ដោយ៖ បូ សាវី
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
មើលរូបភាពបន្ថែម
ភ្ញៀវទេសចរចូលទៅទស្សនាបរិវេណប្រាសាទតាព្រហ្មនាពេលកន្លងមក
អាជ្ញាធរជាតិអប្សរា ឲ្យដឹងថា ខ្លួននឹងកាប់ដើមឈើមួយដើម ដែលមានអាយុកាលរាប់រយឆ្នាំ ដុះលើប្រាង្គប្រាសាទតាព្រហ្ម ដើម្បីការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងការបាក់សង្កត់ថ្មប្រាសាទ ដោយប្រការណាមួយ។
សេចក្ដីជូនដំណឹងចេញផ្សាយ នៅថ្ងៃទី២៧ខែសីហា ដែលVODទទួលនៅថ្ងៃនេះ បង្ហាញថា ដើមឈើដែលអ្នកជំនាញបារម្ភមានគ្រោះថ្នាក់នោះ ជាប្រភេទដើមស្ពង់ ដុះសង្កត់លើកំផែងប្រាសាទតាព្រហ្ម ក្បែររានហាលច្រកចូលទិសពាយព្យ ក្នុងប្រាសាទតាព្រហ្ម។ លិខិតបន្ដថា បន្ទាប់ពីមានការតាមដាន និងសិក្សាពីផលប៉ះពាល់ចំពោះដើមស្ពង់រួចមក អាជ្ញាធរជាតិអប្សរា នឹងកាប់ដើមឈើនោះមួយកំណាត់ចោល ដោយទុកគល់វានៅដូចដើមដដែល ដើម្បីរក្សាទម្ងន់ និងការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និងរលំសង្កត់ថ្មប្រាសាទ។ លិខិតដដែលបញ្ជាក់ថា មន្ដ្រីជំនាញព្រៃឈើ នឹងចាប់ផ្ដើមអនុវត្ដនៅថ្ងៃទី២៩ខែសីហាស្អែកនេះ។
មន្ដ្រីនាយកដ្ឋានផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អុឹម សុខរិទ្ធី មានប្រសាសន៍បន្ថែមថា មន្ដ្រីជំនាញអាជ្ញាធរ នឹងធ្វើ ការកាប់ដើមឈើស្ពង់នោះ មួយកំណាត់និងដាក់ថ្នាំបណ្ដុះវាឡើងវិញ។លោកថា អាជ្ញាធរមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការកាប់ដើមឈើនោះ។
សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរា ក៏ឲ្យដឹងដែរថា ខ្លួនបិទផ្លូវចូលប្រាសាទតាព្រហ្ម បណ្ដោះអាសន្ន តាមខ្លោងទ្វារចូលពីខាងត្បូង ចាប់ពីថ្ងៃស្អែកនេះ ដើម្បីរក្សាសុវត្ថិភាពភ្ញៀវទូទៅ និងដើម្បីជួសជុលរចនាសម្ព័ន្ធទីតាំងនោះ ឲ្យមានភាពរឹងមាំឡើងវិញ។
មគ្គុទេសក៍ទេសចរ មួយរូប លោក គន់ ផល្លា មានប្រសាសន៍សាទរនឹងអាជ្ញាធរជាតិអប្សរា ឲ្យមានការអនុវត្ដបែបនេះ។ លោកថា ដើមឈើស្ពង់នោះមានអាយុជាង៣រយឆ្នាំ ហើយវាអាចរលើងឫស ជាពិសេសនៅរដូវភ្លៀងផ្គរ។ លោកទទួលស្គាល់ថា ដើមឈើនោះមានសោភ័ណ្ឌភាពទាក់ទាញភ្ញៀវមែន ប៉ុន្ដែវាមានវ័យចំណាស់ដែលអាចបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ និង បាក់សង្កត់ថ្មប្រាសាទជាដើម។
ប៉ុន្តែអនុប្រធានសមាគម ទ្រទ្រង់ក្ដីសង្ឃឹម មគ្គុទេសក៍ទេសចរ ខេត្ដសៀមរាប លោក ព្រហ្ម សុវណ្ណ មិនស្វាគមន៍នឹងការកាប់ដើមឈើដុះលើប្រាសាទតាព្រហ្មនេះទេ។ លោកថា លោគាំទ្រឲ្យកាប់មែករបស់វា ប៉ុន្តែមិនគាំទ្រឲ្យកាប់ដើមឈើទាំងមូលនោះទេ ព្រោះវាអាចនឹងថ្លោះធ្លោយដួលបាក់សង្កត់ប្រាសាទ ធ្វើឲ្យប្រាសាទរលំតែម្ដង។ លោកស្ដីបន្ទោសស្ថាប័ននេះថា ការធ្វើបែបនេះ គ្រាន់តែចង់លើកមុខមាត់ឡើងវិញ បន្ទាប់ពីខ្លួនមិនទទួលស្គាល់ដើមដូងមួយដើម ដែលងាប់រាប់ឆ្នាំ នៅកស្សិណអង្គរវត្ដខាងត្បួង បាក់សង្កត់អ្នកដឹកភ្ញៀវទេសចរស្លាប់កន្លងមក តែប៉ុណ្ណោះ។
ទោះជាយ៉ាងណា ជារឿយៗ ដើមឈើ និងដើមត្នោតជាច្រើនដើមនៅតំបន់អង្គរ ត្រូវបានអាជ្ញាធរជាតិអប្សរា កាប់បំផ្លាញចោល ដោយលើកហេតុផលថា មានផល់ប៉ះពាល់ដល់ប្រាសាទបុរាណ។ ប៉ុន្ដែកាលពីថ្ងៃទី១៧ខែសីហានេះ ដើមដូងងាប់មួយដើម ស្ថិតនៅកស្សិណប្រាសាទអង្គរវត្ដខាងត្បូង បានបាក់សង្កត់បុរសម្នាក់ឈ្មោះ ម៉ៅ ថន អាយុ៥២ ឆ្នាំ បណ្ដាលឲ្យស្លាប់ ខណៈកំពុងបើករ៉ឺម៉កដឹកភ្ញៀវទេសចរចិនពីរនាក់ ប៉ុន្ដែអាជ្ញាធរជាតិអប្សរា ចេញសេចក្ដីប្រកាសព័ត៌មានបដិសេធថា មិនមែនដើមដួងកម្មសិទ្ធិរបស់ខ្លួនគ្រប់គ្រងឡើយ៕
សូមសរសេរមកកាន់លោក បួ សាវី តាមរយៈ savy@vodhotnews.com
Why they do like this? what the fuck
These are belong to Apsara Authorize?
IT IS OK IF IT IS NO BEST CHOICE, BUT I DON’T BELIEVE THIS AUTHORITY
DO THE BEST FOR OUR NATION AND COUNTRY.
ភាពអច្ឆរយរបស់ប្រសាទអង្គរនឹងក្លាយជាគ្មានន័យបេីទេសភាពនៅទីនោះគ្មានដើមឈើធំៗ។ខ្ញុំយលថាអ្វីដែលពួកអ្នកទេសចរចូលចិត្តគឺទាំងប្រាសាទទាំងដើមឈើទាំងនោះផងដែរ។