Sat, 30 August 2014
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញប៉ុស្តិ៍
គង់នៅក្នុងវត្តដ៏ស្ងាត់ជ្រងំលោក នេន ដែលមានវ័យទើបតែ ១២ វិស្សាព្រះតេជគុណ ចេស ជា ជាកូនម្នាក់ក្នុងចំណោមកូនអ្នក ភូមិឡពាង ដែលមានជម្លោះជាមួយក្រុមហ៊ុន KDC ដែលជាកម្មសិទ្ធិរបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរត់មកជ្រកកោនក្រោមម្លប់ព្រះពុទ្ធសាសនាដើម្បីបន្តជីវិតជាក្មេងកំព្រាឪពុក ឲ្យរស់រានមានជីវិត បន្ទាប់ពីដីស្រែរបស់ញោមស្រី ត្រូវបានក្រុមហ៊ុនរឹបអូសយកអស់ ក្រោយពីជម្លោះដែលបានអូសបន្លាយអស់រយៈពេលជាង ១០ ឆ្នាំដោយគ្មានដំណោះស្រាយ។
គ្រងស្បង់ចីពរ គង់ក្នុងទឹកមុខស្រងូតស្រងាត់នៅពេលដែលទទួលព័ត៌មានថា ញោមស្រី ដែលបានចេញទៅតវ៉ាដើម្បីទាមទារយកដីមកវិញត្រូវបានសមត្ថកិច្ចបង្ក្រាបរហូតដល់សន្លប់ ព្រះតេជកុណ ចេស ជា ជាកូនច្បងក្នុងចំណោមបងប្អូន ៤ នាក់របស់អ្នកស្រី ប៊ិន អូន បានមានសង្ឃដីកាថា ដោយសារតែរឿងដីនេះបានបង្ខំឲ្យព្រះអង្គបួសទាំងបង្ខំពីព្រោះញោមស្រីជាស្ត្រីមេម៉ាយ ហើយដីត្រូវបានគេយកអស់មិនអាចមានលទ្ធភាពចិញ្ចឹមកូនៗ។ ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាមិនចង់បួសទេ អាត្មាបួសទាំងបង្ខំព្រោះញោមស្រីប្រាប់ថា បើមិនបួសគ្មានកន្លែងស្នាក់នៅទេដីគេយកអស់ហើយ»។
ទោះបីជាបួសជាព្រះសង្ឃដើម្បីឲ្យចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនាក៏ដោយ ក៏កូននេនតូចដែលបួសដោយបង្ខំមួយអង្គនេះនៅពុំទាន់ស្ងប់ចិត្តនៅឡើយ ដោយសារតែផ្នត់គំនិតនៅតែនឹកគិតអំពីសុវត្ថិភាពរបស់ញោមស្រីគ្រប់ពេល នៅពេលដែលចេញទៅតវ៉ាដើម្បីការពារដីប្រឆាំងជាមួយអាជ្ញាធរដែលមានកាំភ្លើងនៅដៃ។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាចិត្តមិនស្ងប់ដូចសង្ឃដទៃទេ ពីព្រោះគិតពីញោមស្រី ហើយនិងប្អូនតូចៗប្រសិនបើញោមមានបញ្ហាអីនោះតើមានអ្នកណាមើលប្អូនតូចៗ»។
នេនតូចរូបនោះ បានបោះបង់ការសិក្សាតាំងពីថ្នាក់ ទី៣ ហើយក៏មិនខុសអីពីកូនអ្នកស្រុកដទៃទៀតដែរគឺពួកគេបានរៀនខ្ពស់បំផុតត្រឹមថា្នក់ ទី៥ ប៉ុណ្ណោះ ដោយសារបញ្ហាជីវភាព។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាបន់ឲ្យតែឆាប់ធំទេ ដើម្បីទៅតវ៉ាយកដីមកវិញ ប៉ុន្តែសព្វថ្ងៃនេះនៅតូចពេកមិនដឹងត្រូវធ្វើម៉េច។ អាត្មាអាណិតញោមស្រីណាស់គេធ្វើបាបនិងវាយគាត់រហូត។ អាត្មាស្អប់អំពើអយុត្តិធម៌នេះខ្លាំងណាស់។ អាត្មាសូមទទូចឲ្យអាជ្ញាធរមេត្តាដោះលែង អ្នកទាំង ៥ នាក់ដែលគេចាប់ដាក់ពន្ធនាគារវិញ»។
អង្គុយនិយាយក្រោមដើមស្វាយដៃត្រកងពលរដ្ឋម្នាក់ដែលសន្លប់ អ្នកស្រី ទេព នី បានថ្លែងថា ដោយសារទំនាស់ដីធ្លីនេះបានធ្វើឲ្យពលរដ្ឋជាច្រើនអ្នករងនូវការចោទប្រកាន់ពីតុលាការ ខ្លះចាប់ដាក់គុកគ្រាន់តែការពារដី និងខ្លះទៀតបានធ្វើចំណាកស្រុកទៅរកការងារធ្វើ ប្រទេសថៃ ដើម្បីបានលុយផ្គត់ផ្គង់គ្រួសារ ខ្លះបានដើរជីកជន្លេនលក់ ចំណែកឯក្មេងៗមិនបានចូលរៀនដោយសារតែម្តាយឲ្យនៅចាំផ្ទះ ដើម្បីឲ្យឪពុកម្តាយរបស់គេឡើងតវ៉ាដើម្បីការពារដី។
អ្នកស្រីបានថ្លែងទាំងទឹកភ្នែកថា៖ «តើវាមានយុត្តិធម៌ទេនៅក្នុងលោកនេះ តើយើងជាអ្នកក្រតែងតែទទួលនូវភាពអយុត្តិធម៌អញ្ចឹងមែនទេ។ យើងការពារដីសោះគេវាយពួកយើងស្ទើរងាប់ស្ទើររស់។ តើទៅថ្ងៃអនាគតកូនៗរបស់ខ្ញុំពឹងពាក់អ្នកណា បើអស់ដីធ្លី សូម្បីតែរៀនក៏មិនបានរៀន ពេលខ្លះបាយក៏គ្មានហូបដែរ»។
សំឡេងទ្រហោយំបានបន្លឺឡើងនៅពេលដែលមានពលរដ្ឋរងរបួសនិងសន្លប់នៅក្នុងភូមិថា «បងអូន! បងដឹងខ្លួនណាបងណា បងត្រូវតែរស់ កូនបងតូចៗច្រើនណាស់កំពុងរង់ចាំបងនៅឯវត្ត បងដឹងខ្លួនឡើងៗ បងមិនអាចស្លាប់បានទេ កូនៗត្រូវការម៉ែ»។ នេះគឺជាពាក្យលើកទឹកចិត្តរបស់អ្នកស្រី ទេព នី ទៅដល់ពលរដ្ឋគ្នាឯង ក្រោយពីអ្នកស្រី ប៊ិន អូន ដែលជាម្តាយរបស់នេនតូចបានដួលសម្លប់ស្តូកស្តឹងបន្ទាប់ពីសមត្ថកិច្ចប្រើហិង្សាមកលើពលរដ្ឋនៅក្នុងពេលតវ៉ាដើម្បីការពារដីធ្លី ដោយអាជ្ញាធរយកលេសថា អនុវត្តដីការបស់តុលាការ។
អ្នកស្រីបានថ្លែងទាំងទឹកភ្នែកនិងអួលដើមក រដិបរដុបថា ពលរដ្ឋខំនាំគ្នាឡើងតវ៉ារឿងដីដោយសង្ឃឹមថា ថ្ងៃណាមួយបានមកវិញគ្រាន់ធ្វើស្រែចិញ្ចឹមគ្រួសារតែគេយកអស់ ហើយខំធ្វើការដេរស្លឹករកលុយទិញអង្ករមួយគីឡូឬ ២ គីឡូស្ទើរតែមិនបាន ពលរដ្ឋរងទុក្ខវេទនាប៉ុនណាក៏គេមិនដឹងដែរ។ រឿងដីធ្លីនេះបានកើតឡើងជាង ១០ឆ្នាំ មកហើយ ហើយបានបណ្តាលឲ្យពលរដ្ឋរកបាយច្រកឆ្នាំងមិនបានផងទើបបានជាពលរដ្ឋខំនាំគ្នាក្រោកឡើងដើម្បីបានដីនោះមកវិញគ្រាន់ធ្វើស្រែចិញ្ចឹមកូន។
អ្នកស្រីបានថ្លែងថា៖ «កូនៗយើងពេលខ្លះគ្នាត្រូវដើរទៅជីកជន្លេនដើម្បីលក់ វាខុសពីកូនគេដទៃទៀតដែលព្រឹកឡើងស្លៀកពាក់ស្អាតទៅសាលា ងាកមកពួកយើងវិញទំនេរពីការពារដីត្រូវដេរកណ្តបស្លឹកត្នោតដើម្បីលក់ដូរយកអង្ករ។ យើងវេទនាហួសនិយាយហើយរឿងដីនេះ»។
មិនខុសគ្នាប៉ុន្មានដោយសារតែបញ្ហាបានកើតឡើងនៅក្នុងឃុំតែមួយ អ្នកស្រី ថន ឌៀន បានថ្លែងឲ្យដឹងថា តើឲ្យមានពេលវេលាឯណាជូនកូនទៅរៀន បើរវល់តែតវ៉ារឿងដី ម្យ៉ាងទៀតនៅពេលទំនេរត្រូវឆ្លៀតរកការងារធ្វើហើយពេលខ្លះទៅធ្វើសំណង់ដល់ ប្រទេសថៃ។
អ្នកស្រីបានថ្លែងថា៖ «យើងគិតដែរពីអនាគតកូន ប៉ុន្តែអាក្រពះប្រចាំថ្ងៃនេះវាទាមទារដូច្នេះតើយើងឲ្យកូនយើងទៅរៀន ឬក៏យើងឲ្យវាទៅរកស៊ី»។
ចំណែកឯអ្នកស្រី ប៊ិន អូន និយាយទាំងទឹកភ្នែករលីងរលោង ខណៈដែលនិយាយអំពីកូនតូចៗដែលខ្លួនជាស្ត្រីមេម៉ាយនោះបានរំឭកថា អ្នកស្រីគ្មានលទ្ធភាពចិញ្ចឹមកូន ទើបបង្ខំកូនប្រុសបងម្នាក់អាយុ ១០ ឆ្នាំឲ្យបួសជាសង្ឃ ដើម្បីមានទីជ្រកកោននិងមានបាយហូបគ្រប់គ្រាន់បើទោះជាគេនៅតូចក៏ដោយ។
អ្នកស្រីបានថ្លែងថា៖ «បើមិនឲ្យកូនទៅនៅវត្តគ្នាមានអីស៊ី ហើយសង្ឃឹមថា កូនរស់នៅវត្តទៅអាចមានចំណេះវិជ្ជាខ្លះជាប់ខ្លួន ពីព្រោះខ្ញុំគ្មានពេលមើលថែគេនោះទេ»។
យោងតាមរបាយការណ៍របស់អង្គការអាដហុក បានកត់សម្គាល់ឃើញថា ទំនាស់ចាប់ផ្តើមតាំងពី ឆ្នាំ២០០១ ដែលមានអ្នកតវ៉ាចំនួន ៤៩ គ្រួសារ ហើយនៅ ឆ្នាំ២០០៦ អ្នក ភូមិឡពាង បានដាក់ពាក្យប្តឹងឡើងដល់ ១០៨ គ្រួសារ អាជ្ញាធរបានចុះស្រង់ស្ថិតិអ្នកតវ៉ានៅសល់ ៧៧ គ្រួសារនៅ ឆ្នាំ២០០៧ លុះធ្វើការជំរឿនជាថ្មីម្តងទៀតអ្នកតវ៉ានៅសល់តែ ៦៤ គ្រួសារប៉ុណ្ណោះ។ ការថយចុះនៃចំនួនអ្នកប្តឹងគឺអាជ្ញាធរបំបែកគឺ ទី១ និង ទី២ ក្រោយពីតុលាការចាប់ផ្តើមចាត់វិធានការបង្គាប់ឲ្យបង់ពន្ធលើកម្មវត្ថុបណ្តឹងគឺ តម្រូវឲ្យបង់ពី ១០ ម៉ឺនរៀលទៅ ៣០ ម៉ឺនរៀលក្នុងមួយហិកតាអ្នកភូមិមួយចំនួនមិនបានដាក់ពាក្យប្តឹងនៅសល់ ៥២ គ្រួសារប៉ុណ្ណោះ។ នៅក្នុងទំនាស់នេះយ៉ាងហោចមានប្រជាជន ២៤ នាក់ត្រូវជាប់ពន្ធនាគារ និងជាប់បណ្តឹងព្រហ្មទណ្ឌ។ អ្នកភូមិទាំងអស់ត្រូវលោក ថៃ ហ៊ី តំណាងក្រុមហ៊ុន ខេឌីស៊ី ជាដើមបណ្តឹង។
ការដែលភាគីក្រុមហ៊ុនដាក់ពាក្យបណ្តឹងគឺបានធ្វើជាបន្តបន្ទាប់ទៅលើភាគីប្រជាជននៅចុងក្រោយនេះ ភាគីក្រុមហ៊ុនបានប្តឹងប្រជាជនចំនួន ១០ នាក់ទៀតក្នុងនោះមាន ៥ នាក់កំពុងជាប់ពន្ធនាគារ។
ដោយសារតែជម្លោះគ្មានដំណោះស្រាយនោះពលរដ្ឋ ឡពាង ដែលមានកូនតូចៗ នៅក្នុងបន្ទុកបានប្តេជ្ញាចិត្តតស៊ូត្រាំត្រែងជាមួយអ្នកភូមិជាង ៧០ នាក់ផ្សេងទៀត ឡើងមកស្នាក់នៅ ទីក្រុងភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍ឲ្យមានការដោះលែងតំណាងពលរដ្ឋ ៥នាក់ ពីពន្ធនាគារ ខេត្តកំពង់ឆ្នាំង និងទាមទារសិទ្ធិកាន់កាប់ដីធ្លីដែលពួកគាត់រស់នៅជាយូរឆ្នាំណាស់មកនោះត្រឡប់មកវិញ។
តំណាងអ្នក ភូមិឡពាង លោក រាជ សីម៉ា ដែលជាប់បណ្តឹងចំនួន ៣ ដែលបានទទួលយកសំណងពីក្រុមហ៊ុនកាលពីថ្ងៃ ទី២៦ ខែមិថុនា ហើយបានសម្រេចចិត្តដាក់ពាក្យបណ្តឹងប្រឆាំងនាយិកាក្រុមហ៊ុនពីបទឆបោកនិងមោគភាពកិច្ចសន្យា ក្រោយពីក្រុមហ៊ុនបានចេញមូលប្បទានប័ត្រស្អុយបានថ្លែងថា បើទោះបីជាពលរដ្ឋមានការលំបាកយ៉ាងណាក៏ដោយក៏ពួកគាត់ត្រូវតែតស៊ូពីព្រោះដីរបស់ពួកគាត់ត្រូវបានគេយកអស់ទៅហើយ។
លោកថា៖ «យើងសង្ឃឹមតែទៅលើសម្តេចនាយករដ្ឋមន្ត្រីប៉ុណ្ណោះ មានតែសម្តេចទេដែលជួយពួកយើងបាន ពួកយើងមិនត្រឡប់ទៅផ្ទះវិញនោះទេ បើយើងត្រឡប់ទៅផ្ទះវិញក៏គ្មានអី»។
ទាក់ទងនឹងករណីនេះ លោក ផាត់ ពៅសៀង មេធាវីក្រុមហ៊ុន ខេឌីស៊ី បានលើកឡើងថា ក្រុមហ៊ុនមិនបានរំលោភយកដីពលរដ្ឋដូចការចោទប្រកាន់នោះទេ គឺក្រុមហ៊ុនបានទិញដីនោះតាំងពី ឆ្នាំ២០០៧ ដោយមានឯកសារទិញលក់ និងមានការបង់ពន្ធត្រឹមត្រូវ។ លោកថា៖ «ក្រុមហ៊ុនទិញដីពីពលរដ្ឋនៅ ឆ្នាំ២០០៧ តែអ្នកដែលតវ៉ាគាត់ថា មានជម្លោះតាំងពី ឆ្នាំ២០០៦ ដូច្នេះសួរថា ពលរដ្ឋខូច ឬក្រុមហ៊ុនខូច?
ក្រុមហ៊ុនមានឯកសារគ្រប់គ្រាន់ ប៉ុន្តែពួកគាត់អត់មានឯកសារសម្គាល់ដីធ្លីអីទេ ចេះតែថា មានប័ណ្ណតាំងពី ឆ្នាំ១៩៨២ មកតាមពិតដីនោះមានប័ណ្ណនៅ ឆ្នាំ១៩៩៧។
ក្រុមហ៊ុនចង់ដោះស្រាយបញ្ចប់ជម្លោះដោយផ្តល់សំណងជាហូរហែដែរ តែអ្នកតវ៉ាភាគច្រើនបានទទួលលុយពីក្រុមហ៊ុនម្តងរួចហើយ ហើយបែរមកប្តឹងគេទៀត»។
លោកមេធាវីបានលើកឡើងថា កន្លងមកមានតែប្រជាពលរដ្ឋ ២២ គ្រួសារប៉ុណ្ណោះដែលបានដាក់ប្តឹងក្រុមហ៊ុននៅតុលាការ ប៉ុន្តែក្រោយមកបែរជាមានការបំប៉ោងតួលេខដល់ ៥២ គ្រួសារពេលខ្លះ ៦៥ គ្រួសារ និងពេលខ្លះទៀតឡើងដល់ ៧៧ គ្រួសារក៏មាន។
លោក ចាន់ សុវេត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមអាដហុក បានថ្លែងថា អ្នក ភូមិឡពាង មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេឌីស៊ី អស់រយៈពេលជាង ១០ ឆ្នាំមកហើយ លើទំហំដីប្រមាណតែជាង ១០០ ហិកតាក្នុងចំណោមដីទំហំ ៥១២ ហិកតារបស់ក្រុមហ៊ុន ខេឌីស៊ី ហើយគិតចាប់ពីមានទំនាស់នោះមកអ្នក ភូមិឡពាង ពុំដែលបានទទួលការដោះស្រាយដោយយុត្តិធម៌ម្តងណាពីអាជ្ញាធរមានសមត្ថកិច្ច និងពីក្រុមហ៊ុនទេ។
បើទោះជាក្រុមហ៊ុន និងសមត្ថកិច្ចខេត្តបានរៀបចំគណៈកម្មការធ្វើការដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងប្រជាពលរដ្ឋ ៥២ គ្រួសារជាមួយក្រុមហ៊ុន។
ការដោះស្រាយនោះមានប្រជាជនប្រមាណ ៣៦ គ្រួសារព្រមទទួលយកលុយសំណងតែ ១៦ គ្រួសារទៀតមិនព្រមទទួលយកការដោះស្រាយនេះទេ ដោយពួកគេចាត់ទុកថា ការដោះស្រាយមិនយុត្តិធម៌មានអ្នកព្រមទទួលយកសំណងហើយក៏បែរជាងាកទៅប្តឹងក្រុមហ៊ុនបន្តមានចំនួន ២២ គ្រួសារបានប្តឹងបដិសេធ មិនទទួលយកសំណងនោះទេ។
លោកថា៖ «ជម្លោះដីធ្លីមានរយៈពេលជាង ១៣ឆ្នាំ មកហើយ តែនៅមិនទាន់មានដំណោះស្រាយ។ ភាគីក្រុមហ៊ុនតែងតែប្រើយុទ្ធសាស្រ្តប្តឹងបទព្រហ្មទណ្ឌលើភាគីប្រជាពលរដ្ឋដើម្បីចាប់ខ្លួនដើម្បីបំបាក់ស្មារតី»។
ដើម្បីបញ្ចប់ជម្លោះដីធ្លីកាលពីថ្ងៃ ទី១៨ ខែសីហា លោក ហ៊ុន សែន ថ្លែងថា លោកមិនបានទទួលញត្តិពីប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីករណីក្រោយៗនេះទេ ហើយលោកក៏បានស្តីបន្ទោសមន្ត្រីថ្នាក់ក្រោមរបស់ខ្លួន ដែលដាក់កម្លាំងរារាំងប្រជាពលរដ្ឋយកញត្តិស្វែងរកកិច្ចអន្តរាគមន៍ពីលោក។ លោកនាយករដ្ឋមន្ត្រីក៏បានសម្រចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យវាស់វែង និងវាយតម្លៃដីសម្បទានសេដ្ឋកិច្ច ដែលបានផ្តល់ជូនក្រុមហ៊ុនឯកជនកន្លងមក និងដកហូតមកវិញចំពោះដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនមិនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់តាមកិច្ចសន្យា៕
I strongly believe that one day , dictator hun sen
Will be beheaded under the hands of farmers in cambpodia.
At that time , hun sen will know and face the bad karma.