ដោយ៖ ញឹម សុខន
ថ្ងៃព្រហស្បតិ៍ ទី28 សីហា 2014
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
មើលរូបភាពបន្ថែម
រូបភាពលោកកែប ជុតិមា ដែលត្រូវបានអ្នកមានជម្លោះដីធ្លី គប់ពងមាន់ដាក់កាលពីថ្ងៃពុធ (រូបថត៖តាំង វីដា)
អ្នកតវ៉ារឿងជម្លោះដីមួយក្រុម កាលពីថ្ងៃពុធ បានផ្ទុះកំហឹង គប់ពងមាន់ស្អុយដាក់រូបអតីតអភិបាលរាជធានីភ្នំពេញ លោកកែប ជុតិមា ដែលអ្នកតវ៉ាហៅថា ជាសារព្រមានដល់មន្ត្រីខិលខូចមួយចំនួនទៀត ឲ្យបញ្ឈប់បណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំ។
អតីតអ្នកភូមិបឹងកក់ អ្នកស្រី សៀ ណារ៉េត ដែលចូលរួមតវ៉ាឲ្យVODដឹងថា មូលហេតុដែលអ្នករងគ្រោះរឿងដីធ្លី ចំណាយលុយ ផ្តិតរូបលោក កែប ជុតិមា ហើយគប់ពងមាន់ស្អុយ ដាក់នៅពេលនេះដោយសាតែពួកគេដឹងថា មន្ត្រីរូបនោះជាដើមចម ធ្វើឲ្យមានព្រឹត្តិការណ៍បណ្តេញប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ចេញពីលំនៅឋានទាំងបង្ខំ «លោក កែប ជុតិមា គាត់ជាជនដៃដល់ គាត់បានជួលដីតំបន់បឹងកក់នេះទៅឲ្យក្រុមហ៊ុនសូកាកូអ៊ីនចំនួន៩៩ឆ្នាំ តម្លៃ៧៧លា[ដុល្លារ] គាត់ធ្វើឲ្យប្រជាជនវេទនាខ្លាំងណាស់ បានពួកខ្ញុំចាប់អារម្មណ៍ទៅលើគាត់»។
អ្នកស្រី សៀ ណារ៉េត ឲ្យដឹងទៀតថា ការគប់ពងមាន់ស្អុយលើរូបលោក កែប ជុតិមា ពេលនោះបានធ្វើឡើងពីរដង គឺម្តងគប់នៅមុខស្ថានទូតសិង្ហបុរី និងម្តងទៀតនៅជិតមន្ទីររដ្ឋសភា ខណៈពេលកម្លាំងចម្រុះរបស់រដ្ឋាភិបាលព្យាយាមបំបែកក្រុមអ្នកតវ៉ា។
តាមរបាយការណ៍សង្គមស៊ីវិលឲ្យដឹងថា ដីនៅតំបន់បឹងកក់ទំហំ១១៣ហិកតា ត្រូវរដ្ឋាភិបាលជួលឲ្យទៅក្រុមហ៊ុនស៊ូកាគូអុិន រយៈពេល៩៩ឆ្នាំ ធ្វើឲ្យពលរដ្ឋរស់នៅតំបន់នោះយ៉ាងតិចជាង៣០០០គ្រួសារ ត្រូវបានបណ្តេញចេញទាំងបង្ខំ ចាប់ពីឆ្នាំ២០០៦មក។
អតីតអភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា ដែលពេលនេះបានចូលទៅអង្គុយកៅអីរដ្ឋសភាផងនោះ មានប្រសាសន៍ដោយខ្លីប្រាប់VODថា លោកមិនចាប់អារម្មណ៍នឹងព្រឹត្តិការណ៍គប់ពងមាន់ស្អុយដាក់រូបលោកនេះទេ «ខ្ញុំអត់មានអ្វីទេ អត់មានប្រតិកម្មអ្វីទេ Sorry!»។
មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត ដែលតាមដានករណីនេះយល់ថា ការជ្រើសរើសវិធីសាស្ត្រតវ៉ានេះ អាចប៉ះពាល់ខ្លះដល់បុគ្គលដែលរងការចោទប្រកាន់ ប៉ុន្តែលោកថា មិនមែនជាកំហុសធ្ងន់ធ្ងរសម្រាប់ការបញ្ចេញមតិ ក្នុងរបបដែលប្រកាន់លទ្ធិប្រជាធិបតេយ្យទេ «ព្រោះយើងឃើញនៅប្រទេសគេ ប្រធានាធិបតេយ្យ នាយករដ្ឋមន្ត្រីខ្លះ បើមិនពេញចិត្ត យកពងមាន់ផង គេមិនប្រកាន់ទោសពៃអ្វីផងដែរ»។
តាមអ្នកមានជម្លោះដីធ្លី អះអាងថា ក្រោមការដឹកនាំរបស់លោក កែប ជុតិមា អតីតអភិបាលរាជធានីរូបនោះ ធ្វើឲ្យប្រជាពលរដ្ឋនៅទីក្រុងរាប់ម៉ឺនគ្រួសារ បាត់បង់ផ្ទះសម្បែង កុមារច្រើនពាន់នាក់បោះបង់ការសិក្សា ដោយការបណ្តេចេញ ក្នុងគម្រោងបើកផ្លូវដើម្បីយកដីអ្នកភូមិ ឲ្យក្រុមហ៊ុនឯកជនធ្វើវិនិយោគ។ តំបន់ដែលរងការបណ្តេញចេញនោះ មានដូចជា សហគមន៍ដីក្រហម សម្បុកចាប បុរីកីឡា និងបឹងកក់៕
សូមសរសេរមកលោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
គប់ពងមាន់ស្អុយលើរូបថត ម៉ា មិនឈឺទេ ព្រោះ ម៉ា ជាមនុស្សដែលមានក្បាល
ទំពែកមានខួរជារបស់ឆ្កែ។បើគប់ដុំថ្មចំមុខតែម្ដងទើប ម៉ា ស្រែកង៉េសៗៗៗៗ