ហ៊ឹម ស៊ីវន ២២​ឆ្នាំ លើ​ជីវិត​ស្នេហា

តារា​ចម្រៀង ហ៊ឹម ស៊ីវន។

តារា​ចម្រៀង ហ៊ឹម ស៊ីវន។ រូបថត សេត គឹមសឿន



ភ្នំពេញប៉ុស្តិ៍

មក​ទល់​នឹង​ពេល​នេះ ជីវិត​អាពាហ៍​ពិពាហ៍​របស់​តារា​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​អ្នក​នាង ហ៊ឹម ស៊ីវន ជាមួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​ម្នាក់ មាន​វ័យ ២២​ឆ្នាំ ហើយ ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា ស្នេហា​មួយ​នេះ​ទើប​តែ​ស្វែង​យល់​ចិត្ត​គ្នា​នៅ​ក្រោយ ២០ ឆ្នាំ​កន្លង​មក​ប៉ុណ្ណោះ។

តារា​ចម្រៀង ហ៊ឹម ស៊ីវន ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បង​ប្អូន​ចំនួន ៥​នាក់ ដែល​មាន​ប្រុស​ម្នាក់ និង​ស្រី ៤ នាក់។ អ្នក​ស្រី ហ៊ឹម ស៊ីវន ជា​កូន​កសិករ​ក្រី​ក្រ​មួយ​នៅ​ក្នុង ឃុំ​គោក​សណ្តែក ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។ អ្នក​ស្រី​ជា​ក្មេង​កំព្រា​ឪពុក​ដែល​មាន​ឈ្មោះ ហ៊ឹម លន់ តាំង​ពី​របប ប៉ុល ពត ហើយ​ក្រោយ​ចប់​របប​ប្រល័យ​ពូជ​សាសន៍​អ្នក​ស្រី​រស់​នៅ​ជាមួយ​ម្តាយ​ឈ្មោះ ស ហ៊ន សព្វ​ថ្ងៃ​វ័យ ៦៥​ឆ្នាំ ហើយ។

ដំបូង​ឡើយ​តារា​ចម្រៀង​អ្នក​ស្រី ហ៊ឹម ស៊ីវន មិន​មែន​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​ឡើយ អ្នក​ស្រី​ជា​កូន​កសិករ​រស់​នៅ ខេត្ត​ព្រៃវែង ម្នាក់ ប៉ុន្តែ​នៅ​ពេល​នេះ ជីវិត​របស់​អ្នក​ស្រី​បាន​ផ្លាស់​ប្តូរ ១៨០ ដឺក្រេ​ក្រោយ​ពេល​អ្នក​ស្រី​បាន​ក្លាយ​ជា​តារា​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​ម្នាក់ ហើយ​បាន​រៀប​ការ​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​មាន​ឋានៈ​ខ្ពង់​ខ្ពស់​ម្នាក់​គឺ​ឯកឧត្ដម ពៅ ម៉ាលី ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ទីប្រឹក្សា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។

ដំណើរ​ដើម​ទង​ដែល​នាំ​ឲ្យ​អ្នក​ស្រី ហ៊ឹម ស៊ីវន មាន​ថ្ងៃ​នេះ ត្រូវ​បាន​អ្នក​ស្រី​លាត​ត្រដាង​ថា បន្ទាប់​ពី​សម័យ ប៉ុល ពត ដួល​រលំ​នៅ​ក្នុង ឆ្នាំ​១៩៧៩ គ្រួសារ​របស់​អ្នក​ស្រី​ក៏​បាន​វិល​មក​កាន់​ស្រុក​កំណើត​វិញ តែ​កាល​នោះ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ស្រាវជ្រាវ​រក​អ្នក​ចេះ​ដឹង​ផ្នែក​ខាង​សិល្បៈ​ដែល​សល់​ពី​របប​ប្រល័យ​ពូជ​សាសន៍​នោះ ដូច្នេះ​ដោយ​សារ​គ្រួសារ​អ្នក​ស្រី​មាន​ឈាម​ជ័រ​ជា​អ្នក​សិល្បៈ​នោះ ទើប​ក្រសួង​វប្បធម៌ នាំ​មក​ចូល​រួម​ក្រុម​នៅ​រាជធានី​ភ្នំពេញ។ នោះ​ហើយ​ជា​ឱកាស ហ៊ឹម ស៊ីវន បាន​ចូល​រៀន​ផ្នែក​តន្ត្រី​បុរាណ​នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ។

អ្នក​ស្រី​បាន​បន្ត​ថា ក្រោយ​មក​អ្នក​ស្រី​ក៏​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​តន្ត្រី​ក្រសួង​មហាផ្ទៃ នៅ​អំឡុង ឆ្នាំ​១៩៨៨ ពេល​នោះ​ហើយ​ដែល​អ្នក​ស្រី​បាន​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​នៅ​ក្នុង​វិស័យ​សិល្បៈ និង​ផ្តើម​អាជីព​ជា​តារា​ចម្រៀង​ដោយ​ទទួល​បាន​ការ​ហៅ​ច្រៀង​ពី​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាច្រើន។ ផលិតកម្ម​ទាំង​នោះ​មាន​ដូច​ជា រស្មី​ពាន​មាស បុប្ផា នាគ​ហោះ កម្មករ ឥន្ទធនូ ឆ្លង​ដែន សាន់ដេ និង​រស្មី​ហង្សមាស ជាដើម។

វ័យ​ចេះ​តែ​ចម្រើន​ឡើង មិន​បង្អង់​យូរ អ្នក​ស្រី ហ៊ឹម ស៊ីវន ក៏​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ឯកឧត្ដម ពៅ ម៉ាលី ជា​អគ្គ​នាយក​រង​នៃ​អគ្គ​នាយកដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​ទីប្រឹក្សា​របស់​សម្ដេច​អគ្គ​មហា​សេនាបតី តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា​កាល​ពី ខែ​កុម្ភៈ ឆ្នាំ​១៩៩២។ ពេល​នេះ អ្នក​ស្រី និង​ស្វាមី​បង្កើត​បាន​កូន​ពីរ​នាក់​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​។ កូន​ប្រុស​ច្បង​ឈ្មោះ ពៅ ពេជ្រមេត្តា អាយុ ២១​ឆ្នាំ និង​កូន​ស្រី​ពៅ​ឈ្មោះ ពៅ ពេជ្រករុណា អាយុ ១៨​ឆ្នាំ។ សព្វ​ថ្ងៃ​គ្រួសារ​អ្នក​ស្រី​រស់​នៅ​យ៉ាង​រីក​រាយ​ក្នុង​វីឡា​ដ៏​ទំនើប​ស្ថិត​នៅ ទួលសង្កែ ខណ្ឌ​ឫស្សីកែវ ភ្នំពេញ។

តារា​ចម្រៀង ហ៊ឹម ស៊ីវន (ទី៣ រាប់​ពី​ឆ្វេង) ថត​រូប​ជុំ​គ្នា​ជាមួយ​នឹង​ម្តាយ និង​បង​ប្អូន​ប្រុស​ស្រី។ រូបថត សេត គឹមសឿន

ទោះ​បី​ជា​រស់​នៅ​ក្នុង​គ្រួសារ​ស្តុក​ស្តម្ភ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា ជីវិត​ស្នេហា​តែង​ជួប​រឿង​រកាំ​រកូស​ចៀស​មិន​ផុត។ តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖ «ជា​ធម្មតា នៅ​ក្នុង​គ្រួសារ​ណា ក៏​ដូច​គ្រួសារ​ណា​ដែរ វា​ប្រៀប​បាន​នឹង​ចាន​ក្នុង​រាវ​តែង​ប៉ះ​ទង្គិច​ចៀស​មិន​ផុត ប៉ុន្តែ​សំខាន់​យើង​ត្រូវ​តែ​មាន​ការ​អត់ធ្មត់ ខ្ញុំ​អត់​បន្តិច​ទៅ គាត់​អត់​បន្តិច​មក នោះ​គ្រួសារ​នឹង​មាន​សេចក្តី​សុខ។ ខ្ញុំ​មិន​ចង់​ឲ្យ​មនុស្ស​មួយ​ចំនួន​តែង​និយាយ​ថា ពួក​មី​សិល្បៈ​វា​ដូច​តែ​គ្នា​នោះ​ទេ»។

តារា​ចម្រៀង​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​រូប​នេះ បាន​ឲ្យ​ដឹង​ថា ការ​កសាង​ភាព​ល្បាញ​ល្បី​លើ​វិថី​សិល្បៈ​ឲ្យ​ស្រប​គ្នា​នឹង​ការ​កសាង​គ្រួសារ​មួយ​ដ៏​មាន​សុភមង្គល​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ។

តារា​ចម្រៀង​រូប​នេះ​និយាយ​ថា៖ «ស្វាមី​ខ្ញុំ​គាត់​ជា​មនុស្ស​ល្អ​ណាស់ គាត់​បាន​ជួយ​តម្រង់​ចង្កូត​សិល្បៈ​ខ្ញុំ​បាន​ជោគ​ជ័យ ព្រោះ​គាត់​ជា​មនុស្ស​មាន​ការ​យល់​ដឹង​ផ្នែក​សង្គម​ច្រើន គាត់​បាន​ប្រាប់​ខ្ញុំ​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន ហើយ​ខ្ញុំ​តែង​សុំ​យោបល់​គាត់​ជានិច្ច»។

ដោយ​ឡែក​សម្រាប់​រឿង​សង្គម​គ្រួសារ​វិញ​តារា​រូប​នេះ​បាន​បញ្ជាក់​ថា៖ «មក​ទល់​នឹង​ពេល​នេះ យើង​រៀបការ​បាន ២២​ឆ្នាំ ហើយ តែ​បើ​ឲ្យ​យល់​ចិត្ត​ថ្លើម​គ្នា​ជា​ធ្លុង​មួយ​គឺ​ទើប ២-៣ ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ ២០​ឆ្នាំ ហើយ ទើប​យើង​យល់​ចិត្ត​គ្នា។ អ៊ីចឹង​មាន​ន័យ​ថា ជីវិត​ជា​ប្តី​ប្រពន្ធ​មិន​មែន​រស់​នៅ​ជាមួយ​គ្នា ៤-៥ ឆ្នាំ​យល់​ពី​គ្នា​អស់​នោះ​ទេ ដូច្នេះ​បើ​យើង​ចង់​បាន​គ្រួសារ​មួយ​ដ៏​ជោគ​ជ័យ គឺ​ការ​ស៊ូ​អត់​ធ្មត់​ទាំង​អស់​គ្នា»។

ជាមួយ​គ្នា​នោះ តារា​ស្រី​រូប​នេះ​និយាយ​ទាំង​ចិត្ត​រំភើប​ថា៖ «នៅ​ក្នុង​ជីវិត​នេះ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត ខ្ញុំ​ជោគ​ជ័យ​ទាំង​ការងារ​សិល្បៈ និង​គ្រួសារ ដូច្នេះ​ជាតិ​នេះ ជាតិ​មុខ ខ្ញុំ​គ្មាន​ចង់​បាន​អ្វី​លើស​ពី​ជីវិត​សព្វ​ថ្ងៃ​នេះ​ទេ»។

ទន្ទឹម​នឹង​សម្រស់​ជីវិត​រីក​សាយ​ក្លិន​ក្រអូប​ឈ្ងប់​នោះ អ្នក​ស្រី ហ៊ឹម ស៊ីវន ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា នៅ​ពេល​ដ៏​ខ្លី​នេះ អ្នក​ស្រី​នឹង​មាន​បទ​ចម្រៀង​ថ្មី​សន្លាង​សុទ្ធ​សាធ​ចំនួន ១០ បទ​ចេញ​លក់​ជា​ផ្លូវ​ការ​នៅ​ក្នុង​ផលិតកម្ម​រស្មី​ហង្សមាស​ផង​ដែរ។

ការ​ប្រកប​ជីវិត​រហូត​បាន​សុខដុម​ទ្រនំ​ខ្ពស់​នៅ​លើ​វិថី​សិល្បៈ​នេះ អ្នក​ស្រី ហ៊ឹម ស៊ីវន ធ្លាប់​ឆ្លង​ទ្វីប​ទៅ​ច្រៀង​នៅ​តាម​បណ្តា​ប្រទេស​ជាច្រើន​លើ​លោក​ដូច​ជា បារាំង សហរដ្ឋ​អាមេរិក ស្វ៊ីស ហូឡង់ អាល្លឺម៉ង់ អ៊ីតាលី និង​បែលហ្ស៊ិក ជា​ដើម៕


What Next?

Recent Articles

2 Responses to "ហ៊ឹម ស៊ីវន ២២​ឆ្នាំ លើ​ជីវិត​ស្នេហា"

  1. អាឡេវ says:

    ភ្លេចនិយាយវគ្គសីសស៊ូសជាមួយស្តេចសែនឬមិនចង់និយាយ?។

  2. Anonymous says:

    Forget it all everythings before. I love your boobs and bootie and especially………hm !!!