីៗ​នេះ​ទៀត ក៏​មាន​ទូរទស្សន៍​ក្នុងស្រុក​ផ្សាយ​ថា កម្ពុជា​បាន​នាំ​ចូល​ទឹក​ស៊ុប​ដាក់​ប៊ីដុង​ប្រភេទ​ទឹកថ្លា ដែល​នាំចូល​មកពី​វៀតណាម សម្រាប់​ដាក់​ក្នុង​ទឹក​ស៊ុប​ធ្វើឲ្យ​សាច់ឆា​ប់ផុយ និង​មាន​រសជាតិ​ឆ្ងាញ់​។​

អាជីវករ​លក់ដូរ​ម្នាក់​នៅ​ផ្តុំផ្សារ​បឹង​កេងកង ឯណោះ​វិញ អ្នកស្រី មុំ សុគន្ធា ឲ្យដឹងថា ជា​រៀងរាល់ថ្ងៃ​គាត់​ក្រោក​ពី​ម៉ោង​៦​ទៀប​ភ្លឺ ដើម្បី​ទៅ​ទិញ​បន្លែ សាច់ នៅ​ផ្សារ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ អ្នកស្រី​អះអាងថា បន្លែ សាច់ ទាំងនោះ​មិន​មាន​ជាតិគីមី​ទេ ព្រោះ​គាត់​ទិញ​ពី​ឈ្មួញ​ដែល​នាំ​យក​ពី​ប្រជាកសិករ​ដាំ​ដោយ​ខ្លួនឯង      នៅតាម​បណ្តា​ខេត្ត​នានា​។ ដូច្នេះ​ទឹក​ស៊ុប និង​បន្លែ សាច់ ដែល​គាត់​ធ្វើ​លក់ មិន​ប្រើ​ជាតិគីមី​ទេ ដោយសារ​គាត់​ខ្លាច​បាត់បង់​អតិ​ជន។

ពលរដ្ឋ​ម្នាក់ទៀត លោក អេប ប្រុស  ឲ្យដឹង​ដែរថា លោក​ចង់​ទៅ​ទិញ​បន្លែ សាច់ នៅតាម   ទីផ្សារ​កសិក​ផល​ធម្មជាតិ​នៃ​អង្គការ​សេ​ដាក​ដែរ តែ​ដោយសារ​ផលិតផល​នៅ​ទីនោះ​ថ្លៃ​ខ្ពស់ជាង​ផលិតផល​ដែល​នាំចូល​ពី​ក្រៅ​ប្រទេស​។​

​អ្នកគ្រប់គ្រង​ផ្សារ​កសិផល​ធម្មជាតិ​នៃ​អង្គការ​សេ​ដាក លោក គង់ ស៊ីណា​លុច ទទួលស្គាល់ថា តម្លៃ​ទំនិញ​នៅ​ទីផ្សារ​នេះ ពិត​ជា​ថ្លៃ​ជាង​ទំនិញ​ទីផ្សារ​ទូទៅ​មែន ដោយសារ​អង្គការ​នេះ​ក៏​លើកទឹកចិត្ត​ឲ្យ​កសិករ​ផលិត​បន្លែ ត្រី សាច់ ដោយ​មិន​ប្រើ​ជាតិគីមី ទទួល​បាន​កម្រៃ​ខ្ពស់។​

​លោក គង់ ស៊ីណា​លុច បន្ថែមថា សេ​ដាក​ក៏​មាន​គម្រោង​ពង្រីក​ទីផ្សារ​ឲ្យបាន​៥០០​ផ្សារ​ទូទាំងប្រទេស ដើម្បី​លក់​ផលិតផល​ធម្មជាតិ​នេះដែរ តែ​ដោយសារ​បច្ចុប្បន្ននេះ ផលិតផល​ដែល​ផលិត​បាន មិនទាន់​គ្រប់គ្រាន់ សម្រាប់​ចែកចាយ​ក្នុង​ទីផ្សារ​នៅឡើយ​។​

អ្នកស្រី ប្រាក់ សា​អែម មានប្រសាសន៍ថា គាត់​ចូល​ចិត្ត​ទិញ​បន្លែ សាច់ នៅ​សាខា​ទី​២​របស់​អង្គ​សេ​ដាក ដោយសារ​មិន​មាន​ជាតិគីមី​។ តែ​អ្នកស្រី អំពាវនាវ​ឲ្យ​អង្គការ​សេដាក លក់​ផលិតផល​ធម្មជាតិ​នេះ​ក្នុង​តម្លៃ​សមរម្យ ហើយ​ពង្រីក​ទីផ្សា​រលក់ ឲ្យបាន​គ្រប់​ទីផ្សារ​ទាំងអស់ ដើម្បី​ងាយស្រួល​ស្វែងរក​ទិញ​ផលិតផល​នោះ​។

អង្គការ​សេ​ដាក បាន​ជំរុញឲ្យមាន​ការបង្កើ​ន​ផលិតកម្ម​បន្លែ​ក្នុងស្រុក ដើម្បី​កាត់បន្ថយ​ការនាំ​ចូល​តាមរយៈ​ផលិតកម្ម​បន្លែ​បែប​សរីរាង្គ តែ​ការផ្គត់ផ្គង់​នៅពេលនេះ បាន​តែ​ប្រហែល ៤០០​គីឡូ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។​

​ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា​បង្ហាញថា កម្ពុជា​នាំ​ចូល​ផ្លែឈើ​ពី​ប្រទេស​ថៃ​មាន​ទឹកប្រាក់​ប្រមាណ ៨០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន ហើយ​នឹង​កើនឡើង​២៥ ភាគរយ​ជា​ប្រចាំ​ឆ្នាំ​។ នៅ​កម្ពុជា​ទីផ្សារ​ផ្លែ​ឈើ​ត្រូវបាន​ផ្គត់ផ្គង់​ភាគច្រើន​ពី​ប្រទេស​ថៃ​ដែល ទឹកប្រាក់​រង្វង់​១០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ខណៈ​ទីផ្សារ​បន្លែ​នៅ​កម្ពុជា​ត្រូវបាន​ផ្គត់ផ្គង់​ដោយ​ប្រទេស​វៀតណាម​៕

ផ្សារកសិផលធម្មជាតិ របស់អង្គការសេដាក (រូបថត៖ ណាត សុភាព)

ទិដ្ឋភាពខាងក្នុងផ្សារកសិផលធម្មជាតិ អង្គការសេដាក

 

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com និងលោក អុឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com  ​

What Next?

Recent Articles