ដោយ៖ វង្ស សុម៉ាលីន
ថ្ងៃសុក្រ ទី22 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
តារាចម្រៀង នីកូ នាពេលកន្លងមក (រូបភាព៖ វង្ស សុម៉ាលីន)
ក្រោយបោះជំហានចូលផលិតកម្មសាន់ដេ តារាចម្រៀង នីកូ ត្រូវគេមើលឃើញថាប្រែប្រួល១០០អង្សារ ទាំងកេរ្តិ៍ឈ្មោះ ឱកាសការងារ និងអត្តចរិតតែម្ដង។ កាលជ្រកនៅផលិតកម្មM លោកជាប់ឈ្មោះជាតារាឆ្មើងឆ្មៃ និងមិនសូវស្វាគមន៍អ្នកសារព័ត៌មាននោះទេ សូម្បីតែសុំថតរូប។ កាលពេលនោះ កេរ្តិ៍ឈ្មោះរបស់លោកត្រូវបានវាយសន្ធាប់ដោយរឿងអាស្រូវភ្ជាប់ជាមួយលោក អៀង វិឆ័យ ពិធីករប្រចាំទូរទស្សន៍បាយ័ននោះផង ទើបរឹតតែធ្វើឲ្យលោកខ្លាចរអាគ្រប់បណ្ដាញអ្នកសារព័ត៌មាន។ បើទោះជាលោកមិនចូលចិត្តនិយាយរឿងច្រើនជាមួយអ្នកកាសែតនៅឡើយ ក៏ការសួរនាំនិងការសុំថតរូបក្នុងរយៈពេលនេះ ត្រូវបានលោកឆ្លើយតប។
អ្នកចាត់ការទូទៅរបស់ផលិតកម្មសាន់ដេ លោក ឡាយ សុខចំរើន និយាយថា តារាចម្រៀងរបស់សាន់ដេរ មិនអាចរងការរិះគន់ព្រោះតែរឿងសុំសម្ភាសន៍មិនបាន ឬសុំថតរូបមិនបាននោះទេ ដោយសារតែគោលការណ៍របស់ផលិតកម្មមិនត្រូវការលេចឮដំណឹងថា តារានេះពិបាកសម្ភាសន៍ ឬតារានោះវាយឫកជាដើម។ យ៉ាងណាក៏ដោយ លោកថាផលិតកម្មមិនមានសិទ្ធិកំណត់ឲ្យតារារបស់ខ្លួនត្រូវតែផ្ដល់សម្ភាសន៍ពាក់ព័ន្ធនឹងរឿងឯកជនរបស់ពួកគេ ដោយសូម្បីតែពួកគេមិនត្រូវការលាតត្រដាងនោះទេ គឺផលិតកម្មគ្រាន់តែស្នើឲ្យពួកគេបង្កើតទំនាក់ទំនងល្អជាមួយក្រុមអ្នកកាសែតប៉ុណ្ណោះ។
លោក ឡាយ សុខចំរើន បញ្ជាក់ដដែលជាដដែលថា តារាសាន់ដេរ មិនធ្វើសង្គ្រាមជាមួយអ្នកកាសែតទេ ហើយបើអ្នកកាសែតមានការសហការល្អ នោះផលិតកម្មនឹងធ្វើអន្តរាគមន៍ ឲ្យមានការទំនាក់ទំនងជាមួយតារាកាន់តែល្អថែមទៀត។ តាមការសង្កេតមើល គេមិនឃើញតារាណាម្នាក់ ដែលឈានជើងចូលសាន់ដេ ហើយដំឡើងឫកឆ្មើងឆ្មៃក្នុងពេលសុំថតរូប ឬសុំសម្ភាសន៍នោះទេ ដោយគ្រាន់តែក្នុងកាលៈទេសៈខ្លះពួកគេមិនមានពេលឆ្លើយតបនឹងការចង់ដឹងរបស់អ្នកយកព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ។
យុទ្ធសាស្ត្រទាំងនេះ បានជួយឲ្យតារាស្ទើរទាំងអស់របស់សាន់ដេ ឈានដល់ចំណុចគួរឲ្យចាប់អារម្មណ៍នាពេលកន្លងមក។ ជាក់ស្ដែង លោកខេមរៈ សិរីមន្ត និងកញ្ញា សុខ ពិសី ពេលដែលពួកគេកាន់តែមានរឿងអាស្រូវ គឺកាន់តែកៀកជាមួយអ្នកកាសែត ដែលជួយឲ្យអ្នកទាំងពីរ បន្តកាន់តំណែងជាតារាលេចធ្លោរ មកទល់ពេលនេះ។

លោក នីកូ មិនបញ្ជាក់ពាក់ព័ន្ធនឹងការផ្លាស់ប្ដូរអត្តចរឹត ដែលផ្ទុយស្រឡះកាលលោកនៅជ្រកក្នុងផលិតកម្មM នោះទេ។ ប៉ុន្តែអ្វីដែលលោកបង្ហាញឡើង គឺភាពរាក់ទាក់ និងទទួលឆ្លើយសំណួរដែលលោកអាចបញ្ជាក់ជូនបាន។ មកទល់ពេលនេះ លោកត្រូវបានផលិតកម្ម និងមហាជនឲ្យចំណាត់ថ្នាក់ស្មើមុខស្មើមាត់នឹងលោកខេមរៈ សិរីមន្ត និងលោកឆាយ វិរៈយុទ្ធ ដែលជាតំណែងដែលលោកត្រូវការការជ្រោមជ្រែងពីសំណាក់បណ្ដាញសារព័ត៌មាន។ ជាក់ស្ដែងគ្មានវេទិកាសិល្បៈណាមួយ ដែលលោកមិនឈរឲ្យអ្នកកាសែតបានថតរូប និងឆ្លើយសំណួរបានពីរបីម៉ាត់ជាមួយអ្នកកាសែតនោះទេ ក្នុងរយៈពេលដែលលោកបានក្លាយជាតារាចម្រៀងរបស់សាន់ដេនាពេលនេះ។
អត្ថបទកំសាន្តផ្សេងទៀត
គេសង្កេតឃើញថា លោក នីកូ ពិតជាបានទទួលលទ្ធផលវិជ្ជមានពីការផ្លាស់ប្ដូរអត្តចរឹតជាមួយអ្នកសារព័ត៌មាន ពិសេសក្នុងពេលដែលលោកអាចផ្ដួលតំណែងលោក ខេមរៈ សិរីមន្ត ហើយក្លាយជាតួឯកក្នុងរឿង «សង្សារខ្មោច» ជាមួយនាង សុខ ពិសី ដែលកំពុងធ្វើឲ្យមហាជនចាប់អារម្មណ៍នាពេលនេះ។
បច្ចុប្បន្ន លោក នី កូ គឺជាអ្នកផលិតកម្មវិធីមួយរូបប្រចាំនៅទូរទស្សន៍បាយ័ន ដែលមានឱកាសគ្រប់គ្រាន់ដើម្បីលើកខ្លួនឯងនៅគ្រប់វេទិកាធំៗ ជាអ្នកដឹកនាំការសម្ដែងដោយផ្ទាល់ក្នុងបទចម្រៀងរបស់ខ្លួន និងអ្នកនិពន្ធបទចម្រៀងខ្លួនឯង ដែលមិនចាំភ័យរឿងអ្នកជ្រោមជ្រែងត្រូវចិត្តឬមិនត្រូវចិត្ត ៕
សូមសរសេរមកកាន់លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com
ខ្ទើយទាំងបងទាំងប្អូន