ដោយ៖ កាន់ វិច្ឆិកា
ថ្ងៃព្រហស្បតិ៍ ទី21 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងលោកស្រី កែ ច័ន្ទមុនី ពេលចុះជួបអ្នកមានជម្ឡោះដីធ្លីកាលពីព្រឹកមិញនេះ (រូបភាព៖ Krishan Rajapakshe)
អ្នកមានជម្លោះដីធ្លីមកពីភូមិចំនួន៥នៅខេត្តកំពង់ឆ្នាំង រួមនឹងសង្គមស៊ីវិលលើកឡើងថា ការចេញមុខមកចរចារកដំណោះស្រាយរបស់តំណាងរាស្ត្រខេត្តកំពង់ឆ្នាំងគឺដោយសារតែខ្លាចបាត់បង់តំណែងរបស់ខ្លួន ក្រោយពីមានការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង លោកស្រី កែ ច័ន្ទមុនី ឡើងមកជួបប្រជាពលរដ្ឋដែលមកតវ៉ាដល់រាជធានីភ្នំពេញតាមរយៈការសម្រួលពីអភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលរងខណ្ឌដូនពេញ លោក សុខ ពេញវុធ។ ក្នុងការឡើងមកជួបនេះ លោកស្រី កែច័ន្ទ មុនី បានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ត្រលប់ទៅវិញ ជាមួយនឹងការសន្យាថានឹងដោះស្រាយជូនពលរដ្ឋទាំងអស់គ្នា។
ក្រោយពីការស្នើឲ្យប្រជាពលរដ្ឋត្រលប់ទៅវិញមិនបានសម្រេច លោកស្រី កែ ច័ន្ទមុនី បានសន្យាចំពោះការទាមទារចំនួន៣ចំនុចរបស់ប្រជាពលរដ្ឋ ថានឹងព្យាយាមដោះស្រាយតាមរយៈការពិភាក្សាម្តងមួយចំនុច។
ដំណោះស្រាយបីចំណុចដែលក្រុមប្រជាពលរដ្ឋទាមទារឲ្យមាន រួមមាន ទី១ទាមទារឲ្យមានការដោះលែងអ្នកតំណាងទាំង៥នាក់ដែលត្រូវបានចាប់ខ្លួន ទី២ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងទី៣បញ្ចប់ការធ្វើរបងលើដីរបស់ពួកគាត់និងបញ្ឈប់ការចោទប្រកាន់លើពលរដ្ឋទាំងអស់ ។

ពាក់ព័ន្ធនឹងការលើកឡើងរបស់តំណាងរាស្ត្រនេះ តំណាងពលរដ្ឋមកពីឃុំតាជេស អ្នកស្រី អ៊ុំ សុភី ប្រាប់ថា ប្រជាពលរដ្ឋធ្លាប់បានដាក់ញត្តិ និងជូនដំណឹងទៅលោកស្រី កែ ច័ន្ទមុនី រួចមកហើយ តែលោកស្រីមិនដែលបានអើពើនឹងពួកគាត់ទេ។ អ្នកស្រីបន្តថា ថ្ងៃនេះលោកស្រីតំណាងរាស្ត្រឡើងមកជួបប្រជាពលរដ្ឋដោយផ្ទាល់ ហើយព្យាយាមចរចាស្វែងរកដំណោះស្រាយជូនពួកគាត់ គឺដោយសារតែខ្លាចធ្លាក់ពីតំណែង ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យមន្ត្រីដោះស្រាយបញ្ហាដីធ្លីតាមតំបន់របស់ខ្លួននោះ។
ទោះបីជាយ៉ាងណា កាលពីព្រឹកមិញនេះ លោកស្រី កែ ច័ន្ទមុនី មានប្រសាសន៍ថា កន្លងមកលោកស្រីធ្លាប់ចុះទៅភូមិឡពាងក្នុងនាមជាវាគ្មិនតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាផងដែរ ។
អ្នកស្រី អ៊ុំ សុភី សង្ឃឹមថា តំណាងរាស្ត្ររូបនោះនឹងអាចជួយដោះស្រាយបញ្ហាដីធ្លីដែលអូសបន្លាយនេះបានឆាប់។ បើទោះជាយ៉ាងណា អ្នកស្រី រួមនឹងប្រជាពលរដ្ឋរងគ្រោះផ្សេងទៀតអះអាងថា នៅតែបន្តធ្វើការតវ៉ានៅភ្នំពេញ រហូតដល់ការដោះស្រាយចប់សព្វគ្រប់ទើបត្រលប់ទៅវិញ។
ក្នុងនោះ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ ក៏យល់ដូចគ្នាទៅនឹងប្រជាពលរដ្ឋរងគ្រោះដែរថា ការចេញមកចរចានេះ ដោយសារតែមានការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យមានការយកចិត្តទុកដាក់ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋពីសំណាក់មន្ត្រីតាមមូលដ្ឋានរបស់ខ្លួន។ ទោះជាយ៉ាងណា លោកក៏មិនសង្ឃឹមថាការសន្យារបស់ថ្នាក់ដឹកនាំនេះអាចទទួលបានជោគជ័យដែរ។
លោក សៀ ភារម្យ បានសំណូមពរឲ្យរដ្ឋាភិបាលបញ្ឈប់ទម្លាប់ការនិយាយភូតភរ និងព្យាយាមដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់ខ្លួនតាមការសន្យា។
គួរបញ្ជាក់ថា អ្នកមានជម្លោះដីធ្លីមកពីប្រាំភូមិគឺភូមិ ឡពាង សូរវង្ស បឹងកក់ បន្ទាយមាស និងភូមិសំរោង ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណជា៧០នាក់ បានឡើងមកភ្នំពេញ ដើម្បីស្វែងរកការអន្តរាគមន៍ឲ្យដោះលែង និងទម្លាក់បទចោទលើតំណាងពួកគេ៥នាក់ និងទាមទារឲ្យជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ ដែលកើតឡើងជិត១០ឆ្នាំហើយ ជាមួយក្រុមហ៊ុនKDC របស់អ្នកស្រីជា ខេង ភរិយាលោកស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល៕
សូមសរសេរមកកាន់កញ្ញា កាន់ វិច្ឆិកា តាមរយៈ vicheika@vodhotnews.com
this article is showing me that HUN SEN was not that much of respecting among his party. that right every thing is wrong in the whole country. peace for all Cambodian