​អាដហុក ស្នើ​រដ្ឋាភិបាល​បង្កើត​វប្បធម៌​ជជែក​គ្នា​ផ្ទាល់ បញ្ចៀស​ការចោទប្រកាន់​សង្គម​ស៊ីវិល​ថា​ទំនោរ​ទៅ​បក្សប្រឆាំង​​

ដោយ៖​ ណាត សុភាព​​
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

មើលរូបភាពបន្ថែម

លោក ចាន់​ សុវ៉េត មន្ត្រីស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (រាប់ពីធ្វេង) ក្នុងសន្និសីទ​សារព័ត៌មាន​ដាក់​បង្ហាញ​របាយការណ៍​ស្តីពី​សេរីភាព​ការបញ្ចេញមតិ (រូបថត៖ Krishan)

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​វប្បធម៌​ជួប​ជជែក​ពិភាក្សា​ជាមួយ​អង្គការ​អង្គការ​សង្គម​ស៊ីវិល ឲ្យបាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដើម្បី​បញ្ចៀស​ការចោទប្រកាន់ថា អង្គការ​សង្គម​ស៊ីវិល​មាន​ទំនោរ​ទៅ​បក្សប្រឆាំង។​

ក្នុង​សន្និសីទ​សារព័ត៌មាន​ដាក់​បង្ហាញ​របាយការណ៍​ស្តីពី​សេរីភាព​ការបញ្ចេញមតិ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ចាន់ សុ​វ៉េ​ត ស្នើថា រដ្ឋាភិបាល​គួរ​អនុញ្ញាតឲ្យ​សង្គម​ស៊ីវិល​អាច​ចូល​ជួប​ជជែក​ជាមួយ​រដ្ឋាភិបាល​ ពី​បញ្ហា​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញមតិ និង​ការជួបជុំ​ផ្សេងៗ យ៉ាងតិច​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​។ លោក​បន្តថា បើ​មិន​បង្កើត​វប្បធម៌​ជជែក​គ្នា​នេះ​ទេ ភាព​មិន​ទុកចិត្ត​គ្នា​នឹង​នៅតែមាន ហើយ​ការបិទ​សេរីភាព និង​និទណ្ឌ​ភាព​នឹង​បន្តកើ​ត​មាន​ដដែលៗ​។ លោកមានប្រសាសន៍ថា «​កន្លង​មក​ការជឿ​ទុក​ចិត្ត​គ្នា​នេះ ​សង្គម​ខ្មែរ​យើង​ហាក់បី​ដូចជាមិន​ទាន់​មាន​ទេ ហើយវប្បធម៌​មិនទុក​ចិត្ត​នេះ ដែល​បង្ក​ឲ្យ​កើត​មាន​នូ​វការរើស​អើង។ កាលណាកើត​មាន​ការ​រើស​អើង វា​ចេញ​រូប​រាង​នៃ​ការ​រំលោភសិទ្ធិបន្តបន្ទាប់​ទៀត​។ ​អ៊ីចឹង​យើង​ចង់​មាន​វប្ប​ធម៌​មួយ គឺ​វប្បធម៌​ក្នុង​ការ​ផ្តល់​ឱកាសឲ្យ​អង្គការ​សង្គម​ស៊ីវិលនេះ អាច​ពាំនាំផ្ទាល់​នូវ​បញ្ហា​សង្គម ទៅ​ជជែក​ជា​មួយ​ថ្នាក់​ដឹកនាំរបស់​ប្រ​ទេស​ផ្ទាល់»។

ឆ្លើយតប​នឹង​ករណី​នេះ អ្នកនាំពាក្យ​អង្គភាពព័ត៌មាន ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ថា រាល់​សំណើរ​របស់​សង្គម​ស៊ីវិល ដែល​ស្នើ​មក​រដ្ឋាភិបាល ត្រូវតែ​ធ្វើ​ជា​លាយល័ក្ខអក្សរ ដើម្បី​ឲ្យ​រដ្ឋាភិបាល​ពិនិ​ត្យ ពិចារណា​រាល់​សំណើរ​ទាំងនោះ​។ លោកបញ្ជាក់ថា «សំណើណាមួយ​របស់​អង្គការ​សង្គម​ស៊ីវិល​ គួរ​តែ​ដាក់​ជា​លាយ​លក្ខ​អក្សរផ្លូវ​ការ​ ហើយ​ប្រ​មុខ​រដ្ឋាភិបាល​ អាច​យក​ទៅ​ពិនិត្យពិចារណាថា ប្រសិន​ជា​គ្មាន​ភាព​ចាំបាច់ គឺ​នឹងអាច​អនុ​វត្ត​ទៅ​តាម​គោល​ការណ៍​នោះ។ ប៉ុន្តែ​ខ្ញុំ​កត់​សំគាល់​ឃើញថា សង្គម​ស៊ីវិល​ មួយ​ចំនួន​នោះដូចជា​ប្រើវេទិកា​សេរី របស់ខ្លួនធ្វើការ​ទិតៀន ប្រសើរជាង​ការ​ចូលរួម​ដោយ​ស្មោះ​ស»។

ចំណែក​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ គាំទ្រ​ចំពោះ​ការស្នើសុំ​របស់​សង្គម​ស៊ីវិល​។ លោក​ថា អ្វី​ដែល​សង្គម​ស៊ីវិល​ចង់បាន​នោះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​កំពុង​ធ្វើឲ្យ​មាន​វេទិកាជ​ជែកគ្នា ដើម្បី​ចែករំលែក​ព័ត៌មាន​ឲ្យស្រប​តាម​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​។ លោកមានប្រសាសន៍ថា «ពី​មុន​មក​ដល់​ពេល​នេះ គឺ​អត់​មាន​អ្វីប្រែ​ប្រួល​ទេ មាន​តែ​យើង​ខិត​ខំ​ធ្វើឲ្យ​បាន​ប្រសើ​រជាង​មុនបន្ថែម​ ទាក់​ទង​នឹង​ការ​ចូល​រួមរបស់​សង្គម​ស៊ីវិល​ ប្រជា​ពលរដ្ឋ អ្នករងគ្រោះ មជ្ឈដ្ឋាន​ផ្សេងៗនៅក្នុង​សង្គម»។

តាម​របាយការណ៍​របស់​សមាគម​ការពា​រ​សិទ្ធិមនុស្ស​អាដហុក ឲ្យដឹងថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា បាន​ធ្លាក់ចុះ​ជា​លំដាប់​ពី​១១៧ នៃ​ប្រទេស​១៧៩ ក្នុង​ឆ្នាំ​២០១២ និង​ធ្លាក់​មក​នៅ​១៤៤ ក្នុងចំណោម​១៨០​ប្រទេស ក្នុង​ឆ្នាំ​២០១៤​។ យោង​លើ​របាយការណ៍​របស់​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន គឺ​ធ្លាក់ចុះ​២៧​ថ្នាក់ ក្នុង​រយៈពេល​២​ឆ្នាំ​៕

សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

What Next?

Recent Articles

One Response to "​អាដហុក ស្នើ​រដ្ឋាភិបាល​បង្កើត​វប្បធម៌​ជជែក​គ្នា​ផ្ទាល់ បញ្ចៀស​ការចោទប្រកាន់​សង្គម​ស៊ីវិល​ថា​ទំនោរ​ទៅ​បក្សប្រឆាំង​​"

  1. Anonymous says:

    វាជាការពិសង្គមស៊ីវិលជាឆ្កែរបស់CNRP