ដោយ សូត សុខប្រាថ្នា
2014-08-28
RFA

តំណាងប្រជាពលរដ្ឋជម្លោះដីធ្លីខេត្តក្រចេះ ជួបចរចាជាមួយគណៈកម្មការជាតិដោះស្រាយវិវាទដីធ្លី នៅក្នុងវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នាថ្ងៃ២៣ ខែឧសភា ឆ្នាំ២០១៤។ RFA/Ouk Savborey
ពលរដ្ឋដែលមានបញ្ហាដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បដិសេធរបៀបដោះស្រាយបញ្ហារបស់ពួកគាត់ ដែលផ្តល់ដោយអាជ្ញាធរថ្នាក់ជាតិ ដែលបានចុះទៅពិនិត្យស្ថានភាពដីធ្លីជាក់ស្តែងរបស់ពលរដ្ឋ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
ពលរដ្ឋលើកឡើងថា អាជ្ញាធរថ្នាក់ជាតិនៅតែមិនអាចធ្វើសេចក្តីសម្រេចបាន ហើយបែរជានៅតែឱ្យពួកគាត់រង់ចាំបន្តទៀត។ ចំណែកអាជ្ញាធរបញ្ជាក់ថា ការដោះស្រាយ គឺគេត្រូវធ្វើតាមនីតិវិធី មិនអាចតាមការបង្ខំរបស់ពលរដ្ឋបានឡើយ។
ប្រជាពលរដ្ឋនៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ សម្រេចឡើងទៅភ្នំពេញសាជាថ្មីបន្តបន្ទាប់គ្នា នៅថ្ងៃទី២៨ សីហា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំធំៗម្តងទៀត។ ការសម្រេចឡើងទៅភ្នំពេញនោះ បន្ទាប់ពីពួកគាត់មិនអាចទទួលយកនូវការដោះស្រាយ និងការវិនិច្ឆ័យរបស់គណៈកម្មាធិការដោះស្រាយទំនាស់ថ្នាក់ជាតិ កាលពីថ្ងៃទី២៦ និងថ្ងៃទី២៧ សីហា បាននោះទេ ដោយពលរដ្ឋអះអាងថា ការត្រួតពិនិត្យទាំងឡាយ គឺធ្វើតាមការចង្អុលបង្ហាញរបស់ថ្នាក់ខេត្តដដែលៗ។
តំណាងពលរដ្ឋម្នាក់រស់នៅឃុំស្នួល លោក សួន វិច្ឆិកា ឱ្យដឹងថា ពលរដ្ឋបានសម្រេចចិត្តភ្លាមៗថា មិនអាចទទួលការដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុនកូរ៉េ ឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ពីសំណាក់អាជ្ញាធរថ្នាក់ខេត្ត និងអាជ្ញាធរថ្នាក់ជាតិបានឡើយ។ លោកបន្តថា ការដោះស្រាយនោះ គឺធ្វើតាមរបាយការណ៍ និងការចង្អុលបង្ហាញរបស់អាជ្ញាធរថ្នាក់ខេត្ត ហើយនីតិវិធីក្នុងការដោះស្រាយនៅតែពន្យារបន្តទៀត។ លើសពីនេះទៀត ក្រុមអាជ្ញាធរទាំងនោះមិនបានបកស្រាយនូវរាល់ចម្ងល់របស់ពលរដ្ឋ ថាតើពេលណានឹងមានការដោះស្រាយជាក់លាក់សម្រាប់ពួកគាត់នោះ? ហើយពលរដ្ឋយល់ថា ក្រុមអាជ្ញាធរហាក់ធ្វើការដោះស្រាយឱ្យក្រុមហ៊ុនច្រើនជាងពួកគាត់ទៅវិញ។
លោក សួន វិច្ឆិកា៖ «ចំណុចអវិជ្ជមានដែលប្រជាពលរដ្ឋមិនព្រមទទួលយកហ្នឹង ទីមួយ គឺប្រជាពលរដ្ឋក៏ដូចជាចុះមកដើម្បីដោះស្រាយហ្នឹង គឺសំណូមពរឱ្យមន្ត្រីថ្នាក់ជាតិហ្នឹង សម្រេចមិនផ្តល់ប័ណ្ណជូនតែម្តង។ ហើយមន្ត្រីថ្នាក់ជាតិ មិនបានធ្វើតាមសំណូមពររបស់ពលរដ្ឋទេ។ ហើយមួយទៀត ការពិនិត្យនេះហាក់បីដូចជាដោះឱ្យក្រុមហ៊ុនទាំងស្រុង ទើបប្រជាពលរដ្ឋមិនព្រមទទួលយក»។
តំណាងពលរដ្ឋដដែលបន្ថែមថា អាជ្ញាធរនៅតែបញ្ជាក់ថា ពួកគេធ្វើទៅតាមនីតិវិធី ប៉ុន្តែពួកគាត់យល់ថា នីតិវិធីនោះ គឺជាង ២ឆ្នាំមកហើយ ដោយមិនអាចសម្រេចអ្វីបានសោះ។ មិនតែប៉ុណ្ណោះ អាជ្ញាធរដូចជាបន្ទោសទៅលើប្រជាពលរដ្ឋ ហើយកាន់ជើងក្រុមហ៊ុន ដែលប្រាសចាកពីប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ សីហា ដែលតម្រូវឱ្យកាត់ដីដែលប៉ះពាល់ជូនពលរដ្ឋ។
ប្រជាពលរដ្ឋ បានធ្វើប្រជាមតិដោយសម្រេចថានាំគ្នាឡើងទៅភ្នំពេញម្តងទៀត ដើម្បីស្វែងរកដំណោះស្រាយឱ្យបានសម្រេច ហើយគ្រោងដើរដាក់ញត្តិនៅស្ថាប័នកំពូលៗ រួមមាន ស្ថាប័នព្រះមហាក្សត្រ ខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ស្ថាប័នរដ្ឋសភា ជាដើម។ ប្រជាពលរដ្ឋដែលធ្វើការតវ៉ានោះ គឺមានប្រមាណជាង ៣០០គ្រួសារ លើទំហំផ្ទៃដីមានជម្លោះជាង ១ពាន់ហិកតារ ហើយទំនាស់ដីធ្លីនេះកើតឡើងតាំងពីឆ្នាំ២០១២ បន្ទាប់ពីដីរបស់ពួកគាត់បានទទួលការវាស់វែងក្បាលដីពីក្រុមនិស្សិតស្ម័គ្រចិត្ត និងមានបង្កាន់ដៃរួចរាល់ហើយ ប៉ុន្តែត្រូវខកខានទទួលប្លង់កម្មសិទ្ធិស្របច្បាប់ទៅវិញ បន្ទាប់ពីខាងក្រុមហ៊ុនដាក់ពាក្យបណ្ដឹងជំទាស់នៅក្រសួង។
អភិបាលស្រុកស្នួល ដែលចូលរួមត្រួតពិនិត្យបញ្ហានោះ លោក គង់ គឹមនី មានប្រសាសន៍ថា ទាំងអាជ្ញាធរថ្នាក់ស្រុក ថ្នាក់ខេត្ត និងថ្នាក់ជាតិផង គឺអនុវត្តទៅតាមផ្លូវច្បាប់។ លោកបញ្ជាក់ថា វិវាទដីធ្លីរបស់ពលរដ្ឋ និងក្រុមហ៊ុនកូរ៉េនេះ គឺផុតដែនសមត្ថកិច្ចថ្នាក់ខេត្តហើយ ហើយការចុះពិនិត្យជាក់ស្តែងពីសំណាក់អាជ្ញាធរថ្នាក់ជាតិកន្លងមក គឺនឹងឈានទៅដល់ប្រកាសសេចក្តីសម្រេចនៅថ្ងៃទី១៨ កញ្ញា ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនតូចទៅវិញទេ ដែលមិនយល់ពីនីតិវិធីរបស់អាជ្ញាធរ។ជាងនេះទៅទៀត ពលរដ្ឋទាំងនោះបានដើរតួជាអ្នកញុះញង់ឱ្យពលរដ្ឋឯទៀត ប្រឆាំងនឹងការដោះស្រាយរបស់អាជ្ញាធរជាបន្តបន្ទាប់។
លោក គង់ គឹមនី៖ «ប៉ុន្តែខ្ញុំសូមជម្រាបថា បងប្អូនប្រជាពលរដ្ឋមួយចំនួនគាត់អត់យល់ពីនីតិវិធីរបស់ថ្នាក់ជាតិទេ។ គាត់អត់យល់ទេ។ គាត់បែរជាមិនចូលរួមសហការជាមួយអាជ្ញាធរថ្នាក់ជាតិ ហើយថែមទាំងប្រើសម្ដីមិនសមរម្យ។ តាមពិតទៅ ប្រជាពលរដ្ឋមួយចំនួនធំមិនជាបញ្ហាប៉ុន្មានទេ ប៉ុន្តែមានមេខ្យល់អ្នកដឹកនាំមួយចំនួន បូកទាំងលោកសង្ឃអីហ្នឹង គាត់ជាអ្នកញុះញង់ ដើម្បីធ្វើឱ្យស្ថានការណ៍បង្គ្រប់នីតិវិធី សម្រាប់ប្រគល់ដីជូនប្រជាពលរដ្ឋហ្នឹង ទើបធ្វើឱ្យមានបញ្ហាហ្នឹងកើតឡើង»។
លោកបន្ថែមថា ការឡើងទៅតវ៉ាណាមួយនោះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ប៉ុន្តែជាការល្អប្រសើរ គប្បីពលរដ្ឋទាំងនោះរង់ចាំការប្រកាសពីដំណោះស្រាយនៅប៉ុន្មានថ្ងៃខាងមុខទៀត ពីព្រោះទុកពេលវេលាឱ្យគណៈកម្មាធិការថ្នាក់ជាតិ ធ្វើសេចក្តីសម្រេចជុំវិញបញ្ហាមួយនេះ។
កាលពីថ្ងៃទី១៨ សីហា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈ ឱ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ ពិសេសចៅហ្វាយខេត្តតែម្តង ឱ្យធ្វើការដោះស្រាយបញ្ហាដីធ្លីនៅស្រុកស្នួល នេះ ជាបន្ទាន់។ លោកថែមទាំងព្រមានទៀតថា ប្រសិនអាជ្ញាធរខេត្តនៅតែមិនអាចដោះស្រាយបាន ពួកគាត់អាចនឹងត្រូវដកចេញពីតំណែងទៀតផង។ ការព្រមានទាំងនោះ ធ្វើឱ្យអាជ្ញាធរខេត្តមួយចំនួន ពិសេសខេត្តក្រចេះ រត់ជើងបីជើងបួន ដើម្បីទៅកោះហៅពលរដ្ឋដែលឡើងទៅតវ៉ានៅភ្នំពេញ ឱ្យវិលត្រឡប់មកខេត្តវិញ ប៉ុន្តែពេលពួកគាត់ត្រឡប់មកវិញនោះ បញ្ហានៅតែមិនទាន់អាចរកច្រកចេញដដែល។
ប្រធានផ្នែកដីធ្លី និងសាលាក្តីខ្មែរក្រហម នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ឡាត់ គី គត់សម្គាល់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលកន្លងទៅ គឺមានគោលដៅជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ ធ្វើការដោះស្រាយបញ្ហាដីធ្លីដែលជាបញ្ហាប្រឈមរបស់ពលរដ្ឋឱ្យបានឆាប់រហ័ស។ ប៉ុន្តែអ្វីដែលប្រែក្លាយប្រសាសន៍របស់លោកទៅជាគ្មានតម្លៃនោះ គឺដោយសារតែមន្ត្រីថ្នាក់ក្រោមទាំងនោះមិនបានអនុវត្តតាម។
លោក ឡាត់ គី៖ «នៅតែមានការសោកស្ដាយចំពោះលទ្ធភាព និងសមត្ថភាពក្នុងការចុះទៅដោះស្រាយបញ្ហាហ្នឹង ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្រោមឱវាទរបស់លោកនាយករដ្ឋមន្ត្រី។ អ៊ីចឹងបានធ្វើឱ្យអនុសាសន៍ប្រែទៅជាអនុសាសន៍មួយគ្មានប្រសិទ្ធភាព ដោយសារមន្ត្រីក្រោមឱវាទរបស់គាត់ មិនអាចអនុវត្តតាម។ ឧទាហរណ៍ដូចជា បងប្អូននៅក្រចេះ អ៊ីចឹង ប្រសិនបើការដោះស្រាយតាមរបៀបហ្នឹង ដោយអត់ព្រមអនុវត្តតាមស្មារតីនៃអនុសាសន៍។ អ៊ីចឹងបញ្ហាហ្នឹងវាអត់អាចដោះស្រាយបាន ហើយវាប៉ះពាល់ដល់គុណតម្លៃនៃអនុសាសន៍របស់សម្ដេចតេជោ»។
លោកបន្ថែមថា ចំពោះនីតិវិធីក្នុងការដោះស្រាយ គឺមិនមានអ្វីចោទជាបញ្ហានោះទេ ប្រសិនបើអាជ្ញាធរទាំងនោះអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ប៉ុន្តែវាអាចមានភាពមិនប្រក្រតីរបស់មន្ត្រីថ្នាក់ក្រោម ឬថ្នាក់ខេត្តតែម្តង ទើបធ្វើឱ្យបញ្ហានៅតែមិនអាចដោះស្រាយបាន។ ជាងនេះទៅទៀតនោះ នរណាដែលបានជួយជ្រោមជ្រែងពលរដ្ឋ តែងតែត្រូវចោទប្រកាន់ថាជាអ្នកញុះញង់ ប៉ុន្តែលោកបញ្ជាក់ថា វាគ្រាន់តែជាហេតុផលប្រាប់ទៅថ្នាក់លើ ដើម្បីគេចវេសពីការទទួលខុសត្រូវតែប៉ុណ្ណោះ។ ទាក់ទងនឹងបញ្ហាដីធ្លីដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងនៅខែសីហា នេះ គឺវាកើតឡើងស្របគ្នាទៅនឹងការជ្រើសរើសក្បាលម៉ាស៊ីនថ្នាក់ដឹកនាំប្រទេសក្នុងសភា ដែលធ្វើឱ្យលោកយល់ដែរថា វាអាចជាយុត្តិសាស្ត្រមួយ ដើម្បីបង្វិលមតិមហាជន ឱ្យងាកមកចាប់អារម្មណ៍បញ្ហាដីធ្លី ជាជាងការចាប់អារម្មណ៍ទៅលើបញ្ហាដែលកើតមាននៅក្នុងរដ្ឋសភានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ដីធ្លីរបស់អតីតទាហានពិការដែលកាត់រំសាយត្រូវមេទាហានយកទៅលក់ឲ្យក្រុមហ៊ុន
- ស្ត្រីបឹងកក់ម្នាក់សន្លប់និងសង្គ្រោះបន្ទាន់ដោយប៉ះទង្គិចជាមួយប៉ូលិស
- អ្នកភូមិនៅព្រៃវែងចោទអាជ្ញាធរមូលដ្ឋានថាឃុបឃិតគ្នាលក់ដីសាលាឆទាន
- ក្រសួងមហាផ្ទៃព្រមានចាត់វិធានការចំពោះអ្នកគប់ពងមាន់លើស្ថានទូតសិង្ហបុរី
- ក្រុមហ៊ុនចិនគ្រោងជម្លៀសពលរដ្ឋចេញពីតំបន់ស្ទឹងឆាយអារ៉ែងដើម្បីសង់ទំនប់វារីអគ្គិសនី
- ជនជាតិដើមភាគតិចនៅកំពង់ធំបារម្ភខ្លាចបាត់បង់ដីព្រៃចម្ការវិលជុំ
- កម្លាំងអាជ្ញាធររារាំងអ្នកតវ៉ារឿងដីមិនឲ្យទៅជួបតំណាងរាស្ត្រនៅសភា
- អ្នកភូមិនៅរតនគិរីចោទក្រុមហ៊ុនសម្បទានរំលោភយកដី
- ពលរដ្ឋមានជម្លោះដីចោទអភិបាលរងខេត្តកំពតថារំលោភលើកិច្ចសន្យាទិញលក់ដី
ប្រហែលជាគាត់ភ្លេចថា រដ្ឋាភិបាលកើតចេញពីការបោះឆ្នោត បានជាពួកគាត់មិនគិតគូរដល់ប្រជាជន
ខ្លួនឯង តែបើនៅតែធ្វើអញ្ចឹងច្បាស់ជាអណត្តិក្រោយពិបាកហើយ ។