ដោយ៖ ណុល ដារ៉ា
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្រុមអ្នកកាសែតរអ៊ូរទាំ ករណីប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកឱម យុិនទៀង មិនសហការផ្ដល់ព័ត៌មាន នៅពេលពួកគេសាកសួរព័ត៌មានទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដ៏មានសក្ដានុពលមួយនេះ។
អ្នកយកព័ត៌មានឲ្យវិទ្យុខ្មែរអ៊ីនឌីផេនដិន រេដ្យូ មានមូលដ្ឋានទៅប្រទេសញូវហ្សេឡេន កញ្ញា សាយ សុម៉ាលី ឲ្យVODដឹងនៅថ្ងៃព្រហស្បតិ៍ ២៨ សីហា នេះថា កញ្ញាបានព្យាយាមសម្ភាសន៍លោកឱម យិុនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីសាកសួរព័ត៌មានមួយចំនួន ប៉ុន្តែលោកមិនឆ្លើយជាមួយអ្នកកាសែត ដោយលោកថា លោកមិនស្គាល់ មិនដឹងលោកឱម យិនទៀងនោះទេ «ខ្ញុំបានទូរស័ព្ទទំនាក់ទំនងទៅលោកឱម យុិនទៀង ហើយគាត់មិនមានការឆ្លើយតបជាមួយនឹងយើងជាអ្នកសារព័ត៌មានទេ គាត់ទៅជាគាត់ថា គាត់មិនដឹង គាត់មិនស្គាល់។ អ៊ីចឹងគាត់បិទទូរស័ព្ទ គាត់មិននិយាយអ្វីទាក់ទងជាមួយនឹងអ្នកសារព័ត៌មាន អ៊ីចឹងហាក់ដូចជាអ្នកសារព័ត៌មានហ្នឹងវាដូចជា គាត់មិនឲ្យតម្លៃពួកយើងជាអ្នកការផ្សព្វផ្សាយព័ត៌មានបន្ត ហើយបើសិន ថ្នាក់ដល់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល សុំការឆ្លើយបំភ្លឺ ឬការស្រាយបំភ្លឺហ្នឹងគាត់មិនមានការឆ្លើយតប តើការផ្សព្វផ្សាយ ប្រព័ន្ធព័ត៌មាននៅក្នុងស្រុកខ្មែរហ្នឹង ខ្ញុំឆ្ងល់ថាតើធ្វើម៉េចឲ្យវាមានភាពអព្យាក្រឹត?»
កញ្ញាបន្ថែមថា ជារឿយៗ មន្ត្រីរដ្ឋាភិបាលតែងតែចោទប្រកាន់ថា អ្នកសារព័ត៌មានលម្អៀងទៅខាងនេះ ទៅខាងនោះ ប៉ុន្តែខ្លួនឯងទេ ដែលមិនឲ្យតម្លៃអ្នកសារព័ត៌មាន និងមិនសហការផ្ដល់ព័ត៌មានឲ្យបានច្បាស់លាស់។
កញ្ញាសាយ សុម៉ាលី ធ្វើការកត់សម្គាល់ថា មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជាតែងតែគេចវេះ មិនផ្ដល់ព័ត៌មានដល់អ្នកកាសែត ដែលខុសគ្នាស្រឡះពីមន្ត្រីនៃបណ្ដាប្រទេសនានាក្នុងលោក ដែលគេសប្បាយចិត្តនឹងផ្ដល់ព័ត៌មាន។ ត្រង់ចំណុចនេះកញ្ញាយល់ថា អាចមកពីមន្ត្រីទាំងនោះមិនមានសមត្ថភាពបំពេញការងារដោយសុចរិត ឬមានចេតនាលាក់លៀមមិនឲ្យប្រជាពលរដ្ឋដឹងព័ត៌មាន។
អ្នកកាសែតមួយរូបទៀត សុំមិនបញ្ចេញអត្តសញ្ញាណ អះអាងថា ជារឿយៗមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែមិនសហការជាមួយអ្នកសារព័ត៌មានទេ ថែមទាំងគំរាមកំហែងពួកគេទៀតផង។ លោកបន្ថែមថា ពួកមន្ត្រីទាំងនោះមិនទទួលទូរស័ព្ទទេ បើពួកគេមិនស្គាល់លេខ ហើយជួនកាលពួកគេទទួលទូរស័ព្ទដែរ តែបដិសេធថា ពួកគេមិនមែនជាមនុស្សដែលយើងចង់រកនោះទេ។
VOD ព្យាយាមទាក់ទងទៅលោក ឱម យុិនទៀង ដើម្បីសុំការឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ្នកសារព័ត៌មាន ប៉ុន្តែលោកមិនលើកទូរស័ព្ទ។
នាយកវិទ្យាស្ថានកម្ពុជាសម្រាប់សិក្សាសារព័ត៌មាន លោក មឿន ឈានណារិទ្ធិ មានប្រសាសន៍ថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិដឹងឮព័ត៌មានទាំងអស់នៅក្នុងរដ្ឋាភិបាល ហើយមន្ត្រីរដ្ឋាភិបាល និងរដ្ឋាភិបាល មានកាតព្វកិច្ច ផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋតាមរយៈអ្នកសារព័ត៌មាន។ លោកមឿន ឈានណារិទ្ធិ បន្ថែមថា ការទទួលបានព័ត៌មានគឺជាសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ «នៅពេលដែលមន្ត្រីរដ្ឋាភិបាលហ្នឹងគាត់មិនសហការ មិនផ្ដល់ព័ត៌មានដល់អ្នកសារព័ត៌មានហ្នឹង ៗជាការរំលោភទៅលើសិទ្ធិមូលដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជាការរំលោភទៅលើសិទ្ធិរបស់អ្នកសារព័ត៌មាន ព្រោះអីនៅក្នុងច្បាប់សារព័ត៌មានបានចែងថា អ្នកសារព័ត៌មានមានសិទ្ធិស្វែងរកព័ត៌មាន ដែលស្ថិតនៅក្នុងការកាន់កាប់របស់រដ្ឋាភិបាល នៅគ្រប់ស្ថាប័នទាំងអស់»។
លោកមឿន ឈានណារិទ្ធិ បញ្ជាក់ថា អ្នកសារព័ត៌មានគ្រាន់តែជាស្ពាន ចម្លងព័ត៌មានពីមន្ត្រីរដ្ឋាភិបាល ទៅប្រជាពលរដ្ឋ បើមន្ត្រីរដ្ឋាភិបាលមិនសហការផ្ដល់ព័ត៌មានទេ វាជាការខាតបង់ទាំងអស់គ្នា គឺខាតទាំងមន្ត្រីរដ្ឋាភិបាល មិនបានឲ្យប្រជាពលរដ្ឋដឹងថា ខ្លួនបានធ្វើអ្វីខ្លះ ចំណែកឯប្រជាពលរដ្ឋក៏ខាតបង់ដែរ ព្រោះព័ត៌មានដើរតួនាទីសំខាន់សម្រាប់ឲ្យពួកគាត់សម្រេចចិត្តធ្វើអ្វីមួយ។
កន្លងទៅរដ្ឋាភិបាលលោកហ៊ុន សែន ធ្លាប់បានជំរុញឲ្យក្រសួងនីមួយៗមានអ្នកនាំពាក្យ ដើម្បីផ្ដល់ព័ត៌មានដល់អ្នកកាសែត ប៉ុន្តែមានអ្នកនាំពាក្យតិចតួចប៉ុណ្ណោះដែលបានឆ្លើយតបនឹងអ្នកសារព័ត៌មាន ក្នុងនោះមានអ្នកនាំពាក្យសាលារាជធានីភ្នំពេញ អ្នកនាំពាក្យក្រសួងមហាផ្ទៃ អ្នកនាំពាក្យកងរាជអាវុធហត្ថ អ្នកនាំពាក្យក្រសួងការងារ អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី និងអ្នកនាំពាក្យរដ្ឋសភា និងព្រឹទ្ធសភាជាដើម ចំណែកឯក្រសួងផ្សេងៗទៀតដូចជាស្លាប់ក្រឡាស្ដូកតែម្ដង៕
សូមសរសេរមកកាន់លោក ណុល ដារ៉ា តាមរយៈ dara@vodhotnews.com

LIKE FATHER LIKE SON. LIKE LEADER LIKE TOOLS OR LIKE LEADER LIKE SUBORDINATE.
communist style they scare of media they scare of people because they are the bad one if they are very good they openly let people know what going on but communist they alway keep secret.next election people must vote to chang to the honest people.GOD bless all people’