អ្នកស្រុក​កោះធំ​បារម្ភ​ពី​ការ​បាត់បង់​មុខរបរ​ធ្វើ​ម្សៅជ្រែ​ដែល​ជា​អត្តសញ្ញាណ​តាំងពី​ដូនតា

2024.04.24
RFA

អ្នកស្រុក​កោះធំ​បារម្ភ​ពី​ការ​បាត់បង់​មុខរបរ​ធ្វើ​ម្សៅជ្រែ​ដែល​ជា​អត្តសញ្ញាណ​តាំងពី​ដូនតា

ម្សៅជ្រែដែលកសិករស្រុក​កោះធំ​ផលិតឡើង លក់ក្នុងទីផ្សារ។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ពលរដ្ឋ​រស់នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល​មួយ​ចំនួន​ប្រឈម​នឹង​បាត់បង់​មុខរបរ​ធ្វើ​ម្សៅជ្រែ​លក់ ដោយសារ​បញ្ហា​គ្មាន​ទីផ្សារ​លក់​ផលិតផល និង​ដើម​ជ្រែ​ប្រឈម​នឹង​ផុត​ពូជ ខណៈ​អ្នកខ្លះ​បោះបង់​មុខរបរ​នេះ​ចោល​។ ថ្វី​ត្បិត​ការផលិត​ម្សៅជ្រែ​លក់​ត្រូវការ​កម្លាំង​ពលកម្ម​ច្រើន និង​ទទួល​បាន​ប្រាក់ចំណូល​ទាប​ក្ដី ប៉ុន្តែ​មុខរបរ​មួយ​នេះ​ជា​អត្តសញ្ញាណ​របស់​អ្នកភូមិ​ពោធិមិត្ត ស្រុក​កោះធំ។មុខរបរ​ផលិត​ម្សៅជ្រែ​ពី​ដើម​ជ្រែ​លក់​ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត​គឺជា​មុខរបរ​ត​ជំនាន់​តាំងពី​ដូនតា​របស់​អ្នកភូមិ​ពោធិ​មិត្ត ឃុំ​លើកដែក ស្រុក​កោះធំ ខេត្ត​កណ្ដាល។ ទោះបី​ជាដើម​ជ្រែ​នេះ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ពឹង​ផ្អែកលើ​ការ​ធ្វើ​ម្សៅជ្រែ​លក់​ក្ដី ក៏​រដ្ឋាភិបាល​មិន​បាន​ខ្វាយខ្វល់​រក​ទីផ្សារ​លក់​ផលិតផល​ឱ្យ​ពួកគាត់​ដែរ។

អាជីវករ​ផលិត​ម្សៅជ្រែ នៅ​ស្រុក​កោះធំ លោក យ៉ិ ទឿ ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លោក​ប្រកប​មុខរបរ​ធ្វើ​ម្សៅជ្រែ​លក់​នេះ​បន្ត​ពី​ដូនតា​របស់​លោក​មក​ដោយ​ក្នុង​មួយថ្ងៃ​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី​៥​ម៉ឺន​រៀល ទៅដល់​១០​ម៉ឺន​រៀល បន្ទាប់ពី​ទូទាត់​ប្រាក់​ឱ្យ​កម្មករ និង​ដើម​ជ្រែ។

លោក យ៉ិ ទឿ៖ «អ៊ីចឹង​បងប្អូន​គួរ​ពិចារណា​ជួយ​ធ្វើ​ម៉េច​ឱ្យ​មាន​តម្លៃ​ជ្រែ​ហ្នឹង​ឱ្យ​មាន​ហាងឆេង​បាន​តម្លៃ​មិន​ទារ​ដល់​ខ្ពស់​ពេក​ទេ​បាន​ត្រឹមតែ​៣​ពាន់ ២​ពាន់​៥​រយ​ចេះតែ​ទៅ​ហើយ​ចេះតែ​ទៅ​រលូន​ទៅ​មុខ​ទៀត​ហើយពី​ព្រោះ​តម្លៃ​ឥឡូវ​វា​ទាប​ពេល​ហ្មង​សឹងតែ​បោះបង់ចោល​មិន​ស្ដាយ​របស់​គ្រាន់តែ​ថា​អានេះ​របស់ ធ្លាប់ធ្វើ​តាំងពី​ដូនតា​មក​ចេះតែ​ធ្វើ​តៗ​រហូត​ទៅ​ទេពី​ព្រោះ ១៥​នាក់ នៅ​សល់​តែ ៨​នាក់​ទេ»។

អាជីវករ​វ័យ ៦០​ឆ្នាំ​រូប​នេះ​បន្ត​ថា ម្សៅជ្រែ​ក្នុង​មួយ​គីឡូក្រាម​តម្លៃ ១​ពាន់ ២​រយ​រៀល ហើយ​ដោយសារ​បញ្ហា​តម្លៃថោក​នេះ​ធ្វើ​ឱ្យ​លោក​ចង់​បោះបង់​មុខរបរ​នេះ​ម្ដងម្កាល​ដែរ​។ លោក​បន្ថែម​ថា បើ​រដ្ឋាភិបាល​រក​ទីផ្សារ​លក់​ផលិតផល​បាន នោះ​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​លោក​ក៏​មាន​ការងារ​ធ្វើ​ដែរ។

លោក យ៉ិ ទឿ៖ «សម្រាប់​ខ្ញុំ​អ្នក​អត់​គឺ​ចេះតែ​ធ្វើ​ហើយពី​ព្រោះ​របរ​យើង​វា​មាន​ទៅ​ហើយ​តិចតួច​ស្ដួចស្ដើង​ក៏​ចេះ​ប្រឹង​ចេះតែ​ប្រែង​ទៅ​មិន​ទៅណា​ទេ ចេះតែ​តស៊ូ​ទៅមុខ​ទៀត​មិនដឹង​ធ្វើ​ម៉េច​។ អ៊ីចឹង​បាន​ថា សុំ​បងប្អូន​ខាង​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​យ៉ាងដូច​ខ្ញុំ​អ្នកធ្វើ​ហ្នឹង​។ សុំ​ឱ្យ​រដ្ឋាភិបាល​ជួយ​កែច្នៃ​ម្សៅជ្រែ ឱ្យ​វា​មានតម្លៃ​អី​តិច​ទៀត​ទៅ ពីព្រោះ​យើង​គិត​ទៅ​ក្នុង​ថៅកែ​មួយ​កន្លែង​ផលិតផល​មួយ​អាច​ជួយ​ចិញ្ចឹម​បាន ៥៦​គ្រួសារ​ដែរ​អ៊ីចឹង​បាន​ថា ជួយ​ចិញ្ចឹម​គ្នា​ទៅវិញទៅមក​ទេ»។

ដើម​ជ្រែ​នេះ​ក៏​ប្រឈម​នឹង​ការ​ផុត​ពូជ​ផង​ដែរ ដោយសារ​ពុំ​មាន​អ្នក​ដាំ​បន្ត ឬ​ស្គាល់​ពី​ដើម​នេះ​ឡើយ​។ ចំណែក​ការ​ដាំដុះ​វិញ​គឺ​ត្រូវ​ចំណាយពេល​យូរ ពោល​ចន្លោះ​ពី​៣០​ឆ្នាំ ដល់ ៦០​ឆ្នាំ​ឡើង​ទៅ​ទើប​អាច​យក​មក​កិន​ធ្វើជា​ម្សៅជ្រែ​បាន​។ រីឯ​ស្លឹក​ជ្រែ​វិញ​គេ​អាច​ច្នៃ​ធ្វើជា​កន្ទេល អង្រឹង និង​ក្រង​ប្រក់​ដំបូលផ្ទះ​ជាដើម។

អាជីវករ​ផលិត​ម្សៅជ្រែ​ម្នាក់ទៀត​នៅ​ឃុំ​លើកដែក លោក ស៊ាង លាងអ៊ី បារម្ភ​ថា កូនចៅ​ជំនាន់​ក្រោយ​អាច​មិន​ស្គាល់​ដើម​ជ្រែ​នេះ​ដោយសារ បច្ចុប្បន្ន​ពលរដ្ឋ​លក់​ដី​ឱ្យ​ក្រុមហ៊ុន​ចិន ហើយ​ក្រុមហ៊ុន​ឈូស​ដើម​ជ្រែ​ចោល​។ លោក​បន្ត​ថា ម្សៅជ្រែ​នេះ​អាច​យក​ទៅ​ធ្វើជា​នំ​បញ្ចុក លូត​ឆា តាំង​ហ៊ុន ឬ​មីសួ និង​ធ្វើជា​បង្អែម​បាន​ច្រើន​មុខ។

លោក ស៊ាង លាងអ៊ី៖ «ហើយ​និង​នំកូរ​នំ​អី​លក់​តាម​សាលា​តាម​ផ្សារ ខ្ញុំ​មាន​ម៉ូយ​ខ្ញុំ​គាត់​ធ្វើ​នំ​លក់​ហូរហែ​អ៊ីចឹង​ដែរ នំ​គេ​ចាក់​មួយ​ចាន​តូចៗ​ដូច​ចាហួយ ហើយ​និង​នំ​កាត់​ថាស​ដូច​បាយ​ត្រៀប​យើង​ហ្នឹង​ធ្វើ​ហើយ​ចាក់​មួយ​ជាន់ៗ​ហើយ​ដាក់​ស្នូល​សណ្ដែក​អីហ្នឹង​ក៏​ឆ្ងាញ់​ម្យ៉ាងដែរ​។ ហើយ​ម្សៅជ្រែ​ហ្នឹង​ហូប​ត្រជាក់​សាច់​អត់​ដូច​ម្សៅ​ផ្សេងៗ​ទេ បើ​ម្សៅ​ផ្សេងៗ​អាច​ហូប​ក្ដៅ​ហើយ​ម្សៅ​យើង​នេះ​ហូប​ត្រជាក់​សាច់​ល្អ​ណាស់ បើ​ម្សៅ​យើង​នេះ​ឱ្យ​ហូប​មួយ​ឆ្អែត​ឱ្យ​ហូប​ទាល់តែ​ហូប​លេង​បាន​ក៏​មិន​ក្ដៅខ្លួន​ដែរ»។

ងាក​មក​ដំណើរការ​នៃ​ការផលិត​ម្សៅជ្រែ​វិញ គឺ​ឆ្លងកាត់​ច្រើន​ដំណាក់កាល ដូចជា បក​សំបក​ដើម​ជ្រែ ឈូស​សាច់​ជ្រែ​ជា​ចំណិត​ស្តើងៗ រួច​យក​ទៅ​កិន​ចំនួន ២​ដង ហើយ​ទើប​យក​មក​ច្រោះ​លាយ​ជាមួយ​ទឹក​ដើម្បី​ញែក​យក​សាច់​ម្សៅ​ពណ៌​ក្រហម​ចេញ និង​ស្ដារ​កាក​យក​ទៅ​ហាល​ឱ្យ​ស្ងួត​។ បន្ទាប់​ពី​ហាល​ឱ្យ​ស្ងួត​រួច​ទើប​កិន​ឱ្យ​ម៉ដ្ដ​ម្ដង​ទៀត ទើប​ក្លាយជា​ម្សៅជ្រែ​ពណ៌​ស​ល្អ។

ឆ្លើយតប​រឿង​នេះ អភិបាលខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ទទួល​ស្គាល់​ថា ការ​ធ្វើ​ម្សៅជ្រែ​របស់​អ្នកស្រុក​កោះធំ​នេះ​គឺ​មាន​តាំងពី​ដូនតា​មក​។ ប៉ុន្តែ​លោក​ថា ក្រុម​អាជីវករ​អាច​រក​ទីផ្សារ​លក់​ផលិតផល​ដោយ​ខ្លួន​ឯង​បាន ហើយ​មុខរបរ​នេះ​ក៏​មិន​ធំដុំ​ឈាន​ដល់​ការ​រក​ទីផ្សារ​នោះ​ដែរ។

លោក គង់ សោភ័ណ្ឌ៖ «​នេះ​ដូចជា​មុខរបរ​មួយ​ដែល​គាត់​ធ្វើ​នៅក្នុង​ភូមិ​ស្រុក​គាត់​ចែក​គ្នា​លក់​តិចតួច​ល្មម​របៀប​នៅ​មូលដ្ឋាន​គាត់​មិន​ទាន់​ជា​មុខរបរ​រក​ទីផ្សារ​ធំដុំ​អី​ប៉ុន្មាន​ទេ ពី​ព្រោះ​ដើម​ជ្រែ​នេះ​ពីមុន​មើល​ដូច​ដើម​ត្នោត​ហើយ​ខ្ញុំ​កាល​មុន​ក៏​វា​មិន​ច្បាស់​ដែរ អ៊ីចឹង​ទម្រាំ​តែ​ដាំ​ធំ​វា​យូរ​ដែរ​ទម្រាំ​តែ​មាន​ផល​យក​មក​ធ្វើ​បាន​។ ចាំ​មើល​សុំ​ធ្វើការ​សិក្សា​សិន​ព្រោះ​គាត់​មាន​ទីផ្សារ​របស់​គាត់​ដោយ​រលូន​ហ្នឹង​អត់​ដែល​មាន​បញ្ហា​ដែរ​ទេ»។

ទាក់ទិន​រឿង​នេះ ក្រុមប្រឹក្សាភិបាល​របស់​អង្គការ​សាមគ្គីភាព​កសិករ​កម្ពុជា លោក ឌី គន្ធា សង្កេត​ឃើញ​ថា អាជីវកម្ម​លក្ខណៈ​គ្រួសារ​បែប​ប្រពៃណី​មួយចំនួន​ប្រឈម​នឹង​បាត់បង់​ដោយសារ​រដ្ឋាភិបាល​មិន​បាន​យកចិត្តទុកដាក់​រក​ទីផ្សារ​ជូន​ពួកគាត់​។ លោក​បន្ត​ថា ប្រសិនបើ​ពលរដ្ឋ​មាន​មុខ​របរ​ជា​លក្ខណៈ​គ្រួសារ​នោះ អាច​ជួយ​កាត់បន្ថយ​ការ​ចំណាកស្រុក និង​បង្កើន​ឱកាស​ការងារ​ឱ្យ​ពលរដ្ឋ​ក្នុងស្រុក​មាន​ការងារ​ធ្វើ។

លោក ឌី គន្ធា៖ «រដ្ឋាភិបាល​ហាក់បីដូចជា​មិនបាន​យកចិត្តទុកដាក់ ចំពោះ​ប្រជាពលរដ្ឋ​ដែល​គាត់​កំពុង​តែ​មាន​មុខរបរ​ហើយ​រដ្ឋាភិបាល​គួរតែ​ធ្វើ​បែប​ម៉េច​ដើម្បី​ឱ្យ​មុខរបរ​ពួកគាត់​មាន​និរន្តរភាព​ដែល​មិន​អាយុ​ខ្លី​។ មានន័យ​ថាឱ្យ​មុខរបរ​របស់​ពួកគាត់​ហ្នឹង​អាច​មាន​រយៈពេល​យូរអង្វែង​ហើយ​ប្រសិនជា​រដ្ឋាភិបាល​មិន​យកចិត្តទុកដាក់​ទេ​មុខរបរ​របស់​ពួកគាត់​ងាយ​ហ្នឹង​ផុយ​ស្រួយ​ងាយ​ហ្នឹង​បាត់​ទៅវិញ​។ ដោយសារតែ​មុខរបរ​របស់​ពួកគាត់​គឺ​គ្មាន​អតិថិជន ឬក៏​គ្មាន​ប្រភព​ទីផ្សារ​គាំទ្រ​លើ​មុខរបរ​របស់​ពួកគាត់»។

ទោះជា​យ៉ាងណា​កន្លងទៅ​ក្រុម​អាជីវករ រិះគន់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​កសិកម្ម​ថា អសមត្ថភាព​រក​ទីផ្សារ​ជូន​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជំពាក់​បំណុល​ធនាគារ ហើយ​អ្នកខ្លះ​បោះបង់​មុខរបរ​ចោល​ដោយ​ងាក​ទៅ​ចំណាកស្រុក​ដើម្បី​រក​ប្រាក់​សង​បំណុល​ធនាគារ។

អ្នកភូមិ​ពោធិ​មិត្ត ឃុំ​លើកដែក ស្រុក​កោះ ខេត្ត​កណ្ដាល មាន​អ្នកធ្វើ​ម្សៅជ្រែ​លក់​ចំនួន​៨​កន្លែង ដែល​អាច​ជួយ​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​ក្នុង​សហគមន៍​បាន​ជាង​៤០ គ្រួសារ ខណៈ​ដំបូង​ឡើយ​មាន​អ្នក​ផលិត​ម្សៅជ្រែ​ចំនួន​១៥​កន្លែង​។ ក្នុងស្រុក​កោះធំ​មាន​ឃុំ​ចំនួន ២​គឺ​ឃុំ​កំពង់កុង និង​ឃុំ​លើកដែក ដែល​ប្រកប​មុខរបរ​ធ្វើ​ម្សៅជ្រែ​លក់ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ឃុំ​កំពង់កុង បាន​បោះបង់​មុខរបរ​នេះ​ចោល ដោយសារ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ពលរដ្ឋ​មិន​អាច​រក​ប្រាក់​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​គ្រប់គ្រាន់។

ក្រុម​អាជីវករ លើកឡើង​ថា ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ដែល​ប្រកប​មុខរបរ​លក្ខណៈ​គ្រួសារ​រដ្ឋាភិបាល​គួរតែ​ដាក់​ចេញ​នូវ​ផែនការ និង​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ការ​រក​ទីផ្សារ​លក់​ផលិតផល​ជូន​ពួកគាត់ ជៀសវាង​អាជីវករ​ខ្លះ​ត្រូវ​បង្ខំចិត្ត​បិទ​កន្លែង​ផលិត​ម្សៅជ្រែ និង​បាត់បង់​មុខរបរ​ដែល​បន្សល់​ទុក​តាំង​ពី​ដូនតា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment