ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
លោក ឡាយ សាមាន អ្នកសារព័ត៌មានវីអូឌី សន្លប់បន្ទាប់មានការវាយដំពីសន្តិសុខខណ្ឌដូនពេញ នាពេលកន្លងមក
មេធាវីរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ដាក់លិខិតមួយច្បាប់ជូនទៅព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ ជំរុញឲ្យដំណើរការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងការប្រើហិង្សាលើអ្នកសារព័ត៌មានVOD ពីសំណាក់កងសន្តិសុខខណ្ឌដូនពេញកាលពីដើមខែឧសភាកន្លងទៅ។
លិខិតដែលធ្វើឡើងដោយលោកមេធាវី សេក សោភ័ណ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ ម្សិលមិញនេះ បានបញ្ជាក់ពីកម្មវត្ថុសុំជួយជំរុញឲ្យដំណើរការសំណុំរឿងលេខ១៧២៨ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ របស់អយ្យការសាលាដំបូងរាជធានីភ្នំពេញឲ្យបានឆាប់រហ័ស។ ក្នុងសំណុំរឿងនោះទទួលបន្ទុកដោយព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ។
លិខិតដដែលបន្តថា កាលពីថ្ងៃទី១៦ ខែមថុនា ឆ្នាំ២០១៤ ដើមបណ្ដឹងរដ្ឋប្បវេណីបានចូលបំភ្លឺលើពាក្យបណ្តឹងបរិហាររបស់ខ្លួនតាមការកោះហៅរបស់ព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ រួចហើយ ដោយឡែកការទទួលខុសត្រូវរបស់ឈ្មោះ ប៉ា សុជាតិវង្ស ឈ្មោះ សុខ សម្បត្តិ និងឈ្មោះ សុខ ពេញវុធ ក្នុងសំណុំរឿងនេះ មិនទាន់បានដឹងថាបានចូលបំភ្លឺ ឬមានការកោះហៅពីតំណាងអយ្យការរួចហើយ ឬមិនទាន់នៅឡើយ។
ក្នុងលិខិតដដែលនោះ លោកមេធាវីបានបន្ថែមថា កូនក្តីរបស់លោកដែលបានខាតបង់ទាំងពេលវេលា និងថវិកាលើការព្យាបាលជនរងគ្រោះឈ្មោះ ឡាយ សាមាន ដែលជាបុគ្គលិក កំពុងរង់ចាំចំណាត់ការរបស់តំណាងអយ្យការ និងសំណងរដ្ឋប្បវេណី។
ពាក់ព័ន្ធនឹងលិខិតនោះដែរ លោកមេធាវី សេក សោភ័ណ ប្រាប់VOD បន្ថែមនារសៀលនេះថា ការដាក់លិខិតជំរុញឲ្យព្រះរាជអាជ្ញាដំណើរការសំណុំរឿងនេះ ដោយសារតែមិនទាន់បានទទួលដំណឹងអំពីវិធានការ ឬចំណាត់ការណាមួយ ព្រមទាំងមានភាពយឺតយ៉ាវខ្លាំងពេក។
សូមរំឭកថា កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ អ្នកយកព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ VOD លោក ឡាយ សាមាន ត្រូវបានក្រុមកងសន្តិសុខខណ្ឌដូនពេញប្រមាណជា៦ទៅ១០នាក់ វាយរហូតដល់សន្លប់ និងផុងឆ្អឹងថ្ពាល់ខាងស្តាំ ខណៈអ្នកយកព័ត៌មានរូបនេះ ទៅយកព័ត៌មានស្តីពីយុទ្ធនាការឃោសនាការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅជិតទីលានប្រជាធិបតេយ្យ។
CCIM បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែឧសភា ដោយប្តឹងអភិបាលរាជធានីភ្នំពេញ និងអតីតអភិបាលខណ្ឌ ព្រមទាំងអភិបាលរងខណ្ឌដូនពេញ ពីបទផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមកលើអ្នកយកព័ត៌មានVOD៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
ក្រុមសន្តិសុខវាយមនុស្សម្នាក់ និងក្រុមសន្តិសុខត្រូវបានគេវាយដំ។ តើមួយណា មានកំហុសធ្ងន់ធ្ងរជាង?
ក្រុមសន្តិសុខត្រូវបានក្រុមបាតុករបក្សសង្គ្រោះជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់. តើលោកមេធាវី សេក សោភ័ណនេះ និយាយរបៀបណាដែល?
ក្រុមសន្តិសុខត្រូវបានក្រុមបាតុករបក្សសង្គ្រោះជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់.
តើលោកមេធាវី សេក សោភ័ណ និយាយរបៀបណាដែល?
ចុះរវាងក្រុមសន្តិសុខត្រូវបានក្រុមបាតុករបក្សសង្គ្រោះជាតិវាយយ៉ាងធ្ងន់ធ្ងរ ដល់ទៅ 32 នាក់ និង ការសំលាប់កម្មករចំនួន ៥នាក់ នៅផ្លូវ វ៉េង ស្រេង ដោយពួកទាហាន៩១១ មួយណា មានកំហុស ធ្ងន់ធ្ងរជាង?ហើយពួកសន្តិសុខមិនមែនវាយតែម្នាក់ហ្នឹងទេ ប៉ុន្តែមកពីមានតែម្នាក់ប្តឹង។ដូចជា ករណីបង្រ្កាបបាតុករនៅទីលានប្រជាធិបតេយ្យ ការតវ៉ាដីរបស់ប្រជាជន បឹងកក់ និង បុរីកីឡា។ រហូតដល់ចូលវាយព្រះសង្ឃដល់ក្នុងវត្តនៅស្ទឹងមានជ័យ តើអំពើទាំងអស់នេះធ្ងន់ជាង ឬស្រាលជាង? សូមលោកទាំង២ នាក់ខាងលើជួយឆ្លើយផង។
បើបាតុករមិនបានធ្វើអ្វីខុសទេ, សន្តិសុខមិនបានវាយដំផងដែរ។
ដូចគ្នាដែរ បើសិនសន្តិសុខមិនបានធ្វើអ្វីខុសទៅលើប្រជាជនដែលតវ៉ាក៏គ្មានការវាយបកទៅលើ សន្តិសុខនោះវិញដែរ។