សង្គម​ស៊ីវិល​បារម្ភ​ពី​អំពើ​ពុក​រលួយ​ក្នុង​សកម្មភាព​គ្រប់គ្រង​និង​ស្រង់​ស្ថិតិ​ជន​បរទេស

ដោយ ជិន ជេដ្ឋា
2014-08-28
RFA

អាង ច័ន្ទឬទ្ធិ ៦២០
នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជន​ជាតិ​ភាគ​តិច លោក អាង ច័ន្ទឬទ្ធិ ក្នុង​វេទិកា​អ្នក​ស្ដាប់​របស់​វិទ្យុ​អាស៊ីសេរី នៅ​យប់​ច័ន្ទ ទី​១១ ខែ​សីហា ឆ្នាំ​២០១៤។ Photo: RFA

សកម្មភាព​ចុះ​ធ្វើ​ជំរឿន​ជន​បរទេស​នៅ​កម្ពុជា នឹង​ត្រូវ​អនុវត្ត​ក្នុង​ពេល​ឆាប់ៗ បន្ទាប់​ពី​ក្រុម​ការងារ​បង្កើត​ដោយ​ក្រសួង​មហាផ្ទៃ រៀបចំ​ឯកសារ និង​ជួប​ប្រជុំ​បច្ចេកទេស​រួច​រាល់។

ទន្ទឹម​គ្នា​នេះ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​សម្ដែង​ក្ដី​បារម្ភ​ខ្លាច​កើត​មាន​អំពើ​ពុក​រលួយ​ក្នុង​សកម្មភាព​នេះ ហើយ​ទិន្នន័យ​ដែល​ទទួល​បាន​មិន​អាច​យក​ទៅ​ប្រើ​ជា​ផ្លូវ​ការ​បាន។

មន្ត្រី​សង្គម​ស៊ីវិល ថ្លែង​រិះគន់​នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ថា ក្រុម​សមត្ថកិច្ច និង​មន្ត្រី​ពាក់ព័ន្ធ អាច​ឆ្លៀត​យក​ឱកាស​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ក្នុង​សកម្មភាព​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​បរទេស ជាពិសេស​ទៅ​លើ​ជន​អន្តោប្រវេសន៍​វៀតណាម។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ចាត់​ទុក​ការ​លើក​ឡើង​នេះ គឺ​គ្រាន់​តែ​ជា​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់ ឬ​ជន​មួយ​ក្រុម​ប៉ុណ្ណោះ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច (MIRO) លោក អាង ច័ន្ទឬទ្ធិ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ខាង​លោក​រក​ឃើញ​ករណី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​របស់​សមត្ថកិច្ច​អន្តោប្រវេសន៍ ដោយ​ជនជាតិ​វៀតណាម មួយ​ចំនួន​បាន​បង់​ប្រាក់​ចន្លោះ​ពី ៣០០ ទៅ ៥០០​ដុល្លារ ដើម្បី​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​មាន​ទម្រង់​នៃ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​មួយ​ចំនួន​ទៀត។

លោក​បន្ត​ថា ជនជាតិ​វៀតណាម នៅ​ខេត្ត​ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​កណ្ដាល ជាដើម ភាគ​ច្រើន​ពុំ​មាន​លិខិត​ស្នាម​ស្នាក់នៅ​ត្រឹមត្រូវ។ ដោយ​ឡែក​នៅ​ខេត្ត​កំពង់ឆ្នាំង ភាគ​ច្រើន​មាន​លិខិត​ស្នាម​ត្រឹមត្រូវ ដោយ​មាន​សមត្ថកិច្ច​ចុះ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ក្នុង​រយៈពេល​១​ខែ ឬ​បី​ខែ​ម្ដង៖ «អ្វី​ដែល​រដ្ឋាភិបាល​ធ្វើ​ហ្នឹង វា​អត់​ទាន់​មាន​តម្លាភាព​នៅ​ឡើយ​ទេ ហើយ​អត់​ទាន់​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​ច្បាស់​លាស់ ដែល​ត្រូវ​ធ្វើ​ហ្នឹង​ឲ្យ​មាន​ការ​ជឿ​ទុក​ចិត្ត​ពី​សហគមន៍​អន្តរជាតិ ឬ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ឡើយ​ទេ ដោយសារ​ចំណាត់​ការ​របស់​រដ្ឋាភិបាល​នេះ គឺ​ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី ដោយ​មិន​បាន​ឲ្យ​មាន​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​មើល​នីតិវិធី​ហ្នឹង។ នេះ​ហើយ​ជា​ការ​ព្រួយ​បារម្ភ​របស់​ខាង​សង្គម​ស៊ីវិល»

ទាក់ទង​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​បញ្ជាក់​ថា ការ​ចុះ​អនុវត្ត​ការងារ​គ្រប់គ្រង និង​ស្រង់​ស្ថិតិ​ជន​បរទេស​លើក​នេះ នឹង​ត្រូវ​បាន​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធភាព ដោយសារ​តែ​ក្រុម​ការងារ​ដែល​ត្រូវ​ចុះ​អនុវត្ត​ផ្ទាល់​នោះ គឺ​មាន​សមាសភាព​ចេញ​ពី​មន្ត្រី​ក្រុម​ប្រឹក្សា​ឃុំ​ស្រុក និង​ក្រុម​ប្រឹក្សា​ខេត្ត​មក​ពី​គ្រប់​គណបក្ស​នយោបាយ។ លោក​បន្ត​ថា ក្នុង​ករណី​ដែល​ជន​រងគ្រោះ ឬ​អ្នក​ដែល​ត្រូវ​គេ​ទាមទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ផ្ដល់​អ្វី​មួយ​នោះ គឺ​អាច​ទាក់ទង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ដើម្បី​ជួយ​អន្តរាគមន៍​ជា​បន្ទាន់៖ «គេ​មាន​សិទ្ធិ​លើក​ឡើង គេ​ថា​ម៉េច​ថា​ទៅ! ប៉ុន្តែ​ខ្ញុំ​ចង់​ជម្រាប​ជូន​ថា នៅ​ក្នុង​គណៈកម្មការ​ដែល​ចុះ​ទៅ​នេះ តាម​គោលការណ៍​របស់​ក្រសួង​មហាផ្ទៃ គឺ​ប្រើប្រាស់​តែ​បុគ្គលិក​ស្ថាប័ន​របស់​រដ្ឋ ហើយ​ក្នុង​នោះ​មាន​ទាំង​ក្រុម​ប្រឹក្សា ត្រូវ​បាន​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​ពី​ប្រជាពលរដ្ឋ​ទៀត​ផង។ ហើយ​សូម​អំពាវនាវ​ផង​ដែរ​ថា ប្រសិន​បើ​មាន​ការ​សូកប៉ាន់ សុំ​កុំ​ភ្លេច​ថា អ្នក​ដែល​សូក​គេ​ក៏​ជា​អ្នក​មាន​ទោស​ដែរ»

លោក​បញ្ជាក់​ថា នៅ​ក្រោយ​ការ​ស្រង់​ស្ថិតិ​ជន​បរទេស​លើក​នេះ រដ្ឋាភិបាល​នឹង​មាន​វិធានការ​ចំពោះ​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា ប៉ុន្តែ​វិធានការ​នោះ​មិន​ហួស​ពី​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​អន្តោប្រវេសន៍​របស់​កម្ពុជា នោះ​ទេ។

រហូត​មក​ដល់​បច្ចុប្បន្ន តួលេខ​ជន​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា មិន​ទាន់​មាន​ភាព​ច្បាស់​លាស់​នៅ​ឡើយ។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ថា ជនជាតិ​វៀតណាម ទាំង​ស្រប និង​មិន​ស្រប​ច្បាប់​នៅ​កម្ពុជា មាន​ជាង ១០​ម៉ឺន​នាក់ ចំណែក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី វិញ​អះអាង​ថា មាន​ប្រមាណ​ជា ៥​សែន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

One Response to "សង្គម​ស៊ីវិល​បារម្ភ​ពី​អំពើ​ពុក​រលួយ​ក្នុង​សកម្មភាព​គ្រប់គ្រង​និង​ស្រង់​ស្ថិតិ​ជន​បរទេស"

  1. ratha sim says:

    រដ្ធាភិបាលត្រូវអនុញ្ញាត្តិឲគ្រប់ស្ថាប៏នពាក់ព័នទាំងអស់ ពិសេសសង្គម​សីវិល ផង ដើម្បី អោយមានតំលាភាព និងជៀសវាងការពុករលួយកើតឡើង