ខៃ ​ប្រសិទ្ធ ចូល​រួម​ជីក​អណ្តូង​ទឹក​ឧទ្ទិស​កុសល​ឲ្យ ពិសិដ្ឋ ពិលិកា

លោក សាវិន ហ្វីលីព និង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទទួល​បាន​អណ្តូង​ទឹក​ស្អាត​នៅ​ក្នុង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។

លោក សាវិន ហ្វីលីព និង​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ទទួល​បាន​អណ្តូង​ទឹក​ស្អាត​នៅ​ក្នុង ស្រុក​ប្រាសាទ​បាគង ខេត្ត​សៀមរាប។ រូបថត ខៃ ប្រសិទ្ធ



ភ្នំពេញប៉ុស្តិ៍

លោក ខៃ ប្រសិទ្ធ អតីត​តារា​ភាពយន្ត​ខ្មែរ បាន​ចូល​រួម​បរិច្ចាគ​ប្រាក់​សង់​អណ្តូង​ទឹក ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ភរិយា​របស់​លោក គឺ​លោក​ស្រី ពិសិទ្ធ ពិលិកា តារា​ភាពយន្ត​ដ៏​ល្បី​ល្បាញ​ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ នៅ​តាម​ផ្លូវ​ដ៏​មមាញឹក​មួយ ក្នុង ក្រុង​ភ្នំពេញ កាល​ពី​អំឡុង ឆ្នាំ​១៩៩៩ តាម​រយៈ​លោក សាវិន ហ្វីលីព តារា​ភាពយន្ត​ម្នាក់​ទៀត ដែល​មាន​កង្វល់​ក្នុង​ចិត្ត​នៅ​ពេល​ដែល​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រី​ក្រ​មួយ​ចំនួន​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់។

ថ្វី​បើ ខេត្ត​សៀមរាប ជា​ខេត្ត​ទេសចរណ៍​ដ៏​មាន​សក្តា​នុពល​មួយ​ក៏​ដោយ ប៉ុន្តែ​កង្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​អ្នក​រស់​នៅ​តាម​តំបន់​ជាយ​ក្រុង។ លោក សាវិន ហ្វីលីព ដែល​ជា​តារា​ភាពយន្ត​ជើង​ចាស់​ដែល​បាន​និង​កំពុង​ថត​ឲ្យ​ផលិតកម្ម​ល្បីៗ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​កំពុង​ព្យាយាម​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​ក្នុង​ខេត្ត​សម្បូរ​ប្រាសាទ​បុរាណ​មួយ​នេះ។

ក្រោយ​ពី​ប្រកាស​វិល​ចូល​សិល្បៈ​មិន​ទាន់​បាន​ប៉ុន្មាន​ផង លោក សាវិន ហ្វីលីព បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា «សាវិន​កម្ពុជា» នៅ​ដើម​ឆ្នាំ ២០១៤។ សព្វ​ថ្ងៃ​គម្រោង​នេះ បាន​សាង​សង់​អណ្តូង​ទឹក​ស្អាត​យ៉ាង​ហោច​ណាស់​ជាង ៤០ ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ ខេត្ត​សៀមរាប និង ខេត្ត​តាកែវ។ បច្ចុប្បន្ន​គម្រោង​សប្បុរសធម៌​មួយ​នេះ មាន​ការ​គាំទ្រ​ពី​សប្បុរសជន​ខ្មែរ ជា​ពិសេស​លោក ខៃ ប្រសិទ្ធ និង​បរទេស ដែល​ធ្វើ​ឲ្យ​លោក ហ្វីលីព មាន​ការ​មមាញឹក​យ៉ាង​ខ្លាំង​ក្នុង​ការ​ជួយ​គ្រួសារ​ប្រជាជន​ក្រីក្រ ជន​ពិការ តាម​ខេត្ត​ទាំង​នេះ ដើម្បី​ឲ្យ​មាន​អណ្តូង​ទឹក​ប្រើ​ប្រាស់។

ក្រៅ​ពី​នេះ គម្រោង សាវិន​កម្ពុជា ក៏​មាន​ផ្តល់​នូវ​បង្គន់​អនាម័យ​ទៅ​ដល់​ក្រុម​គ្រួសារ​ក្រីក្រ ដែល​គ្មាន​សមត្ថភាព​ក្នុង​ការ​សាង​សង់​ដោយ​ខ្លួន​ឯង និង​ផ្តល់​ជា កង់ ឯកសណ្ឋាន​សាលា សៀវភៅ​ឱ្យ​សិស្ស​ក្រី​ក្រ ផង​ដែរ។

លោក ហ្វីលីព បាន​ឲ្យ​ដឹង​ទៀត​ថា សប្បុរស​ជន ដែល​បាន​ជួយ​លោក មាន​ទាំង​ខ្មែរ​ក្នុង​ស្រុក និង​ជន​ជាតិ​បរទេស​មួយ​ចំនួន ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ប្រទេស​បារាំង និង ប្រទេស​អូស្ត្រាលី ផង​ដែរ។ ក្នុង​អណ្ដូង​មួយ​ត្រូវ​ធ្វើ​មាន​តម្លៃ​ចាប់​ពី ៣៥០ រហូត​ដល់ ២០០០ ដុល្លារ​ដែល​ថ្មីៗ​នេះ​លោក ហ្វីលីព ទើប​តែ​បាន​ធ្វើ​អណ្តូង ២ ប្រគល់​ជូន​សាលា​បឋម​សិក្សា ព្រះ​ដាក់ និង ៥ ទៀត ប្រគល់​ជូន​គ្រួសារ​ក្រីក្រ​មួយ​ចំនួន​នៅ​ក្នុង ស្រុក​ប្រាសាទ​បាគង។ អណ្តូង​ទឹក​ស្អាត​មួយ​ក្នុង​ចំណោម​អណ្តូង​ពីរ ក្នុង​សាលា​បឋម​សិក្សា ព្រះ​ដាក់ គឺជា​ជំនួយ​របស់​អតីត​តារា​ភាពយន្ត​ល្បី​ល្បាញ​អំឡុង​ទសវត្សរ៍ ទី៩០ គឺ​លោក ខៃ ប្រសិទ្ធ ដែល​បាន​ផ្ញើ​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​ពី ប្រទេស​អូស្ត្រាលី ដើម្បី​សង់​ជា​អណ្ដូង​ទឹក​ស្អាត ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ និង​សិស្សា​នុសិស្ស​ក្រី​ក្រ នៅ​បរិវេណ​តំបន់​នោះ។

លោក ហ្វីលីព មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​និង​លោក ហេង ដានី ដែល​ជា​តួ​សម្តែង​ដូច​គ្នា បាន​មក​ដល់​សៀមរាប ក៏​មាន​ចិត្ត​ចង់​ចែក​សៀវភៅ​ដល់​ក្មេងៗ​នៅ​សាលា​បឋមសិក្សា ព្រះ​ដាក់ តែ​ខ្ញុំ​បាន​សង្កេត​ឃើញ​ថា សាលា​រៀន​នេះ មិន​ទាន់​មាន​អណ្តូង​ទឹក​ស្អាត​ប្រើ​ប្រាស់​នៅ​ឡើយ»។

លោក​បន្ត​ទៀត​ថា៖ «សិស្សា​នុសិស្ស​ប្រមាណ​ជាង ៧០០ នាក់​ពិត​ជា​ត្រូវ​ការ​ទឹក​ស្អាត​ប្រើ​ជា​ចាំ​បាច់ ហើយ​ការ​សាង​សង់​អណ្ដូង​ទឹក​ឲ្យ​ពួក​គេ​នៅ​ពេល​នេះ​គឺជា​ការ​ឆ្លើយ​តប​ដ៏​ត្រឹម​ត្រូវ»។

សិស្ស​សាលា​ក្នុង ខេត្ត​សៀមរាប សប្បាយ​នឹង​អណ្តូង​ទឹក​ជា​អំណោយ​លោក ខៃ ប្រសិទ្ធ និង​កូន​ប្រុស ម៉ៃឃើលដ៍ ខៃ។ រូបថត ខៃ ប្រសិទ្ធ

លោក ហ្វីលីព បាន​និយាយ​ថា លោក ខៃ ប្រសិទ្ធ នឹង​ឧទ្ទិស​បុណ្យ​កុសល​ទាំង​អស់​ដែល​លោក​បាន​ពី​ការ​កសាង​អណ្តូង​នេះ ទៅ​ឲ្យ​ភរិយា​របស់​គាត់ គឺ​អ្នក​នាង ពិសិដ្ឋ ពិលិកា ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រាជធានី​ភ្នំពេញ​កាល​ពី ១៥ ឆ្នាំ​មុន។ ឯ​ថវិកា​មួយ​ផ្នែក​ទៀត ក៏​ជា​ការ​ចូល​រួម​ចំណែក​ពី​កូន​ប្រុស​របស់​គាត់​ឈ្មោះ ម៉ៃឃើលដ៍ ខៃ ផង​ដែរ។ លោក សាវិន ហ្វីលីព បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា រាល់​ជំនួយ​លោក​តែង​តែ​ថត​រូប និង​បង្ហាញ​ព័ត៌មាន​លម្អិត តាម​រយៈ​គេហទំព័រ Facebook របស់​លោក​តែ​ម្ដង ដើម្បី​បញ្ជាក់​ពី​តម្លាភាព​ក្នុង​ការ​ប្រើ​ប្រាស់​ថវិកា ហើយ​លោក​នឹង​ស្វាគមន៍ ចំពោះ តារា​ផ្សេងៗ​ទៀត​ដែល​មាន​ចិត្ត​ចង់​ចូល​រួម​ជាមួយ​គម្រោង​របស់​លោក​ក្នុង​ការ​ជួយ​កុមារ​ក្រីក្រ និង​ជន​ពិការ ដែល​ជា​ជន​ងាយ​រង​គ្រោះ ហើយ​កំពុង​ត្រូវ​ការ​ការ​ផ្តល់​ជា​ជំនួយ។

ម្តាយ​របស់​លោក ហ្វីលីព អ្នក​ស្រី នៅ សាវិន គឺជា​អ្នក​ដែល​ផ្តល់​គំនិត ក្នុង​ការ​បង្កើត​គម្រោង​ជួយ​ទៅ​ដល់​ជន​ក្រី​ក្រ និង​ជន​ពិការ ដែល​គាត់​គឺជា​អតីត​សាស្រ្តាចារ្យ នៅ​វិទ្យាល័យ សន្ធរម៉ុក។ លោក ហ្វីលីព ថ្លែង​ថា៖ «គ្រួសារ​ខ្ញុំ​ត្រូវ​សម្លាប់​ក្នុង​សម័យ ប៉ុល ពត ស្ទើរ​តែ​ទាំង​អស់ ទាំង​ឪពុក និង​បង​ប្អូន​បង្កើត​ពីរ​នាក់​ទៀត ខ្ញុំ​សល់​តែ​ម្តាយ​ខ្ញុំ​ម្នាក់​ទេ។ គាត់​បាន​បង្រៀន​ខ្ញុំ​ជាច្រើន​អំពី​ការ​ជួយ​ទៅ​កាន់​អ្នក​ដទៃ ជួយ​ទៅ​កាន់​មនុស្ស​ទីទ័ល​ក្រ។ តាម​ពិត​ទៅ ឈ្មោះ​គម្រោង​របស់​ខ្ញុំ គឺ​ខ្ញុំ​យក​ឈ្មោះ​ម្តាយ​ខ្ញុំ​មក​ដាក់ ពីព្រោះ​ចង់​អរគុណ​គាត់ ដែល​បង្រៀន​និង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ថ្ងៃ​នេះ»។ លោក​បន្ត​ថា៖ «អ្វី​ដែល​ម្តាយ​ខ្ញុំ​ចង់​ឃើញ​គឺ​ស្នាម​ញញឹម​របស់​ក្មេងៗ និង​គ្រួសារ​ក្រី​ក្រ​នៅ​ពេល​ដែល​ពួក​គេ បាន​ទទួល​នូវ​អ្វី​ដែល​យើង​ព្យាយាម​ជួយ​ពួក​គេ»។

លោក ហ្វីលីព បាន​មក​ដល់ ខេត្ត​សៀមរាប កាល​ពី​ដើម ខែ​កក្កដា ពេល​ដែល​លោក​ត្រូវ​ថត​ខ្សែ​ភាពយន្ត​ភាគ​មួយ​មាន​ចំណង​ជើង​ថា៖ «រនាត​ស្នេហ៍» ដែល​នឹង​ត្រូវ​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៏ CTN ក្នុង​ពេល​ឆាប់ៗ​នេះ ក្នុង​គោល​បំណង​លើក​តម្កើង​ឧបករណ៍​ភ្លេង​ខ្មែរ​បុរាណ​រួម​ទាំង​បញ្ចៀស​នូវ​ការ​ភាន់​ច្រឡំ ដែល​តែង​កើត​ឡើង​ក្នុង​ការ​ហៅ​ឈ្មោះ​បទ​ភេ្លង​ពិណពាទ្យ ដែល​មនុស្ស​មួយ​ចំនួន តែង​តែ​ហៅ​ថា ភ្លេង​សៀម។ លោក ហ្វីលីព សម្តែង​ជា​តួអង្គ ឧកញ្ញា​វង្សសា ដែល​ជីវិត​របស់​លោក មាន​តែ​វិប្បដិសារី នៅ​ពេល​ដែល​តួអង្គ​នេះ មាន​កូន​ស្រី​មិន​ដែល​ស្តាប់​ដំបូន្មាន​ឪពុក។ ប៉ុន្តែ​រឿង «រនាត​ស្នេហ៍» នេះ​ហើយ ដែល​ធ្វើ​ឲ្យ​តួ​សម្តែង​ទាំង​អស់ រួម​ទាំង​អ្នក​ដឹក​នាំ​រឿង ត្រូវ​ភ័យ​បះ​សក់​ដោយ​សារ​តែ​មាន​រឿង​ចម្លែក​កើត​ឡើង និង​ឃើញ​នឹង​ភ្នែក​ស្រស់ៗ​ជា​បន្ត​បន្ទាប់ ហើយ​លោក ហ្វីលីព ក៏​បាន​ប្រទះ​នឹង​រឿង​ខ្មោច​នេះ​ដូច​គ្នា ដែល​ភាព​ភ័យ​ខ្លាច​នេះ​តាម​អន្ទង​រូប​លោក​រហូត​ដល់​ពេល​ខ្លះ លោក​ចង់​សម្រេច​ចិត្ត​ឈប់​ថត​រឿង​នេះ​តែ​ម្តង។ លោក​បញ្ជាក់​ថា៖ «តាំង​ពី​កើត​មក និង​ចូល​សិល្បៈ​មក មិន​ដែល​ជួប​រឿង​ភ័យ​ខ្លាច​បែប​នេះ​ទេ គឺ​ខ្ញុំ​ខ្លាច​មែន​ទែន​រហូត​ដល់​ទៅ​រក​ព្រះសង្ឃ​ឲ្យ​ជួយ​ពេល​ខ្លះ​លែង​ចង់​ថត​ឲ្យ​គេ​និយាយ​រឿង​ហ្នឹង​ពេល​ណា គឺ​ព្រឺ​សម្បុរ​ខ្ញាក អ្នក​ខ្លះ​ថា ពួក​ខ្ញុំ​ចង់​ល្បី​ប្រឌិត​រឿង​នេះ​ឡើង តែ​ខ្ញុំ​សូម​ប្រាប់​ថា គ្មាន​នរណា​ម្នាក់​ចង់​ល្បី​ដល់​ថ្នាក់​ហ៊ាន​យក​ជីវិត​ខ្លួន​ឯង​ទៅ​លេង​សើច​ជាមួយ​ខ្មោច​នោះ​ទេ ទាល់​តែ​ជួប​ដូច​ពួក​ខ្ញុំ បាន​ដឹង​ថា វា​គួរ​ឲ្យ​ខ្លាច​យ៉ាង​ណា»។

តារា​សម្តែង​ជើង​ចាស់​រូប​នេះ ទើប​តែ​ប្រឡូក​ចូល​សិល្បៈ​វិញ​ក្នុង ឆ្នាំ​២០១២ ក្រោយ​ពី​បាន​ផ្អាក​តាំង​ពី ឆ្នាំ​១៩៩៦ ដោយ​សារ​តែ​លោក​ជាប់​រវល់​ការងារ​ផ្ទាល់​ខ្លួន ហើយ​ការងារ​ចុង​ក្រោយ​របស់​លោក គឺជា​អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​សណ្ឋាគារ Independence Hotel Sihanouk Ville។ បច្ចុប្បន្ន​លោក ហ្វីលីព ជា​តារា​ខ្មែរ​មួយ​រូប ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​រួម​ថត​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ដែល​មាន​ចំណង​ជើង​ថា «Before the Fall» មាន​អ្នក​ដឹក​នាំ​រឿង​ជា​ជនជាតិ អូស្ត្រាលី ឈ្មោះ Ian White។ ខ្សែ​ភាពយន្ដ​នេះ នឹង​រៀប​រាប់​អំពី​ស្នេហា​ត្រីកោណ​រយៈ​ពេល​បួន​ថ្ងៃ​មុន ឆ្នាំ​១៩៧៥ ក្នុង ប្រទេស​កម្ពុជា ដែល​មាន​តួ​សម្តែង​ជា​ជនជាតិ ខ្មែរ បារាំង និង អាមេរិក។ លោក​បាន​និយាយ​ថា៖ «តួ​សម្តែង​ភាគ​ច្រើន​គឺជា​ជន​បរទេស​ដែល​ក្នុង​សាច់​រឿង​តម្រូវ​ឲ្យ​និយាយ​ជា​ភាសា​អង់គ្លេស។ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ណាស់ ដែល​ក្លាយ​ជា​តួអង្គ​មួយ​ក្នុង​រឿង​នេះ»។ លោក ហ្វីលីព ក៏​ជា​តួ​សម្តែង​ក្នុង​រឿង «ហនុមាន ឬ Year of the Monkey» ដែល​ដឹក​នាំ​ដោយ​ផលិតករ​ខ្សែ​ភាពយន្ត អ៊ីតាលី លោក Jimmy Henderson។ លោក ហ្វីលីព បាន​និយាយ​ថា រឿង «ហនុមាន» នេះ​នឹង​ត្រូវ​ដាក់​បញ្ចាំង​នៅ ខែ​កញ្ញា ឆ្នាំ​នេះ៕


What Next?

Recent Articles

2 Responses to "ខៃ ​ប្រសិទ្ធ ចូល​រួម​ជីក​អណ្តូង​ទឹក​ឧទ្ទិស​កុសល​ឲ្យ ពិសិដ្ឋ ពិលិកា"

  1. អាឡេវ says:

    តារាផ្សេងៗកំពុងបញ្ចេញសាច់ដើមទ្រូងបង្អួតគ្នាលើកំរាលមាសភ្លេចអស់អ្នកក្រ។

  2. VengSreng(ChongAkheat) says:

    Trov chab me cho-ka-choy ka-chas -herm kadouy ja-rouss moomiss Bun Ra Ny sam-lab chol vinh terb trov