ពលរដ្ឋ​ស្រុក​បន្ទាយមាស ខេត្ត​កំពត ចោទ​អាជ្ញាធរ​យក​លុយ​លើស​ការកំណត់ ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​

ដោយ៖​ ឡាយ សា​មាន​​
ថ្ងៃសុក្រ ទី29 សីហា 2014
http://vodhotnews.com


មើលរូបភាពបន្ថែម

អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

​ប្រជាពលរដ្ឋ​នៅ​ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស ខេត្ត​កំពត ចោទ​មន្ត្រី​ធ្វើ​អត្តសញ្ញាណប័ណ្ណ​យកលុយ​លើស​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​។​

​ពលរដ្ឋ​ដែល​បានឃើញ​ករណី​នេះ​លោក សំណាង ប្រាប់ VOD នៅ​ថ្ងៃ​ទី២៩ ខែ​សីហា​នេះ ឲ្យដឹងថា ក្នុង​មួយ​ថ្ងៃ​អាជ្ញាធរ​ត្រូវ​ប្រគល់​បង្កាន់ដៃ១០០​សន្លឹក ប៉ុន្តែ​អាជ្ញាធរ​ផ្តល់​ឲ្យតែ ៦០សន្លឹក​ទេ សល់​ប៉ុន្មាន​ទៀត​ទុក​ធ្វើ​សម្រាប់​ឲ្យ​អ្នក​ដែល​ត្រូវ​ការប្រញាប់ ដោយ​តម្រូវឲ្យ​បង់​ប្រាក់​ពី៤​ម៉ឺន ទៅ៦​ម៉ឺនរៀល​។​ លោកបន្តថា ការ​យក​លុយ​លើស​នេះ ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រុម​គ្រួសារ​ទាំងមូល ជា​ពិសេស​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​។

លោកបន្តថា ប្រសិនបើ​ថ្នាក់លើ​មិនមាន​វិធានកា​រទប់​ស្កាត់​ទេ នឹង​ធ្វើឲ្យប៉ះពាល់​ដល់​ការបោះឆ្នោតផងដែ​រ ដោយសារ​ប្រជាពលរដ្ឋ​មិន​មាន​អត្តសញ្ញាណ​ប័ណ្ណសម្គាល់ខ្លួន​ថា​ជា​ជនជាតិ​ខ្មែរ​។​

អធិការរង​ស្រុក​បន្ទាយមាស ទទួល​ការងារ​ស្ថិតិ​ធ្វើ​អត្តសញ្ញានប័ណ្ណ​លោក សន់ រ៉ូ ឆ្លើយតប​ថា មិន​មាន​ករណី​ដូច​ការចោទប្រកាន់​នោះ​ទេ។ លោកបន្តថា មុននឹង​ចាប់ផ្តើម​ធ្វើ​អត្តសញ្ញាណប័ណ្ណ ​ក្រុម​ការងារ​បាន​ធ្វើ​ការណែនាំ​ដល់​ប្រជាពលរដ្ឋ និង​មន្ត្រី​របស់​ខ្លួន​ថា មិន​ឲ្យ​យក​លុយ​លើសពី​ការ​កំណ​តរបស់​ក្រសួង​ឡើយ ដោយ​ចំណាយ​ត្រឹមតែ ១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ លោកបន្តថា  ចំណែក​ការ​បំពេញបែបបទ អាជ្ញាធរ​ក៏​មិន​យក​លុយ​ដែរ ប៉ុន្តែ​អាស្រ័យ​លើ​សន្តាន​ចិត្ត​ពលរដ្ឋ​ដែល​គាត់​ពេញចិត្ត​ឲ្យ ១០០០ ឬ ២០០០​រៀល​។

តែ​ទោះជា​យ៉ាងណា ពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់ថា គាត់​បាន​បង់​ប្រាក់​ចំនួន ៦​ម៉ឺនរៀល ដោយសារ​គាត់​ចង់បាន​អត្តសញ្ញាណប័ណ្ណ​រហ័ស​ធ្វើ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​។ ពលរដ្ឋ​រូបនោះ​បន្តថា មាន​អ្នកខ្លះ​បង់ប្រាក់​លើសពីនេះ​ទៀត ប្រសិនបើ​ពួក​គេ​ចង់​បាន​រហ័ស​ជាង​នេះ​។ តែ​ទោះជា​យ៉ាង គាត់​បញ្ជាក់​ថា ការបង់ប្រាក់​នេះ​ជា​ការស្ម័គ្រចិត្ត​ប៉ុណ្ណោះ មិន​មាន​ការបង្ខិតបង្ខំ​ឡើយ​។

រាជរដ្ឋាភិបាល​កម្ពុជា ប្រកាស​ថា ​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​យក​តម្លៃ​១​ម៉ឺន​រៀល ចាប់ពី​ថ្ងៃ​ទី​០១​ខែកក្កដា ឆ្នាំ​២០១៤ ដើម្បី​ជួយ​សម្រាល​ការចំណាយ​ដែល​ជា​បន្ទុក​របស់​រដ្ឋាភិបាល​។​

យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ខែកក្កដា​២០០៧ ប្រជាពលរដ្ឋ​ដែល​អាច​ធ្វើ​អត្តសញ្ញាណប័ណ្ណ​បាន ត្រូវ​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​ទៅ ហើយ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ​។ នៅពេល​ផុត​សុពលភាព សា​ម៉ី​ខ្លួន​ត្រូវ​ស្នើសុំ​ធ្វើ​សាជាថ្មី​ឡើងវិញ​៕

សូមសរសេរមកលោក ឡាន សាមាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "ពលរដ្ឋ​ស្រុក​បន្ទាយមាស ខេត្ត​កំពត ចោទ​អាជ្ញាធរ​យក​លុយ​លើស​ការកំណត់ ក្នុងការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​"

  1. Hun Nal says:

    លោក ឱម យិនទៀង ទៅណាហើយ ឥលូវធំក្លិនមិនស្រួលពីស្រុកបន្ទាយមាស ខេត្តកំពត លើការទារថ្លៃលើសក្នុងការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ…!!?