លិខិត​មិត្ត​អ្នកអាន​៖​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​ជា​ច្បាប់​ដែល​មិន​អាច​អនុវត្តបាន​​

ដោយ៖​ ស​ក្កដា ប្រយុទ្ធ​
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

ប្រជាពលរដ្ឋ ចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ នៅទីលានប្រជាធិបតេយ្យ​ នាពេលកន្លងមក

ក្រសួង​មហាផ្ទៃ​ដែល​ជា​ស្ថាប័ន​ទទួលខុសត្រូវ​ក្នុង​ការសម្របសម្រួល​កា​រ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​តែ​ប្រកាន់​ជំហរ​ថា​ការប្រមូលផ្តុំ ឬ​ការដើ​រហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី បើ​មិន​មាន​ការយល់ព្រម​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ​គឺ​ជា​បាតុកម្ម​ខុសច្បាប់​។ នឹកឃើញ​រឿង​ហ្នឹង ខ្ញុំ​នឹក​ដល់​កាលពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ដែល​តម្រូវ​ឲ្យ​មិត្ត​ណា​ម្នាក់​ដែល​ចង់​ទៅ​ណា​មក​ណា ត្រូវតែ​មាន​លិខិត​ប៉ុន​បាតដៃ ដែល​ជា​លិខិតអនុញ្ញាត​ដែល​គេ​ហៅថា​“​ច្បាប់​” នោះដែរ ព្រោះ​ខ្ញុំ​បាន​អាន​ច្បាប់​ស្តីពី​បាតុកម្ម​ដោយ​សន្តិវិធី​ឆ្នាំ​២០០៩ ចុះឡើងៗ​ជា​ច្រើន​សារ​ឥត​ឃើញ​មាន​មាត្រា​ណាមួយ​ដែល​តម្រូវ​ឲ្យ​អ្នក​ធ្វើ​បាតុកម្ម​ត្រូវ​សុំ​ច្បាប់ ឬ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះទេ ហើយ​ជំពូក​ទី​២​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា​“​នីតិវិធី​នៃ​ការ​ជូនដំណឹង​អំពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​” មិនមែន​“​នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​” នោះដែរ​។

ដូចនេះ មិនដឹងថា ក្រសួង​មហាផ្ទៃ​យក​ច្បាប់​ណាមួយ​មក​អនុវត្ត​នោះ​ទេ​សព្វថ្ងៃ​។​

​នេះ​មក​ពី​ក្រសួង​មហាផ្ទៃ​ចេះតែ​និយាយចឹ​ង​ទើប​អ្នក​អនុវត្ត​នៅ​ខាងក្រោម ឬ​តាម​មូលដ្ឋាន​ធ្វើ​តាម តួយ៉ាង អំឡុង​ក្រោយពេល​បោះឆ្នោត​២០១៣​នេះ នៅពេល​អង្គការ​សង្គម​ស៊ីវិល ក្រុមយុវជន ក្រុម​សិទ្ធិ​មនុស្ស​នានា​ជូនដំណឹង​អំពី​ការជួបជុំ ដើរ​ក្បួន​បាតុកម្ម ឬ​ប្រា​រព​ទិវា​អ្វីមួយ​កម្រ​បាន​ការអនុញ្ញាត​ណាស់​។ ដល់​ចឹង​អ្នកធ្វើក៏នៅ​តែ​ធ្វើ​ព្រោះ​បាន​ជូនដំណឹង​រួចហើយ អាជ្ញាធរ​អត់​មាន​អ្វី​ក្រៅពី​ការបង្ក្រាប​ព្រោះ​អាង​ខ្លួន​មាន​កម្លាំង លើសពីនេះ​ទៀត​មាន​ដល់​ថ្នាក់​យក​កម្លាំង​ផ្សេង​មក​បង្ក​បញ្ហា​ទៀត​ដូចជា បាតុកម្ម​ប្រឆាំង​លោក កឹម សុខា នៅ​កំពង់ចាម បាតុកម្ម​ប្រឆាំង​មេដឹកនាំ​បក្សប្រឆាំង​ទាំង​ពីរ​នៅ​ខេត្ត​ឧត្តមានជ័យ កោះកុង និង​ខេត្ត​កណ្តាល​ជាដើម​គឺ​សុទ្ធតែ​ជា​ទង្វើ​ឥត​មាន​ច្បាប់​ទាំងអស់​។ តើ​ច្បាប់​ឯណា​អនុញ្ញាត​ឲ្យមាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នោះ​?

​ឧបមា​ថា​បើ​ចឹង​មែន ម៉េច​ក៏​ម្ខាង​ធ្វើបាន ហើយ​ម្ខាង​ទៀត​មិនឲ្យ​ធ្វើ​ដូចជា​នៅ​អន្លង់វែង និង​កោះកុង​ជាដើម​ហ្នឹង​? ចុះ​ម្ខាង​ទៀត​ដែល​មក​ប្រឆាំង​គេ​ហ្នឹង​មាន​ជូនដំណឹង​ទៅ​អាជ្ញាធរ​ដែរឬទេ​? ហើយ​ត្រូវ​ធ្វើ​ឃ្លាត​គ្នា​ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ​ចម្ងាយ​៥០០​ម៉ែត្រ​ដែរ​ឬ​អត់​?

​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​គ្មាន​វិសាលភាព​លើ​ការដើរ​ហែ​ក្បួន​ព្យុហយាត្រា ដើរ​ហែសព ឬ​ការប្រមូលផ្តុំ​ដទៃ​ទៀត​ក្នុង​គោលបំណង​បម្រើ​សាសនា សិល្បៈ វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី​ជាតិ និង​សកម្មភាព​ផ្សព្វផ្សាយ​អប់រំ ដើម្បី​ផលប្រយោជន៍​សង្គម​នោះទេ ប៉ុន្តែ​អាជ្ញាធរ​តែងតែ​អនុវត្ត​រំលោភ​លើ​សមត្ថកិច្ច​របស់​ខ្លួន​ជានិច្ច​។ ជាក់ស្តែង​ដូចជា​ចលនា​មាតា​ធម្មជាតិ​របស់​លោក​Alejandro Gonzalez Davidson ដែល​មាន​សមាជិក​ចូលរួម​ប្រមាណ​ពី​៦០​ទៅ​៧០​នាក់ (​ចំនួន​មិន​ដល់​ក្មេង​នៅ​វិទ្យាល័យ​សន្ធរម៉ុក​កាលពី​មុន​មួយ​ថ្នាក់​ផង​) ចង់​ជិះ​កង់​ផ្សព្វផ្សាយ ដើម្បី​ឲ្យ​សាធារណជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ការពារ​ថែរក្សា​ព្រៃ​ធម្មជាតិ​នៅ​តំបន់​អា​រ៉ែ ង​គឺជា​សកម្មភាព​សង្គម​សុទ្ធសាធ​នោះ ក៏​ត្រូវបាន​អាជ្ញាធរ​ខណ្ឌ​មិន​អនុញ្ញាត​ដោយសារ​ថា​ការ​ជិះ​កង់​នេះ​គ្មាន​ច្បាប់​។​

​គោលបំណង និង​ទស្សនវិជ្ជា​នៃ​ច្បាប់​នេះ​គឺ​មាន​លក្ខណៈ​ល្អ និង​សម្រួល​យ៉ាងច្រើន​ចំពោះ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដូច​យ៉ាង​អាជ្ញាធរ​ត្រូវ​ពិនិត្យ និង​ឆ្លើយតប​ជា​វិជ្ជមាន​រាល់​សេចក្តីជូនដំណឹង ឬ​ប្រសិនបើ​អាជ្ញាធរ​ដែនដី​មាន​ព័ត៌មាន​ច្បាស់​ថា​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី អាច​នឹង​បង្ក​គ្រោះ​ថ្នាក់​ណាមួយ ឬ​អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់​សាធារណៈ អាជ្ញាធរ​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយ​អ្នក​ជូន​ដំណឹង​ដើម្បី​ដោះស្រាយ ហើយ​ប្រសិនបើ​មិន​មាន​ការព្រមព្រៀង គឺ​ត្រូវ​សុំ​យោបល់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​។ សេចក្តីសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ជូន​ដល់​ម្ចាស់​លិខិត​ជូនដំណឹង និង​អាជ្ញាធរ​ក្នុង​តំបន់​អាច​នឹង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​។ នេះ​បញ្ជាក់​ឲ្យឃើញថា ១-​លុះត្រាតែ​អាជ្ញាធរ​ដែនដី​ទទួលបាន​ព័ត៌មាន​ច្បាស់​ថា​នឹង​អាច​បង្ក​គ្រោះថ្នាក់ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ពេល​មាន​បាតុកម្ម​កើតឡើង ប៉ុន្តែ​កន្លងមក​សាលា​រាជធានី​មិន​បាន​បង្ហាញ​ហេតុផល ឬ​ព័ត៌មាន​ណាមួយ​ដែល​បញ្ជាក់​អំពី​ការបង្ក​គ្រោះថ្នាក់​អាច​កើតមាន​ក្រៅ​អំពី​តែ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការប្រកប​របរ​បស់​ប្រជាពលរដ្ឋ​នៅ​ភ្នំពេញ​នោះ​ទេ​។ ២-​សេចក្តីសម្រេច​របស់​ក្រសួង​មហាផ្ទៃ​ដែល​ត្រូវ​ផ្តល់ជូន​ដល់​អ្នក​ជូនដំណឹង និង​ត្រូវ​ថតចម្លង​ទៅ​អាជ្ញាធរ​នៅក្នុង​តំបន់​អាច​រង​ប៉ះពាល់​ពី​ការធ្វើ​បាតុកម្ម​នេះ​គឺ​បង្ហាញ​ថា​ក្រសួង​មហាផ្ទៃ​នៅតែ​អនុញ្ញាត គ្រាន់តែ​អាច​មាន​ការកែប្រែ​ការព្រមព្រៀង​ខ្លះ​លើ​ការធ្វើ​បាតុកម្ម​ប៉ុណ្ណោះ​។ 

​ម្យ៉ាងទៀត បើ​ភ្លែត​ឡើង​សុំ​ការសម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អាហ្នឹង​តែ​រាជធានី​មួយ​ប៉ុណ្ណោះ​សព្វថ្ងៃ ចុះបើ​មាន​នៅ​តាម​ខេត្ត​ទាំង​ជាង​ម្ភៃ​ធ្វើ​គ្រប់​ខេត្ត រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​មិនចាំបាច់​ធ្វើ​អី​ទេ គឺ​ចាំតែ​ទទួល​សេចក្តីស្នើ​ពី​មូលដ្ឋាន​ទៅ​បាន​ហើយ និង​មួយទៀត​បើ​ដឹង​ថា​អាច​នឹង​មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រហូត​ចឹង នោះ​ប្រទេស​ខ្មែរ​ប្រហែលជា​ត្រូវ​ដាក់​ក្នុង​ភាពអាសន្ន សភា​កោះប្រជុំ​រាល់ថ្ងៃ​ទៅហើយ​។​

​តាម​ខ្លឹមសារ​មាត្រា​១៧ អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​ចាត់​វិធានការ​ការពារ ធានា​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ឱ្យបាន​ល្អ​ប្រសើរ និង​មិន​ជ្រៀតជ្រែក​ដល់​ការប្រព្រឹត្តទៅ​នៃ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ឡើយ ប៉ុន្តែ​អាជ្ញាធរ​មិន​ត្រឹមតែ​តែង​អនុវត្ត​ផ្ទុយ​ទាំងស្រុង​នៃ​ស្មារតី​នៃ​មាត្រា​នេះ​ទេ ថែម​ទាំង​ដាក់​កម្លាំង​មក​បង្ក្រាប​អ្នក​ធ្វើ​បាតុកម្ម​យ៉ាង​ចាស់ដៃ​ទៀត អ្នកខ្លះ​បែក​ក្បាល បាក់ធ្មេញ ប្រេះ​ថ្គាម បាក់ដៃ សន្លប់ រលូត​កូន ហើយ​សូម្បី​តែ​កូនក្មេង​ក៏​ពួកគេ​មិន​លើកលែង​ដែរ លើសពីនេះ​ទៀត​ឈាន​ដល់​ស្លាប់​យ៉ាង​អណោច​អធម៌ ហើយ​រក​អ្នក​ប្រព្រឹត្ត ឬ​ជន​ដៃដល់​មិនឃើញ​មិន​ទៀតផង​។​

​រីឯ​មាត្រា​១៩​បានបញ្ជាក់​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជា​អ្នករក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ប្រកាន់ខ្ជាប់​នូវ​អត្តចរិត​អត់ធ្មត់​ដាច់ខាត​។ ផ្ទុយ​ពី​នេះ​ទាំងស្រុង​គឺ​គេ​ចេះ​ជួល​ពួក​ក្រុម​សន្តិសុខ​មិន​បាន​ហ្វឹកហាត់​ឲ្យបាន​ស្ទាត់​ជំនាញ​ខាង​ទប់ទល់ និង​ការពារ​បាតុកម្ម​នោះទេ ខោអាវ​ចម្រុះ ខ្លះ​ពណ៌​គគី ខ្លះ​ទឹកប៊ិច​ចាស់ មាន​មួក​ការពារ​ក្បាល ពាក់​ម៉ាស់ ចង​ខ្សែ​នៅ​នឹង​ដើមដៃ ឈាមរាវ​មក​វាយ​សំពង​ប្រជាពលរដ្ឋ​ខ្លួនឯង ឈាម​ឯង​ដូច​សត្វ​ធាតុ​គួរឲ្យ​អាសូ​រណាស់​។ នៅពេល​មាន​អ្នករងរបួស ដេកពេទ្យ គ្មាន​អ្នកណា​ទទួលខុសត្រូវ​ឡើយ ហើយ​ឆ្លើយ​ថា​ក្រុម​ហ្នឹង​មិនដឹង​មក​ពី​ណា គ្មាន​អ្នក​គ្រប់គ្រង ឆ្ងាញ់​ជាងនេះទៅទៀត​នៅពេល​អ្នករងគ្រោះ ឬ​គ្រួសារ​អ្នករងគ្រោះ​(​ស្លាប់​)​ដោយសារ​ស្នាដៃ​ក្រុម​បង្ក្រាប​ប្តឹងទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ដែល​មាន​ចំណាត់ការ​ជូន​ពលរដ្ឋ​នោះទេ ផ្ទុយទៅវិញ គ្រាន់តែ​ក្រុម​សន្តិសុខ​រងគ្រោះ​នៅ​ថ្ងៃទី​១៥ ខែកក្កដា នេះ កាកបាទក្រហមកម្ពុជា​ពពាក់ពពូន​យក​អំណោយ និង​ថវិកា​សន្ធឹក​ទៅជូន​ពួក​អ្នក​វាយ​គេ​បែក​ក្បាល​ខ្លួន​ឯង ឯ​សាលាដំបូង​រាជធានី​វិញ​ឃុំ​ខ្លួន​ទាំង​បេក្ខជន​តំណាងរាស្ត្រ​ដែល​មាន​ការ​ចម្រូងចម្រាស​នៃ​អភ័យឯកសិទ្ធិ សកម្មជន និង​យុវជន ដែល​ក្រុម​អ្នកឃ្លាំមើល​នាំគ្នា​ស្ងើច និង​ហួសចិត្ត​គ្រប់គ្នា​។​

​អាជ្ញាធរ​ដែនដី​ដែល​តែងតែ​លើក​ហេតុផល​អំពី​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ពួកគេ​បាន​សូត្ររ​ត់មាត់​ទៅ​ហើយ​នោះ​គឺ​ពួកគេ​និយាយ​ជាន់កែង​ខ្លួនឯង​នៅពេលដែល​មាន​បាតុកម្ម​នៅ​ទីកន្លែង​តែមួយ បញ្ហា​តែ​មួយ តែ​ពេលវេលា​ខុសគ្នា​។ ជាន់កែង​ត្រង់​ថា កាលពី​ពេល​ក្រុមអ្នកតវ៉ា​ជូនដំណឹង​អំពី​ការធ្វើ​បាតុកម្ម​ប្រឆាំង​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម លើកទីមួយ សាលា​រាជធានី​មិន​បាន​អនុញ្ញាត និង​មាន​ការបង្ក្រាប​រងរបួស​ធ្ងន់​ស្រាល ដែល​គេ​ថា​ជា​ការ​បាតុកម្ម​ខុសច្បាប់ ប៉ុន្តែ​នៅ​មុន​មួយ​ថ្ងៃ​នៃ​ថ្ងៃ​បក្ស​ទាំង​ពីរ​ចរចា​នៅ​វិមាន​ព្រឹទ្ធសភា បែរ​ជា​សាលា​រាជធានី​បកស្រាយ​ថា​អាជ្ញាធរ​ខិតខំ​ព្យាយាម​ដើម្បីឲ្យ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​ប្រកប​ទៅ​មិន​មាន​បញ្ហា និង​ដើម្បី​រក្សា​សភាព​ការ​មុន​ការចរចា​។ ដូចនេះ មានន័យ​សាលា​រាជធានី​អាច​គ្រប់គ្រង ទប់ទល់ និង​ការពារ​ស្ថាន​ការ​បាន​ទាំងអស់ អ្វី​ដែល​នៅ​ពីក្រោយ​គឺ​ពួកគេ​មិន​ចង់ ឬ​មិន​ចង់ឲ្យ​មាន​បាតុកម្ម​កើតមានឡើង​តែប៉ុណ្ណោះ ហើយ​អ្នកបង្ក​គ្រោះ​ថ្នាក់​គឺ​ខាង​អាជ្ញាធរ​មួយគត់​ជា​អ្នក​ធ្វើ​ឡើង​។ មួយទៀត ការបិទ​ទីលាន​ប្រជាធិបតេយ្យ គឺ​បង្ហាញឲ្យឃើញច្បា​ស់​ថា​ធ្វើ​ឡើង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អ្វី​ទាំងអស់ ដោយ​យក​លេស្ល​ថា​ដើម្បី​រក្សា​សន្តិសុខ ទុក​ទីលាន​ដើម្បី​ស៊ើបអង្កេត ឬ​ចាំ​ដល់​ស្ថិរភាព​នយោបាយ​វិល​មក​រក​ភាពស្ងប់ស្ងាត់​សិន​។​ល​។ នេះ​ជា​ហេតុផល​មួយ​អាក្រក់​បំផុត​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​។​

​សរុបមក ការធ្វើ​បាតុកម្ម​មិន​ត្រូវបាន​តម្រូវ​ឲ្យ​សុំ​ច្បាប់​អនុញ្ញាត​នោះទេ ការធ្វើ​បាតុកម្ម​ក៏​ត្រូវមាន​បែបបទ​ដែរ​

មិនមែន​មាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម​នោះទេ បើ​មាន​បាតុកម្ម​ពីរ​ក្នុងពេល​តែមួយ អ្នក​ណា​ប្រាប់​មុន​ឲ្យធ្វើ​មុន​នៅ​ទីកន្លែង​តែ​មួយ ឬ​ធ្វើ​ពេល​ដំណាលគ្នា​ក្នុង​កម្រិត​ចម្ងាយ​៥០០​ម៉ែត្រ​ពី​គ្នា​យ៉ាងតិច​។ សមត្ថកិច្ច​ដែល​យក​មក​ការពារ​បាតុកម្ម​ដោយ​សន្តិវិធី​ហ្នឹង​ត្រូវមាន​ការហ្វឹកហាត់​ច្បាស់លាស់ មានចិត្ត​អត់ធ្មត់​ដាច់ខាត ហើយ​មិន​ត្រូវ​ជ្រៀតជ្រែក​ការធ្វើ​បាតុកម្ម​នោះទេ រីឯ​ការជូនដំណឹង​យ៉ាងយូរ អាជ្ញាធរ​ត្រូវ​ឆ្លើយតប​ជា​វិជ្ជមាន​មក​វិញ​យ៉ាង​យូរ​ក្នុង​រយៈពេល​បី​ថ្ងៃ ហើយ​ប្រសិនបើ​ខកខាន​រហូតដល់​ថ្ងៃ​កំណត់​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នោះ ចាត់ទុក​ថា​អាជ្ញាធរ​យល់ព្រម​ហើយ​។ 

​ផ្ទុយទៅវិញ បើ​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​តម្រូវឲ្យ​មាន​ការសុំ​ច្បាប់​ជា​មុន ទោះ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ជា​សិទ្ធិ​របស់​អាជ្ញាធរ បើ​អាចមាន​បាតុកម្ម​ប្រឆាំង​បាតុកម្ម ឬ​ពុះ​ទីលាន​ប្រជាធិបតេយ្យ​ជា​ពីរ បើ​មាន​កងកម្លាំង​ក្រៅ​ក្របខណ្ឌ​គ្មាន​វិជ្ជាជីវៈ​មក​បង្ក្រាប​បាតុកម្ម​ដោយ​មិន​មាន​ការទទួលខុសត្រូវ និង​មិន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បាតុកម្ម ថែម​ទាំង​បង្ក​ការ​ជ្រៀត​ជ្រៀក បើ​ទីលាន​ប្រជាធិបតេយ្យ​ចង់​បិទ​ក៏​បិទ ចង់​បើក​ក៏​បើក​តាម​តែ​ចិត្ត​នឹកឃើញ​ដូចនេះ​“​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​” ពិត​ណាស់​ជា​ច្បាប់​មិន​អាច​អនុវត្តបាន​នោះទេ​។ ប្រសិនបើ​មាន​ច្បាប់​ហើយ អង្គុយ​លើ​ច្បាប់ រំលោភ​ច្បាប់​យ៉ាង​ធ្ងន់ធ្ងរ​ដូចនេះ តើ​មាន​អ្វី​អន់​ជាង​ប្រទេស​អនាធិបតេយ្យ​ពេញមុខ​នោះ ប្រៀប​ដូច​មនុស្ស​ដែល​មិន​គោរព​គោលការណ៍​ខ្លួនឯង មាន​អ្វី​ខុស​ពី​សត្វ​?

លិខិតមិតអ្នកអាន(Letter to Editor)

VOD បើកឲ្យមានទស្សនៈរបស់អ្នកអាន៖

  • លិខិតមិតអ្នកអាន(Letter to Editor)
  • ទស្សនៈអ្នកវិភាគ(Opinion Piece)

បញ្ចេញទស្សនៈលោកអ្នកមកកាន់យើងខ្ញុំតាមរយៈអ៊ីម៉េល

lettertoeditor@vodhotnews.com

យើងរីករាយនឹងផ្សាយលិខិតរបស់លោកអ្នក

 

​លោក ស​ក្កដា ប្រយុទ្ធ មន្ត្រីរាជការ នៅ​រាជធានី​ភ្នំពេញ​
​សរសេរ​មកកាន់​លោក ស​ក្កដា ប្រយុទ្ធ តាមរយៈ broyuth@gmail.com

What Next?

Recent Articles

3 Responses to "លិខិត​មិត្ត​អ្នកអាន​៖​ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី​ជា​ច្បាប់​ដែល​មិន​អាច​អនុវត្តបាន​​"

  1. អុជអាល says:

    ពេលនៅមានអំណាចចង់ធ្វើអ្វីក៏បានមិនបាច់គិតពីច្បាប់ទេ ត្រូវច្បាប់ក៏
    ធ្វើបាន រំលោភច្បាប់ក៏ធ្វើបាន។ ប៉ុន្តែចាំមើលដល់ពេលអស់អំណាច
    តើពួកនេះវាឆ្លើយថាម៉េចខ្លះពេលពួកវាឈរក្នុងរង្វង់ក្រចកសេះ?

  2. Former Hia lola says:

    អ្នកដែលនិយាយថា “ច្បាប់​បាតុកម្ម​ដោយ​សន្តិវិធី ​ជា​ច្បាប់​ដែល​មិន​អាច​អនុវត្តបាន” គឺខុសទាំងស្រុង។ នេះបានបង្ហាញថា ពួកគេតែងតែឱ្យប្រើអំពើហឹង្សា ដោយមិនស្រឡាញ់សុខសន្តិភាព។

  3. ?? says:

    the constitution of the country is very important for the whole nation. for any nation that their government and their people are strictly observe to their constitution those country away have peace and their whole nation living in a high standard, modern technology . in CAMBODIA I have been notice that our constitution was very good. but the government and it’s people did not think it is important for their nation. the government have been translate this constitution to suit their way of ruling . and the people did not know enough about their constitution.it is very dangerous to the nation, if the government willing to make his or her own nation wealthy it is a fortune for those nation. but if those government just need to stay in power by using their group such as military, law and order ,superman of their families gathering, or ruling the country for too long. those kind of government can not getaway from the public word of a DITATOR. some leaders that having his short temper speaking not responsible is also not good. those kind of leaders are always taking their people as hostage .that right in democracy human right was very important for any nation. peace to all CAMBODIAN