តុលាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​តារា​ចម្រៀង អូ រស្មី ជួញ​ដូរ​ព្រហ្មចារី

អតីត​អ្នក​ចម្រៀង​ជាប់​ចោទ អ៊ូ រស្មី ពេល​ឡើង​តុលាការ។

អតីត​អ្នក​ចម្រៀង​ជាប់​ចោទ អ៊ូ រស្មី ពេល​ឡើង​តុលាការ។ ហុង មិនា



ភ្នំពេញប៉ុស្តិ៍

ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ កាល​ពីព្រឹក​ថ្ងៃ ទី២១ ខែ​សីហា បាន​បើក​សវនាការ​កាត់​ទោស​ជន​ជាប់​ចោទ​ជា​អតីត​តារា​ចម្រៀង នាង អូ រស្មី ដែល​ពាក់​ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​ព្រហ្មចារី​ក្មេង​ស្រី​វ័យ ១៤​ឆ្នាំ ម្នាក់​ឲ្យ​ទៅ​បុរស​ជា​អាណិកជន​អ្នក​មាន​ទ្រព្យ​ម្នាក់ កាល​ពី​ដើម ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ។

លោក សួស សំអាត ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ អូ រស្មី ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មាន​មុខ​របរ​មុន​ចាប់​ខ្លួន​ជា​តារា​ចម្រៀង​ស្រី ធ្វើ​ការ​នៅ​ក្នុង​ផលិតកម្ម ឆ្លង​ដែន និង​រៃ​យំ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​លើ ២ បទ​ល្មើស ពី​បទ «សញ្ចារកម្ម មាន​ស្ថាន​ទម្ងន់​ទោស» និង​ពី​បទ «នាំ​ចេញ​ដោយ​មាន​គោល​ដៅ» តាម​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ជួញ​ដូរ​មនុស្ស និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ»។

លោក​ចៅ​ក្រម​បញ្ជាក់​ថា ជន​ជាប់​ចោទ អូ រស្មី ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការពារ​អនីតិជន​រាជធានី​ភ្នំពេញ​ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​របស់​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​កាល​ពី​រសៀល​ថ្ងៃ ទី១៨ ខែ​មករា ឆ្នាំ​២០១៤ កន្លង​ទៅ។

នៅ​ក្នុង​សវនាការ​កាល​ពី​ព្រឹក​ម្សិល​មិញ​ជន​ជាប់​ចោទ អូ រស្មី បាន​ឆ្លើយ​ទៅ​នឹង​ការ​ចោទ​សួរ​របស់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ និង​មេធាវី​ការពារ​ជន​ជាប់​ចោទ​លោក សំ សុគង់ ដោយ​បដិសេធ​រាល់​ការ​ចោទ​ប្រកាន់​មក​លើ​រូប​គាត់​ទាំង​អស់ ហើយ​ថា ខ្លួន​នាង​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​របស់​តំណាង​អយ្យការ​ឡើយ។

លោក​មេធាវី សំ សុគង់ បាន​លើក​ឡើង​ថា៖ «កូន​ក្តី​ខ្ញុំ មិន​បាន​ប្រព្រឹត្ត​អ្វី​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ រឿង​នេះ​គឺជា​រឿង​គំនុំ​រវាង​កូន​ក្តី​ខ្ញុំ​ជាមួយ​នឹង​ម្តាយ​របស់​ក្មេង​រងគ្រោះ ហើយ​ក៏​គ្មាន​ភ័ស្តុតាង​ជាក់​ស្តែង​ឬ​ច្បាស់​លាស់​ដែល​យក​មក​បញ្ជាក់​ថា កូន​ក្តី​ខ្ញុំ​បាន​ប្រព្រឹត្ត​ដែរ»។ លោក​មេធាវី ក៏​ស្នើ​សុំ​ឲ្យ​តុលាការ​លើក​ការ​ចោទ​ប្រកាន់​នាង អូ រស្មី និង​ដោះលែង​ពី​ការ​ឃុំ​ផង​ដែរ។

សវនាការ​បាន​បន្ត​ការ​សាក​សួរ​ដេញ​ដោល​ចុះ​ឡើង​រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់​បន្ទាប់​មក​លោក​ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះ ក៏​បាន​ប្រកាស​លើក​សវនាការ​សំណុំ​រឿង​នេះ​ទៅ​ធ្វើ​បន្ត​នៅ​ពេល​ក្រោយ​ទៀត តែ​មិន​បាន​កំណត់​កាល​បរិច្ឆេទ​ជាក់​លាក់​នៅ​ពេល​ណា​ទេ។

យោង​តាម​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញ​ដូរ ជួញ​ដូរ​មនុស្ស​និង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ករណី​នេះ​ប្រសិន​បើ​ត្រូវ​តុលាការ​រក​ឃើញ​ថា នាង អូ រស្មី ពិត​ជា​មាន​ពិរុទ្ធ​ដូច​ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ​មែន គាត់​អាច​ប្រឈម​នឹង​ការ​ជាប់​គុក​យ៉ាង​តិច​ក៏ ១០ ឆ្នាំ​ដែរ៕


What Next?

Recent Articles

One Response to "តុលាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​តារា​ចម្រៀង អូ រស្មី ជួញ​ដូរ​ព្រហ្មចារី"

  1. bol says:

    រឿងនេះ វាជារឿងមួយដែលគួរតែពិចារណាផងដែរ។
    ពាក្យខ្មែរគេថា « ទំពួកទៅ ទើបភ្នោវាមក» មានន័យថា សុទ្ធតែជារឿងដែល មនុស្សត្រូវការប្រយោជន៍ដូចគ្នា ទេ។
    យើងក៏ចាប់អារម្មណ៍នឹងរឿងជួញដូរមនុស្ស ដែលមានក្នុងសង្គមខ្មែររាល់ថ្ងៃនេះ ដែរ។ សូម្បីតែអត្ថបទសាពត៌មានយើងនេះ ក៏និយាយពីរឿងម៉ែយ៉ែមតាមតថ្លៃ នាងៗតារា ណាខ្លះ។ តើនេះ ជាការជួញដូរឬទេ? មិនមែនទេ សុទ្ធតែជាការស្ម័គ្រចិត្ត ទាំងអស់។ សូម្បីតែឆាកទូរទស្សន៍សព្វថ្ងៃ ក៏បានផ្តល់ឱកាសសម្រាប់ការសំដែងទាក់ម៉ូយដែរ។
    យើងអាណិត តែចែមុំ មីកាសា ទេ ដែលសុខៗ ជាប់គុកអញ្ចឹងទៅ! តាមពិត តារាយើងមិនតិចទេ ដែលប្រហែលជាស្តាយចែមុំ!