គណបក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ឲ្យ​ចំណូល​ពន្ធដារ​និង​ពន្ធ​គយ​មាន​កំណើន​ខ្ពស់​ឡើយ

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ការ​បង់​ពន្ធ​យាន​ជំនិះ​គ្រប់​ប្រភេទ ពន្ធ​អចលន​ទ្រព្យ និង ប្រភេទ​ពន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ ដែល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​អំពី​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​ពន្ធ​ដារ។

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ការ​បង់​ពន្ធ​យាន​ជំនិះ​គ្រប់​ប្រភេទ ពន្ធ​អចលន​ទ្រព្យ និង ប្រភេទ​ពន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ ដែល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​អំពី​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​ពន្ធ​ដារ។



ភ្នំពេញប៉ុស្តិ៍

សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​ហាក់​ដូច​ជា​មាន​ក្តី​រំពឹង​តិចតួច​បំផុត​ចំពោះ​តួនាទី​របស់​បក្ស​ប្រឆាំង​ដែល​ថ្មីៗ​នេះ​បាន​សម្រេច​យល់​ព្រម​ទទួល​អាសនៈ​ក្នុង​រដ្ឋសភា​កន្លង​មក​ដើម្បី​បញ្ចប់​ការ​ជាប់​គាំង​នយោបាយ​ជាង ១ ឆ្នាំ​កន្លង​មក​នេះ​ក្នុង​ការ​ប្រើ​ប្រាស់​តួនាទី​ពង្រឹង​ការ​កៀរ​គរ​ចំណូល​ទាំង​ពន្ធ​ដារ និង​ពន្ធ​គយ​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ការ​អភិវឌ្ឍ​ជាតិ និង​សង​បំណុល​បរទេស។

ការ​កំណត់​គោល​នយោបាយ​ប្រមូល​ពន្ធ​តាម​ផែនការ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​កំណត់​ដាក់​ឲ្យ​ប្រើ​ប្រាស់​រាប់​ទសវត្សរ៍​មក​នោះ ត្រូវ​បាន​ក្រុម​អ្នក​ជំនាញ​អះអាង​ថា ការ​ធ្វើ​បែប​នេះ​គឺជា​មធ្យោបាយ​ងាយ​ស្រួល​ក្នុង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​សម្រាប់​យក​ទៅ​បម្រើ​បក្ស​កាន់​អំណាច និង​ផល​ប្រយោជន៍​បុគ្គល​មួយ​ក្រុម​តែ​ប៉ុណ្ណោះ ជា​ជាង​បម្រើ​ជាតិ ដែល​វា​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​លទ្ធភាព​ជាក់​ស្តែង​ដែល​អាច​ប្រមូល​បាន និង​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​នោះ​ទេ។

បើ​យើង​ក្រឡេក​មក​មើល​ការ​កៀរ​គរ​ចំណូល​របស់​ស្ថាប័ន​ពីរ​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នោះ​គឺ​អគ្គ​នាយកដ្ឋាន​ពន្ធដារ និង​អគ្គ​នាយកដ្ឋាន​ពន្ធ​គយ និង​រដ្ឋាករ ក្នុង​ការ​ប្រមែ​ប្រមូល​ពន្ធ​ដើម្បី​ជួយ​លើក​ស្ទួយ​ចំណូល​ជាតិ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ដូចជា​ការ​កសាង​ផ្លូវ​ថ្នល់ ស្ពាន និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទាំង​ទន់ និង​រឹង ហាក់​ដូច​ជា​ពុំ​មាន​កំណើន​មួយ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ឡើយ។

បើ​យោង​តាម​អ្នក​ជំនាញ និង​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តាម​ដាន​លើ​ចំណូល​ចំណាយ​របស់​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ចំណូល​ពន្ធ​ដារ និង​គយ​ត្រូវ​បាន​លេច​ធ្លាយ​ចូល​ទៅ​ក្នុង​អំពើ​ពុក​រលួយ​រាប់​រយ​លាន​ដុល្លារ​ក្នុង​ឆ្នាំៗ​ដោយ​សារ​តែ​ភាព​កម្សោយ​ក្នុង​ការ​គ្រប់​គ្រង និង​ការ​ឃុប​ឃិត​ជា​ប្រព័ន្ធ​របស់​ក្រុម​មន្ត្រី​ទាំង​នោះ​ដោយ​ពុំ​បាន​ខិតខំ​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ប្រមូល​ពន្ធ​ឡើយ។

របាយ​ការណ៍​ពី​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បាន​បង្ហាញ​ថា ចំណូល​ដែល​ខ្លួន​ប្រមូល​បាន​នៅ ឆ្នាំ​១៩៩៥ បាន​ត្រឹម ០,៧ ភាគរយ​នៃ ផ.ស.ស និង​នៅ ឆ្នាំ​២០០៣ សម្រេច​បាន ១,៩ ភាគរយ​នៃ ផ.ស.ស។ ដោយ​ឡែក​នៅ ឆ្នាំ​២០១២ ចំណូល​នេះ​សម្រេច​បាន​ជាង ៧៤០ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក គឺ​ស្មើ​នឹង ១០០,៦០ ភាគ​រយ​នៃ​ផែនការ​ច្បាប់​និង​នៅ ឆ្នាំ​២០១៣ កន្លង​មក​នេះ​ប្រមូល​បាន​ជាង ៩០១ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​គឺ​ស្មើ​នឹង ១០៤ ភាគរយ​នៃ​ផែនការ​ឬ​ស្មើ​នឹង ៥,៨៧ ភាគរយ​នៃ ផ.ស.ស។ ដោយ​ឡែក​សម្រាប់ ឆ្នាំ​២០១៤ នេះ គឺ​រដ្ឋាភិបាល​បាន​កំណត់​ឲ្យ​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​ត្រូវ​ប្រមូល​ចំណូល​ឲ្យ​បាន​ប្រមាណ ៩៩៣,៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ សម្រាប់​រយៈ​ពេល ៧​ខែ ដើម ឆ្នាំ​២០១៤ នេះ ស្ថាប័ន​នេះ​បាន​រក​ចំណូល​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន​ស្មើ​នឹង ៦៥,៣ ភាគរយ និង​ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​សម្រេច​បាន​ចំនួន​ស្មើ​នឹង ៤៦,៩៧ ភាគរយ។

លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា បាន​មាន​ប្រសាសន៍​ដែរ​ថា ការ​មិន​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​របស់​ស្ថាប័ន​រដ្ឋ ជា​ពិសេស​ស្ថាប័ន​ដែល​រក​ចំណូល​ចូល​ថវិកា​ជាតិ​គឺជា​ការ​បិទ​បាំង​ក្នុង​ការ​ឃុប​ឃិប​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ពី​សំណាក់​មន្ត្រី​រដ្ឋាភិបាល។ លោក​ថា ការ​កំណត់​គោល​នយោបាយ​យក​ពន្ធ​តាម​ផែនការ វា​ក៏​ពុំ​បាន​ឆ្លុះ​បញ្ចាំង​អំពី​សក្តានុពល និង​លទ្ធភាព​ជាក់​ស្តែង​នៃ​ការ​ខិតខំ​បង្កើន​ចំណូល​ជាតិ​ដែរ។

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ការ​បង់​ពន្ធ​យាន​ជំនិះ​គ្រប់​ប្រភេទ ពន្ធ​អចលន​ទ្រព្យ និង ប្រភេទ​ពន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ ដែល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​អំពី​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​ពន្ធ​ដារ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា យើង​មិន​ត្រូវ​កំណត់​ថា ស្ថាប័ន​នេះ​ត្រូវ​ប្រមូល​ពន្ធ​តាម​ផែនការ​នោះ​ទេ គឺ​យើង​ពិត​ណាស់​ត្រូវ​យក​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច និង​អនុលោម​តាម​ច្បាប់ មាន​ន័យ​ថា ខាង​ពន្ធ​ដារ​ត្រូវ​តែ​ប្រមូល​ពន្ធ​ទៅ​តាម​កាតព្វកិច្ច​នៃ​ក្រុម​ហ៊ុន​នីមួយៗ​ដែល​ត្រូវ​បង់​ពន្ធ​គឺ​មិន​មែន​កំណត់​តាម​ផែនការ​នោះ​ទេ ដែល​នេះ ហើយ​ធ្វើ​ឲ្យ​ចំណូល​ពន្ធ​យើង​នៅ​តែ​ទាប​បើ​ទោះ​បី​ជា​សេដ្ឋកិច្ច​យើង​រីក​ចម្រើន​ដល់​កម្រិត​ណា​ក៏​ដោយ​គឺ​វា​មិន​សម​ហេតុផល​សោះ​ឡើយ ហើយ​វា​ផ្ទុយ​ទៅ​នឹង​ច្បាប់​ដែល​បាន​កំណត់»។

«យើង​ដឹង​ហើយ​ថា ចំណូល​ពន្ធ​របស់​យើង​គឺ​ពិត​ជា នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ​បើ​យើង​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង​យើង ដែល​វា​ត្រូវ​បាន​បាត់​បង់​ច្រើន​រយ​លាន​ដុល្លារ​ក្នុង ១ ឆ្នាំៗ​ចូល​ទៅក្នុ​ង​រូបភាព​នៃ​អំពើ​ពុក​រលួយ»។

លោក សុន ឆ័យ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ទើប​តែ​ត្រូវ​បាន​ជាប់​ឆ្នោត​ក្នុង​រដ្ឋសភា​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​បាន​ថ្លែង​ប្រាប់​កម្ពុជា​ចុង​សប្តាហ៍​កាល​ពី​ពេល​ថ្មីៗ​នេះ​ដោយ​លើក​ឡើង​ផង​ដែរ​ថា ការ​កំណត់​យក​ពន្ធ​តាម​ផែនការ​នេះ​គឺ​ជា​មូល​ហេតុ​ចម្បង​នៃ​ការ​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ។

លោក​បាន​ថ្លែង​ថា៖ «យើង​យល់​ថា ការ​ប្រមូល​ពន្ធ​ដែល​មាន​កំណើន​ជាង ១០ ភាគរយ​ជា​រៀង​រាល់​ឆ្នាំ​នេះ​គឺ​វា​មិន​សម​នឹង​ការ​បាត់​បង់​ចំណូល​ដែល​អ្នក​ឯកទេស​គេ​បាន​សិក្សា​កន្លង​ទៅ​ទេ។ យើង​ប្រមូល​បាន​សព្វ​ថ្ងៃ​គឺ​ប្រហែល​ជា ១២ ភាគរយ​នៃ ផ.ស.ស ដែល​ចំណូល​នេះ​គឺ​តិច​តួច​មែន​ទែន ព្រោះ​អី​ការ​បាត់​ចំណូល​យ៉ាង​តិច​ណាស់​ពី ៦ ទៅ ៨ ភាគរយ​នៃ ផ.ស.ស ដែល​គិត​ជា​ទឹក​ប្រាក់​គឺ​ជាង ១ ពាន់​លាន​ដុល្លារ ដូច្នេះ​ខ្ញុំ​គិត​ថា កំណើន​ជាង ១០ ភាគ​រយ​នៃ​ចំណូល​ពន្ធ​ដារ​គឺ​វា​មិន​ត្រឹម​ត្រូវ​ទេ ពីព្រោះ​កំណើន​នេះ​គឺ​គ្មាន​អ្វី​ថ្មី ព្រោះ​អី​គឺ​មាន​ពន្ធ​ថ្មី ដូច្នេះ​គឺ​វា​មិន​បាន​ដោះស្រាយ​អំពី​ការ​ដែល​បាន​បាត់បង់​ចំណូល​ពន្ធ​កន្លង​ទៅ​នោះ​ទេ។ គឺ​វា​ត្រូវ​តែ​អនុវត្ត​ទៅ​តាម​ច្បាប់ ដូច​ខ្ញុំ​បាន​បញ្ជាក់​ជា​ច្រើន​ដង​រួច​មក​ហើយ​ថា ដោយ​សារ​នៅ​ស្រុក​យើង​គឺ​ធ្វើ​ការ​ប្រមូល​ពន្ធ​ទៅ​តាម​ផែនការ ដូច្នេះ​ការ​ប្រមូល​បែប​នេះ​គឺ​យើង​ចេះ​តែ​ឃើញ​កើនៗ​រហូត តែ​ធាតុ​ពិត​គឺ​មិន​មាន​ការ​កើន​ឡើង​អី​ទេ​ដោយ​សារ​យើង​មាន​ការ​បង្កើត​ប្រភេទ​ពន្ធ ថ្មីៗ​ទៀត»។

លោក សុន ឆ័យ បាន​ថ្លែង​បន្ត​ទៀត​ថា រដ្ឋសភា​គឺ​ត្រូវ​តែ​មាន​ការ​សួរ​នាំ​អំពី​បញ្ហា​ទាំង​នេះ​ទៅ​កាន់​ស្ថាប័ន​នេះ។ «វា​ទាមទារ​ឲ្យ​មាន​ការ​សួរ​នាំ ព្រោះ​នីតិវិធី​ដូច​រដ្ឋសភា​ហៅ​មន្ត្រី​មក​សួរ​នាំ​គឺ​វា​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​នេះ ដូច្នេះ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ការ​គ្រប់​គ្រង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុក​រលួយ ដូច្នេះ​យើង​នឹង​ធ្វើ​ការ​អង្កេត​ឡើង​វិញ​អំពី​នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ និង​ហៅ​ឲ្យ​មក​បំភ្លឺ​ជា​ថ្មី​ម្តង​ទៀត​នៅ​មន្ទីរ​រដ្ឋសភា»។

លោក​ថ្លែង​បន្ត​ទៀត​ថា៖ «ខ្ញុំ​មាន​ក្តី​សង្ឈឹម​យ៉ាង​មុត​មាំ​ថា ស្ថានភាព​ប្រមូល​ពន្ធ​និង​ចំណូល​ពន្ធ​នឹង​មាន​ភាព​ប្រែ​ប្រួល​ទៅ​រក​ភាព​វិជ្ជមាន ហើយ​នេះ​មិន​ត្រឹម​តែ​មាន​ការ​ប្រែ​ប្រួល​នៃ​ចំណូល​នោះ​ទេ​គឺ​ថែម​ទាំង​ចំណាយ​នោះ​ទៀត ព្រោះ​សព្វ​ថ្ងៃ​នេះ​យើង​ឃើញ​ថា ចំណាយ​ក៏​មាន​ភាព​មិន​ច្បាស់​លាស់​ដែរ»។

ទោះ​បី​ជា​យ៉ាង​ណា លោក កែម ឡី ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​និង​សេដ្ឋកិច្ច​មិន​រំពឹង​ថា តួនាទី​របស់​គណបក្ស​ប្រឆាំង​ក្នុង​វិមាន​រដ្ឋសភា និង​ព្រឹទ្ធសភា​មាន​សិទ្ធិ​អំណាច​គ្រប់​គ្រាន់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នៃ​ចំណូល​ពន្ធ​នេះ​ឡើយ។

«ខ្ញុំ​មើល​ទៅ​ដូច​ជា​មិន​អាច​ជួយ​អី​បាន​ច្រើន​ឡើយ​គឺ​វា​ទាក់ទង​ទៅ​នឹង​សមត្ថភាព​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​ស្ថានភាព​ជំនាញ​នីមួយៗ ទាំង​ពន្ធ​ដារ និង​ពន្ធ​គយ ដោយ​សារ​តែ​ពួក​គេ​ពុំ​បាន​សិក្សា​អំពី​ចំណូល​ចំណាយ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ដូច្នេះ​គឺ​វា​ពុំ​អាច​ជួយ​អ្វី​បាន​ឡើយ»។ ម្យ៉ាង​ទៀត​គឺ​ទាក់ទង​ទៅ​នឹង​សមត្ថភាព​តាម​ដាន​រដ្ឋាភិបាល​ក៏​ពួក​គាត់​មិន​ទាន់​ធ្វើ​ទៅ​បាន​ដែរ»។

លោក ព្រាប កុល ក៏​បាន​ថ្លែង​ស្រដៀង​គ្នា​ដែរ​ថា៖ «ជា​ការ​ពិ​តណាស់​ខ្ញុំ​នៅ​តែ​មាន​ទុទ្ទិដ្ឋិ​និយម​ថា គណបក្ស​ប្រឆាំង​គឺ​នៅ​តែ​គ្មាន​អំណាច​អ្វី​គ្រប់​គ្រាន់​ក្នុង​ការ​ពង្រឹង​ការ​កៀរ​គរ​ចំណូល​ពន្ធ​នេះ​នៅ​ឡើយ​ទេ គឺ​គាត់​គ្រាន់​តែ​បាន​ត្រួត​ពិនិត្យ សាកសួរ​និង​ធ្វើ​ការ​តាម​ដាន ហើយ​សិទ្ធិ​ក្នុង​ការ​ធ្វើ​អន្តរាគមន៍​គឺ​មាន​កម្រិត​តិច​តួច តែ​ចំពោះ​សិទ្ធិ​អំណាច​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​គឺ​វា​ស្ថិត​នៅ​ក្រោម​និតី​ប្រតិបត្តិ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ»។

រដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ការ​បង់​ពន្ធ​យាន​ជំនិះ​គ្រប់​ប្រភេទ ពន្ធ​អចលន​ទ្រព្យ និង ប្រភេទ​ពន្ធ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​ធនាគារ ដែល​នេះ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​អំពី​កំណែ​ទម្រង់​នៅ​ក្នុង​វិស័យ​ពន្ធ​ដារ។

លោក​បាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ខាង​គណបក្ស​ប្រឆាំង​ដឹក​នាំ​គណៈកម្មការ ទី១០ នៅ​ក្នុង​រដ្ឋសភា​ដែល​ទើប​នឹង​បង្កើត​ថ្មី​ក៏​ពិត​មែន​តែ​គណៈកម្មការ​នេះ​គ្រាន់​តែ​មាន​ភារកិច្ច​ត្រួត​ពិនិត្យ និង​តាម​ដាន​គោល​នយោបាយ​ឬ​ក៏​នីតិវិធី​និង​ក្តាប់​នូវ​សភាព​ការណ៍​ពី​សាធារណ​ជន​តែ​ប៉ុណ្ណោះ។

លោក កែម ឡី បាន​ផ្តល់​ជា​អនុសាសន៍​យ៉ាង​ដូច្នេះ​ថា ប្រសិន​បើ​ជា​រដ្ឋាភិបាល​ចង់​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ពន្ធ​ដារ​និង​ពន្ធ​គយ​ពិត​មែន​នោះ គេ​គួរ​តែ​ធ្វើ​គម្រោង​សាកល្បង​យ៉ាង​ហោច​ណាស់ ៥ ទី១ ខណ្ខ​ណា​មួយ​គាត់​ជួល​ក្រុម​ហ៊ុន​មក​ប្រមូល​ថា តើ​វា​បាន​និង​បាត់​អស់​ប៉ុន្មាន ទី២ ខណ្ឌ​ណា​មួយ​នោះ​ដាក់​ខាង​សង្គម​ស៊ីវិល​ធ្វើ​តែ​ឯង ទី៣ ដាក់​សង្គម​ស៊ីវិល​ជាមួយ​នឹង​មន្ត្រី​រដ្ឋ ទី៤ ដាក់​ជាមួយ​ផ្នែក​ឯកជន​ជាមួយ​នឹង​រដ្ឋ និង ទី៥ ដាក់​រដ្ឋ​តែ​ឯង​តែ​ម្តង។

លោក​បាន​ថ្លែង​ថា «ការ​ធ្វើ​ដូច្នេះ​យើង​អាច​ប្រមូល​ទិន្នន័យ​មក​មើល​ថា តើ​វា​បាន​ចំណេញ​និង​ខាត​បង់​ប៉ុន​ណា។ រួច​បន្ទាប់​មក​យើង​នឹង​ធ្វើ​ការ​ជ្រើស​រើស​នូវ​គម្រោង​មួយ​ណា​ដែល​ល្អ​នោះ ដាក់​អនុវត្ត​នៅ​ទូទាំង​ប្រទេស​តែ​ម្តង»។

លោក កែម ឡី ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​សម្រាប់​ការ​ធ្វើ​កំណែ​ទម្រង់​ការ​ប្រមូល​ពន្ធ​គយ​គឺ​អនុវត្ត​រូប​មន្ត​ដូច​គ្នា​ទៅ​នឹង​រូប​មន្ត​ពន្ធដារ​នេះ​ដែរ ដោយ​ថា នៅ​តាម​ច្រក​ព្រំដែន​គឺ​ដាក់​ច្រក​ខ្លះ​ឲ្យ​ក្រុមហ៊ុន​ប្រមូល ច្រក​ខ្លះ​ដាក់​ឲ្យ​សង្គម​ស៊ីវិល​ប្រមូល ច្រក​ខ្លះ​សហការ​គ្នា ដូច្នេះ​យើង​នឹង​ដឹង​អំពី​ទំហំ​នៃ​ការ​បាត់​បង់​ប្រាក់​ចំណូល។

កាល​ពី​អំឡុង ខែ​សីហា ឆ្នាំ​២០១៣ រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ ទី៥ នេះ​ក៏​បាន​ចាត់​វិធានការ​រួច​ទៅ​ហើយ​ទៅ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធ ទាំង​ពន្ធ​ដារ​និង​ពន្ធ​គយ​តាម​រយៈ​ការ​ពង្រឹង​វិន័យ​ការ​យក​ពន្ធ ការ​ពង្រីក​បណ្តាញ​យក​ពន្ធ ការ​ធ្វើ​ឯករាជ្យ​នីយកម្ម​ដោយ​តម្រូវ​ឲ្យ​បង់​តាម​រយៈ​ធនាគារ និង​តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ជាដើម ហើយ​កាល​ពី​ដើ​ឆ្នាំ​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្កើត​កម្មវិធី​លើក​ទឹក​ចិត្ត​ដែល​ផ្ដល់​រង្វាន់​ដល់​បុគ្គលិក​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​នូវ​ចំណែក​នៃ​ប្រាក់​ផាក​ពិន័យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​មិន​បាន​បង់​ពន្ធ។

លោក គង់ វិបុល ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ បាន​អះអាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ផែនការ​នេះ​ផ្ដល់​ដល់​សវនករ​រដ្ឋាភិបាល​ចំនួន ១០ ភាគរយ​នៃ​ប្រាក់​ផាក​ពិន័យ​បាន​ពី​ក្រុម​ហ៊ុន​ទាំង​ឡាយ​ណា​ដែល​ត្រូវ​បាន​រក​ឃើញ​ថា មិន​គោរព​តាម​ច្បាប់។

លោក​បាន​លើក​ឡើង​ថា៖ «ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​ឲ្យ​សវនករ​ពន្ធដារ GTD ដែល​អាច​រក​ប្រាក់​ចំណូល​ពន្ធ​បន្ថែម​ទៀត​ពី​ការ​គេច​ពន្ធ​ឲ្យ អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ ។ តាម​នីតិវិធី​ច្បាប់​ដែល​ធ្លាប់​ស្ថិត​ក្រោម​ការ​ប្រកាស ឬ គេច​ពន្ធ​នឹង​ត្រូវ​ផាក​ពិន័យ»។

លោក​បាន​ថ្លែង​បន្ត​ថា៖ «តាម​មធ្យោបាយ​នេះ រាជ​រដ្ឋាភិបាល​អាច​ប្រមូល​បាន​ប្រាក់​ចំណូល​ពន្ធ​កាន់​តែ​ច្រើន។ ប្រាក់​លើក​ទឹក​ចិត្ត​នេះ​នឹង​មិន​មាន​ផល​ប៉ះពាល់​ដល់​ថវិកា​ជាតិ​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​បង្កើន​ប្រាក់​ចំណូល​ដល់​រដ្ឋាភិបាល»។

ការ​ផាក​ពិន័យ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ​សម្រាប់​ការ​បង់​ពន្ធ​យឺត​ពេល ឬ មិន​បង់​ពន្ធ​ចាប់​ពី ១០ ដល់ ៤០ ភាគរយ​នៃ​ចំនួន​ជំពាក់​សរុប​ឲ្យ​អាជ្ញាធរ។

លោក គង់ វិបុល បាន​ថ្លែង​បន្ថែម​ទៀត​ថា៖ «គោល​បំណង​របស់​ផែនការ​លើក​ទឹក​ចិត្ត​នេះ​នឹង​ជំរុញ​ឲ្យ​សវនករ​ពន្ធ​ធ្វើ ការ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ហើយ​ផ្ដល់​រង្វាន់​ដល់​ពួក​គេ​សម្រាប់​អ្នក​ណា​ដែល​អាច​រក​ឃើញ​ការ​គេច​ពន្ធ​ច្រើន​និង​ស្ថិត​ក្រោម​ពន្ធ​ត្រូវ​បាន​ប្រកាស​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​គោរព​ច្បាប់​ពន្ធដារ និង​ការ​ពង្រឹង​ច្បាប់»៕


What Next?

Recent Articles

One Response to "គណបក្ស​ប្រឆាំង​មិន​អាច​ធ្វើ​ឲ្យ​ចំណូល​ពន្ធដារ​និង​ពន្ធ​គយ​មាន​កំណើន​ខ្ពស់​ឡើយ"

  1. Hun Nal says:

    ខ្ញុំថា វាគ្មានអ្វីប្រែប្រួលឡើុ បើមេដឹកនាំនៅតែដដែលៗនោះ ហើយសង្ឃឹមលើបក្សប្រឆាំង ក៏វាគ្មានប្រសិទ្ធភាព១០០%ដែរ…ព្រោះបក្សប្រឆាំងមិនមែនអ្នកធ្វើទេ គ្រាន់តែជាអ្នកតាមដានបុ៉ណ្ណោះ!