ដោយ យាង សុជាមេត្តា
2014-08-21
RFA
លោក ឈាង វុន មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មានពេលត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤។ RFA/Yeang Socheametta
អ្នកវិភាគ និងតំណាងខ្មែរក្រោម បដិសេធការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលថា ការនិយាយបំភ្លៃប្រវត្តិសាស្ត្ររបស់អ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា លោក ត្រឹង វ៉ាំងថុង ជារឿងបុគ្គលនោះ មិនត្រឹមត្រូវឡើយ។ ពួកគេថា ការលើកឡើងរបស់ លោក ត្រឹង វ៉ាំងថុង គឺជាចេតនានយោបាយរបស់វៀតណាម មិនមែនជារឿងបុគ្គលធម្មតានោះទេ។
តំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម សម្ដែងការខកចិត្តនៅពេលដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ចាត់ទុកការនិយាយបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោម ដោយមន្ត្រីការទូតវៀតណាម កន្លងមក ថាជារឿងបុគ្គលនោះ។
ប្រតិកម្មរបស់អ្នកវិភាគ និងតំណាងខ្មែរក្រោម គឺបន្ទាប់ពីការបញ្ជាក់របស់ លោក ឈាង វុន នៅពេលត្រឡប់មកពីបំពេញទស្សនកិច្ចក្នុងប្រទេសវៀតណាម។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីរសៀលថ្ងៃទី២០ សីហា លោក ឈាង វុន ដែលត្រូវបាន លោក ហេង សំរិន ប្រគល់ភារកិច្ចឲ្យនិយាយជាមួយអ្នកសារព័ត៌មាននោះ ថ្លែងថា ការបំភ្លៃប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម កាលពីពេលកន្លងមក មិនឆ្លុះបញ្ចាំងទស្សនៈរបស់រដ្ឋាភិបាលវៀតណាម ឡើយ។ លោកថា វាគ្រាន់តែជាការអះអាងរបស់បុគ្គលម្នាក់ ដែលធ្វើការនៅក្នុងស្ថានទូតប៉ុណ្ណោះ។
បើតាម លោក ឈាង វុន គេមិនអាចទៅបង្ខំឲ្យរដ្ឋាភិបាលវៀតណាម មកសុំទោសជំនួសបុគ្គលម្នាក់បាននោះទេ៖ «យើងឲ្យវៀតណាម សុំទោសម៉េច ព្រោះបុគ្គលម្នាក់និយាយនេះ មិនមែនប្រជាជាតិវៀតណាម គាត់មិនមែននិយាយក្នុងនាមរដ្ឋាភិបាលវៀតណាម ឯណា? បុគ្គលរបស់គាត់ម្នាក់ ធ្វើការនៅស្ថានទូតគាត់និយាយ យល់ទេ ខ្ញុំបើគាត់វិញ ហើយខ្ញុំធ្លាប់បានធ្វើហើយ ខ្ញុំចេញមកខាងក្រៅខ្ញុំថា ខ្ញុំនិយាយមិញខុសហើយសុំទោស ហើយចប់ហើយ រឿងហ្នឹងចប់ហើយ ខ្ញុំថាការងារអស់ហ្នឹងមិនអាចដោះស្រាយបានតាមការសុំទោសទេ គេធ្វើការងារដំណោះស្រាយតាមការងារការទូត ហើយយើងកុំទៅបង្ខំ យើងបង្ខំឲ្យគេសុំទោសខុសហើយ ព្រោះការសុំទោសហ្នឹង គឺជាព្រលឹងជាតិរបស់គេ យល់នៅ? ហើយយើងត្រូវយល់ការងារការទូត ការងារ ហើយការងារនយោបាយ ក៏ប៉ុន្តែ មធ្យោបាយ បើកាលណាគាត់ត្រឡប់ទៅវិញដោយសុខទៅ អាហ្នឹងហើយសថា អ្វីដែលគាត់និយាយមិនត្រឹមត្រូវទេ»។
យ៉ាងណាក៏ដោយចុះ នរណាក៏ដឹងដែរថា លោក ត្រឹង វ៉ាំងថុង គឺជាអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា នោះមានន័យថា ពាក្យសម្ដីរបស់លោក គឺតំណាងឲ្យសម្ដីរបស់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម ទាំងមូល។ មួយវិញទៀត ចាប់តាំងពីពេលដែល លោក ត្រឹង វ៉ាំងថុង ថ្លែងពីប្រវត្តិសាស្ត្រកម្ពុជាក្រោម រហូតដល់ពេលបច្ចុប្បន្ន ទាំងស្ថានទូតវៀតណាម ប្រចាំកម្ពុជា ទាំងរដ្ឋាភិបាលវៀតណាម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍គាំទ្រសម្ដីអ្នកនាំពាក្យរូបនោះ ហើយថែមទាំងថ្លែងថ្កោលទោសចំពោះបាតុករខ្មែរ ដែលធ្វើការតវ៉ាប្រឆាំងនឹងពួកគេទៀតផង។
ឆ្លើយតបចំពោះការលើកឡើងរបស់ លោក ឈាង វុន ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា លោកសោកស្ដាយចំពោះ លោក ឈាង វុន ក្នុងនាមលោកជាប្រធានគណៈកម្មការកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភា ប៉ុន្តែលោកបែរជាមិនយល់អ្វីជាកិច្ចការទំនាក់ទំនងអន្តរជាតិ ឬការងារការទូតទៅវិញ។
លោក ថាច់ សេដ្ឋា ថាការបំភ្លៃប្រវត្តិសាស្ត្រកម្ពុជាក្រោម គឺជាចេតនារបស់រដ្ឋាភិបាលវៀតណាម យ៉ាងពិតប្រាកដ៖ «ទូតដែលដាក់នៅប្រទេសនីមួយៗ គឺជាតំណាងឲ្យប្រទេសគេ ដែលគេចាត់តាំងឲ្យអ្នកនាំពាក្យ គឺអ្នកនាំពាក្យមានន័យថា អ្នកនាំពាក្យឲ្យរដ្ឋាភិបាលគេ មិនមែននិយាយដោយខ្លួនឯង មតិដោយខ្លួនឯងទេ នេះគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល ទោះប្រទេសណាក៏ដោយ កន្លែងណាក៏ដោយ មិនមែនឯកអគ្គរដ្ឋទូតនិយាយដោយខ្លួនឯងទេ គេមានអ្នកនាំពាក្យរដ្ឋាភិបាលក៏មាន អ្នកនាំពាក្យក្រសួងការបរទេស នាយករដ្ឋមន្ត្រីអី គេមានអ្នកនាំពាក្យហ្នឹងហើយ ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល ទៅនិយាយជាជំហររបស់រដ្ឋាភិបាល»។
លោក ថាច់ សេដ្ឋា បន្តថា បើទោះជាមានការដក លោក ត្រឹង វ៉ាំងថុង ត្រឡប់ទៅវៀតណាម វិញក៏ដោយ ក៏មិនមែនមានន័យថា រឿងរ៉ាវត្រូវបញ្ឈប់នោះទេ គឺរដ្ឋាភិបាលវៀតណាម ត្រូវបញ្ជាក់ឲ្យច្បាស់អំពីជំហររបស់ខ្លួនចំពោះការលើកឡើងរបស់ លោក ត្រឹង វ៉ាំងថុង ថាតើពួកគេចាត់ទុកការលើកឡើងរបស់ លោក ត្រឹង វ៉ាំងថុង ជារឿងខុសឆ្គង ឬត្រឹមត្រូវយ៉ាងណានោះ ហើយថា បើរដ្ឋាភិបាលវៀតណាម យល់ថាមានកំហុសឆ្គងមែន វៀតណាម ត្រូវទទួលស្គាល់កំហុសរបស់ខ្លួន។ ទោះជាយ៉ាងណា លោក ថាច់ សេដ្ឋា ថាទុកពេលឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយតាមផ្លូវការទូតជាមួយរដ្ឋាភិបាលវៀតណាម មួយរយៈពេលសិន។ លោកថា បើគ្មានការឆ្លើយតបណាមួយសមរម្យទេ នោះការតវ៉ានឹងមានជាហូរហែបន្តទៀត។
ស្រដៀងនឹង លោក ថាច់ សេដ្ឋា សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ លោកបណ្ឌិត រស់ រ៉ាវុធ កត់សម្គាល់ថា ការលើកឡើងរបស់អ្នកនាំពាក្យស្ថានទូតវៀតណាម មិនមែនជាសម្ដីបុគ្គលឯកជនឡើយ។ លោកថា អ្នកនាំពាក្យវៀតណាម មិនអាចឆ្លើយយករួចខ្លួនបាននោះទេ។ លោកបណ្ឌិត រស់ រ៉ាវុធ បន្តថា ក្នុងករណី លោក ត្រឹង វ៉ាំងថុង នេះ តាមច្បាប់ការទូត រដ្ឋាភិបាលកម្ពុជា អាចចេញសេចក្តីប្រកាសចាត់ទុកបុគ្គលនេះ ថាជាបុគ្គលដែលមិនជាទីគួរគោរព ឬហៅថា ពែកស៊ុងណា ណុង ហ្ក្រាតា (Persona Non Grata) ហើយអាចបណ្ដេញបុគ្គលនេះចេញពីប្រទេសបាន។
លោកបណ្ឌិត រស់ រ៉ាវុធ៖ «នេះ គឺជាចេតនានយោបាយមួយរបស់វៀតណាម បើយើងបកស្រាយវិញ មើលងាយខ្លាំងណាស់ចំពោះប្រទេសកម្ពុជា ដែលខ្លួនបានប្រព្រឹត្តហើយ មិនទទួលខុសត្រូវ បើនិយាយពីរឿងទំនាក់ទំនងការទូតខុសធ្ងន់ណាស់។ ដូចខ្ញុំបាននិយាយខាងដើមចឹង បើសិនប៉ះពាល់ដល់រដ្ឋាភិបាលវិញ រដ្ឋាភិបាលត្រូវតែប្រកាសបុគ្គល ត្រឹង វ៉ាំងថុង នេះ ថាជាបុគ្គលដែលមិនគួរស្វាគមន៍។ អ៊ីចឹងគេត្រូវតែដក ត្រឹង វ៉ាំងថុង ចេញហើយ ដើម្បីកុំឲ្យប៉ះពាល់នយោបាយដល់ប្រទេសទាំង២»។
នៅពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា អះអាងជាបន្តបន្ទាប់ថា បញ្ហាប្រវត្តិសាស្ត្រ គឺជាបញ្ហារួមរបស់ប្រជាជាតិខ្មែរទាំងអស់គ្នា ហើយថា ប្រវត្តិសាស្ត្រ គឺជាប្រវត្តិសាស្ត្រ គ្មានអ្នកណាម្នាក់អាចលុបបំបាត់វាបាននោះទេ។ តែទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញរដ្ឋាភិបាលចេញសេចក្តីប្រកាសផ្លូវការណាមួយ ចាត់ទុកការលើកឡើងរបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ថាជាការកាឡៃប្រវត្តិសាស្ត្រនោះឡើយ។
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គាំទ្រជំហររបស់លោក ហេង សំរិន
ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នៅថ្ងៃទី២១ សីហា បានចេញសេចក្តីថ្លែងការណ៍សម្ដែងការអបអរ និងគោរពចំពោះជំហររបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ដែលបានឆ្លើយការពារអធិបតេយ្យភាពប្រទេសកម្ពុជា ក្នុងពេលឆ្លើយតបជាមួយមេដឹកនាំវៀតណាម។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី គាំទ្រការអះអាងរបស់ប្រធានគណៈកម្មការបរទេសរដ្ឋសភា លោក ឈាង វុន អំពីការឆ្លើយតបចំពោះជំហរនាយករដ្ឋមន្ត្រីវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយវៀតណាម ដែលបានឆ្លៀតយកប្រៀប និងមានបំណងមិនល្អ ដោយប្រើប្រាស់ឱកាសទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាកម្ពុជា ដើម្បីឲ្យកម្ពុជា ចាត់វិធានការតឹងរ៉ឹងលើបាតុកម្មប្រឆាំងវៀតណាម។
ប្រធានគណបក្ស សម រង្ស៊ី និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក គង់ គាំ មានប្រសាសន៍ថា គណបក្ស សម រង្ស៊ី គាំទ្រជំហរគណៈប្រតិភូរដ្ឋសភាកម្ពុជា ដែលការពារបាតុកម្មប្រជាពលរដ្ឋខ្មែរក្រោម និងបានបញ្ជាក់អំពីកំហុសឆ្គងនៃការបកស្រាយប្រវត្តិសាស្ត្ររបស់មន្ត្រីនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា ដែលជាដើមហេតុនាំឲ្យមានការតវ៉ា។
លោក គង់ គាំ៖ «ព្រឹទ្ធសភាគណបក្ស សម រង្ស៊ី យើងយល់ថា គណៈប្រតិភូបានការពារអធិបតេយ្យរបស់កម្ពុជា មិនស្តាប់ការទាមទាររបស់នាយករដ្ឋមន្ត្រី និងមិនយល់ស្របតាមប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាម ថាបាតុករខុសច្បាប់ ថាការទាមទារឲ្យសុំទោសនោះខុសច្បាប់ទេ គឺថាប្រតិភូរដ្ឋសភាកម្ពុជាយើង បានទាំងបញ្ជាក់ថា ការបកស្រាយប្រវត្តិសាស្ត្ររបស់អ្នកនាំពាក្យស្ថានទូតវៀតណាម គឺខុស ដូច្នេះបានជាឲ្យមានបាតុកម្ម»។
ក្រុមសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក៏គាំទ្រចំពោះវិធានការការទូត ដែលគណៈកម្មការបរទេសរដ្ឋសភា និងក្រសួងការបរទេសកម្ពុជា បម្រុងបញ្ជូនកំណត់ទូតទៅក្រសួងការបរទេសវៀតណាម ឲ្យកោះហៅ លោក ត្រឹង វ៉ាំងថុង ចេញពីកម្ពុជា ជាបន្ទាន់ និងជាស្ថាពរ។
ទោះជាយ៉ាងណា លោក គង់ គាំ មិនគាំទ្រការបញ្ជាក់របស់ លោក ឈាង វុន ដែលថា ការថ្លែងរបស់ លោក ត្រឹង វ៉ាំងថុង ជារឿងបុគ្គលឡើយ។ សម្រាប់ លោក គង់ គាំ បញ្ហានេះបានក្លាយជាបញ្ហារវាងកម្ពុជា និងវៀតណាម ទៅហើយ ក្រោយពីស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងក្រសួងការបរទេសវៀតណាម ចេញសេចក្តីថ្លែងការណ៍គាំទ្រអ្នកនាំពាក្យរូបនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- លោក ហ៊ុន សែន ព្រមានមន្ត្រីសង្គមស៊ីវិលដែលរិះគន់លោកមិនទទួលខុសត្រូវលើទំនាស់ដីធ្លី
- លោក ហេង សំរិន បដិសេធព័ត៌មានថារដ្ឋសភានឹងចាត់វិធានការចំពោះបាតុកម្មមុខទូតវៀតណាម
- លីកាដូអំពាវនាវឲ្យតុលាការអនុញ្ញាតសាច់ញាតិអាចចូលជួបសួរសុខទុក្ខយុវជន៣នាក់
- សង្គមស៊ីវិលវិភាគច្បាប់ការចាប់ខ្លួននិងចោទអ្នកធ្វើបាតុកម្មកាលពីថ្ងៃ១៥កក្កដា
- ហេតុផលតុលាការកោះហៅនិងចាប់សកម្មជនគណបក្សសង្គ្រោះជាតិ
- សង្គមស៊ីវិលស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹម២អាណត្តិ
- សហគមន៍ខ្មែរក្រោមនិងយុវជនព្រមផ្អាកគម្រោងធ្វើបាតុកម្មឲ្យវៀតណាមសុំទោស
- វៀតណាមសុំឲ្យកម្ពុជាបង្ការបាតុកម្មដុតទង់ជាតិវៀតណាម
- ក្រុមការងារបក្សទាំង២បញ្ចប់កិច្ចពិភាក្សាអំពីវិសោធនកម្មច្បាប់បោះឆ្នោត
អាវុនបែបឡប់ឆ្គួតហើយ!!!
ពួកគណបក្ខប្រជាជនដល់ពេលថ្ងៃអន្សាហើយបានជាទាំងមេទាំងកូននិយាយឡប់ដូចក្មេង
បៀមដៃអញ្ចឹង???អាអាវឹកវារៀនមិនចប់បឋមសិក្សាចុះអាបណ្ឌិតស្រុកបារាំងនិងអាបណ្ឌឹតរត់ស្រុក
អាមេរិកម្តេចវាក៏ពុលក្តួចដែល៕
អាឡេវទេាំផ្តះកុហកមែ់ទេាំស្រែកុហកឪលេាកឈៀងវុនកំពុងលេងក្បាច់នេះឯង?????ដេិម្បីបានបុណ្បសក្តី???????????
ចូលប្រជាជនទាំងអស់ស្តាប់សំដីអា ឈៀង វុនដែលជាមន្ត្រីរបស់បក្សប្រជាជនដែលមានមន្ត្រី
ឆ្កូតៗបំរើផលប្រយោជន៏ជនបរទេសដើប្បីលាភសាការះរបស់បក្សខ្លួនហ៊ានចេញមកដោះសារ
ជំនួយ យួនពីរឿងយួនចង់បានទឹកដីកម្ពុជារបស់យើង។
shared from facebook
ប្រទេសលាវបានបង្កើតរដ្ឋាភិបាលនិរទេសដើម្បីរំដោះប្រទេសពីការ
គ្រប់គ្រងរបស់យួន ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ព្រោះសម័យ
នេះហើយគេមិនដែលឲ្យឣ្នកឯងមកគ្របគ្រងងាយទេ
មិនមែនសម័យសង្គ្រាមលោកទេ